ខ្មែរក្រហមសម្លាប់មនុស្សទម្លាក់សពចូលក្នុងអណ្ដូង

(ព្រៃវែង)៖ តៃ រ៉េត មានអាយុ៧៦ឆ្នាំ កើតនៅឆ្នាំ១៩៥២ មានទីកន្លែងកំណើត និងរស់នៅភូមិពោធិម្រិញ ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ហើយមានមុខរបរជាកសិករ។ នៅក្នុងឆ្នាំ១៩៧០ មានយន្តហោះទម្លាក់គ្រាប់បែកនៅសាលាស្រុក។ ការទម្លាក់គ្រាប់បែកនោះបណ្ដាលឱមានការភ្ញាក់ផ្អើលដល់ប្រជាជនដែលរស់នៅជុំវិញតំបន់នោះ។ រ៉េត បាននាំគ្រួសាររត់ចូលត្រង់សេដើម្បីគេចពីគ្រោះថ្នាក់។
នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានចូលគ្រប់គ្រងអំណាច, រ៉េត មានអាយុ២៣ឆ្នាំ។ ខ្មែរក្រហមបានចាត់តាំងឱ្យ រ៉េត ជីកព្រែក ធាក់រហាត់ទឹក និងស្ទូងស្រូវ។ ពេលនោះ រ៉េត ទើបតែសម្រាលកូនបានរយៈពេល១ខែ គ្មានអ្នកជួយមើលថែទាំកូនឡើយ ទើបទុកឱ្យកូនស្រីបងជាអ្នកមើលប្អូន។ រ៉េត ត្រូវទៅធ្វើការរហូតដល់ម៉ោង ១២ថ្ងៃត្រង់ទើបអាចមកផ្ទះដើម្បីឱ្យកូនបៅ រួចត្រូវត្រឡប់ទៅធ្វើការវិញភ្លាមៗ។ រ៉េត មិនហ៊ានមកផ្ទះញឹកញាប់ទេ ព្រោះខ្លាចបានប្រជាជននៅក្នុងសហករណ៍ជាមួយគ្នាទិតៀន និងខ្លាចអង្គការយកទៅកសាង។ ពេលខ្លះ អង្គការលើកទិសដៅឱ្យ រ៉េត ទៅជាន់អង្គរ និងរកបន្លែ និងត្រូវធ្វើការពីព្រលឹមរហូតដល់ព្រលប់ទើបបានមកផ្ទះវិញ។
ការហូបចុកនៅក្នុងរបបខ្មែរក្រហម មិនមានភាពគ្រប់គ្រាន់ឡើយ អង្គការបានឱ្យប្រជាជនហូបបាយនៅពេលព្រឹក និងហូបបបរនៅពេលល្ងាច។ នៅក្នុងរបបខ្មែរក្រហម ការធ្វើម្ហូបគឺមិនមានបង់ប្រហុក ឬប្រើប៊ីចេងឡើយ គឺមានតែទឹកច្រើនខ្វះសាច់ ហើយហូបជាមួយសម្លប្រហើររាវៗ។ មានពេលខ្លះ រ៉េត បានសុំបាយដែលហូបសល់ទុកបញ្ចុកកូននៅពេលយប់ដោយសារខ្លាចកូនឃ្លាន។ ពេលកូនមានអាយុ៣ខែ អង្គការបានបញ្ជូន រ៉េត ទៅជីកព្រែក។ គាត់ដោយមិនអាចប្រកែកនឹងការចាត់តាំងបានឡើយ ព្រោះបើប្រកែក អង្គការនឹងចោទថាជាខ្មាំង។ រ៉េត បាននិយាយថា នៅពេលនោះគាត់បានធ្លាក់ខ្លួនឈឺ ហើយត្រូវបានអង្គការយករទេះសេះមកដឹកយកទៅពេទ្យ ដោយគ្មានអ្នកថែទាំទេ ព្រោះប្តីរបស់គាត់ត្រូវរស់នៅកន្លែងផ្សេង។ ពេលជាសះស្បើយ អង្គការបញ្ជូនឱ្យគាត់ទៅជីកព្រែកធម្មតាវិញ មិនឱ្យនៅសម្រាកយូរឡើយ។ ថ្នាំពេទ្យនាពេលនោះ គឺជាថ្នាំផ្សំពីរុក្ខជាតិ និងឬសឈើបុរាណយកមកស្ល និងសូន្យជាគ្រាប់។
គ្រួសាររបស់ រ៉េត បានបាត់បង់សមាជិកគ្រួសារចំនួន២នាក់ បងប្រុស និងប្អូនថ្លៃ។ បងប្រុស ត្រូវបានខ្មែរក្រហមចាត់តាំងឱ្យទៅធ្វើយោធាបាត់ដំណឹងតាំងពីចេញដំណើររហូតមកដល់បច្ចុប្បន្ន មិនដឹងថាស្លាប់ ឬរស់ឡើយ។ ប្អូនថ្លៃរបស់ រ៉េត ត្រូវបានខ្មែរក្រហមយកទៅសម្លាប់ទម្លាក់សពចូលក្នុងអណ្តូងទឹក។
រ៉េត បានរៀបការនៅក្នុងរបបសង្គមរាស្ត្រនិយម។ នៅពេលដែលខ្មែរក្រហមចូលគ្រប់គ្រង គាត់ និងប្ដីមិនសូវបានជួបមុខគ្នាឡើយ ដោយប្តីត្រូវអង្គការចាត់តាំងឱ្យទៅជីកព្រែកនៅឆ្ងាយពីផ្ទះ សូម្បីតែពេលគាត់សម្រាលកូន ក៏ប្តីរបស់គាត់មិនបាននៅក្បែរឡើយ។ រ៉េត បានប្រាប់ថា នៅក្នុងរបបខ្មែរក្រហម កុមារតូចៗត្រូវអង្គការប្រើឱ្យមើលគោក្របី និងរៀនអក្សររយៈពេល១ម៉ោង ហើយត្រឡប់ទៅមើលគោក្របីវិញ ចំណែកឯចាស់ៗត្រូវជីកព្រែក លើកទំនប់ ស្ទូងស្រូវ ច្រូតស្បូវ និងប្រមូលអាចម៍គោ។ នៅក្នុងរបបនោះ ព្រះសង្ឃត្រូវបង្ខំឱ្យសឹក វត្តអារាមមួយចំនួនត្រូវបំផ្លាញ និងយកទៅធ្វើជាកន្លែងស្លថ្នាំ។
នៅចុងឆ្នាំ១៩៧៨ ខ្មែរក្រហមបានជម្លៀស រ៉េត និងអ្នកភូមិទៅរស់នៅដីថ្មី ដោយប្រាប់ថាជាដីស្រួលរកស៊ី និងមានការងារស្រួលធ្វើ។ ខ្មែរក្រហមបានឱ្យគ្រួសាររបស់រ៉េត ជិះរទេះគោ រួចចែកអង្ករឱ្យប្រហែល១០គីឡូ ហើយបររទេះបន្តកន្ទុយគ្នាទៅ។ ពេលធ្វើដំណើរទៅដល់ស្ពានវត្តខ្នង ទាហានរបស់រណសិរ្សសង្គ្រោះជាតិបានមកដល់ ទើប រ៉េត មានជីវិតរស់រានដល់ពេលបច្ចុប្បន្ន។ ក្រោយពេលរបបខ្មែរក្រហមបានបញ្ចប់ ប្តីរបស់ រ៉េត បានស្លាប់ដោយសារជំងឺ។ រ៉េត បានក្លាយជាស្ត្រីមេម៉ាយចិញ្ចឹមកូនតែម្នាក់ឯងរហូតមកដល់សព្វថ្ងៃ។ បច្ចុប្បន្ន រ៉េត មានបញ្ហាឈឺសន្លាក់ដៃជើង និងវិលមុខជាប្រចាំ៕
សម្ភាសន៍ដោយ៖ ឆៃ កន្និកា ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤
អត្ថបទដោយ៖ នេន ស្រីមុំ

