ជា រឿន៖ ជាអតីតយោធា និងជាកម្មាភិបាលខ្មែរក្រហម

ខ្ញុំបានចូលរួមបដិវត្តន៍ នៅឆ្នាំ១៩៧០ និងបានប្រយុទ្ធជាមួយទាហាន លន់ នល់។ ប៉ុន្តែនៅពេលដែលខ្មែរក្រហមគ្រប់គ្រងប្រទេស យោធាជាច្រើននាក់ត្រូវបានចាប់ខ្លួន ហើយខ្ញុំបានសម្រេចិត្តរត់គេចទៅសហករណ៍វិញ។ នៅក្នុងមូលដ្ឋាន ដំបូងឡើយខ្ញុំធ្វើការក្នុងកងធម្មតា បន្ទាប់មកអង្គការចាត់តាំងឲ្យខ្ញុំចូលធ្វើជាអនុប្រធានក្រុម រួចបន្តធ្វើជាកងឈ្លបភូមិ។

ជា រឿន អាយុ៦៨ឆ្នាំ រស់នៅក្នុងភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅខែមីនា ឆ្នាំ១៩៧០ បន្ទាប់ពីមានរដ្ឋប្រហារ រឿន បានចូលរួមជាមួយក្រុមរណៈសិរ្សរួបរួមជាតិ ដើម្បីប្រឆាំងជាមួយរបប លន់ នល់ និងទាមទារឲ្យសម្ដេចព្រះ នរោត្តម សីហនុ ឡើងមកគ្រប់គ្រងប្រទេសវិញ។ នៅក្នុងបដិវត្តន៍ រឿន ត្រូវស្នាក់នៅក្នុងព្រៃ និងធ្វើការប្រយុទ្ធជាមួយទាហាន លន់ នល់ រហូតដល់ទទួលបានជ័យជម្នះទាំងស្រុងនៅខែមេសា ឆ្នាំ១៩៧៥។

បន្ទាប់ពីទទួលបានជ័យជម្នះ ក្រុមរបស់រឿន បានទៅឈរជើង និងប្រចាំការនៅកន្ទួត កំពង់ទួល និងត្រៀមខ្លួនចូលរួមកម្មវិធីអបអរជ័យជម្នះធំមួយ នៅត្រាំខ្នា។ នៅក្នុងកម្មវិធីអបអរ រឿន បានឮពីការប្រកាសឲ្យមានការចាយប្រាប់ ប៉ុន្តែនៅពេលបញ្ចប់កម្មវិធី ប្រាក់ទាំងអស់បានរលាយបាត់ និងមិនមានការចាយវាយនៅលើទីផ្សារទាល់តែសោះ។ ក្រោយមក រឿន ទទួលដំណឹងថា អង្គការបានធ្វើការតាមចាប់ សោភឹម ប្រធានភូមិភាគបូព៌ា និងអ្នកក្រោមបង្គាបគាត់ជាច្រើនទៀត។ ប៉ុន្តែការចាប់ខ្លួននេះមិនមែនស្ថិតនៅតែក្នុងភូមិភាគបូព៌ានោះទេ សូម្បីតែប្រធានកងរបស់រឿន នៅខេត្តតាកែវ រួមជាមួយសមាជិកយោធាមួយចំនួនទៀតក៏ត្រូវបានអង្គការចុះមកចាប់ខ្លួនជាបន្តបន្ទាប់ដែរ។ បន្ទាប់មក រឿន និងមិត្តនៅក្នុងក្រុម២នាក់ទៀត បានបបួលគ្នាលួចរត់ពីមូលដ្ឋានទ័ពត្រលប់មកសហករណ៍វិញ ដើម្បីគេចពីការចាប់ខ្លួនរបស់អង្គការ។

នៅក្នុងសហករណ៍ រឿន ធ្វើការងារផ្សេងៗតាមអង្គការកំណត់បានរយៈពេលជិត១ឆ្នាំ ទើបកម្មាភិបាលនៅក្នុងភូមិចាត់តាំងឲ្យគាត់ធ្វើជាអនុប្រធានយុវជនឃុំ ដើម្បីដឹកនាំកម្លាំងយុវជន ធ្វើការងារបោកស្រូវ និងជីកព្រែក។ នៅកន្លែងធ្វើការ រឿន គឺជាអ្នកបែងចែកកម្លាំង ឬកំណត់ម៉ែត្រឲ្យយុវជន ប៉ុន្តែគាត់ក៏ត្រូវចូលរួមធ្វើការជាមួយ និងហូបអាហារដូចគ្នាជាមួយយុវជន ហើយសម្លៀកបំពាក់មានត្រឹមពីរសម្រាប់ប៉ុណ្ណោះ។

រឿន ធ្វើការងារជាអនុប្រធានកងបានរយៈពេលប្រមាណជិតមួយឆ្នាំ ទើបអង្គការចាត់តាំងឲ្យគាត់ធ្វើជាឈ្លបភូមិវិញ ដើម្បីធ្វើការបង្ហាត់ប្រជាជនពីរការគេចខ្លួននៅពេលមានសង្គ្រាម ព្រោះអំឡុងពេលនោះ កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា សហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាមកំពុងវាយសម្រុកចូលកាន់តែខ្លាំង ហើយការសម្លាប់មនុស្សក្នុងសហករណ៍កាន់តែមានចំនួនច្រើនឡើង។ ក្រោយមក កងឈ្លបដែលធ្វើការងារជាមួយរឿន បានមកខ្សឹបប្រាប់ឲ្យគាត់ប្រយ័ត្នខ្លួន ព្រោះអង្គការមានបំណងចាប់គ្រួសាររបស់គាត់យកទៅសម្លាប់ ដូចគ្រួសារពូរបស់រឿននៅកំពង់ព្រីង និងបងប្អូនខាងឪពុករបស់គាត់ទាំងអស់នៅភូមិភាគបូព៌ា។ នៅពេលដែលដឹងដំណឹងនេះ រឿន បានយកកាំភ្លើងអាកា ដែលគាត់រើសបានយកមកប្រើ ដើម្បីការពារខ្លួន។

ថ្ងៃមួយ មានប្រធានសហករណ៍ម្នាក់ស្ពាយកាំភ្លើងការ៉ាប៊ីនមកសួរនាំ រឿន អំពីការងាររបស់គាត់ប្រចាំថ្ងៃ ប៉ុន្តែមិនហ៊ាននាំគ្រួសារគាត់ យកទៅសម្លាប់នោះទេ​ ព្រោះអង្គការដឹងថា រឿន ធ្លាប់ធ្វើជាយោធា និងមានកាំភ្លើងនៅក្នុងដៃ។ មួយវិញទៀត មូលហេតុដែលអង្គការមិនចាប់គ្រួសាររឿនយកទៅសម្លាប់ ព្រោះប្រទេសជាតិកំពុងមានសង្គ្រាមប្រយុទ្ធគ្នាខ្លាំង ហើយប្រជាជនត្រៀមខ្លួនជម្លៀសចេញពីភូមិ។

នៅដើមខែមករា ឆ្នាំ១៩៧៩ អំឡុងពេលកងទ័ពរណសិរ្សវាយចូលមកខ្លាំង រឿន បាននាំគ្រួសាររត់ទៅដល់ក្រាំងស្លែង ទើបត្រលប់មកភូមិវិញ។ នៅពេលមកដល់ផ្ទះ រឿន និងប្រជាជន ចាប់ផ្ដើមធ្វើស្រែបន្តទៀត រហូតដល់បានរយៈពេលប្រមាណ១ឆ្នាំ ទើបគាត់ចូលធ្វើជាប្រធានក្រុមបន្តទៀត នៅក្នុងសម័យរដ្ឋកម្ពុជា។ ក្រោយមក រឿន បានដឹងពីការកាត់ទោសមេដឹកនាំខ្មែរក្រហម ហើយគាត់ពេញចិត្តចំពោះការកាត់ទោសនេះ ព្រោះខ្មែរក្រហមបានសម្លាប់មនុស្សអស់ជាច្រើននាក់។ នៅពេលផ្ដល់បទសម្ភាសន៍ រឿន​ តែងតែឈឺចង្កេះ ឈឺក្បាលជង្គង់ និងក្ដៅញាក់ម្ដងម្កាល។​ នៅពេលដែលក្ដៅខ្លួន រឿន​បានទៅហៅពេទ្យមកព្យាបាលដល់ផ្ទះ ប៉ុន្តែជំងឺចង្កេះ និងជង្គង់របស់គាត់គឺប្រើប្រាស់តែប្រេងកូឡា។

សម្ភាសន៍ដោយ៖ គ្រី ភាព នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១

អត្ថបទដោយ៖ ភា រស្មី

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin