បានត្រឹមរងាឱបដៃរងចាំមេឃភ្លឺ

ទៀង ចន្ថន អាយុ៥៧ឆ្នាំ រស់នៅភូមិក្ដុល ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ នៅឆ្នាំ១៩៧៥ ចន្ថន បានរស់នៅជាមួយជីដូននៅក្នុងសហករណ៍។ ក្នុងអំឡុងពេលនោះ ចន្ថន មិនទាន់ចេញទៅធ្វើការនោះទេ ហើយការហូបអាហាររបស់គាត់គឺលំបាកខ្លាំង។ ជាអកុសល ការអត់ឃ្លានបានធ្វើឲ្យ ជីដូន និងប្អូនរបស់ចន្ថន បានធ្លាក់ខ្លួនឈឺ និងស្លាប់។ ការបាត់បង់សាច់ញាតិនេះ បានធ្វើឲ្យចន្ថន មានការស្ដាយស្រណោះជាខ្លាំង ព្រោះពេលនោះគាត់គ្មានលទ្ធភាពមើលថែ ឬរកថ្នាំសង្កូវមកព្យាបាលជំងឺបាន។
ក្រោយមក នៅពេលដែល ចន្ថន មានអាយុច្រើនបន្តិច អង្គការបានបញ្ជូនគាត់ទៅរស់នៅ និងធ្វើការងារបោសសំរាម, រែកដីដំបូក, លើកអាចម៍គោ និងរើសកគួរស្រូវ នៅក្នុងកងកុមារ។ នៅពេលធ្វើការ កុមារទាំងអស់មិនអាចត្អួញត្អែរថាលំបាក ឬធ្ងន់នោះទេ ព្រោះបើនិយាយដូច្នេះ អង្គការនឹងបន្ថែមការងារ ឬកាប់ដីដាក់ក្នុងបង្គីកាន់តែច្រើនជាងមុនទៅទៀត។
នៅកន្លែងធ្វើការងារ អង្គការមិនបានរៀបចំទីតាំងសម្រាកឲ្យកុមារត្រឹមត្រូវនោះទេ ដោយពេលខ្លះចន្ថន និងកុមារដទៃទៀត ត្រូវសម្រាកលើផ្នូរខ្មោច, ក្រោមដើមឈើក្នុងព្រៃស និងនៅទួលអូសុខ។ ប៉ុន្តែ នៅពេលដែលមានអង្រឹង កុមារត្រូវប្រជ្រៀតគ្នាសម្រាក៣នាក់។ ជាក់ស្ដែងនៅពេល ចន្ថន ទៅធ្វើការងារនៅសៃវ៉ា និងនៅអន្លុងដេក គាត់ត្រូវសម្រាកនៅលើទួល ហាល់ខ្យល់ត្រជាក់។ នៅក្នុងភាពងងឹត ចន្ថន បានត្រឹមរងាឱបដៃរងចាំមេឃភ្លឺ ព្រោះគាត់គ្មានសូម្បីក្រមាមួយដណ្ដប់ ហើយនៅក្នុងចិត្តនឹកដល់ឪពុកម៉ែណាស់ ប៉ុន្តែមិនដឹងទៅរកនៅកន្លែងណា ព្រោះមើលទៅកុមារផ្សេងទៀតលំបាកដូចជាខ្លួនឯង។ ចន្ថន បន្ថែមថា គាត់ពិតជាចង់រត់ទៅរកឪពុកម្ដាយណាស់ ប៉ុន្តែគាត់ខ្លាចអង្គការធ្វើបាប។
ក្រៅពីការលំបាកខាងលើ ការរស់នៅដោយគ្មានអនាម័យ និងគ្មានអាហារហូបគ្រប់គ្រាន់គឺជាបញ្ហាធំផ្សេងទៀតដែល ចន្ថន បានជួបប្រទះ។ ជារៀងរាល់ថ្ងៃ ចន្ថន មានតែសម្លៀកបំពាក់មួយសម្រាប់ប៉ុណ្ណោះ ហើយគាត់មិនបានងូតទឹក ដុះសម្អាតខ្លួនជាមួយសាប៊ូត្រឹមត្រូវនោះទេ ដែលជាហេតុធ្វើឲ្យគាត់ និងកុមារដទៃទៀត កើតចៃពេញខ្លួន និងនៅលើសម្លៀកបំពាក់។
ចំពោះរបបអាហារ ជាញឹកញាប់ចន្ថន ទទួលបានបបររាវៗលាយជាមួយទងព្រលឹត ឬទងល្ពៅ និងមានរសជាតិប្រៃ។ ការចែកអាហារនេះ គឺផ្អែកលើកម្លាំងពលកម្មរបស់កុមារ ដោយអ្នកធ្វើការងារល្អទទួលបានបបរ ៣ វែក ហើយអ្នកធ្វើការងារខ្សោយ និងមិនបានធ្វើការងារគឺបានត្រឹម ១ ឬ ២ វែកប៉ុណ្ណោះ។ នៅពេលដែលឃ្លានខ្លាំងពេក កុមារមួយចំនួនបានបោចស្មៅយកមកជញ្ជក់បន្ថែម។ លើសពីនេះទៅទៀត នៅពេលមានជំងឺគ្រុនចាញ់ ឬក្ដៅខ្លួនញាក់ ចន្ថន ត្រូវសម្រាកព្យាបាលតែម្នាក់ឯងតាមយថាកម្ម និងគ្មានថ្នាំពេទ្យព្យាបាលត្រឹមត្រូវឡើយ។
ថ្ងៃមួយអង្គការបានហៅឈ្មោះប្រជាជនមួយចំនួននៅក្នុងសហករណ៍ ថាយកទៅដាំដូង។ ពេលឮដូច្នេះ ឪពុករបស់ចន្ថន បានសុំទៅជាមួយ ព្រោះគាត់គិតថានៅកន្លែងថ្មីប្រហែលជាសម្បូរអាហារហូប ហើយអង្គការអាចផ្ដល់ឲ្យគាត់បន្ថែមពីលើរបបអាហារនៅក្នុងសហករណ៍។ ជាសំណាងល្អ អង្គការបានបដិសេធសំណើរនេះ ព្រោះឪពុករបស់ចន្ថន មិនមានឈ្មោះក្នុងបញ្ជី ហើយអ្នកដែលអង្គការបញ្ជូនចេញទៅគឺយកទៅសម្លាប់នៅវត្តថ្មី។
នៅដើមខែមករា ឆ្នាំ១៩៧៩ អង្គការបានជម្លៀសកុមារទាំងអស់នៅក្នុងកងឲ្យទៅស្រែរនោង ព្រោះកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា សហការណ៍ជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាមបានវាយចូលមក។ នៅតាមផ្លូវធ្វើដំណើរ ចន្ថន បានជួបជុំឪពុកម្ដាយនៅស្រែរនោង រួចបន្តភៀសខ្លួនទៅមុខទៀត ប៉ុន្តែមិនបានទៅដល់ភ្នំស្រមោចដែលជាទីតាំងរបស់អង្គការកំណត់នោះទេ ព្រោះឪពុកម្ដាយគាត់ សម្រេចចិត្តត្រលប់មកភូមិវិញ។
នៅក្នុងភូមិក្ដុល ការរស់នៅរបស់គ្រួសារចន្ថន មានភាពល្អប្រសើរជាមុនយ៉ាងខ្លាំង ប៉ុន្តែស្លាកស្នាមនៃការធ្វើការធ្ងន់ និងការហូបចុកមិនគ្រប់គ្រាន់បានធ្វើឲ្យ ចន្ថន មានជំងឺប្រចាំកាយមួយចំនួនដូចជា៖ ឫសដូងបាត ក្រពះ និងការឈឺចុកចាប់តាមសន្លាក់ ចង្កេះ និងចុងដៃជើង។ លើសពីនេះទៅទៀត ចន្ថនមានអាការៈវិលមុខ និងថប់ដង្ហើម នៅពេលដែលគាត់ហែវហត់ខ្លាំងពេក។ ដើម្បីព្យាបាលជំងឺ ចន្ថន បានប្រើប្រាស់ថ្នាំខ្មែរ ប៉ុន្តែដោយសារស្ថានភាពជំងឺមិនបានធូរស្រាលទើបគាត់ប្រើប្រាស់ថ្នាំពេទ្យបន្ថែមទៀត។
សម្ភាសន៍ដោយ៖ ខុំ ស្រីនោរ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១
អត្ថបទដោយ៖ ភា រស្មី

