ភាពផ្តាច់ការនៃការបំបែកបំបាក់គ្រួសារ

(ព្រះវិហារ)៖ ថុក សោ មានអាយុ៧០ឆ្នាំ មានអាស័យដ្ឋានបច្ចុប្បន្នរស់នៅភូមិពោធិ៍ខឿន ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ សោ មានឪពុកឈ្មោះ ប៊ុន ថុក ម្តាយឈ្មោះ ថោង នឹម និងមានបងប្អូនចំនួន៤នាក់ ដោយប្រកបរបរធ្វើស្រែចម្ការ។ បងប្រុសរបស់គាត់ឈ្មោះ ថុក ឈិត បានស្ម័គ្រចិត្តចូលបម្រើជាទាហាន លន់ នល់ ហើយបងប្រុសទី២បានទៅបួសនៅវត្ត។

នៅឆ្នាំ១៩៦៩ សោ បានចូលរៀននៅសាលាពោធិ៍ ប៉ុន្តែនៅឆ្នាំ១៩៧០ គាត់បានឈប់រៀននៅពេលមានរដ្ឋប្រហារទម្លាក់សម្តេចនរោត្តម សីហនុ។ ពេលនោះមានការទម្លាក់គ្រាប់បែកពីយន្តហោះបេ៥២យ៉ាងខ្លាំងនៅពេលយប់ ដែលតម្រូវឱ្យគ្រួសាររបស់គាត់និងប្រជាជនដទៃរត់ចូលត្រង់សេដើម្បីគេចពីគ្រាប់។ នៅឆ្នាំ១៩៧៣ អង្គការបានចាប់ផ្តើមបង្ខំប្រជាពលរដ្ឋឱ្យហូបបាយរួម រស់នៅរួម និងដើរតាមមាគ៌ារបស់អង្គការ។ អង្គការបានប្រមូលទ្រព្យសម្បត្តិទាំងអស់រួមមាន ស្រូវ អង្ករ មាសប្រាក់ និងគោក្របីដាក់ជាកម្មសិទ្ធិរួម។ ប្រជាជនម្នាក់ៗមានសិទ្ធិរក្សាទុកត្រឹមតែស្លាបព្រាមួយ និងខោអាវពីរកំប្លេផ្លាស់ប្តូរប៉ុណ្ណោះ ហើយប្រសិនជាខោអាវចាស់រហែកខ្លាំងប្រើមិនបាន អង្គការចេញឱ្យថ្មីមួយកំប្លេក្នុងមួយឆ្នាំ។ ដំបូងឡើយ ខ្មែរក្រហមបានចាត់តាំង សោ ឱ្យដឹកនាំកុមារឃ្វាលក្របីនៅព្រៃកែង។

ចូលដល់ឆ្នាំ១៩៧៤ ពេលមានអាយុ២០ឆ្នាំ គាត់ត្រូវបានគេបញ្ជូនទៅកងចល័ត និងបែកពីឪពុកម្តាយ។ គាត់ត្រូវធ្វើការធ្ងន់ៗ ពេលវេលាធ្វើការគឺតឹងតែងខ្លាំង។ សោ បាននិយាយថា ជារៀងរាល់ព្រឹកគាត់ត្រូវហូបបបរនៅម៉ោង៦ព្រឹកមុននឹងចេញទៅធ្វើការ និងត្រឡប់មកហូបបបរវិញនៅម៉ោង១១ថ្ងៃត្រង់ ចុះធ្វើការវិញនៅម៉ោង១រសៀល សម្រាកហូបបបរចន្លោះម៉ោង៥ ដល់ម៉ោង៦ល្ងាច ហើយបន្តចុះធ្វើការនៅម៉ោង៧យប់រហូតដល់ម៉ោង៨យប់ទើបបានសម្រាក។ នៅឆ្នាំ១៩៧៦ សោ ត្រូវបានផ្លាស់ប្តូរទៅធ្វើយោធាខ្មែរក្រហមនៅស្រុកជាំក្សាន្ត ដោយទទួលបានកាំភ្លើងម៉ាកសេកាសេមួយដើម និងសម្លៀកបំពាក់ពណ៌ខ្មៅ។ គាត់មានតួនាទីជាអ្នករត់សំបុត្រ ដោយថ្មើរជើងទាំងយប់ទាំងថ្ងៃ។ បន្ទាប់ពីចៅហ្វាយស្រុកជាំក្សាន្តឈ្មោះ យ៉ាត់ ត្រូវបានចាប់ខ្លួន ខ្មែរក្រហមបានដកគាត់ពីទាហានឱ្យទៅឃ្វាលគោនៅខាងពាណិជ្ជកម្មស្រុកវិញ។

ក្រោយមក សោ និងមិត្តភក្តិម្នាក់ឈ្មោះ សិត បានសម្រេចចិត្តរត់មករស់នៅជួបជុំឪពុកម្តាយនៅស្រុកកំណើតវិញ។ នៅឆ្នាំ១៩៧៧ គាត់បានទៅហៅម្តាយពីអង្គភាពអូរសោមឱ្យត្រឡប់មកវិញ ប៉ុន្តែម្តាយមិនជឿដោយសារត្រូវបានអង្គការចាត់តាំងឱ្យទៅលើកទំនប់នៅភូមិដូនព្រះ។ ទីបំផុត ម្តាយនិងគាត់បានត្រឡប់មកដល់ផ្ទះវិញមុនឪពុក។ ស្រុកភូមិមានការផ្លាស់ប្តូរមេដឹកនាំ ហើយគាត់ត្រូវបានអង្គការចាត់តាំងឱ្យធ្វើជាមេឃុំដោយដាក់ឈ្មោះថ្មីថា ហម។ ចុងឆ្នាំ១៩៧៧ គាត់ត្រូវអង្កការចាប់ខ្លួនដោយសារការមិនទុកចិត្តគ្នា និងការបោសសម្អាតផ្ទៃក្នុង។ ដោយមានការគំរាមកំហែង គាត់ត្រូវអង្គការបង្ខំឱ្យធ្វើជាគ្រូបង្រៀន ទោះបីជាគាត់ចេះត្រឹមតែអក្សរបន្តិចបន្តួច ហើយគាត់មិនចេះលេខទាល់តែសោះ។

សោ បាននិយាយថា៖ «នៅក្នុងរបបខ្មែរក្រហម ខ្ញុំបានឃើញភាពសាហាវឃោរឃៅជាច្រើន ដូចជាការសម្លាប់ប្រជាជន១៧មេសាឈ្មោះ សាយ គ្រាន់តែដោយសារបុរសនោះធ្លាប់ធ្វើទាហានស័ក្តិ៣ក្នុងរបប លន់ នល់។ លើសពីនេះ ខ្មែរក្រហមបានវាយកម្ទេចវត្តអារាម ព្រះវិហារយកធ្វើជាកន្លែងដាក់ស្រូវ។ រឿងរ៉ាវដែលខ្ញុំចងចាំមិនភ្លេចគឺប្រធានកងមិនអនុញ្ញាតឱ្យទៅមើលថែម្ដាយដែលកំពុងឈឺធ្ងន់នៅមន្ទីរពេទ្យ។ ទង្វើនេះធ្វើឱ្យខ្ញុំយល់ច្បាស់ពីភាពផ្តាច់ការនៃការបំបែកបំបាក់គ្រួសារ»។

នៅឆ្នាំ១៩៧៩ កងទ័ពរំដោះវៀតណាមបានចូលមកដល់ភូមិ ហើយទាហានខ្មែរក្រហមបានរត់គេចខ្លួន។ ប្រជាជនលែងហូបបាយរួមទៀត ហើយទ្រព្យសម្បត្តិដូចជាចានឆ្នាំងត្រូវបានបែងចែកឡើងវិញតាមសមាជិកគ្រួសារ។ សោ បានសម្រេចចិត្តឈប់ធ្វើជាគ្រូបង្រៀនទៀត។ នៅឆ្នាំ១៩៨២ គាត់បានចូលធ្វើជាកងជីវពល ជាមួយគ្នានោះប្រពន្ធរបស់គាត់បានបាត់បង់ជីវិតដោយសារជំងឺប្រចាំកាយ។ ដើមឆ្នាំ១៩៨៤ គាត់បានរៀបការប្រពន្ធទី២ និងក្លាយជាមេភូមិពោធិ៍ខឿន។

បច្ចុប្បន្ន សោ រស់នៅជួបជុំប្រពន្ធ និងសមាជិកគ្រួសារ។ គាត់ប្រកបរបរជាកសិករ និងមានជំងឺប្រចាំកាយមួយចំនួនដូចជាក្អក ជំងឺបេះដូង និងឧស្សាហ៍គ្រុនក្ដៅ៕

សម្ភាសន៍ដោយ៖ ឆាំ បូផាន់ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤

អត្ថបទដោយ៖ នេន ស្រីមុំ

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin