របបខ្មែរក្រហមគ្មានអ្នកមានគ្មានអ្នកក្រទេ គឺសិទ្ធិគ្នា

(ព្រះវិហារ)៖ ចាប បឿន មានអាយុ៦៧ឆ្នាំ មានអាស័យដ្ឋានបច្ចុប្បន្ននៅភូមិពោធិ៍ខឿន ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ បឿន បាននិយាយប្រាប់ទៅកាន់អ្នកស្ម័គ្រចិត្តកម្ពុជា នៃអង្គការមជ្ឈមណ្ឌលឯកសារកម្ពុជាថា មុនពេលរបបខ្មែរក្រហមចូលមកដល់ គាត់រស់នៅជាមួយស្វាមីជាជនជាតិបារាំង។ គាត់មានកូន៦នាក់ (ស្រីចំនួន៥នាក់) ហើយរស់នៅយ៉ាងមានក្តីសុខ។

នៅឆ្នាំ១៩៧០ ពេលដែលមានរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ, បឿន និងគ្រួសាររស់នៅក្នុងខេត្តសៀមរាប ហើយបានទៅចូលរួមធ្វើសង្គ្រាមនៅភូមិអូរតាប៉ោង ស្រុកត្រាំខ្នារ ខេត្តពោធិ៍សាត់។ ពេលរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ ចេញពីតំណែង បឿន បានស្ម័គ្រចិត្តចូលធ្វើជាទាហាន លន់ នល់។ ក្រោយមក របបខ្មែរក្រហមបានផ្ដួលរលំរបប លន់ នល់ បានសម្រេច បឿន បានឈប់ធ្វើជាទាហាន។

ស្ថានភាពប្រទេសកំពុងតែវឹកវរ បឿន និងគ្រួសារត្រូវបានជម្លៀសចេញពីខេត្តសៀមរាប។ កូនប្រុសរបស់ បឿន ឈ្មោះ កុះ សេរ៉ា អាយុ១២ឆ្នាំ និងកូនស្រីឈ្មោះ កុះ សេរី អាយុ១០ឆ្នាំ ត្រូវបានខ្មែរក្រហមជម្លៀសឱ្យទៅតំបន់ផ្សេងពីគាត់។ បឿន និងប្ដីព្រមទាំងកូនចំនួន៤នាក់ផ្សេងទៀត ត្រូវបានជម្លៀសឱ្យទៅជិតព្រំប្រទល់ខេត្តកំពង់ធំ ក្នុងសហករណ៍ជ័យបួ។ បឿន បាននិយាយថា៖ «យោធាខ្មែរក្រហមបានប្រាប់ខ្ញុំថាត្រូវខំកសាងខ្លួន ហើយរបបនោះគ្មានអ្នកមានគ្មានអ្នកក្រទេ គឺសិទ្ធិគ្នា»។ ពេលធ្វើដំណើរទៅភូមិជ័យបួ បឿន និងប្ដីធ្វើដំណើរដោយឡានផ្ទាល់ខ្លួន និងមានរបស់របរនៅក្នុងឡានជាច្រើន។

ពេលទៅដល់វគ្គបាគង យោធាខ្មែរក្រហមបានឃាត់មិនឱ្យទៅមុខ ដោយប្រាប់ថាស្នើឡានដើម្បីដឹកជញ្ជូនយោធា។ បឿន ព្រមប្រគល់ឡានឱ្យ ប៉ុន្តែគាត់បានសុំយកវ៉ាលីខោអាវដើម្បីផ្លាស់ប្តូរតាមផ្លូវ។ បឿន បានប្រាប់ថា៖ «ពេលនោះ យោធាខ្មែរក្រហម បានចាប់ចងខ្ញុំជាប់នឹងគល់ស្ពឺ វាយនឹងរំពាត់ និងទះរហូតដល់បាក់ធ្មេញមួយចេញឈាម ចំណែកប្ដីរបស់ខ្ញុំត្រូវចាប់ចង វាយ ទាត់ ធាក់តាមចិត្ត ឯកូនៗបានត្រឹមឈរមើលនិងយំ»។ គ្រួសាររបស់ បឿន រងការធ្វើបាបខ្លាំងដោយសារ បឿន ជាមន្រ្តីរាជការក្នុងរបប លន់ នល់ និងមានប្ដីជាជនបរទេស និងកូនៗមានស្បែកសភ្នែកពណ៌ប្រាក់ខុសពីគេ។ បន្ទាប់មក គ្រួសាររបស់បឿន បន្តធ្វើដំណើរថ្មើរជើងទៅភូមិជ័យបួ។

ពេលទៅដល់ភូមិជ័យបួ មានប្រជាជនចំនួន៣៥០គ្រួសាររស់នៅទីនោះ។ ខ្មែរក្រហម បានចែកអង្ករដែលមានលាយដើមល្ហុង ដើមចេក ផ្លែចេក និងដើមត្រកួនហាលស្ងួតសម្រាប់ទុកដាំបាយហូប ដោយមួយគ្រួសារទទួលបានត្រឹម២កំប៉ុង និងអំបិលខ្លះ។ ខ្មែរក្រហមបានចាត់តាំងឱ្យ បឿន រែកដី លើកទំនប់ ជាន់អង្ករ កិនស្រូវ និងបោចស្មៅ។ ក្រោយមក ខ្មែរក្រហមបានបញ្ជូនប្ដីរបស់បឿន និងប្រជាជន១៧មេសាផ្សេងទៀតទៅខេត្តសៀមរាប។ ដោយដឹងថាអាចនឹងត្រូវគេសម្លាប់ ប្ដីរបស់បឿន និងបុរសចំនួន១២នាក់ផ្សេងទៀត បានរៀបចំផែនការរត់ទៅប្រទេសថៃ។

ប្ដីរបស់បឿន បានផ្តាំផ្ញើតាមរយៈបុរសម្នាក់ឈ្មោះ គួន ឱ្យប្រាប់ថាកុំឱ្យភ័យ និងត្រូវខំកសាងខ្លួន។ ពេលដឹងរឿងនេះ ខ្មែរក្រហមបានជម្លៀសប្រពន្ធអ្នកដែលរត់ទាំងនោះ និងឃុំមិនឱ្យចេញពីផ្ទះ ទុកឱ្យបត់ជើងនៅលើផ្ទះ មានទឹកត្រឹមមួយកូនធុងសម្រាប់ប្រើប្រាស់ និងហូបបាយបបរមួយឆ្នាំងលាយស្លឹកត្រកួន គល់ចេក និងផ្លែចេក។ ពេល បឿន ហត់និងឈឺធ្មេញហូបមិនកើត ខ្មែរក្រហមបានទាត់មួយជើងនិងគំរាមកំហែង។ បន្ទាប់មក បឿន ត្រូវបានគេបញ្ជូនទៅកាត់ដេរខោអាវទ័ពនៅភូមិអន្លង់ក្រាញ់ចំនួន៨ខែ២០ថ្ងៃ ឱ្យដាំបាយនៅផ្ទះប្រធានសហករណ៍ និងធ្វើការនៅកងចល័តលើកទំនប់។

ភាពសោកសៅកាន់តែធ្ងន់ធ្ងរពេលកូនៗរបស់បឿន ចាប់ផ្តើមឈឺ ប៉ុន្តែខ្មែរក្រហមមិនអនុញ្ញាតឱ្យគាត់ទៅមើលកូនឈឺឡើយ ដោយប្រាប់ថាអង្គការចេះមើលថែហើយ។ ក្រោយមក កូនស្រីឈ្មោះ ម៉ាប់ អាយុ៦ឆ្នាំ បានស្លាប់ដោយសារជំងឺពិសភ្នែកបែកកែវភ្នែក ហើយ១១ថ្ងៃក្រោយមក កូនពៅឈ្មោះ កុះ ណារី អាយុ៥ឆ្នាំ បានស្លាប់បន្តទៀត។ ខ្មែរក្រហមបានយកសាកសពកូនទាំងពីរទៅកប់ក្នុងព្រៃដោយមិនឱ្យ បឿន ទៅមើលកន្លែងកប់ឡើយ។ មេកងឈ្មោះ ង៉ែត បានប្រាប់ថា អង្គការបានចាត់ឱ្យបុរសឈ្មោះ មុត ដែលជាប្រជាជនមូលដ្ឋានចាស់ ធ្វើអំពើដាក់កូនៗរបស់ប្រជាជន១៧មេសាឱ្យស្លាប់ទាំងអស់។ ក្រោយមក បឿន ត្រូវបានអង្គការប្រើឱ្យទៅរែកដីនៅភូមិដំរីកូន ច្រូតស្រូវនៅភូមិទំនប់ម្កាក់ និងជញ្ជូនឥដ្ឋធ្វើឡ ដើម្បីត្រៀមយកប្រជាជន១៧មេសាទៅសម្លាប់ចោល ហើយពេលនោះអង្គការបានចាប់ផ្តើមឱ្យប្រជាជន១៧មេសាហូបអាហារឆ្អែតៗ។

ក្នុងរបបខ្មែរក្រហម បឿន បាត់បង់កូន២នាក់ស្លាប់ និងស្វាមីព្រមទាំងកូន៤នាក់ផ្សេងទៀតបែកគ្នាមិនបានជួបជុំឡើយ។ សព្វថ្ងៃនេះ បឿន រស់នៅជាមួយចៅ និងមានជំងឺជាប់ខ្លួនជាច្រើនដូចជា ឡើងជាតិអាស៊ីត រលាកសន្លាក់ដៃជើង លើសជាតិស្ករ ក្រពះពោះវៀន និងជំងឺសរសៃប្រសាទ៕

សម្ភាសន៍ដោយ៖ ឆាំ បូផាន់ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤

អត្ថបទដោយ៖ នេន ស្រីមុំ

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin