សុខ ផេង៖ រស់នៅក្នុងកងកុមារភូមិ

ខ្ញុំបានចូលទៅក្នុងកងកុមារភូមិ និងស្នាក់នៅក្នុងវត្តចំប៉ា។ នៅលើសាលាឆាន់ អង្គការបានយកកំបោរសលាបលើរូបលើជញ្ជាំងដើម្បីលុបលើរូបគំនូរ ហើយកុមារា និងកុមារីសម្រាកជាជួរក្បែរគ្នានៅក្រោម។ នៅក្នុងកងកុមារ ក្មេងៗទាំងអស់ត្រូវចេញទៅធ្វើការរែកដី កាត់ស្មៅ ឬធ្វើជីក្នុងនិងក្បែរសហករណ៍ ហើយត្រូវត្រលប់ទៅហូបអាហាររួមបន្តិចបន្តួចនៅក្នុងព្រះវិហារ។
សុខ ផេង អាយុ៥៦ឆ្នាំ រស់នៅភូមិទួលទ្រា ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ ផេង មានស្រុកកំណើតនៅស្រុកព្រៃកប្បាស។ ឪពុករបស់ផេង បានបាត់បង់ជីវិតដោយសារជំងឺគ្រុនចាញ់នៅបែកចាន មុនពេលខ្មែរក្រហមទទួលបានជ័យជម្នះទាំងស្រុង។ មុនពេលឪពុករបស់គាត់ស្លាប់ អង្គការបានបញ្ជូនឪពុករបស់ផេង ឲ្យទៅយាមនៅបែកចាន តំបន់ដែលរំដោះបាន។
នៅកន្លែងធ្វើការងារ ឪពុករបស់ផេង បានកើតជំងឺចាញ់ធ្ងន់ធ្ងរ រហូតដល់ក្អួតមកវិញនូវអ្វីដែលគាត់ហូបចូលទៅ ទើបអង្គការបានសែងគាត់យកទៅព្យាបាលនៅពេទ្យបាស្រែ ប៉ុន្តែមិនអនុញ្ញាតឲ្យសមាជិកគ្រួសារទៅមើលថែនោះទេ។ បន្ទាប់មក អង្គការបានសរសេរសំបុត្រមកប្រាប់ម្ដាយផេង អំពីដំណឹងនៃការស្លាប់របស់ប្ដី និងយកសាកសពរបស់គាត់ទៅកប់មុនពេលម្ដាយរបស់ផេងទៅដល់ទៀង។ បន្ទាប់ពីឪពុកស្លាប់ ស្ថានភាពគ្រួសាររបស់ផេង កាន់តែលំបាក ព្រោះម្ដាយរបស់គាត់ត្រូវចិញ្ចឹមកូនទាំង៩នាក់តែម្នាក់ឯង។
នៅក្នុងសម័យខ្មែរក្រហម ផេង រស់នៅស្រុកព្រៃកប្បាស ដែលជាស្រុកកំណើត។ នៅក្នុងសហករណ៍ ផេង មិនបានរស់នៅជួបជុំគ្រួសារនោះទេ ព្រោះអង្គកាបានបញ្ជូនគាត់ចូលក្នុងកងកុមារឃុំ និងស្នាក់នៅក្នុងវត្តចំប៉ា។ នៅលើសាសាឆាន់ កុមារា និងកុមារីត្រូវសម្រាកជាជួរក្បែរគ្នា ហើយប្រធានកងសម្រាកនៅក្នុងបន្ទប់ផ្សេង។ ចំពោះរូបភាពនៅលើជញ្ចាំង អង្គការបានយកកំបោរសទៅលាបពីលើដើម្បីបិតបាំង ហើយព្រះវិហារយកទៅធ្វើជាកន្លែងហូបអាហាររួម។ នៅក្នុងកងកុមារ ផេង ធ្វើការងារបោចស្មៅ កាប់ដើមទន្ទ្រានខែត្រ, រែកដីដំបូក នៅម្ដុំផ្សាសៃវ៉ា និងព្រៃល្វារ។ នៅពេលធ្វើការងារ អង្គការបានកំណត់ឲ្យផេង និងកុមារទាំងអស់ ត្រូវរែកដីដំបូកដាក់ក្នុងស្រែជាជួរ ហើយនៅពេលដែលរែកមិនគ្រប់ផែនការ ឬលើកដីមិនរួចដោយសារត្រូវទឹកភ្លៀង ប្រធានកងនឹងធ្វើការស្ដីបន្ទោស។
ជារៀងរាល់ថ្ងៃ ផេង ត្រូវធ្វើការងារធ្ងន់ ប៉ុន្តែរបបអាហារដែលគាត់ទទួលបានភាគច្រើនគឺបបររាវៗបន្តិចបន្តួច។ នៅក្នុងមួយឆ្នាំ អង្គការបានដាំបាយឲ្យប្រជាជនហូបរយៈពេល៣ខែប៉ុណ្ណោះ នៅរដូវប្រមូល ប៉ុន្តែនៅពេលចាប់ផ្ដើមខ្វះស្បៀង អង្គការបានធ្វើការដាំបបរ ឬបបររាវៗលាយជាមួយបន្លែដំឡូង ឬត្រកួន។ នៅខែទឹកឡើង ផេង និងកុមារផ្សេងទៀតត្រូវធ្វើការងារធម្មតា ប៉ុន្តែនៅពេលយប់ឡើង អង្គការបានចាត់តាំងឲ្យកុមារមួយក្រុមទៅបេះឫសត្រកួនចេញ ទុកចម្អិននៅថ្ងៃស្អែក។
ថ្ងៃមួយ នៅពេលដែល ផេង ទៅកាប់ដើមទន្ទ្រានខែត្រ យកមកចិញ្ចឹមដាក់លាយជាមួយលាមក ដើម្បីធ្វើជី ស្រាប់តែប្រធានក្រុមរបស់គាត់បានដើរជួបផ្សិតកំពង់គ្រាលមួយដើម ដែលមានលក្ខណៈជើងវែក, មានឆ័ត្រដូចមួក ហើយមានខ្លិនឆ្ងុយដូចនំប៉័ង និងស្រួយៗដោយសារកំដៅថ្ងៃ។ ពេលឃើញដូច្នេះ ផេង បានរត់ទៅមើល និងសុំផ្សិតពីប្រធានកងបានមួយចំណែកតូច ហើយផ្សិតដែលនៅសល់គឺទុកឲ្យសាច់ញាតិរបស់អ្នកដែលរកឃើញ។ ផេង បានបន្តថា ខ្លួនមិនបានស្គាល់នាំប៉័ងទាល់តែសោះ ប៉ុន្តែដោយសារការស្រេកឃ្លាន ហើយផ្សិតមានខ្លិនឆ្ងុយ និងគួរឲ្យឆ្ងាញ់ទើបគាត់ដាច់ចិត្តហូប។ នៅពេលហូបរួច ផេង មិនទាន់មានអាការៈអ្វីទាំងអស់ រហូតដល់ម៉ោងហូបបាយទើបគាត់ចាប់ផ្ដើមក្អួតចេញមកសុទ្ធតែទឹកស្ទើរស្លាប់។ ចាប់តាំងពីពេលនោះមក ផេង លែងហូបផ្សិតទាល់តែសោះ ព្រោះគាត់រាងចាលក្នុងពេលនោះ។
នៅដើមខែមករា ឆ្នាំ១៩៧៩ អំឡុងពេលមានសង្គ្រាម ម្ដាយរបស់ផេង បានរត់ទៅរកកូនៗនៅកន្លែងធ្វើការ។ នៅពេលដែលបានជួបជុំគ្នាបងប្អូនរបស់ផេង បានបង្ហាញការនឹករឭក និងលេងប្រឡែងគ្នាយ៉ាងសប្បាយរីករាយ ព្រោះពួកគាត់ខានជួបមុខគ្នាជាយូរមកហើយ។ បន្ទាប់មក ម្ដាយផេង បាននាំកូនៗត្រលប់មកផ្ទះវិញ និងចាប់ផ្ដើមរស់នៅជួបជុំគ្រួសារវិញ។ មិនយូរប៉ុន្មាន គ្រួសាររបស់ផេង បានដឹងដំណឹងថាមានប្រជាជនទៅជីកកាយឃើញមាសជាច្រើនជាច្រើនឆ្នាំងនៅក្នុងរណ្ដៅសាកសពមួយកន្លែងនៅតំបន់ស្រុកឬស្សី ដែលនៅទីនោះអង្គការហៅថាគុកងងឹត ជិតភូមិផេងរស់នៅ។ នៅពេលឮដូច្នេះ ផេង បានទៅមើលកន្លែងសម្លាប់មនុស្សនោះ និងបានឃើញសាកសពមនុស្សចាស់ និងក្មេងៗជាច្រើននាក់នៅក្នុងរណ្ដៅ។ បន្ទាប់មកអ្នកដែលជីកបានមាសជាច្រើន បានកសាងកន្លែងមួយសម្រាប់ដាក់ឆ្អឹងទាំងអស់។
ក្រោយមក ផេង បានរៀបការជាមួយប្ដីរបស់គាត់ និងបានផ្លាស់ទៅរស់នៅភូមិទួលទ្រា ស្រុកសំរោង។ កន្លងមក ផេង រៀបរាប់ពីការលំបាករបស់ខ្លួននៅក្នុងសម័យខ្មែរក្រហមប្រាប់ទៅកូនចៅរបស់គាត់ ហើយកូនចៅរបស់ផេង បានបង្ហាញពីការជឿរជាក់ទៅលើសម្ដីរបស់គាត់ដែរ។ នៅពេលផ្ដល់បទសម្ភាសន៍ ផេង មានជំងឺទឹកនោមផ្អែម, ហត់ៗពិបាកដកដង្កើម ចុកណែនក្នុងទ្រូង, ឈឺក្បាលជង្គង់ និងលើសជាតិស្ករ។
សម្ភាសន៍ដោយ៖ ខុំ ស្រីនោរ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១
អត្ថបទដោយ៖ ភា រស្មី

