រស់នៅស្ថិតក្នុងភាពភ័យខ្លាច

 

(ស្ទឹងត្រែង)៖ សែន ជឿន អាយុ៥៣ឆ្នាំ មានទីកន្លែងកំណើតនៅឃុំសាមគ្គី ស្រុកអូរជុំ ខេត្តរតនគិរី។ បច្ចុប្បន្ន ជឿន រស់នៅភូមិច្រប់ ស្រុកសេសាន ខេត្តស្ទឹងត្រែង។ ជឿន មានបងប្អូនចំនួន៤នាក់ គាត់ជាកូនទី២។ ជឿន បានចេញរំលែករឿងរ៉ាវដែលគាត់ធ្លាប់បានឆ្លងកាត់មកកាន់អ្នកស្ម័គ្រចិត្តកម្ពុជាដូចខាងក្រោម៖

ក្នុងអំឡុងពេលខ្មែរក្រហមចូលកាន់អំណាច ជឿន ត្រូវបានជម្លៀសទៅរស់នៅក្នុងព្រៃជ្រៅ។ ពេលនោះ ជឿន បានដើរតាមអ្នកភូមិទៅក្នុងព្រៃ ដោយមិនស្គាល់អំពីទីតាំងភូមិសាស្ត្រច្បាស់លាស់ឡើយ។ ដើមឡើយ ជឿន គឺជាប្រជាជនមូលដ្ឋាននៅក្នុងអង្គភាព។ នៅក្នុងអង្គភាពដែល ជឿន រស់នៅមានសមាជិកចំនួន១៣នាក់។ អង្គការបានចាត់តាំងឱ្យ ជឿន ធ្វើស្រែចម្ការ ដកសំណាប ស្ទូងស្រូវ និងដាំបន្លែ។ ស្ថានភាពនៃការរស់នៅពេលនោះមិនមានភាពងាយស្រួលឡើយ ជឿន ត្រូវធ្វើការធ្ងន់ព្រមទាំងត្រូវរត់គេចពីគ្រាប់កាំភ្លើង។ ពេលយប់ឈានចូលមកដល់ ជឿន មិនអាចសម្រាកបានស្កប់ស្កល់ឡើយ គាត់តែងតែភ័យខ្លាចអង្គការយកទៅសម្លាប់។ ជឿន បាននិយាយថា នៅក្នុងរបបខ្មែរក្រហម ទោះបីជាគាត់មិនបានប្រព្រឹត្តអ្វីខុស គាត់នៅតែខ្លាចព្រោះនៅក្នុងរបបនោះសម្លាប់មនុស្សមិនគិតថាមានកំហុស ឬគ្មានកំហុសឡើយ។

ជឿន បានបន្តថា ចំពោះម្ហូបអាហារ ពេលខ្លះមានអាហារហូប ហើយពេលខ្លះទៀតមិនមានអាហារហូបទាល់តែសោះ សូម្បីតែអំបិលឬប៊ីចេងមិនមានប្រើប្រាស់ឡើយ។ ជឿន តែងតែរកអាហារហូបបន្តិចបន្តួចដើម្បីឱ្យមានជីវិតរស់។ ថ្វីត្បិតតែរបបខ្មែរក្រហម មានភាពខ្វះខាត ប៉ុន្តែ ជឿន និងប្រជាជនផ្សេងទៀតអាចរកត្រីតាមមាត់អូរ ព្រមទាំងដើររកមើមដំឡូងហូបជំនួសបាយ។ នៅក្នុងរបបខ្មែរក្រហម រាល់ពេលមានជំងឺម្តងៗ មិនមានថ្នាំពេទ្យគ្រប់គ្រាន់សម្រាប់ព្យាបាលទេ។ ពេលមានជំងឺ ជឿន ត្រូវដើររកឫសឈើមកផ្សំស្លផឹកដើម្បីព្យាបាលខ្លួនឯង។ នៅក្នុងរបបខ្មែរក្រហម គ្រួសាររបស់ជឿន ចំនួន២នាក់ បានបាត់បង់ជីវិត។

ទាក់ទងនឹងការរៀបអាពាហ៍ពិពាហ៍ក្នុងរបបខ្មែរក្រហម ជឿន បានរៀបការនៅក្នុងព្រៃដោយគ្មានការបង្ខិតបង្ខំឡើយ។ បន្ទាប់ពីរៀបការរួច ជឿន និងប្ដីបានរស់នៅជាមួយគ្នាប្រកបរបរធ្វើស្រែចម្ការរហូតមកទល់សព្វថ្ងៃ។ ជឿន បានបន្តរស់នៅក្នុងអង្គភាពនោះរហូតដល់ពេលប្រទេសជាតិត្រូវបានរំដោះ។ ក្រោយពីរំដោះរួច ជឿន បានចេញមករស់នៅក្នុងភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង៕

សម្ភាសន៍ដោយ៖ វ៉ា ម៉ារ៉ាឌី ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤

អត្ថបទដោយ៖ នេន ស្រីមុំ

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin