ខ្មែរក្រហមបានបិទវត្តអារាម

(ព្រៃវែង)៖ ឆៃ គីម មានអាយុ៦២ឆ្នាំ កើតនៅឆ្នាំ១៩៦២ មានស្រុកកំណើតនៅភូមិប្រស្រែលិច ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។ នៅក្នុងឆ្នាំ១៩៧០ មានព្រឹត្តិការណ៍រដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្ដម សីហនុ ស្របពេលជាមួយគ្នានោះដែរ ក៏មានការទម្លាក់គ្រាប់បែកនៅផ្សារកញ្ជ្រៀច។ ពេលនោះ គ្រួសាររបស់ គីម បានរត់ភៀសខ្លួនទៅស្រុកកំចាយមារ។ ក្រោយមក នៅពេលស្ថានការណ៍មានភាពស្ងប់ស្ងាត់បន្តិច គ្រួសារទាំងមូលបានត្រឡប់ចូលស្រុកភូមិវិញ ទើបដឹងថាមានការខូចខាតទ្រព្យសម្បត្តិនៅក្នុងផ្សារកញ្ជ្រៀច ប៉ុន្តែជាសំណាងល្អ មិនមាននរណាម្នាក់រងរបួសឡើយ។
នៅចន្លោះពេលដែលខ្មែរក្រហមចូលមកគ្រប់គ្រងអំណាច គីម មានអាយុ១២ឆ្នាំ។ ចាប់ពីឆ្នាំ១៩៧៥ មក ខ្មែរក្រហមបានជម្លៀសប្រជាជនពីទីក្រុងភ្នំពេញ ឱ្យមករស់នៅ និងធ្វើការងារនៅតាមតំបន់ជនបទ។ នៅពេលនោះ គីម គឺជាសិស្សសាលាម្នាក់ ប៉ុន្តែត្រូវបានខ្មែរក្រហមចាត់តាំងឱ្យទៅជីកព្រែក ដោយមិនសូវមានពេលវេលាសម្រាក និងសិក្សាឡើយ។ ការងារមានភាពលំបាកខ្លាំង ហើយការហូបចុកមានតែបបររាវប៉ុណ្ណោះ។ គីម បានបញ្ជាក់ថា ទោះបីជាមានស្រូវពេញជង្រុកក៏ដោយ ប៉ុន្តែប្រជាជនទាំងអស់មិនត្រូវបានអនុញ្ញាតឱ្យហូបអាហារបានគ្រប់គ្រាន់ឡើយ។ គីម បានបន្ថែមថា ក្រៅពីរបបបបរដ៏តិចតួចហើយ សម្លទៀតសោតមានរសជាតិសាប ដោយគ្មានប្រហុក ឬប៊ីចេងឡើយ។
គីម បានរៀបរាប់ថា នៅក្នុងរបបខ្មែរក្រហម គឺមិនមានថ្នាំពេទ្យគ្រប់គ្រាន់ និងមិនសូវមានគ្រូពេទ្យជំនាញឡើយ។ កុមារតូចៗដែលធ្លាក់ខ្លួនឈឺ ត្រូវបានបញ្ជូនទៅកន្លែងព្យាបាលនៅតំបន់ផ្សេង។ ថ្នាំដែលយកមកប្រើប្រាស់ សុទ្ធសឹងតែជាថ្នាំបុរាណផ្សំពីឫសឈើ ដែលគេហៅថាថ្នាំអាចម៍ទន្សាយ មានទំហំប៉ុនកូនដៃ។ ក្រៅពីនោះ ការសិក្សារបស់កុមារមានរយៈពេលខ្លីណាស់ គឺត្រឹមតែមួយម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃ បន្ទាប់មកត្រូវទៅប្រមូលលាមកគោ និងលាមកសេះ។ សិស្សមិនមានសៀវភៅត្រឹមត្រូវសម្រាប់សរសេរឡើយ គឺមានតែក្រដាសបាវស៊ីម៉ងត៍ និងដីសដែលធ្វើពីឡឥដ្ឋប៉ុណ្ណោះ។
នៅក្នុងរបបខ្មែរក្រហម អង្គការមានវិន័យតឹងរ៉ឹងណាស់ ដោយតម្រូវឱ្យប្រជាជនបន្ទោរបង់នៅក្នុងបង្គន់ ដើម្បីប្រមូលលាមកយកទៅធ្វើជាជីលេខមួយសម្រាប់ដាក់សម្ទូង។ អ្នកដែលមិនគោរពតាម នឹងត្រូវរងការទិតៀនថាជាជនមិនគោរពវិន័យរបស់អង្គការ។ គីម បានលើកឡើងថា ឪពុកម្តាយរបស់គីម ត្រូវរងការរិះគន់ពីអង្គការជារឿយៗ អំពីការធ្វើការងារយឺតយ៉ាវ។ នៅក្នុងរបបនោះដែរ ក៏មានការហាមឃាត់ការនិយាយឆ្លងឆ្លើយគ្នា និងការស្រឡាញ់គ្នារវាងបុរស និងស្ត្រី។ អ្នកដែលល្មើសនឹងត្រូវអង្គការនាំយកទៅកសាង ហើយបាត់ខ្លួនរហូត មិនដែលមានថ្ងៃត្រឡប់មកវិញឡើយ។ គីម ធ្លាប់បានឃើញឈ្លបចងមនុស្សជាជួរៗ ប៉ុន្តែមិនដឹងថាអ្នកទាំងនោះត្រូវគេយកទៅទីណាឡើយ ដោយខ្លះនិយាយថាយកទៅធ្វើការងារនៅកន្លែងថ្មី និងខ្លះទៀតថាយកទៅរៀនសូត្រ។ លើសពីនេះ ខ្មែរក្រហមបានបិទវត្តអារាម ហើយយកទីតាំងនោះធ្វើជាកន្លែងស្លថ្នាំ ចំណែកឯព្រះសង្ឃត្រូវបានចាប់ផ្សឹក ឱ្យទៅធ្វើការនៅក្នុងកងចល័តដូចប្រជាជនទូទៅដែរ។
ក្រោយមកទៀត ខ្មែរក្រហមបានជម្លៀសគ្រួសាររបស់ គីម និងអ្នកភូមិទៅកាន់តំបន់ដីថ្មីមួយ ដែលគេហៅថាវាលមេឃ ដោយពួកគេភូតភរថានៅទីនោះងាយស្រួលរកស៊ី។ គ្រួសារនីមួយៗទទួលបានអង្ករ ១០គីឡូក្រាមសម្រាប់ដាំស្លតាមផ្លូវ ដោយធ្វើដំណើរតាមរទេះគោ។ គីម បានបញ្ជាក់ថា តាមពិតទៅខ្មែរក្រហមមានគម្រោងបាញ់សម្លាប់ប្រជាជនចោលទាំងអស់ ប៉ុន្តែជាសំណាងល្អ កងទ័ពរណសិរ្សសង្គ្រោះជាតិបានមកជួយសង្គ្រោះទាន់ពេលវេលា និងបានរៀបចំឱ្យប្រជាជនត្រឡប់ទៅស្រុកកំណើតវិញ។
បន្ទាប់ពីបានឆ្លងកាត់បទពិសោធន៍ដ៏ជូរចត់ និងខ្លោចផ្សានេះ គីម មិនចង់ឱ្យមានព្រឹត្តិការណ៍បែបនេះកើតឡើងម្តងទៀតឡើយ។ គីម មិនចង់ឱ្យក្មេងៗជំនាន់ក្រោយស្គាល់ការលំបាកវេទនា ហូបចុកមិនគ្រប់គ្រាន់ សម្រាកមិនស្កប់ស្កល់ និងត្រូវធ្វើការងារលើសកម្លាំងបែបនេះទៀតទេ។ បច្ចុប្បន្ននេះ គីម មានជំងឺប្រចាំកាយ គឺជំងឺលើសឈាម និងឡើងជាតិស្ករ៕
សម្ភាសន៍ដោយ៖ ឆៃ កន្និកា ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤
អត្ថបទដោយ៖ នេន ស្រីមុំ

