កងកុមារនៅភូមិស្វាយដូនអី

(ខេត្តស្វាយរៀង) ស្រី សាមឿន មានអាយុ ៦០ឆ្នាំ មានទីកន្លែងកំណើតនៅភូមិស្វាយដូនអី ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ សាមឿន មានឪពុកឈ្មោះ ស្រី យ៉ន និងម្តាយឈ្មោះ ឥន សាមួន ហើយគាត់ជាកូនច្បងក្នុងគ្រួសារដែលមានបងប្អូនចំនួន ៨នាក់ (ក្នុងនោះស្រី ៤នាក់)។ កាលពីកុមារភាព សាមឿន រៀនសូត្របានត្រឹមថ្នាក់ទី១ ក្នុងរបបសង្គមរាស្ត្រនិយម។

សាមឿន បានរៀបរាប់ថា នៅពេលខ្មែរក្រហមឡើងកាន់អំណាច ឈ្លបបានចាប់ផ្ដើមប្រមូលមាសប្រាក់ ទ្រព្យសម្បត្តិ លុយកាក់ និងសត្វពាហនៈផ្សេងៗ។ មាសរបស់គ្រួសារម្តាយសាមឿន និងសម្ភារប្រើប្រាស់នានា ក៏ត្រូវបានប្រមូលយកទៅរក្សាទុកក្នុងសហករណ៍ដែរ។ បន្ទាប់មក សាមឿន ត្រូវបានអង្គការចាត់តាំងឱ្យទៅរស់នៅក្នុងកងកុមារ ដោយមានភារកិច្ចប្រមូលអាចម៍គោ និងសម្អាតក្រោលគោ។ មេកងកុមារបានកំណត់ឱ្យសាមឿន និងក្រុមកងកុមារប្រមូលអាចម៍គោឱ្យបានចំនួន ៦អម្រែក ក្នុងមួយថ្ងៃ ដើម្បីយកទៅរក្សាទុកក្នុងឃ្លាំង។ ប្រសិនបើកុមារណាប្រមូលមិនគ្រប់ចំនួនទេ នឹងត្រូវមេកងនាំយកទៅអប់រំណែនាំ។ នៅពេលយប់ សាមឿន ត្រូវទៅមើលថែទាំប្អូនៗចំនួន ៣នាក់នៅផ្ទះ។ សាមឿន រៀបរាប់បន្តថា របបអាហារក្នុងមួយថ្ងៃអង្គការកំណត់ឱ្យហូបតែ ២ពេលប៉ុណ្ណោះ គឺពេលថ្ងៃត្រង់ និងពេលល្ងាច ដោយក្នុងមួយពេលៗ ទទួលបានត្រឹមតែបបររាវមួយវែក ឬបាយមួយចានតូច ហូបជាមួយសម្លដែលផ្សំពីបន្លែដូចជា ត្រកួន ដើមចេក និងព្រលិត។ ការហូបចុកមិនគ្រប់គ្រាន់ នាំឱ្យកុមារៗរួមទាំង សាមឿន សម្រេចចិត្តលួចអាហារ ឬលួចបេះផ្លែឈើ និងបន្លែបង្ការរបស់អង្គការ។ ប្រសិនបើអង្គការតាមទាន់ នឹងត្រូវដាក់ទណ្ឌកម្មដោយចោទប្រកាន់ថាមានគំនិតឯកជន មិនស្មោះត្រង់នឹងអង្គការ។ ដោយសារតែអាណិតកូនខ្លាំងពេក ម្តាយរបស់សាមឿន បានប្រថុយនឹងសេចក្តីស្លាប់ លួចដាំបបរនៅក្នុងកំសៀវទឹក ហើយត្រូវបានកងឈ្លបខ្មែរក្រហមតាមទាន់ ប៉ុន្តែគ្រួសាររបស់សាមឿន បានឆ្លងផុតគ្រោះថ្នាក់ ដោយសារតែបានឆ្លើយប្រាប់ឈ្លបថា ដាំទឹកក្តៅឱ្យឪពុកហូបព្រោះគាត់ឈឺ ទើបធ្វើឱ្យគ្រួសារគាត់រួចផុតពីសេចក្តីស្លាប់។ កាលណោះ ដោយសារស្ថិតក្នុងវ័យកុមារភាព សាមឿន ពុំបានធ្វើការងារធ្ងន់ៗដូចជា ជីកប្រឡាយ លើកទំនប់ លើកភ្លឺស្រែ និងធ្វើស្រែចម្ការឡើយ។ ចំណែកម្តាយរបស់សាមឿន ត្រូវអង្គការបង្ខំឱ្យបុកស្រូវដោយកំណត់ចំនួន ១០តៅ ក្នុងមួយថ្ងៃ។ នៅពេលយប់ ឈ្លបខ្មែរក្រហមតែងដើរលួចស្តាប់តាមខ្នងផ្ទះរបស់ប្រជាជន បើមាននរណានិយាយមិនល្អពីអង្គការ នឹងត្រូវប្រឈមមុខនឹងការដាក់ទណ្ឌកម្ម។

ជារៀងរាល់ព្រឹកវេលាម៉ោង ៤ទៀបភ្លឺ ប្រធានកងបានដាស់កុមារឱ្យភ្ញាក់ដើម្បីក្រោកទៅធ្វើការងារ។ សាមឿន ធ្លាប់ឃើញឈ្លបនាំប្រជាជនដែលធ្វើខុសម្តងៗចំនួន ៤ ទៅ ៥នាក់ យកទៅអប់រំកុំឱ្យធ្វើខុសនៅថ្ងៃក្រោយទៀត។ នៅពេលរបបខ្មែរក្រហមជិតដួលរលំ សាមឿន បានរត់ភៀសខ្លួនទៅដល់តំបន់បឹងខ្ជឹប ដោយសារតែនៅពេលនោះខ្មែរក្រហមបានប្រើល្បិចកលភូតកុហកថា កងទ័ពវៀតណាមចូលមកដល់នឹងអារក វះពោះញុកស្មៅ ទើបប្រជាជននាំគ្នារត់ភៀសខ្លួនចេញពីសហករណ៍។ នៅតំបន់បឹងខ្ជឹបនោះ គ្រួសាររបស់សាមឿន ទទួលបានដំណឹងថាប្រទេសជាតិត្រូវបានរំដោះ ដូច្នេះ សាមឿន ក៏បានធ្វើដំណើរត្រឡប់មកស្រុកកំណើតវិញ និងចាប់ផ្តើមរស់នៅជាមួយឪពុកម្តាយ ប្រកបរបរធ្វើស្រែចម្ការចិញ្ចឹមជីវិតរហូតមកដល់សព្វថ្ងៃ។ បច្ចុប្បន្ន សាមឿន មានជំងឺប្រចាំកាយមួយចំនួនដូចជា ជំងឺភ្នែក ជំងឺក្រពះពោះវៀន និងជំងឺសន្លាក់ជង្គង់៕

សម្ភាសន៍ដោយ ឈិនផន ពៅពិសី ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤

អត្ថបទដោយ អេង សុខម៉េង

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin