អ៊ែល ហាន៖ ពិបាកនៅពេលបែករបប

អ៊ែល ហាន រស់នៅភូមិស្រែខ្សាច់ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល (២០២១)

(កណ្ដាល)៖ អ៊ែល ហាន ភេទស្រី មានអាយុ ៦៧ឆ្នាំ រស់នៅភូមិស្រែខ្សាច់ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ហាន មានបងប្អូនចំនួនដប់បីនាក់ (បច្ចុប្បន្ននៅរស់រានមានជីវិត ចំនួនប្រាំបួននាក់)។ នៅពេលរំឭកពីរបបខ្មែរក្រហម ហាន និយាយថា “វាអត់ពិបាកទេ រឿងខ្ញុំនៅក្នុងអាពតហ្នឹង តែមកពិបាកត្រឹមបែក[ឆ្នាំ១៩៧៩]”។

នៅរបបសង្គមរាស្ត្រនិយម ហាន បានឈប់រៀនត្រឹមថ្នាក់ទី១២។ នៅឆ្នាំ១៩៧០ នៅពេលយប់ ខ្មែរក្រហមបានកៀរម្ដាយរបស់ហាន និងបងប្អូនទាំងប្រាំនាក់ រួមទាំងហានចេញពីភូមិកំណើត។ ចំណែកបងប្អូនពីរនាក់ទៀតរបស់គាត់ រស់នៅជាមួយយាយនៅភូមិព្រៃរកា។ ហាន បានពប្អូន រួចទៅសម្រាកនៅវត្តព្រះពុទ្ធនិព្វាន។ ហាន ត្រូវបន្តធ្វើដំណើរ និងឆ្លងកាត់ភូមិរលាំងពែន, ភូមិបឹង និងភូមិព្រៃខ្លា។

បន្ទាប់ពីសម្រាកនៅភូមិព្រៃខ្លាអស់មួយរយៈពេលខ្លី ហាន ត្រូវខ្មែរក្រហមកៀរបន្តទៅរស់នៅភូមិក្រោមម្ទេស (វត្តសុរភី)។ ខ្មែរក្រហមបានឲ្យប្រជាជនជីកលេណដ្ឋាន និងរស់នៅខាងក្រៅភូមិ ដោយសារមានការទម្លាក់គ្រាប់បែកនៅក្នុងភូមិ។ ហាន ត្រូវធ្វើការ និងទៅច្រូតស្រូវនៅភូមិត្បូងស្ទឹង។ នៅពេលនោះ ហាន បានបាត់បង់ប្អូនម្នាក់ដោយសារជំងឺ។

នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានចាត់តាំងឲ្យ ហាន ធ្វើជាឈ្លបនៅឃុំដើមឫស ដោយត្រូវដើរយាមល្បាត។ ក្រោយមក ខ្មែរក្រហមបានចាត់តាំងឲ្យ ហាន ធ្វើជានីរសាររបស់ពូវេង ដែលជាគណៈឃុំ។ មិនយូរប៉ុន្មាន ខ្មែរក្រហមចាត់តាំងឲ្យ ហាន កាន់ការងារនៅសហករណ៍ភូមិដើមឫស ប៉ុន្តែ ហាន បានបដិសេធ និងសុំទៅធ្វើការក្នុងកងទ័ពភូមិភាគ។ នៅពេលនោះ គណៈស្រុក ឈ្មោះ តាសំបួរ បានឃុំខ្លួនហានរយៈពេលបីថ្ងៃ ដោយសួរប្រវត្តិរូបរបស់គាត់ និងសួរបងរបស់គាត់នៅភូមិស្ទឹងអំពីប្រវត្តិរបស់គាត់។

បន្ទាប់មក នៅពេល ហាន ជូនដំណើរកងចល័តនារីឡើងឡាននៅវត្តអង្គ ទៅធ្វើការក្នុងកងទ័ពភូមិភាគនៅអង្គរបូរី ហាន បានឆ្លៀតឱកាសនោះ ឡើងឡានទៅជាមួយគេឯងដែរ។ នៅពេលទៅដល់ទីនោះ ហាន បានកាន់កងនៅកោះម្រះ ជិតព្រំដែនកម្ពុជា-វៀតណាម។ នៅទីនោះ ហាន ធ្វើការផ្នែកកងនារីដឹកជញ្ជូនស្បៀងនៃកងទ័ពមជ្ឈឹម។ ហាន និយាយថា គាត់មិនដែលចូលច្បាំងនោះទេ។

នៅចុងឆ្នាំ១៩៧៨ នៅពេលកងទ័ពវៀតណាម បាញ់ឆេះផ្សារតាកែវ កងយុទ្ធជនបានមកប្រាប់ឲ្យ ហាន រៀបចំអីវ៉ាន់ និងឡើងកាណូតទៅភូមិព្រែកផ្គាំ។ នៅពេលសម្រាកហូបបាយនៅភូមិព្រែកផ្គាំ មានគេស្រែកថាកងទ័ពវៀតណាមមកហើយ តែតាមពិតគឺជាកងទ័ពភូមិភាគមកពីអង្គរបូរី។ នៅពេលនោះ ហាន បានរត់ទៅភូមិបាលី និងប្រមូលផ្តុំកងទ័ពនៅភូមិក្រាំងខ្លី ដែលមានសមាជិក១២៥នាក់។ នៅពេលប្រជុំកង មេកង​បានប្រាប់ឲ្យសមាជិកទាំងអស់ត្រលប់ទៅតាមស្រុកវិញ ចំណែក ហាន និងសមាជិកពីរនាក់ទៀតត្រលប់មកស្រុក៥២។ ក្នុងចំណោមសមាជិកទាំង១២៥នាក់ ហាន និយាយថាមានតែសមាជិកប្រាំបួននាក់ប៉ុណ្ណោះ ដែលនៅរស់រានមានជីវិតត្រលប់មកភូមិកំណើតវិញ ក្រៅពីនោះបានស្លាប់ដោយសារជំងឺគ្រុនចាញ់ និងអត់ឃ្លាននៅតាមព្រៃភ្នំនៅខាងខេត្តកំពង់ស្ពឺ។

នៅឆ្នាំ១៩៧៩ បន្ទាប់ពីភៀសខ្លួនឆ្លងកាត់ព្រៃភ្នំអស់រយៈពេលជាច្រើនខែ ហាន បានត្រលប់មកភូមិកំណើត និងជួបជុំឪពុកម្ដាយ និងបងប្អូនដែលនៅរស់រានមានជីវិតពីរបបខ្មែរក្រហម។ ហាន និយាយថា “ខ្ញុំអត់ពិបាកទេ មកពិបាក ពិបាកត្រឹមយួនចូលស្រុកហ្នឹងទេ [ដោយសាររត់ទៅភ្នំ]”៕

សម្ភាសដោយ​ ធន់ នាត ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin