ឡុង ផង់៖ “លួចកុំឲ្យមានគ្នា”

(កណ្ដាល)៖ ឡុង ផង់ ភេទប្រុស មានអាយុ ៧០ឆ្នាំ រស់នៅ និងមានភូមិកំណើត នៅភូមិត្រពាំងជ្រៅ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ផង់ មានឪពុកឈ្មោះ នាវ, ម្ដាយឈ្មោះ សុំ និងមានបងប្អូនចំនួនបួននាក់។
កាលពីកុមារភាព ផង់ ដែលមានអាយុ ៦ឆ្នាំ បានចូលរៀននៅសាលាវត្តអង្គ។ ក្រោយមក ផង់ បានឈប់រៀនត្រឹមថ្នាក់ទី៧ និងប្រកបរបរឡើងត្នោត។ នៅរបប លន់ នល់ បន្ទាប់ពីមានកងទ័ពវៀតកុងឆ្លងកាត់ភូមិ គឺមានការបាញ់ផ្លោងបណ្ដាលឲ្យមានប្រជាជនស្លាប់។ នៅពេលនោះ ផង់ បានរត់ទៅរស់នៅវត្តសិម្ពលី, ភូមិព្រៃទទឹង និងក្រោយមកទៀត គាត់ទៅរស់នៅភូមិសុបិន្ត។ ផង់ ឮចាស់ៗនៅជំនាន់នោះនិយាយថា “នៅពេលស្រុកសង្គ្រាម ពេលដែលអត់ឃ្លាន អ្នកក្រធ្វើទាហាន អ្នកមានធ្វើនគរបាល”។
នៅដើមឆ្នាំ១៩៧៥ ផង់ បានរៀបការជាមួយប្រពន្ធឈ្មោះ សំអុល។ ប៉ុន្មានខែក្រោយមក នៅខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានឡើងកាន់អំណាចទូទាំងប្រទេស និងជម្លៀស ផង់ មកវត្តអង្គតាប្រូច និងសួរប្រវត្តិរូប។ នៅពេលនោះ ខ្មែរក្រហមប្រាប់ថា អង្គការត្រូវការមន្ត្រីចូលធ្វើការវិញ រួមទាំងទាហាន លន់ នល់។ ក្រោយមក ទើប ផង់ ដឹងថាអ្នកទាំងនោះត្រូវបានខ្មែរក្រហមយកទៅសម្លាប់។ ចំណែក ផង់ ដែលជាកសិករ ត្រូវបានខ្មែរក្រហមចាត់ទុកជាប្រជាជនថ្មី។ ផង់ ត្រូវទៅកាប់ព្រៃនៅភូមិរុន, ភូមិក្រូច និងភូមិរកា ជាមួយប្រធានក្រុមឈ្មោះ តាឡុច ហើយ ផង់ បានធ្វើខ្ទម និងរស់នៅភូមិរការ។ ចំណែក ម្ដាយរបស់គាត់ រស់នៅភូមិបឹង។
នៅភូមិរកា ខ្មែរក្រហម ចែកអង្ករពីរកំប៉ុងសម្រាប់មួយគ្រួសារ ទុកហូបឲ្យបានពីរទៅបីថ្ងៃ។ ផង់ និយាយថា សូម្បីតែល្ហុងដាំនៅជុំវិញផ្ទះ ក៏ខ្មែរក្រហមមិនអនុញ្ញាតឲ្យបេះហូបដែរ។ ផង់ ចងចាំថា ដោយសារហូបចុកមិនគ្រប់គ្រាន់ កាលនោះ ប្រជាជនម្នាក់ក្នុងភូមិរកា ឈ្មោះ តាអន បានលួចដុតជង្រុកស្រូវ។ នៅពេលនោះ ខ្មែរក្រហមចោទថានៅក្នុងភូមិមានខ្មែរស (ចលនាប្រឆាំងនឹងខ្មែរក្រហម) ប៉ុន្តែមិនទាន់ដឹងថា តើនរណាជាអ្នកដុតជង្រុកស្រូវនោះទេ។
ក្រោយមក ផង់ កាន់ទូកដោយត្រូវចម្លងមេកង ឬអ្នករែកបាយពីភូមិរកា ទៅវត្តខ្ពប អស់រយៈពេលកន្លះឆ្នាំ។ បន្ទាប់មក ផង់ កាន់គោមួយនឹម និងធ្វើការជាអ្នកដឹកជញ្ជូនអង្ករទៅស្អាង និងត្រាំខ្នារ ដោយមាននីរសារជាអ្នកនាំផ្លូវ។ នៅពេលដឹកអង្ករ ផង់ បានលួចលាក់អង្ករខ្លះនៅតាមផ្លូវ។ នៅពេលយប់ ផង់ បានលួចទៅយកអង្ករនោះមកហូប។ ផង់ និយាយថា “លួចកុំឲ្យមានគ្នា” ទើបមិនត្រូវខ្មែរក្រហមចាប់បាន។ ផង់ តែងតែលួចហូបពោត និងត្រឡាចនៅពេលទៅភ្ជួររាស់នៅភូមិគុណគ្រូ និងភូមិរលាំងកែន។ ជួនកាល តាឡុច លួចបេះស្លឹកសង្កែយកមករុំធ្វើបារី និងចែកឲ្យ ផង់ ជក់ នៅពេលទៅគាស់ដើមពពេលនៅភូមិព្រៃពួច។
បន្ទាប់ពីគាស់ដើមឈើរួច នៅពេលយប់ឡើងក្រុមរបស់ផង់បានត្រលប់ទៅភូមិវិញ នៅពេលទៅដល់ ខ្មែរក្រហមបានចាប់ក្រុមរបស់ផង់ និងដាក់ខ្នោះជើង ដោយសារក្រុមរបស់ផង់មិនបានគាស់ដើមពពេលទេ តែគាស់ដើមកកោះទៅវិញ។ ស្អែកឡើង ប្រធានភូមិមកធានា ទើបក្រុមរបស់គាត់ត្រូវបានដោះលែង។ ក្រៅពីនេះ ផង់ ត្រូវទៅដឹកថ្មពីវត្តពោយ្យំយកទៅចាក់ថ្នល់។ ផង់ បានឃើញវិហារ និងមដិមា ត្រូវបានខ្មែរក្រហមវាយកម្ទេចយកថ្ម ហើយនៅក្នុងវត្តក៏មានមន្ទីរពេទ្យដែរ។ ក្នុងរបបនោះ ក៏គ្មានវត្តមានព្រះសង្ឃដែរ។
នៅរបបខ្មែរក្រហម ផង់ និយាយថាមានការកាប់សម្លាប់ប្រជាជនថ្មីនៅវត្តថ្មី ហើយមានករណីសម្លាប់ប្តី និងរំលោភប្រពន្ធ។ ផង់ បន្តថានៅម៉ោង៧យប់ គាត់បានឮសំឡេងរទេះគោមកដឹកមនុស្សយកទៅវត្តថ្មី។ ជួនកាល ផង់ ឮសំឡេងវាយ និងមនុស្សស្រែកនៅជិតរោងដែលគាត់ស្នាក់នៅ ហើយ ផង់ មិនហ៊ានចេញទៅមើលនោះទេ។
នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ ផង់ បានត្រលប់មករស់នៅភូមិកំណើតវិញ និងមានកូនចំនួនប្រាំនាក់។ ផង់ ចងចាំថា នៅរបបខ្មែរក្រហម គាត់ត្រូវហូបចុកមិនគ្រប់គ្រាន់, ធ្វើការហួសកម្លាំង និងរស់នៅក្រោមការតាមដានរបស់ឈ្លប៕
សម្ភាសដោយ ថន ពុធដារ៉ូ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦

