ប៉ិច ផេង៖ លាក់បាំងប្រវត្តិរូប

នៅក្នុងសម័យខ្មែរក្រហម ខ្ញុំបានលាក់បាំងប្រវត្តិរូប ធ្វើជាមនុស្សមិនចេះអក្សរ។ មួយវិញទៀត ខ្ញុំត្រូវបែងចេញពីគ្រួសារ ដើម្បីធ្វើការងារធ្ងន់ៗរាល់ថ្ងៃដោយគ្មានពេលសម្រាកគ្រប់គ្រាន់ ប៉ុន្តែរបបអាហារដែលខ្ញុំទទួលបានមានហូបបន្តិចបន្តួចបំផុត។

ប៉ិច ផេង អាយុ៧៨ឆ្នាំ រស់នៅភូមិទួលទ្រា​ ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ កាលពីក្មេង ផេង បានចូលរៀនដំបូងក្នុងឆ្នាំ១៩៥៣ នៅសាលាវត្តអង្គព្រៃ។ នៅពេលចេញពីរៀន ផេង បានឃើញការបង្កើត និងការហ្វឹកហាត់ ក្រុមជីវពលរបស់សម្ដេចតា ដើម្បីទាមទារឯករាជ្យពីប្រទេសបារាំង។ នៅឆ្នាំ១៩៦៥ ផេង បានឈប់រៀន និងចូលធ្វើការកាន់ម៉ាស៊ីននៅកំពង់សោម(ខេត្តព្រះសីហនុ) រហូតដល់គាត់បានរៀបការរួច ទើបផ្លាស់ទៅនៅក្នុងភូមិទួលទ្រា។

នៅក្នុងសម័យខ្មែរក្រហម ផេង គឺជាមនុស្សចេះដឹង ប៉ុន្តែគាត់បានលាក់បាំងប្រវត្តិរូបធ្វើជាមនុស្សមិនចេះអក្សរ ព្រោះគាត់បានសិក្សាយ៉ាងច្បាស់ពីការដឹកនាំបែបកុម្មុយនីស្ដ។ មុនដំបូង អង្គការបានសាកល្បងចំណេះដឹង ផេង និងសម្គាល់លើជើងរបស់គាត់ថាជាអ្នកធ្វើការងារឬទេ។ ប៉ុន្តែដោយសារ ផេង កុហកបានល្អ ហើយជើងរបស់គាត់ពាក់តែស្បែកជើងសង្រែក មិនមូលស្អាតដូចអ្នកធ្វើការងារពាក់ស្បែកជើងប៊ូលទើបរួចខ្លួន។ មិនយូរប៉ុន្មាន អង្គការបានបញ្ជូនប្រពន្ធរបស់ផេង ដែលមានទម្ងន់ទៅធ្វើការនៅក្នុងឃុំលំចង់ ហើយកូនរបស់គាត់ដែលនៅតូចត្រូវចូលទៅរស់នៅមណ្ឌលកុមារក្នុងវត្តប្រហោង(ឈ្មោះអ្នកស្រុកហៅ)ក្បែរនោះ។ ចំណែក ផេង ត្រូវបានបញ្ជូនឲ្យទៅធ្វើការនៅម្ដុំសូចាន់ ព្រៃសណ្ដែក ស្រុកគីរីវង្ស ខេត្តតាកែវ។

នៅពេលបញ្ចប់ការងារ អង្គការបានបញ្ជូន ផេង និងក្រុមរបស់គាត់ទៅកាន់កំពង់អំពិល កំពង់យោល ដើម្បីធ្វើការធាក់រហាត់ទឹក និងបោចស្មៅចេញពីក្នុងបឹងអំឡុងពេលខែទឹកឡើង។ នៅពេលធ្វើការងារ ផេង ត្រូវត្រាំក្នុងទឹកជាច្រើនម៉ោង ហើយពេលខ្លះត្រូវរងាហាលភ្លៀងបន្ថែមទៀត។ ប៉ុន្តែនៅពេល ផេង កាត់ស្មៅបានច្រើនគាត់អាចលួចទៅបាំងខ្យល់បានខ្លះដើម្បីទ្រាំឲ្យដល់ពេលយប់សម្រាក។ ទោះបីជាយ៉ាងណា នៅកន្លែងធ្វើការ ផេង បានទទួលបានអាហារល្អប្រសើរជាងនៅក្នុងសហករណ៍ ព្រោះអង្គការបានយកបាយទៅឲ្យគាត់ហូបដល់កន្លែង។

បន្ទាប់មក នៅពេលទឹកស្រកអស់ អង្គការបានបញ្ជូនក្រុមរបស់ផេង ទៅធ្វើស្រែក្បែរសហករណ៍វិញ តាមការចាត់តាំងរបស់អង្គការ ហើយការហូបអាហាររបស់គាត់កាន់តែលំបាកជាមុន ព្រោះមនុស្សម្នាក់ទទួលបានបបររាវៗចំនួន២ ទៅ៣វែកប៉ុណ្ណោះក្នុងមួយពេល។ ប៉ុន្តែនៅពេលដែលឈឺទៅធ្វើការមិនកើត អង្គការបានដករបបអាហារបន្ថែមទៀត ហើយប្រសិនបើហ៊ានលួចរកអាហារហូបបន្ថែមគឺត្រូវចាប់យកទៅសម្លាប់ចោល។ ផេង បន្តថាកម្មាភិបាលខ្មែរក្រហមដែលធ្វើការងារ ឬដឹកនាំប្រជាជនធ្វើការភាគច្រើនគឺជាមនុស្សល្ងង់ ហើយអ្នកចេះដឹងត្រូវបានអង្គការចាប់យកទៅសម្លាប់ចោលទាំងអស់។

នៅក្នុងសហករណ៍ ផេង បានចូលទៅក្នុងកងភ្ជួរស្រែ ដោយក្រុមរបស់គាត់ត្រូវកាន់នង្គ័លចំនួន៤ និងរនាស់១ ទៅភ្ជួរលើដីស្រែចំនួន១ហិកតាក្នុងមួយថ្ងៃ។ អំឡុងពេលធ្វើការ ក្រុមរបស់ផេង ត្រូវក្រោកតាំងពីម៉ោង៤យប់ទៅភ្ជួរស្រែ ដើម្បីឲ្យទាន់ម៉ោងអ្នកស្ទូងចុះស្រែ និងធ្វើការឲ្យគ្រប់ផែនការលឿន ទើបអាចឲ្យគោសម្រាកស៊ីស្មៅ។ បន្ទាប់ពីស្ទូងរួច អង្គការបានបែងចែក ផេង និងមិត្តនៅក្នុងកងមួយក្រុមពីរនាក់ សម្រាប់ជាន់រហាត់បញ្ជូលទឹកក្នុងស្រែ១ហិកតា។  នៅពេលធ្វើការងារ ផេង និងប្រជាជនមិនអាចនិយាយថាខ្ជិល ឬត្អួញត្អែរបានទេ ហើយប្រសិនបើអង្គការឃើញមានអ្នកនិយាយគ្នានឹងត្រូវចាប់យកទៅសម្លាប់។

នៅក្នុងសម័យខ្មែរក្រហម ផេង បាត់បង់ប្អូនបង្កើតម្នាក់អាយុប្រមាណ១៥ឆ្នាំ។ មុនដំបូង ប្អូនរបស់ផេង ធ្វើការក្នុងកងកុមារ ប៉ុន្តែអង្គការជម្លៀសចេញពីខេត្តតាកែវ និងបាត់ដំណឹងរហូតមក។ ផេង គិតថា ប្អូនរបស់គាត់ប្រហែលជាបាត់បង់ជីវិតទៅហើយ ព្រោះប្អូនរបស់គាត់មានរូបរាងស្អាតបាត កម្ពស់ខ្ពស់ សម្បុរស និងជាអ្នករៀនសូត្រនៅខេត្តតាកែវ។ មួយវិញទៀត ផេង មិនបានធ្វើការដាក់ពាក្យស្វែងរកប្អូនដូចអ្នកផ្សេងទេ ព្រោះគាត់ដឹងថាប្រសិនបើប្អូននៅរស់នោះ គាត់អាចត្រលប់មករកគ្រួសារវិញបាន។

ក្រោយមក ផេង បានតាមដានការកាត់ទោសមេដឹកនាំខ្មែរក្រហម។ ផេង យល់ថាការកាត់ទោសនេះ គឺធ្វើឡើងដើម្បីអប់រំក្មេងៗជំនាន់ក្រោយឲ្យមានការចង់ចាំពីរបបខ្មែរក្រហមនេះ។ នៅពេលផ្ដល់បទសម្ភាសន៍ ផេង មានជំងឺលើសឈាម, ឈឺសន្លាក់ដៃ-ជើង, វិលមុខ និងរោយក។ ដើម្បីព្យាបាលជំងឺ ផេង បានទៅទិញថ្នាំពីពេទ្យនៅក្នុងភូមិយកមកលេប។​

សម្ភាសន៍ដោយ៖ ខុំ ស្រីនោរ នៅថ្ងៃទី៣០ ខែកញ្ញា​ ឆ្នាំ២០២៦

អត្ថបទដោយ៖ ភា រស្មី

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin