យុវជនកងចល័តក្នុងសហករណ៍

(ព្រះវិហារ)៖ នៅ រក្សា អាយុ៧០ឆ្នាំ មានមុខរបរជាមេភូមិពោធិ៍ខឿន បច្ចុប្បន្នរស់នៅភូមិពោធិ៍ខឿន ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ រក្សា មានឪពុកឈ្មោះ ចាំង នៅ ម្តាយឈ្មោះ ធិន ស៊ី និងមានបងប្អូនចំនួន៩នាក់ ក្នុងនោះមានស្រីចំនួន៤នាក់ គាត់ជាកូនទី៣នៅក្នុងគ្រួសារ។

នៅឆ្នាំ១៩៧០ មានព្រឹត្តិការណ៍រដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្ដម សីហនុ គ្រួសាររបស់រក្សា និងប្រជាជនដទៃទៀតបាននាំគ្នារត់ចូលក្នុងត្រង់សេក្បែរផ្ទះ ដែលបានជីកជម្រៅប្រហែល២ម៉ែត្រ រួចយកឈើដាក់អមសងខាងនិងដាក់ពីលើ ហើយយកដីលុបពីលើដើម្បីគេចពីគ្រាប់បែក។ នៅក្នុងភូមិដែល រក្សា រស់នៅ មិនមានអ្នកស្លាប់ឬរងរបួសដោយសារការទម្លាក់គ្រាប់បែកទេ ព្រោះគ្រាប់បែកភាគច្រើនធ្លាក់ចំតែភូមិដំណាក់រី។

ក្រោយមក ភូមិស្រុកត្រូវបានខ្មែរក្រហមគ្រប់គ្រង។ ខ្មែរក្រហមបានបង្គាប់ឱ្យប្រជាពលរដ្ឋប្រមូលស្រូវ អង្ករ សត្វចិញ្ចឹម (ជ្រូក គោ មាន់ ទា) សម្ភារប្រើប្រាស់ប្រចាំថ្ងៃ និងទ្រព្យសម្បត្តិមានតម្លៃ យកទៅដាក់ក្នុងសមូហភាពទាំងអស់ ហើយចាប់ផ្តើមហូបបាយរួមគ្នា។ នៅក្នុងសហករណ៍ រក្សា ត្រូវបានខ្មែរក្រហមចាត់តាំងឱ្យដាំបន្លែ ភ្ជួររាស់ដីស្រែ ធ្វើប្រព័ន្ធភ្លឺស្រែ និងជីកដី លើកទំនប់ម្នាក់៣ម៉ែត្រគីបក្នុងរយៈពេលមួយថ្ងៃ។

បន្ទាប់ពីរស់នៅក្នុងសហករណ៍បានរយៈពេល៦ខែ ខ្មែរក្រហមបានជម្លៀស រក្សា ឱ្យទៅនៅភូមិពោធិ៍ ដោយចូលក្នុងកងយុវជន-យុវនារី តាមអង្គភាពដើម្បីលើកទំនប់ ធ្វើស្រែ និងរៀបប្រព័ន្ធភ្លឺស្រែ។ ពេលនោះកម្មសិទ្ធិផ្ទាល់ខ្លួនដែលអង្គការផ្ដល់ឱ្យមាន ចប បង្គី ដងរែក ចានមួយ និងស្លាបព្រាមួយ។ នៅក្នុងរបបនោះ ខ្មែរក្រហមបានបែងចែកមនុស្សជា៣ក្រុម គឺក្រុមយុវជន-យុវនារី ក្រុមកុមារ និងក្រុមចាស់ជរា។ ម្តាយរបស់រក្សា ត្រូវបានចាត់តាំងឱ្យធ្វើជាអ្នកមើលថែកុមារតូចៗ នៅពេលដែលម្តាយបង្កើតរបស់កុមារទាំងនោះទៅធ្វើការ។

ម៉ោងការងារនៅក្នុងរបបខ្មែរក្រហម គឺចាប់ផ្តើមពីម៉ោង៥ព្រឹក ដោយអង្គការវាយជួងឱ្យក្រោកទៅរែកដីលើកទំនប់រហូតដល់ម៉ោង១១ថ្ងៃត្រង់ ទើបបានសម្រាកហូបបបរ។ នៅម៉ោង១២ថ្ងៃត្រង់ ត្រូវធ្វើការបន្តរហូតដល់ម៉ោង៥ល្ងាច សម្រាកហូបអាហារល្ងាចមួយម៉ោង ហើយនៅម៉ោង៦ល្ងាចត្រូវធ្វើការម្តងទៀតរហូតដល់ម៉ោង១១យប់ ទើបបានសម្រាក។ នៅពេលនោះ ការហូបចុកមានត្រឹមតែបបរមួយពេលចំនួនមួយទៅពីរវែក ហើយរយៈពេល២ទៅ៣ថ្ងៃទើបមានដាំបបរខាប់ម្តងឱ្យប្រជាជនម្ដង។

ក្រោយមក រក្សា ត្រូវបានជម្លៀសឱ្យទៅនៅស្រុកឆែបប្រហែលជិតមួយឆ្នាំ ដើម្បីលើកទំនប់រួមជាមួយប្រជាជនឯទៀត។ នៅពេលសម្រាក គាត់ត្រូវចងអង្រឹងសម្រាកតាមវាលព្រៃ។ ប្រសិនបើមានជំងឺ មានពេទ្យព្យាបាលប៉ុន្តែគ្មានថ្នាំគ្រប់គ្រាន់ទេ ទើបអ្នកជំងឺក្នុងស្ថានភាពធ្ងន់ធ្ងរភាគច្រើនត្រូវស្លាប់។ ខ្មែរក្រហមមិនអនុញ្ញាតឱ្យសាច់ញាតិទៅមើលថែអ្នកជំងឺទេ ប្រសិនមានអ្នកស្លាប់ គឺមិនឱ្យយកទៅធ្វើបុណ្យឡើយខ្មែរក្រហមយកទៅកប់ចោល។ ប្រជាជនដែលស្លាប់នៅស្រុកឆែប ភាគច្រើនជាប្រជាជន១៧មេសា ដោយសារមិនធ្លាប់ធ្វើការធ្ងន់ និងការហូបចុកមិនគ្រប់គ្រាន់។

រក្សា ត្រូវបញ្ជូនឱ្យទៅលើកទំនប់ព្រៃភ្ញៀវនៅស្រុកជាំក្សាន្ត រួចបន្តទៅលើកទំនប់ប្រាសាទព្រះនរាយណ៍នៅក្រឡាពាស និងត្រូវដឹកជញ្ជូនស្បៀងអាហារទៅទីនោះ។ នៅក្រឡាពាស មានអ្នកស្លាប់ច្រើនដោយសារជំងឺនិងការហូបចុកមិនគ្រប់គ្រាន់។ មិត្តភក្តិរបស់ រក្សា ឈ្មោះ សាយ ត្រូវបានខ្មែរក្រហមចាប់យកទៅសម្លាប់ចោល ដោយសារលេងគប់ដុំដីជាមួយយុវនារី ហើយត្រូវគេចោទថាចេះក្បាច់គុន។ បន្ទាប់មក រក្សា ត្រូវទៅនៅស្រម៉ូវរយៈពេល២ខែដើម្បីកាប់ចម្ការដាំសណ្ដែកដី រួចត្រូវធ្វើដំណើរដោយថ្មើរជើងទៅច្រូតស្រូវនិងរែកស្រូវនៅស្រុកជាំក្សាន្ត។

នៅក្នុងរបបខ្មែរក្រហម រក្សា ធ្លាប់បានឃើញឈ្លបវាយបំផ្លាញរូបសំណាក់ព្រះពុទ្ធរូបតាមព្រះវិហារចោល។ លើសពីនេះ ខ្មែរក្រហមបានបង្ខំឱ្យយុវជន-យុវនារីរៀបការម្តង១០ទៅ២០គូ ដែលក្នុងនោះបងស្រីរបស់រក្សា ឈ្មោះ នៅ សៀម ត្រូវរៀបការដែរ។ គ្រប់គ្នាត្រូវតែឆ្លើយថាពេញចិត្តទោះបីមិនពេញចិត្ត ព្រោះខ្លាចត្រូវឈ្លបចាប់យកទៅសម្លាប់។

ក្រោយពេលរំដោះ រក្សា ព្រមទាំងឪពុកម្តាយ និងបងប្អូន បានវិលត្រឡប់មករស់នៅជុំគ្នាវិញនៅភូមិពោធិ៍ខឿន ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដោយសុខសាន្ត។ សព្វថ្ងៃនេះ រក្សា មានជំងឺសន្លាក់ដៃជើង  ក្រពះពោះវៀន និងលើសឈាម៕

សម្ភាសន៍ដោយ៖ ឆាំ បូផាន់ ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤

អត្ថបទដោយ៖ នេន ស្រីមុំ

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin