អតីតអ្នកកាន់ប៉ុស្តិ៍វិទ្យុសម្ងាត់

(ព្រះវិហារ)៖ ជឹម ជៀន បច្ចុប្បន្នមានអាយុ៦០ឆ្នាំ មានទីលំនៅនៅភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ ឪពុករបស់ជៀន ឈ្មោះ ជៀម ជន ម្តាយឈ្មោះ សោន និងមានបងប្អូនចំនួន៥នាក់ (ស្រី៤នាក់) ហើយគ្រួសាររបស់គាត់ប្រកបរបរធ្វើស្រែចម្ការយ៉ាងមានក្តីសុខ។

នៅឆ្នាំ១៩៧០ មានព្រឹត្តិការណ៍រដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ។ ប្រជាជននៅក្នុងភូមិបាននាំគ្នារត់ពួនក្នុងត្រង់សេ ដើម្បីគេចពីគ្រាប់កាំភ្លើង គ្រាប់បែក និងគ្រាប់ប្លោង ហើយគ្រាប់ភាគច្រើនធ្លាក់នៅតំបន់កំពង់ប្រណាក ដោយមិនធ្លាក់ចំភូមិរបស់គាត់ឡើយ។

នៅឆ្នាំ១៩៧២ ខ្មែរក្រហមបានចូលគ្រប់គ្រងភូមិស្រុក ហើយតម្រូវឱ្យប្រជាជនហូបបាយរួមគ្នាតាមបែបសមូហភាព។ នៅពេលនោះខ្មែរក្រហមបានចាត់តាំងឱ្យ ជៀន ទៅលើកទំនប់តស៊ូ ទំនប់ដូនពួក និងទំនប់ចាស់ ដោយធ្វើការពីម៉ោង៧ព្រឹកដល់ម៉ោង១១ថ្ងៃត្រង់។ របបអាហារទទួលបានត្រឹមតែបបររាវស្ទើរតែគ្មានគ្រាប់អង្ករ ចំនួនមួយវែកកន្លះប៉ុណ្ណោះក្នុងម្នាក់។ ឈានចូលដល់ឆ្នាំ១៩៧៣ ខ្មែរក្រហមបានជម្លៀស ជៀន ឱ្យទៅធ្វើការនៅស្រុករវៀងក្នុងកងកុមារលះបង់ ដោយត្រូវបែកចេញពីឪពុកម្តាយ។ នៅទីនោះ ជៀន ត្រូវធ្វើការធ្ងន់ៗជាច្រើន មានដូចជាលើកទំនប់ ឃ្វាលគោ ក្របី និងសេះ។ ចំពោះការស្នាក់នៅ ជៀន ត្រូវស្នាក់ក្នុងអគារប្រក់ក្បឿងរួមគ្នាជាមួយសមាជិកចំនួន១៥នាក់ លាយឡំជាមួយយោធាខ្មែរក្រហម។

នៅថ្ងៃទី៣ ខែមីនា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានបញ្ជូន ជៀន ទៅទីក្រុងភ្នំពេញដើម្បីធ្វើការនៅកាស៊ីណូ។ ក្នុងឆ្នាំ១៩៧៦ ជៀន ត្រូវផ្លាស់ទៅរៀនអក្សរ និងដាំបន្លែនៅវត្តទួលទំពួង បន្ទាប់មកទៅវត្តព្រះពុទ្ធដើម្បីរៀបចំកាសែតបញ្ជូនទៅតាមក្រសួង និងមន្ទីរពេទ្យ។ ខ្មែរក្រហមបានបន្តបញ្ជូន ជៀន ទៅកាន់ប៉ុស្តិ៍ផ្សាយព័ត៌មាននៅស្ទឹងមានជ័យ រួចឱ្យទៅរៀនផ្នែកវិទ្យុទាក់ទងនៅវិទ្យាល័យទួលគោកចំនួន៣ខែ។ នៅពេលនោះ ជៀន ត្រូវរៀនបណ្តើរ និងធ្វើការងារបណ្ដើរ។ នៅទីនោះ ជៀន ត្រូវចូលរួមធ្វើជីវទស្សនរៀងរាល់សប្តាហ៍។ បន្ទាប់មកទៀត ជៀន បានត្រឡប់ទៅស្ទឹងមានជ័យដើម្បីកាន់ប៉ុស្តិ៍ FM៥០ និងបញ្ជូនទៅកាន់ប៉ុស្តិ៍សម្ងាត់ក្នុងឡាននៅផ្ទះរបស់ លន់ នល់ ដើម្បីទទួលការផ្សាយពី ប៉ុល ពត និង ខៀវ សំផន ទៅក្រៅប្រទេស។ ជៀន បាននិយាយថា នៅក្នុងរបបខ្មែរក្រហម គាត់ទទួលបានសម្លៀកបំពាក់២កំប្លេក្នុងមួយឆ្នាំ ហើយមានការផ្លាស់ប្តូរការស្លៀកពាក់ស និងខ្មៅនៅពេលមានភ្ញៀវបរទេសមកពីចិន និងកូរ៉េមកទស្សនកិច្ច។

នៅឆ្នាំ១៩៧៩ ជៀន បានភៀសចេញពីទីក្រុងភ្នំពេញរហូតដល់អូរបែកក្អម ហើយត្រូវទាហានវៀតណាមបាញ់បែកកង់ឡាន ទើបបន្តដំណើរដោយថ្មើរជើងរហូតដល់ខេត្តកំពង់ស្ពឺ។ នៅទីនោះ ជៀន បានចូលធ្វើយោធាខ្មែរក្រហមវាយជាមួយវៀតណាមបានកន្លះខែ។ ក្រោយពីត្រូវសហករណ៍ភូមិកកោះចាប់ខ្លួនពីបទសង្ស័យថាជាខ្សែបណ្ដាញរបស់វៀតណាម និងអាមេរិក ជៀន បានរត់គេចខ្លួនមកកាន់ភូមិពោធិ៍វិញដើម្បីជួបជុំគ្រួសារ។ ក្នុងឆ្នាំ១៩៧៩ដដែល ជៀន បានចូលធ្វើទាហានរដ្ឋកម្ពុជា បានទៅរៀនយុទ្ធសាស្ត្រសង្គ្រាមនៅខេត្តរតនគិរី និងត្រឡប់មកធ្វើការនៅស្រុកត្បែងមានជ័យវិញនៅឆ្នាំ១៩៨១។ ជៀន បានរៀបការនៅឆ្នាំ១៩៨២។

បទពិសោធន៍ដែល ជៀន បានជួបប្រទះនៅក្នុងរបបខ្មែរក្រហម គឺការឃ្លាតឆ្ងាយពីគ្រួសារ ការហូបចុកមិនគ្រប់គ្រាន់ និងការហូបបបរលាយស្លឹកព្រិច។ បន្ថែមពីនេះ ខ្មែរក្រហមបានតម្រូវឱ្យប្រជាជនប្រមូលលាមកឱ្យបានមួយបេក្នុងមួយខែ បើពុំនោះទេនឹងត្រូវយកទៅរៀនសូត្រ។ បច្ចុប្បន្ន ជៀន រស់នៅជួបជុំប្រពន្ធកូននៅភូមិពោធិ៍ ស្រុកត្បែងមានជ័យ និងប្រកបរបរធ្វើស្រែចម្ការជាធម្មតា៕

សម្ភាសន៍ដោយ៖ ឆាំ បូផាន់ ថ្ងៃទី២៤ ខែតុលា​ ឆ្នាំ២០២៤

អត្ថបទដោយ៖ នេន ស្រីមុំ

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin