ប្រើរហូតដល់ដាច់រហែកទើបអង្គការចែកឱ្យថ្មី

(ព្រះវិហារ)៖ សែម ឌឿន មានអាយុ៧៦ឆ្នាំ រស់នៅភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ នៅឆ្នាំ១៩៦៨ ឌឿន មានអាយុ១៩ឆ្នាំ និងបានបួសជាព្រះសង្ឃនៅក្នុងវត្តស្រយ៉ង់។
ដោយមានទាហានចូលទៅបាញ់គ្នានៅចុងស្ពានខេត្តកំពង់ធំ និងចូលពេញទៅនៅក្នុងវត្តក្តីសែន ត្រៀមធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ ការភ័យខ្លាចបានធ្វើឱ្យ ឌឿន ភៀសខ្លួនមកភូមិពោធិ៍វិញជាមួយលោកឈ្មោះ ញៀន។ បន្ទាប់ពីបែកគ្នា ឌឿន បានមកភូមិពោធិ៍ធ្វើជាព្រះសង្ឃនៅទីនោះ ហើយលោកឈ្មោះ ញៀន បានទៅស្រុករវៀង។
នៅឆ្នាំ១៩៧០ ឌឿន បានបួសបំពេញជាភិក្ខុនៅស្រុកជាំក្សាន្ត ក្រោយមកគាត់បានត្រឡប់ទៅវត្តពោធិ៍បានមួយវស្សា ទើបទៅជាំក្សាន្តវិញ។ បន្ទាប់មក ឌឿន បានលាចាកសិក្ខាបទ និងបានរៀបការជាមួយប្រពន្ធទី១ឈ្មោះ គ្រីប ផាន នៅស្រុកជាំក្សាន្ត តែជាអកុសលប្រពន្ធរបស់គាត់បានស្លាប់នៅពេលសម្រាលកូន។
ឌឿន បានត្រឡប់មកភូមិពោធិ៍វិញនៅឆ្នាំ១៩៧១ ដែលជាពេលចាប់ផ្តើមមានសង្រ្គាមធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ។ នៅឆ្នាំ១៩៧២ ខ្មែរក្រហមបានចូលមកគ្រប់គ្រងក្នុងភូមិដោយឱ្យប្រជាពលរដ្ឋធ្វើស្រែប្រវាស់ដៃគ្នា ហើយស្រូវអង្កររកមកបានត្រូវដាក់តាមផ្ទះនិងហូបតាមផ្ទះរៀងខ្លួន។ បន្ទាប់មក ខ្មែរក្រហមចាប់ផ្ដើមឱ្យប្រមូលស្រូវអង្ករ ទ្រព្យសម្បត្តិមានតម្លៃ និងសម្ភារប្រើប្រាស់ ដាក់រួមគ្នា។ នៅពេលនោះ ឌឿន បានរៀបការយកប្រពន្ធទី២ឈ្មោះ សុខ ទឹម និងមានកូនម្នាក់ឈ្មោះ សែម វុធ ភេទស្រី។
សម្រាប់ការងារ ខ្មែរក្រហមបែងចែកកម្លាំងមនុស្ស៣០០នាក់ ជា៣កង ហើយចែកជាក្រុមតូចៗទៀតដោយមានមេក្រុម អនុ និងសមាជិកក្រុម កាន់កាប់កូនក្រុមប្រហែល១០នាក់ ដើម្បីងាយស្រួលក្នុងការប្រជុំជីវភាព។ ខ្មែរក្រហម បានចាត់ឱ្យ ឌឿន ធ្វើជាសមាជិកសហករណ៍ក្រុមទី២ដោយមានកូនក្រុម១២នាក់ ហើយ ឌឿន ជាអ្នករៀបចំចាត់ចែងកម្លាំងតាមការងារដូចជាធ្វើស្រែ និងចម្ការ។ ចំណែកប្រពន្ធរបស់ឌឿន ត្រូវបានខ្មែរក្រហមចាត់តាំងឱ្យធ្វើការងារនៅក្នុងកងសេដ្ឋកិច្ចផ្នែកដាំបាយក្នុងសហករណ៍។
ក្រោយមក ឌឿន បានធ្វើជាប្រធានក្រុមទី១ក្តាប់ប្រជាជនប្រហែល១០០នាក់ បន្ទាប់មកត្រូវបានខ្មែរក្រហមចាត់ឱ្យទៅធ្វើប្រធានក្រុមទី៣មានកូនក្រុម១០០នាក់ជាងដើម្បីបញ្ជាឱ្យទៅធ្វើស្រែចម្ការ។ ចំពោះការហូបចុក ឌឿន ហូបបបរដូចប្រជាជនទូទៅ។ សម្លៀកបំពាក់គឺខោអាវពណ៌ខ្មៅ និងកន្សែងបង់ក ដែលប្រើរហូតដល់ដាច់រហែកទើបអង្គការចែកឱ្យថ្មី។
បន្ទាប់មក ឌឿន ឈប់ធ្វើជាប្រធានក្រុមទី៣ ហើយចូលធ្វើការងារនៅកងចល័តធ្វើស្រែនៅទំនប់តស៊ូ។ នៅទីនោះមានការសង់ផ្ទះតូចៗឱ្យប្រជាជនស្នាក់នៅ និងមានកងសេដ្ឋកិច្ចរៀបចំបាយទឹកឱ្យហូបប៉ុន្តែមិនបានគ្រប់គ្រាន់ឡើយ ហើយនៅពេលមានជំងឺឈឺស្កាត់មានពេទ្យព្យាបាលតែមិនមានថ្នាំសម្រាប់លេបគ្រប់គ្រាន់ទេ។ កងយុវជន-យុវនារី ត្រូវបានចាត់តាំងឱ្យច្រូតស្រូវ លើកទំនប់ រីឯកុមារឱ្យរៀនផង និងធ្វើការផង។ ឌឿន ធ្លាប់បានឃើញខ្មែរក្រហមចាប់ប្រជាជនម្នាក់ឈ្មោះ ស្តើង យកទៅសម្លាប់ចោលដោយសារគាត់ធ្លាប់ធ្វើជាគ្រូបង្រៀននៅរបបសង្គមចាស់ ហើយប្រពន្ធនិងកូនរបស់ស្តើង ត្រូវបានគេចាប់យកទៅសម្លាប់ចោលតាមក្រោយ។ ឌឿន ធ្លាប់បានឃើញខ្មែរក្រហមបំផ្លាញវត្តអារាមនិងកុដិលោក តែមិនបានចាប់ផ្សឹកព្រះសង្ឃទេ។
ចៅហ្វាយស្រុកម្នាក់ឈ្មោះ ទី បានប្រព្រឹត្តអំពើបៀតបៀនរាងកាយលើយុវនារី ត្រូវបានខ្មែរក្រហមចាប់យកទៅសម្លាប់ចោល។ ក្នុងពេលនោះដែរ មានយុវជន១៧មេសាម្នាក់ ត្រូវបានអង្គការបានចោទប្រកាន់ថាបំពានលើស្រ្តី ត្រូវបានខ្មែរក្រហមចាប់យកទៅសួរចម្លើយ និងធ្វើទារុណកម្មកៀបដៃនឹងឈើ រួចបញ្ជូនទៅសម្លាប់ចោលនៅរវៀង។
ឌឿន បានបញ្ជាក់ថារបបខ្មែរក្រហមជារបបដែលលំបាកខ្លាំងណាស់សម្រាប់គាត់ ត្រូវសម្រាកនៅតាមតែព្រៃ គ្មានសម្លៀកបំពាក់គ្រប់គ្រាន់ ហូបចុកមិនគ្រប់គ្រាន់ ហើយបន្ថែមពីលើនោះទៀតគាត់បានផ្តាំទៅយុវជនជំនាន់ក្រោយត្រូវខិតខំរៀនសូត្រ និងទប់ស្កាត់កុំឱ្យមានរបបនោះកើតឡើងវិញទៀត។ ឌឿន មានជំងឺប្រចាំកាយដូចជា ឡើងបាយភ្នែក វិលមុខ និងក្រពះពោះវៀន ដែលធ្វើទុក្ខឱ្យក្តៅក្រហាយក្នុងពោះ ងងឹតភ្នែក និងខ្សោយកម្លាំង៕
សម្ភាសន៍ដោយ៖ ឆាំ បូផាន់ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤
អត្ថបទដោយ៖ នេន ស្រីមុំ

