ហ៊ល ធី៖ “មិត្តហ្នឹងស៊ីរូងផ្ទៃក្នុង”

ហ៊ល ធី រស់នៅភូមិប្រាំបីមុម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល (២០២១)

(កណ្ដាល)៖​ ហ៊ល ធី ភេទប្រុស មានអាយុ ៦២ឆ្នាំ។ ធី ជាកសិកររស់នៅភូមិប្រាំបីមុម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ធី មានទីកន្លែងកំណើតនៅភូមិព្រែកតាអុងទី៣ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្ដាល។ ធី មានឪពុកឈ្មោះ នូ ហ៊ល, ម្ដាយឈ្មោះ ទិត គុម និងមានបងប្អូនចំនួន១០នាក់ ក្នុងនោះមានស្រី៥នាក់។

នៅរបបសាធារណរដ្ឋខ្មែរ ធី បានឈប់រៀនត្រឹមថ្នាក់ទី១០ ដោយសារប្រជាជនក្នុងភូមិ រួមទាំងគ្រូបង្រៀន ត្រូវរត់គេចខ្លួនចេញពីតំបន់ប្រយុទ្ធ ដែលមានការបាញ់គ្រាប់ផ្លោងទៅវិញទៅមករវាងទាហាន លន់ នល់ និងកងទ័ពខ្មែរក្រហម។ គ្រួសាររបស់ធី បានរត់ទៅរស់នៅទីក្រុងភ្នំពេញ។ ពីរខែក្រោយមក គ្រួសាររបស់ធីបានរត់ទៅរស់នៅភូមិកៀនស្វាយ ដោយគាត់ចិញ្ចឹមគោ និងពពែ។

នៅឆ្នាំ១៩៧៥ បន្ទាប់ពីខ្មែរក្រហមឡើងកាន់អំណាចនៅទូទាំងប្រទេស ខ្មែរក្រហមបានជម្លៀសគ្រួសាររបស់ធីមករស់នៅភូមិកំណើតវិញ និងចាត់ទុកជាប្រជាជន១៧មេសា។ ធី បានទៅរុះរើបន្ទះស័ង្កសីប្រហែល១០សន្លឹកពីផ្ទះរបស់គាត់ដែលរងការខូចខាត មកសង់ខ្ទមតូចមួយ។ បន្ទាប់មក ធី ត្រូវបានខ្មែរក្រហមចាត់តាំងឲ្យធ្វើការក្នុងកងចល័ត ដោយគាត់ត្រូវភ្ជួររាស់, ជីកព្រែក, ជីកប្រឡាយ, បាចទឹក និងជាន់រហាត់ទឹក។ បីខែក្រោយមក គ្រួសារអ៊ំរបស់ធី ត្រូវបានខ្មែរក្រហមជម្លៀសទៅខេត្តបាត់ដំបង ដើម្បីបង្កបង្កើនផល។ ក្រោយមកឪពុករបស់ធី ដែលមានតួនាទីជាអ្នកស្ងោរអន្សម បានធ្វើឲ្យខ្លោចអន្សម ដោយសារអ្នកធ្វើការជាមួយមិនបានដងទឹកមកដាក់បន្ថែមឲ្យបានទាន់ពេលវេលា។ ឪពុករបស់ធី ត្រូវបានខ្មែរក្រហមចោទថាខ្មាំង និងជម្លៀសទៅធ្វើការនៅកន្លែងផ្សេង។ នៅពេលនោះ ធី មិនហ៊ានធ្វើជាស្គាល់ឪពុករបស់ខ្លួនទេ។

នៅស្រុកល្វាឯម ធី ត្រូវធ្វើការហួសកម្លាំង និងហូបចុកមិនគ្រប់គ្រាន់ ដោយក្នុងមួយពេល គាតហូបតែបបររាវបីវែកប៉ុណ្ណោះ។ ធី និយាយថា “គ្មានហ៊ានសម្រាកទេ”។ ចំណែកនរណាដែលលួចហូប ត្រូវបានខ្មែរក្រហមវាយដំធ្វើបាបឲ្យសារភាពនៅពេលប្រជុំសន្និបាត។ ក្រៅពីនេះ នៅពេលយប់ សមាជិកដែលសម្រាន្តជាមួយធី ត្រូវបានខ្មែរក្រហមហៅទៅ ដោយនិយាយថា “មិត្តឯងទៅនោះមួយភ្លែត”។ ស្អែកឡើង ខ្មែរក្រហមចោទសមាជិកម្នាក់នោះថា “មិត្តហ្នឹងស៊ីរូងផ្ទៃក្នុង”។ ធី បន្តថា គាត់កម្រឃើញមាននរណាមានជីវិតត្រលប់មកវិញណាស់។ ធី ចងចាំបានថា មានមន្ទីរឃុំឃាំងអ្នកទោសមួយកន្លែងនៅវត្តស្វាយ។ នៅពេល ធី ធ្វើដំណើរទៅបាចទឹក គាត់បានឮសំឡេងមនុស្សស្រែក។ ជួនកាល ធី បានឃើញខ្មែរក្រហមបណ្តើរមនុស្សយកទៅទីនោះ។ ចំណែកវិហារត្រូវបានខ្មែរក្រហមវាយកម្ទេចចោល និងយកថ្មទម្លាក់ចូលទន្លេ។

ធី ចងចាំបានថា នៅសហករណ៍ មានការរៀបការដោយបង្ខំ ដោយប្តីប្រពន្ធថ្មីជាច្រើនគូត្រូវប្តេជ្ញាចិត្ត និងស្មោះត្រង់ជាមួយអង្គការ។ ធី បន្តថា មានតែប្រជាជនមូលដ្ឋានប៉ុណ្ណោះ ទើបគេអាចស្នើសុំរៀបការជាមួយមនុស្សដែលគេពេញចិត្តបាន។

នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ ធី បានជួបជុំឪពុកម្ដាយ និងបងប្អូនរបស់គាត់វិញ។ ចំណែកគ្រួសារអ៊ំរបស់គាត់ ដែលជម្លៀសទៅខេត្តបាត់ដំបង ត្រូវបានខ្មែរក្រហមសម្លាប់ទាំងអស់។ នៅឆ្នាំ១៩៨០ ធី បានរៀបការ និងចូលធ្វើការក្នុងកងទ័ពរណសិរ្សរហូតដល់ទសវត្សរ៍ឆ្នាំ១៩៩០៕

សម្ភាសដោយ​ ធន់ នាត ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin