សុទ្ធ យឿង៖ “បើយើងមិនធ្វើ”

(កណ្ដាល)៖ សុទ្ធ យឿង ភេទស្រី មានអាយុ ៦៩ឆ្នាំ។ យឿង ជាកសិកររស់នៅភូមិត្រពាំងរការ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ យឿង មានភូមិកំណើតនៅភូមិត្បូងស្ទឹង (ឬភូមិដែលស្ថិតនៅខាងត្បូងស្ទឹងព្រែកត្នោត) និងមានបងប្អូនចំនួន៨នាក់។
នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៦០ យឿង បានរៀបការ និងប្រកបរបរធ្វើស្រែចម្ការនៅភូមិត្រពាំងរការ។ នៅអំឡុងដើមទសវត្សរ៍ឆ្នាំ១៩៧០ បន្ទាប់ពីមានវត្តមានកងទ័ពខ្មែរក្រហមនៅក្នុងភូមិដែលស្ថិតនៅខាងត្បូងស្ទឹងព្រែកត្នោត យឿង បានភៀសខ្លួនទៅរស់នៅភូមិក្រាំងរនៀប។ ក្រោយមក យឿង ចាកចេញតាមផ្លូវជាតិលេខ៣ទៅរស់នៅទីក្រុងភ្នំពេញ។
នៅមុនរបបខ្មែរក្រហម យឿង បានត្រលប់មករស់នៅភូមិក្រាំងម្កាក់។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហមដែលឡើងកាន់អំណាចនៅទូទាំងប្រទេស បានជម្លៀសយឿងទៅរស់នៅជិតវត្តអង្គតាប្រូច និងចាត់ទុកគ្រួសាររបស់យឿងជាប្រជាជនចាស់។ នៅពេលនោះ ខ្មែរក្រហមចែកពោត និងអង្ករឲ្យក្នុងម្នាក់ចំនួនមួយខាំ។ យឿង និងប្តីរបស់គាត់ ហូបតែពោតប៉ុណ្ណោះ ដោយគាត់ទុកអង្ករដាំឲ្យកូនប្រុសរបស់គាត់ហូប។ នៅពេលទៅធ្វើការ យឿង ត្រូវយកកូនរបស់គាត់ទៅផ្ញើនៅរោងកុមារ ដែលមានជីដូនចាស់ៗជាអ្នកមើលថែ។ ក្រោយមក យឿង មានកូនម្នាក់ទៀត ប៉ុន្តែដោយសារគាត់ហូបចុកមិនគ្រប់គ្រាន់ ទើបកូនរបស់គាត់ម្នាក់នោះក៏បានបាត់បង់ជីវិត។
នៅរបបខ្មែរក្រហម យឿង ត្រូវធ្វើការហួសកម្លាំង និងហូបចុកមិនគ្រប់គ្រាន់។ យឿង ត្រូវបុកស្រូវ, ដកស្ទូង, ជីកប្រឡាយ, គាស់គល់ឈើ, រែកដីដំបូក, កាប់ និងចិញ្ច្រាំស្លឹកឈើយកទៅដាក់រណ្តៅសម្រាប់ធ្វើជីនៅភូមិក្រាំងម្កាក់។ ក្រៅពីនេះ យឿង បានឃើញខ្មែរក្រហមបញ្ជាឲ្យប្រជាជនយកឆ្អឹងសាកសពមនុស្សទៅដុតនិងបុកឲ្យហ្មត់ ហើយគេយកទៅលាយជាមួយជីនៅក្នុងរណ្តៅ។ យឿង និយាយថា “បើយើងមិនធ្វើ ក៏គេមិនទុកយើងដែរ”។ មិនយូរប៉ុន្មាន ប្រជាជនរស់នៅជិតផ្ទះរបស់យឿង ត្រូវបានខ្មែរក្រហមហៅទៅដឹកអំបិល និងបាត់ខ្លួនរហូតមក។
នៅចុងឆ្នាំ១៩៧៨ នៅពេលកំពុងច្រូតស្រូវ យឿង បានឃើញមិត្តនារីជាច្រើននាក់រត់ចេញពីការដ្ឋាន និងឮដំណឹងថាមានកងទ័ពវៀតណាមចូលមក។ នៅពេលនោះ យឿង បានប្រញាប់រត់ទៅរកកូនរបស់គាត់នៅភូមិក្រាំងម្កាក់។ ក្រោយមក យឿង បានទៅជួបជុំឪពុកម្ដាយ និងបងប្រុសរបស់គាត់នៅវត្តអង្គ។ នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំទាំងស្រុង យឿង បានត្រលប់មករស់នៅភូមិត្រពាំងរការវិញ៕
សម្ភាសដោយ ធន់ នាត ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦

