បងប្អូនត្រូវធ្វើជាមិនស្គាល់គ្នាព្រោះខ្លាចអង្គការយកទៅសម្លាប់

(ត្បូងឃ្មុំ) ឃិន ញ៉ អាយុ៧៣ឆ្នាំ មានទីកន្លែងកំណើតនៅភូមិក្រែកជើង ឃុំក្រែក ស្រុកពញាក្រែក ហើយបច្ចុប្បន្នរស់នៅភូមិតាអាំ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

នៅឆ្នាំ១៩៧០ មានការទម្លាក់គ្រាប់បែក ញ៉ និងគ្រួសារបានរត់ចូលទៅពួនក្នុងរណ្តៅត្រង់សេដើម្បីគេចពីសេចក្តីស្លាប់។ នៅពេលនោះ មានប្រជាជនមួយចំនួនបានស្លាប់នៅក្នុងរណ្តៅត្រង់សេពេលគ្រាប់ប្លោងធ្លាក់ចំ។ សមាជិកគ្រួសាររបស់ញ៉ ចំនួនបួននាក់ បានរងរបួសដោយសារត្រូវគ្រាប់។

ភូមិស្រុករបស់ ញ៉ ត្រូវបានខ្មែរក្រហមចូលគ្រប់គ្រងនៅឆ្នាំ១៩៧៥ និងចាប់ផ្តើមធ្វើប្រព័ន្ធភ្លឺស្រែ។ នៅពេលនោះ ញ៉ មានអាយុ២៣ឆ្នាំ គាត់រស់នៅ និងធ្វើការនៅភូមិតាអាំ ឃុំកក់ ស្រុកពញាក្រែក ខេត្តកំពង់ចាម(បច្ចុប្បន្នខេត្តត្បូងឃ្មុំ)។ ញ៉ គឺជាប្រជាជនមូលដ្ឋាន ហើយត្រូវធ្វើការងារជាច្រើនមិនខុសពីប្រជាជន១៧មេសានោះទេ។ ការងារដែលគាត់ធ្វើនៅពេលនោះមានដូចជា ជីកព្រែក កាប់ដី ស្ទូងស្រូវ  និងច្រូតស្រូវ។ ការងារនេះមានភាពលំបាកវេទនាខ្លាំងណាស់ ហើយសូម្បីតែពេលឈឺសុំសម្រាកតែមួយថ្ងៃ ត្រូវបានអង្គការចោទថាធ្វើពុតជាឈឺ ព្រមទាំងគំរាមយកទៅវាយចោល។ នៅក្នុងរបបខ្មែរក្រហម ប្រជាជនត្រូវហូបបាយរួម, អង្គការបានដកហូតទ្រព្យសម្បត្តិទាំងអស់សូម្បីសម្ភារប្រើប្រាស់ និងសត្វចិញ្ចឹម។ នៅឆ្នាំ១៩៧៧ អង្គការបានចាត់តាំងឱ្យ ញ៉ លើកប្រព័ន្ធភ្លឺស្រែ ជីកព្រែក និងរែកដី ហើយនៅឆ្នាំ១៩៧៨ អង្គការបានជម្លៀសអ្នកភូមិតាអាំ ទាំងអស់ទៅព្រៃអង្គរក្រៅ និងព្រៃអង្គរក្នុង។

ការហូបចុកនៅសម័យនោះមានតែបបរដាក់ក្នុងកូនចានតូចៗ មានតែទឹក ហើយមានគ្រាប់អង្ករតែមួយគ្រាប់ៗប៉ុណ្ណោះ។ ពេលនោះ ញ៉ បានធ្លាក់ខ្លួនឈឺ ដោយមានបញ្ហាធ្លាក់ឈាម ព្រោះធ្វើការងារធ្ងន់ៗពេក។ អង្គការមិនមានថ្នាំចាក់ទេ គឺមានតែថ្នាំរាងដូចអាចម៍ទន្សាយ។ សមាជិកគ្រួសារត្រូវបានបែកបាក់គ្នា ម្តាយនៅឆ្ងាយ ហើយ ញ៉ រស់នៅជាមួយសាច់ញាតិ។ ញ៉ បានបាត់បង់ប្អូនប្រុសស្រីពីរនាក់ ឈ្មោះ ញ៉េន និងស្រីភី ព្រោះអង្គការចាប់យកទៅសម្លាប់ចោល ហើយឈ្លបយកតែអង្រឹងមកប្រគល់ឱ្យវិញប៉ុណ្ណោះ។ នៅឆ្នាំ១៩៧៧ អង្គការបានបង្ខំ ញ៉ ឱ្យរៀបការជាមួយបុរសម្នាក់ដែលមិនស្គាល់ទាល់តែសោះ ក្នុងចំណោមគូស្រករចំនួន ១៤៨ គូ។ អង្គការគំរាមថា ប្រសិនបើបដិសេធមិនព្រមយក នឹងត្រូវយកទៅវាយចោល។

នៅក្នុងរបបខ្មែរក្រហម ញ៉ បានប្រទះឃើញការធ្វើទារុណកម្ម និងសម្លាប់មនុស្សយ៉ាងសាហាវព្រៃផ្សៃ។ ការរស់នៅមានការរឹតត្បិតខ្លាំងបំផុត សូម្បីតែបងប្អូននិយាយគ្នា ឬអង្គុយជិតគ្នាលេងមិនបានទេ ព្រោះខ្លាចអង្គការចោទថាមានទំនាក់ទំនងស្នេហា។ បច្ចុប្បន្ន ញ៉ មានជំងឺប្រចាំកាយគឺឈឺសន្លាក់ដៃ-ជើង៕

សម្ភាសន៍ដោយ៖ ម៉េត ណាត ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤

អត្ថបទដោយ៖ នេន ស្រីមុំ

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin