ខោអាវមួយសម្រាប់ស្លៀកពាក់ពេញមួយឆ្នាំ

(ខេត្តស្វាយរៀង) ពេជ សារ៉ាន់ អាយុ ៧៤ឆ្នាំ រស់នៅភូមិក្រៅ ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ សារ៉ាន់ មានឪពុកឈ្មោះ ពេជ អៀង និងម្តាយឈ្មោះ ព្រំ ហ៊ិន ហើយគាត់មានបងប្អូនចំនួន ៥នាក់ គឺបងទី១ ឈ្មោះ ពេជ អឿន (ស្លាប់), បងទី២ ឈ្មោះ ពេជ សាវ៉ាត (ស្លាប់), ទី៣ ឈ្មោះ ពេជ សារ៉ាន់ (ម្ចាស់ប្រវត្តិរូប), ប្អូនទី៤ ឈ្មោះ ពេជ សាវ៉ាន និងប្អូនទី៥ ឈ្មោះ ពេជ សំអាត (ស្លាប់)។ កាលពីកុមារភាព សារ៉ាន់ រៀនសូត្របានត្រឹមថ្នាក់ទី២ ក្នុងរបបសង្គមរាស្ត្រនិយម។

នៅក្នុងរបបសាធារណរដ្ឋខ្មែរ សារ៉ាន់ បានឃើញការទម្លាក់គ្រាប់បែកពីយន្តហោះដែលគាំទ្ររបប លន់ នល់ វាយប្រហារលើកម្លាំងបដិវត្តន៍ខ្មែរក្រហម​។ ដោយសារស្ថានភាពសង្គ្រាម សារ៉ាន់ និងប្តីបាននាំកូនៗ រត់គេចចូលក្នុងរណ្តៅត្រង់សេ ដើម្បីសុវត្ថិភាព។ ចំណែកការប្រកបរបររកស៊ី និងការធ្វើស្រែចម្ការក៏ត្រូវរងការរំខាន និងអាក់ខានជាញឹកញាប់ផងដែរ។

នៅឆ្នាំ១៩៧៥ ប្រទេសកម្ពុជាបានស្ថិតក្រោមការគ្រប់គ្រងរបស់របបខ្មែរក្រហម។ សារ៉ាន់ ត្រូវចាត់តាំងឱ្យរស់នៅក្នុងសហករណ៍ភូមិក្រៅ ដែលជាស្រុកកំណើតរបស់ខ្លួន។ ប៉ុន្តែ ឈ្លបបានបំបែកសមាជិកគ្រួសារឱ្យរស់នៅដាច់ពីគ្នា ដោយគាត់ត្រូវរស់នៅក្នុងកងចល័តនារី ចំណែកកូនៗត្រូវរស់នៅក្នុងកងកុមារ និងប្តីត្រូវទៅភ្ជួររាស់ដីស្រែនៅក្នុងកងចល័តបុរស។ ការងាររបស់ សារ៉ាន់ គឺជីក និងរែកដី ទាំងយប់ទាំងថ្ងៃ ខណៈដែលអាហារទទួលបានពុំគ្រប់គ្រាន់សម្រាប់ការហូបចុកប្រចាំថ្ងៃ។ រឿងរ៉ាវដែល សារ៉ាន់ ចងចាំមិនអាចបំភ្លេចបានក្នុងរបបខ្មែរក្រហម គឺការដែលអង្គការចែកសម្លៀកបំពាក់ឱ្យតែមួយសម្រាប់ក្នុងរយៈពេលមួយឆ្នាំ។ ស្ថានភាពនេះបានធ្វើឱ្យគាត់ត្រូវស្លៀកពាក់ខោអាវចាស់ រហែក និងមានក្លិនមិនល្អ ពេញ​​រយៈ​ពេលមួយឆ្នាំ។ ក្នុងរបបខ្មែរក្រហម សារ៉ាន់ និងគ្រួសារមិនត្រូវបានជម្លៀសទៅរស់នៅខេត្តផ្សេងឡើយ គឺគ្រាន់តែត្រូវចល័តទៅធ្វើការនៅតាមតំបន់នានាក្នុងខេត្តស្វាយរៀងប៉ុណ្ណោះ។

ក្រោយរបបខ្មែរក្រហមដួលរលំ សារ៉ាន់ និងគ្រួសារបានត្រឡប់មករស់នៅភូមិក្រៅវិញ។ បច្ចុប្បន្ន គាត់រស់នៅជាមួយកូន និងមើលថែទាំចៅៗ ព្រមទាំងជួយមើលគោក្របី។ ដោយសារវ័យចំណាស់ សារ៉ាន់ កំពុងប្រឈមនឹងជំងឺរោគស្ត្រី និងអាការៈឈឺចុកចាប់ពេញរាងកាយ៕

សម្ភាសន៍ដោយ ហ៊ន់ ពិសី ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤

អត្ថបទដោយ អេង សុខម៉េង

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin