សុខ ថាច៖ ម្ដាយសុខចិត្តស្លាប់ដើម្បីកូន

(កណ្ដាល)៖ សុខ ថាច ភេទស្រី មានអាយុ ៥៧ឆ្នាំ រស់នៅ និងមានទីកន្លែងកំណើតនៅភូមិត្រពាំងរកា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ថាច មានឪពុកឈ្មោះ ខាន់ សុខ, ម្ដាយឈ្មោះ ម៉ៅ ជា និងមានបងប្អូនចំនួនប្រាំពីរនាក់ ក្នុងនោះប្អូនប្រុសរបស់គាត់ម្នាក់ បានស្លាប់នៅក្នុងរបបខ្មែរក្រហម។
នៅរបបសាធារណរដ្ឋខ្មែរ គ្រួសាររបស់ថាច បានទៅសុំផ្ទះគេស្នាក់អាស្រ័យនៅភូមិកំបូល (ជាប់ថ្នល់ជាតិលេខ៤) និងទទួលជំនួយពីសហរដ្ឋអាមេរិក។ នៅពេលនោះ ខ្មែរក្រហមបានគ្រប់គ្រងវត្តអង្គ ចំណែក ទាហាន លន់ នល់ គ្រប់គ្រងនៅភូមិត្បូងស្ទឹង។ ថាច បានរស់នៅទីនោះអស់រយៈពេលបីឆ្នាំ និងក្រោយមកនៅឆ្នាំ១៩៧៥ គ្រួសាររបស់ថាច បានភៀសខ្លួនទៅទីក្រុងភ្នំពេញ។
នៅឆ្នាំ១៩៧៥ បន្ទាប់ពីខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញ គ្រួសាររបស់ថាច ត្រូវបានខ្មែរក្រហមជម្លៀសចេញពីទីក្រុងមករស់នៅភូមិក្រាំងម្កាក់។ នៅតាមផ្លូវ ថាច បានឃើញសាកសពទាហាន លន់ នល់ នៅសាលាគ្រួស, វត្ដអង្គ និងបឹងតាមផ្លូវជាតិលេខ៤។ ថាច និយាយថា នៅពេលគាត់ទៅដួសទឹក គាត់បានធុំក្លិនស្អុយ និងឃើញសាកសពជាច្រើន។
នៅភូមិក្រាំងម្កាក់ ខ្មែរក្រហមបានចាត់ទុកគ្រួសាររបស់ថាច ជាប្រជាជនថ្មី។ ឪពុករបស់ថាច ធ្វើការជាអ្នកឡើងត្នោត។ នៅពេលនោះ ក្នុងមួយថ្ងៃ ខ្មែរក្រហមចែកអង្ករឬពោតក្រហមមួយកំប៉ុងឲ្យគ្រួសាររបស់ថាច ដែលមានសមាជិកប្រាំបួននាក់។ ថាច បានបាត់បង់ជីតា និងប្អូនប្រុសពៅម្នាក់ ដែលមានអាយុ ៥ឆ្នាំ ដែលនៅផ្ទះតែម្នាក់ឯងនិងរងការអត់ឃ្លាន។ ចំណែកបងប្រុសរបស់ថាច ត្រូវបានខ្មែរក្រហមចាប់ចង និងវាយដំនៅមន្ទីរមួយកន្លែង។ ថាច រៀបរាប់ថា នៅពេលទៅគាស់ដំឡូងឲ្យខ្មែរក្រហម បងប្រុសរបស់គាត់បានយកដំឡូងមួយផ្លែ។ ម្ដាយរបស់ថាច ដែលឮដំណឹងនេះពីអ្នកជិតខាង បានប្រញាប់ទៅមន្ទីរនោះ និងតវ៉ាជាមួយខ្មែរក្រហម ដោយលើកឡើងថា បងប្រុសរបស់គាត់មិនដឹងច្បាប់ទម្លាប់នោះទេ និងថាសុខចិត្តស្លាប់ ទើបខ្មែរក្រហមសម្រេចចិត្តដោះលែងបងប្រុសនិងម្ដាយរបស់គាត់។ ក្រោយមកបងប្រុសរបស់ថាច ត្រូវបានខ្មែរក្រហមបញ្ជូនទៅធ្វើការក្នុងកងយុវជន។
ខ្មែរក្រហមបានចាត់តាំងឲ្យ ថាច ធ្វើការក្នុងកងកុមារ។ ថាច ត្រូវក្រោកតាំងពីម៉ោង៣យប់ និងចេញទៅធ្វើការនៅម៉ោង៥ទៀបភ្លឺ។ ថាច ចងចាំថា កុមារដែលមិនក្រោក នឹងត្រូវខ្មែរក្រហមវាយដំ។ ខ្មែរក្រហមបានបញ្ជាឲ្យ ថាច ទៅធ្វើការនៅភូមិព្រៃពួច, ភូមិត្រពាំងរកា និងអង្គស្នួល ដោយព្រាត់ប្រាសឪពុកម្ដាយ និងបងប្អូន។ ថាច និយាយថា “ខ្ញុំនៅកងកុមារ វាឲ្យដកក្រចាប់ វាឲ្យរែកអាចម៍គោ វាឲ្យកាប់ទន្ទ្រានខេត្ត”។ ថាច និយាយថា ឈ្មោះ ហាន ដែលធ្វើការក្នុងកងកុមារជាមួយគាត់ ត្រូវបានខ្មែរក្រហមយកទៅកសាង ដោយសារមិនព្រមធ្វើការ, លួចពោត និងដំឡូង។ ក្រោយមក ឈ្មោះ ហាន បានបាត់ខ្លួនរហូតមក។ ចំណែកកូនកម្មាភិបាលខ្មែរក្រហមវិញ គឺនៅផ្ទះ ដោយមិនសូវមកធ្វើការទេ។ ជារៀងរាល់ថ្ងៃទី១០ និងថ្ងៃទី២០ ទើប ថាច បានជួបឪពុកម្ដាយមួយភ្លែតនៅរោងបាយ។
នៅពេល ថាច ឈឺជើង ខ្មែរក្រហមបានលើកគាត់ដាក់រទេះ និងបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យភូមិប្រាំបីមុម អស់រយៈពេលមួយសប្តាហ៍ ប៉ុន្តែអំឡុងពេលនោះ ថាច ត្រូវដើរទាំងឈឺជើង ទៅយករបបអាហារដោយខ្លួនឯង។
ក្រោយមក ថាច បានត្រលប់មកធ្វើការក្នុងកងកុមារវិញ និងសម្រាកនៅរោងមួយកន្លែង ដែលស្ថិតនៅក្នុងភូមិព្រៃពួច (បច្ចុប្បន្នមន្ទីរពេទ្យព្រៃពួច)។ បន្ទាប់ពីក្មេងៗសម្រាកហូបអាហារនៅម៉ោង១២ថ្ងៃត្រង់ គឺមានមេកង ដែលគេហៅគ្រូវប្បធម៌ មកបង្រៀនអក្សរកន្លះម៉ោងនៅក្នុងវត្តអង្គ។ ថាច ចាំបានថា នៅពេលនោះ គ្មានដីសទេ គឺមានតែយកធ្យូងមកសរសេរ។
នៅរបបខ្មែរក្រហម ថាច ត្រូវធ្វើការទាំងហាលភ្លៀង និងមិនហ៊ានយកខោអាវទៅហាលនៅពេលយប់នោះទេ ដោយខ្លាចមានអ្នកលួច ពីព្រោះគាត់មានតែខោអាវមួយសម្រាប់នោះប៉ុណ្ណោះ។ ក្រៅពីនេះ ថាច បានលួចទៅមើលប្រជាជនប្រហែល៥០គូ ត្រូវបានខ្មែរក្រហមចាប់រៀបការដោយបង្ខំនៅវត្តអង្គ។ ចំណែកវត្តព្រៃពួច ត្រូវបានខ្មែរក្រហមបំផ្ទុះគ្រាប់បែក និងធ្វើជាកន្លែងចិញ្ចឹមជ្រូក។ នៅភូមិចក មានមន្ទីរឃុំឃាំងមួយ។
នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ ថាច និយាយថា នៅម៉ោង៩យប់ មេកងបានប្រាប់ឲ្យគាត់ត្រលប់ទៅភូមិកំណើតវិញ។ ថាច បានជួបជុំឪពុកម្ដាយនៅភូមិព្រៃទទឹង។ នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ ថាច បានរៀបការ និងមានកូនចំនួនបីនាក់៕
សម្ភាសដោយ ថន ពុធដារ៉ូ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦

