ហ៊ុយ លាភ៖ ធ្វើការក្នុងកងកុមារ

ហ៊ុយ លាភ អាយុ៦០ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម លាភ មានអាយុជាង១០ឆ្នាំ និងបានចូលទៅធ្វើការក្នុងកងកុមារភូមិ។ នៅក្នុងកងកុមារ អង្គការបានបែងចែកកងកុមារជាក្រុមតូចៗបន្ថែមទៀតដោយក្នុងមួយក្រុមមានសមាជិកចំនួន១០នាក់ ដើម្បីធ្វើការកើបអាចម៍គោ និងបោសសំរាមតាមផ្ទះដើម្បីយកទៅធ្វើជី។ ជារៀងរាល់ថ្ងៃ នៅពេលព្រឹកព្រលឹមឡើង ប្រធានក្រុម ត្រូវដើរទៅហៅសមាជិករបស់ខ្លួនពីតាមផ្ទះ ទៅធ្វើការងារ ហើយប្រសិនបើមានអ្នកយឺតយ៉ាវ ឬធ្វើការមិនគ្រប់តាមចំនួនកំណត់គឺត្រូវទទួលការស្ដីបន្ទោស។ ក្រៅពីការធ្វើការ លាភ និងកុមារទាំងអស់ បានចូលរៀននៅក្រោមផ្ទះប្រជាជន អំពីច្បាប់របស់អង្គការ ស្រៈ ព្យញ្ជនៈ និងការប្រកបអក្សរ។
បន្ទាប់មកនៅពេល លាភ ធំបន្តិចអង្គការបានបញ្ជូនគាត់ទៅក្នុងកុមារឃុំ ដើម្បីធ្វើការកាប់ដើមទន្ទ្រានខេត្រមកចិញ្ច្រាំ និងកាប់ដីដំបូកយកទៅលាយជាមួយលាមកមនុស្សសម្រាប់ធ្វើជីដាក់ស្រែ។ ចូលដល់រដូវវស្សា លាភ និងកុមារឃុំទាំងអស់ត្រូវកាប់ជីចេញពីរណ្ដៅ និងរែកជីយកទៅដាក់ក្នុងស្រែទាំងអស់។ ចំពោះរបបអាហារ អង្គការបានដាំបាយចែកឲ្យកុមារ និងប្រជាជនហូបមួយរយៈពេលខ្លីប៉ុណ្ណោះនៅរដូវប្រមូលផល ហើយរួចពីនោះគឺត្រូវហូបបបរ។ នៅពេលហូបអាហារ អង្គការបានដួសបបរមួយឆ្នាំ និងសម្លមួយចានគោមលើតុ សម្រាប់កុមារមួយក្រុមដែលមានចំនួនប្រមាណ៤ ទៅ៥នាក់ហូប។ អំឡុងពេលដួសបបរចេញពីឆ្នាំង ក្មេងៗដែលចាប់វែកមុនបានកូរបបរឲ្យគ្រាប់អង្ករនៅចំកណ្ដាល រួចដួសកាកបបរយកទៅដាក់ក្នុងចាន ហើយអ្នកនៅក្រោយគឺបានត្រឹមហុតទឹកបបររាវៗបំពេញពោះប៉ុណ្ណោះ។
នៅពេលដែលហូបមិនឆ្អែត លាភ បានទៅសុំអំបិលបន្តិចបន្តួចពីរោងបាយ ដើម្បីទុកហូបជាមួយបន្លែ និងផ្លែឈើផ្សេងៗដែលគាត់អាចលួចបាន។ មួយវិញទៀត លាភ បានចូលរួមស្ទូងស្រូវ និងឆ្លៀតពេលរាវលៀសនៅក្នុងបឹងយកមកហូបបន្ថែមទៀត។ ក្រៅពីការលំបាកខាងលើ សម្លៀកបំពាក់ក៏ជាបញ្ហារផ្សេងទៀតបស់ លាភ ព្រោះគាត់មានត្រឹមខោអាវប្រមាណ៣សម្រាប់ប៉ុណ្ណោះ ដូច្នេះគាត់ត្រូវប៉ះជាច្រើនកន្លែងជាន់លើគ្នានៅពេលរហែក។ សម្រាប់ស្បែកជើង គឺចាស់ៗនៅក្នុងភូមិបានកាត់កងឡានយកមកធ្វើឲ្យ ប៉ុន្តែមិនមានច្រើនសម្រាប់ទេ។
លាភ ធ្លាប់បានមើលទូរទស្សន៍អំពីការកាត់ទោសមេដឹកនាំខ្មែរក្រហម។ លាភ ពេញចិត្តចំពោះការកាត់ទោសនេះណាស់ ព្រោះខ្មែរក្រហមបានសម្លាប់មនុស្សអស់ជាច្រើននាក់ ក្នុងនោះមានឪពុកមាររបស់គាត់ម្នាក់ដែរ។ មួយវិញទៀត លាភ ចង់ឲ្យមានពាក្យស្លោកមួយសម្រាប់ក្មេងៗឲ្យចងចាំ និងដឹងពីការសម្លាប់មនុស្សរបស់ខ្មែរក្រហម។
នៅពេលផ្ដល់បទសម្ភាសន៍ លាភ មានជំងឺវិលមុខ, ក្រពះពោះវៀន, លើសឈាម និងញ័របេះដូង។ ដើម្បី ព្យាបាលជំងឺ លាភ បានប្រើប្រាស់ថ្នាំខ្មែរ និងទិញថ្នាំពីពេទ្យឯកជនយកមកលេប ប៉ុន្តែនៅពេលដែលឈឺខ្លាំងទើបឡើងគាត់ទៅពិនិត្យ និងព្យាបាលនៅពេទ្យធំក្នុងទីក្រុងភ្នំពេញ។
សម្ភាសន៍ដោយ គ្រី ភាព នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១
អត្ថបទដោយ៖ ភា រស្មី

