បន្លំខ្លួនធ្វើជាមនុស្សឆ្គួត ដើម្បីគេចពីការងារធ្ងន់

(ព្រះវិហារ)៖ ម៉ាន់ មុត មានអាយុ៧៥ឆ្នាំ រស់នៅភូមិកំពង់ចម្លង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ ពីដើមមក ឪពុករបស់ មុត ជាទាហាន។ មុត បានចែករំលែកថា ឪពុកម្តាយរបស់គាត់បានបែកបាក់គ្នា។ នៅឆ្នាំ១៩៧០ ពេលមានរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្ដម សីហនុ, មុត និងគ្រួសារ ព្រមទាំងអ្នកភូមិបានរត់ពួនតាមព្រៃ និងប្រឡាយទឹកដើម្បីគេចពីគ្រាប់បែក។ ក្រោយមក មុត បានស្ម័គ្រចិត្តចូលធ្វើជាទាហាន លន់ នល់។
នៅឆ្នាំ១៩៧២ ខ្មែរក្រហមបានចូលមកគ្រប់គ្រងក្នុងស្រុកដែល មុត រស់នៅ។ នៅឆ្នាំដដែល មុត ត្រូវបានចាត់តាំងឱ្យធ្វើជាទាហានខ្មែរក្រហមការពារព្រំដែន។ ក្រោយមក ខ្មែរក្រហមដឹងថា មុត ធ្លាប់ជាទាហាន លន់ នល់ បានដកកាំភ្លើងចេញពីគាត់។ មុត បានលើកឡើងថា ជាសំណាងរបស់គាត់ដែលខ្មែរក្រហមមិនចាប់គាត់ដែលជាអតីតទាហាន លន់ នល់ យកទៅសម្លាប់ចោល។ បន្ទាប់មក ខ្មែរក្រហមបានបង្ខំឱ្យ មុត រៀបការជាមួយនឹងយុវនារី ដែលគាត់មិនស្គាល់។ ពេលនោះមុត រៀបការរួមជាមួយនឹងយុវជន-យុវនារីចំនួនគូផ្សេងទៀត។ មុត និងប្រពន្ធមានកូនពីរនាក់ជាចំណងដៃ។ គាត់បានបន្ថែមថា នៅពេលយប់តែងតែមានកងឈ្លបមកស៊ើបមើលថាប្ដី-ប្រពន្ធដែលទើបតែរៀបការថ្មីថ្មោងនោះរស់នៅចុះសម្រុងគ្នាដែរឬទេ។ នៅអំឡុងពេលនោះ មានមេកងម្នាក់បានបាញ់សម្លាប់ខ្លួនឯងដោយសារត្រូវបង្ខំឱ្យរៀបការជាមួយមនុស្សដែលខ្លួនមិនស្រឡាញ់។
នៅក្នុងរបបខ្មែរក្រហម បានតម្រូវឱ្យប្រជាជនធ្វើការងាររួម ស្នាក់នៅរួម និងហូបរួម។ មុត ត្រូវបានខ្មែរក្រហមចាត់តាំងឱ្យលើកទំនប់ និងជីកប្រឡាយចាប់ពីម៉ោង៤ទៀបភ្លឺរហូតទៅដល់ពេលយប់ជ្រៅ។ ការងារនោះធ្វើឱ្យ មុត មានការហត់នឿយ និងបាក់កម្លាំងជាខ្លាំង ហើយមិនត្រឹមតែប៉ុណ្ណោះនោះទេ ពេលនោះគ្មានអាហារហូបគ្រប់គ្រាន់។ ពេលឃ្លានខ្លាំង មុត លួចរើសមើមចារយកមកអាំងហូប។ មុត បាននិយាយថា ដើម្បីគេចពីការងារធ្ងន់ៗ គាត់បានបន្លំខ្លួនធ្វើជាមនុស្សឆ្កួត។ ការបន្លំខ្លួននោះធ្វើឱ្យខ្មែរក្រហមប្តូរការងារឱ្យគាត់ធ្វើជាអ្នកនេសាទត្រីវិញ។
មុត ធ្លាប់បានឃើញខ្មែរក្រហមយកអ្នកដែលរស់នៅសហករណ៍ជាមួយឈ្មោះ ឡិច ទៅសម្លាប់ចោលដោយសារលួចបាយហូប។ នៅក្នុងរបបខ្មែរក្រហម គ្មានការគោរពប្រណិប័តន៍សាសនាអ្វីឡើយ។ សាសនាទាំងអស់ត្រូវលុបបំបាត់ចោល, អ្នកគោរពសាសនាត្រូវហាមឃាត ខ្មែរក្រហមបានវាយកម្ទេចវត្តអារាម និងរូបព្រះបដិមាចោល ហើយព្រះសង្ឃបានលាចាកសិក្ខាបទទៅធ្វើការ។
នៅក្នុងរបបខ្មែរក្រហម ពេលប្រជាជនមានជំងឺ គ្រូពេទ្យតែងតែប្រើថ្នាំដែលផលិតពីឬសឈើឬរុក្ខជាតិ ហៅថាថ្នាំអាចម៍ទន្សាយ សម្រាប់ព្យាបាល។ ប្រជាជនជាច្រើនដែលបាត់បង់ជីវិតដោយសារតែបរិភោគមិនគ្រប់គ្រាន់ ធ្វើការលើសកម្លាំង និងមានជំងឺប្រចាំកាយ។
ក្រោយពេលវៀតណាមចូលមក មុត បានធ្វើជាកងឈ្លប។ បន្ទាប់ពីមានការបាញ់គ្នាជាមួយទាហានវៀតណាម មុត បានរត់គេចខ្លួនទៅភ្នំច្រកអានសេះ។ មុត បានចូលរួមជាមួយទាហានរបស់ សឺន សាន។ បន្ទាប់មក ខ្មែរក្រហមបានវាយលុកតំបន់អានសេះ មុត បានរត់ទៅរស់នៅក្នុងជំរំសាយធូ។ ក្រោយរំដោះ មុត បានរស់នៅជួបជុំគ្រួសារវិញនៅភូមិកំពង់ចម្លង និងប្រកបរបរធ្វើស្រែរហូតមកដល់សព្វថ្ងៃ។ បច្ចុប្បន្ន មុត មានជំងឺលើសឈាម លើសជាតិអាស៊ីត និងពិការជើងខាងឆ្វេង។ នៅឆ្នាំ១៩៨២ មុត បានធ្លាក់ខ្លួនពិការជើងឆ្វេងដោយសារជាន់គ្រាប់មីននៅអំឡុងពេលគាត់ធ្វើជាទាហានរបស់ សឺន សាន៕
សម្ភាសន៍ដោយ៖ ឆាំ បូផាន់ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤
អត្ថបទដោយ៖ នេន ស្រីមុំ

