ហ៊ុយ ហ៊ួយ៖ ធ្វើការក្នុងកងចល័តភាគ

នៅក្នុងកងចល័ត ខ្ញុំត្រូវធ្វើការ រែកដីធ្ងន់ៗដើម្បីលើកទំនប់ ជីកប្រឡាយ, ធ្វើស្រែស្ទូង ដក និងច្រូត ជាច្រើនកន្លែងជាមួយយុវជនជាច្រើនរយនាក់មកពីតំបន់ផ្សេងទៀត។ ប៉ុន្តែការងារដែលខ្ញុំចងចាំមិនភ្លេចគឺនៅពេលធ្វើការកាត់ស្មៅ និងដាំបាយឲ្យក្រុមចល័តនៅក្បែរភ្នំបូរី ព្រោះនៅទីនោះ ខ្ញុំត្រូវធ្វើការ និងសម្រាកនៅលើទឹក ដែលមានសត្វពស់ និងសត្វឈ្លើងជាច្រើនក្បាល។
ហ៊ុយ ហ៊ួយ[1] អាយុ៥៩ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម ហ៊ួយ ត្រូវបែកពីគ្រួសារទៅចូលក្នុងកងចល័តនារីឃុំ ដើម្បីធ្វើការជីកប្រឡាយ និងលើកទំនប់តាមការចាត់តាំងរបស់អង្គការ។ នៅពេលបញ្ចប់ការងារក្បែរឃុំ អង្គការបានបញ្ជូនក្រុមរបស់ហ៊ួយ ឲ្យទៅក្នុងកងភាគ ដែលនៅទីនោះមានយុវជនជាច្រើនរយនាក់មកពីកន្លែងផ្សេងគ្នា។ នៅក្នុងកងភាគ អង្គការបានចងក្រងយុវជនជាក្រុមតូចៗបញ្ជូលគ្នារហូតដល់គ្រប់៦០នាក់ ទើបបង្កើតបានមួយកងហារ។ បន្ទាប់មកនៅពេលបូកកងហារចំនួន៣កងបញ្ជូលគ្នា បង្កើតបានកងរយ។
នៅការដ្ឋានការងារ អង្គការបានរៀបចំឲ្យយុវជន និងយុវនារី សម្រាកផ្សេងគ្នា ដោយក្រុមនីមួយៗត្រូវដើរកាប់ព្រៃសម្អាតស្មៅចេញ រួចប្រមូលស្មៅដែលកាត់នោះយកទៅក្រាលគេងឲ្យផុតដី ដើម្បីការពារសត្វល្អិត។ នៅកន្លែងធ្វើការ អង្គការបានផ្លុំកញ្ជែរតាំងពីយប់ ដើម្បីឲ្យក្រុមនារីឡើងហាត់ប្រាណ រហូតដល់ម៉ោងប្រមាណ៦ព្រឹក ទើបនាំគ្នាស្លៀកសំលៀកបំពាក់ចូលទៅធ្វើការងាររែកដីបន្តទៀត។ អំឡុងពេលធ្វើការ ប្រសិនបើក្រុមពូៗដែលចិត្តល្អ បានកាប់ដីដាក់ក្នុងបង្គីសមល្មមៗសម្រាប់រែករួច ប៉ុន្តែប្រសិនបើក្រុមពូៗមិនបានយោគយល់គឺធ្វើការកាប់ដីដាក់ពេញៗបង្គី ដែលជាហេតុធ្វើឲ្យ ហ៊ួយ និងកងនារីទាំងអស់ត្រូវខំប្រឹងរែកស្ទើរដាច់ខ្យល់ទម្រាំឡើងដល់លើភ្លឺប្រឡាយខ្ពស់ៗ។
ចូលដល់រដូវទឹកឡើង អង្គការបានប្ដូរក្រុមរបស់ហ៊ួយចេញពីប្រឡាយ០៩ នៅឡាំងកាក ទៅកាត់ស្មៅលិចទឹក។ នៅពេលទៅដល់ទីនោះ យុវនារីទាំងអស់បានចាប់ជាក្រុមពីរៗនាក់ និងដើរកាប់ដើមឫស្សីយកមកកៀបស្នោរធ្វើក្បូនមួយ ដើម្បីជិះកាត់ស្មៅលើទឹក និងដាក់សម្រាកពេលយប់នៅលើផ្ទះ៥ខ្នងដែលទឹកឡើងដល់រនូត។ នៅពេលកាត់ស្មៅ ហ៊ួយ មានការភ័យខ្លាចជាខ្លាំងព្រោះនៅក្នុងទឹកមានសត្វឈ្លើង និងសត្វពស់សមឡាំងអើតក្បាលចេញពីស្មៅជាច្រើន។ មួយវិញទៀត ហ៊ួយ បានឃើញមិត្តនារី៣នាក់ដែលមិនចេះហែលទឹក បានធ្លាក់ចុះក្នុងទន្លេ និងបាត់ខ្លួនរហូត។
មិនយូរប៉ុន្មាន ដោយសារតែមានការភ័យខ្លាចខ្លាំងពេក ហ៊ួយ បានសម្រេចចិត្តសុំប្រធានកងហាររបស់គាត់ប្ដូរការងារ។ បន្ទាប់ពីស្នើសុំរួច ហ៊ួយ បានប្ដូរទៅកន្លែងដាំបាយសម្រាប់កងចល័តវិញ ហើយនៅទីនោះគាត់ត្រូវដើរអុសតែម្នាក់ឯង។ ជាញឹកញាប់ ហ៊ួយ ជិះទូកទៅរកអុសនៅភ្នំបូរី ដែលជាកន្លែងអ៊ំម៉ុក មើលការខុសត្រូវកងទ័ពពិការនៅទីនោះ។ នៅពេលទៅដល់ភ្នំបូរី ហ៊ួយ ត្រូវចូលទៅសុំការអនុញ្ញាតពីអ៊ំម៉ុក ជាមុនសិន បន្ទាប់មកគាត់បានស្នើសុំ និងយកចិត្តអ្នកពិការនៅទីនោះឲ្យជួយប្រមូលឧសងាប់ៗពីក្នុងទឹកឲ្យគាត់ដាក់លើទូក ព្រោះនៅក្នុងទឹកមានសត្វឈ្លើងច្រើនពេកហើយគាត់មិនហ៊ានចុះ។ នៅពេលដែល ហ៊ួយ ប្រមូលឧសបានប្រមាណ៥បាច់ដាក់លើទូករួចគាត់ត្រូវអ៊ុំទូកកាត់ចន្លោះព្រៃត្រលប់មកវិញ។ ហ៊ួយ ធ្វើការងារដាំបាយ រហូតដល់ទឹកស្រកអស់ ទើបគាត់ប្ដូរទៅធ្វើការដាំពោតនៅក្នុងកងវិញ។
នៅកន្លែងធ្វើការ ក្រុមរបស់ហ៊ួយ ត្រូវបានអង្គការបានចាត់តាំងឲ្យទៅកាប់ដើមឬស្សី យកមកបុកធ្វើជារណ្ដៅជាជួរៗ ដើម្បីធ្វើការដាំពោត។ រហូតដល់ដាំពោតរួចរាល់ អង្គការចាប់ផ្ដើមបែកចេញកងចល័តនារីទាំងអស់ឲ្យទៅធ្វើការងារទៅតំបន់ផ្សេងគ្នា ដោយក្រុមខ្លះទៅ ស្រែអំបិល, កំពង់អំពិល, កំពង់យោវិញ, អន្លង់ភ្ងៀង និងបុកផង់។ ចំពោះក្រុមរបស់ហ៊ួយ អង្គការបានបញ្ជូនទៅកំពង់អំពិល រួចបន្តទៅ បុកផង់ និងព្រៃក្ដួច។
ចំពោះរបបអាហារ អង្គការបានដាំបបររាវៗលាយជាមួយបន្លែព្រលឹតឲ្យយុវជនហូបជាមួយសម្លម្ជូរត្រកួនក្ដាមថ្ម ដែលមានរសជាតិប្រៃ។ នៅពេលដែលហូបអាហារ អង្គការបានដួសបបរលាយព្រលឹតមួយកន្ទន់ និងសម្លមួយចានសម្រាប់យុវនារីមួយក្រុម ដែលមានសមាជិកចំនួន១០នាក់។ របបអាហារដែល ហ៊ួយ ទទួលបានមិនឆ្ងាញ់នោះទេ ហើយហូបក៏មិនគ្រប់គ្រាន់ដែរ ជាពិសេសអ្នកដែលដួសក្រោយគេគឺរាវៗសុទ្ធតែទឹក។ ការហូបអាហារនេះ បានធ្វើឲ្យ ហ៊ួយ មានចម្ងល់ជាខ្លាំង ព្រោះស្រូវដែលប្រមូលផលបានមានចំនួនច្រើនណាស់ ហើយពេលច្រូតកាត់រួច អង្គការចាត់តាំងឲ្យភ្ជួររាស់ដី ធ្វើស្រែបន្តទៀត ប៉ុន្តែប្រជាជននៅតែហូបខ្វះខាត។
នៅចុងឆ្នាំ១៩៧៨ អង្គការបានបញ្ជូនក្រុមរបស់ហ៊ួយ ឲ្យទៅធ្វើការនៅស្រែអំបិល។ នៅទីនោះ ហ៊ួយ ធ្វើការជាន់រហាត់ទឹកបញ្ជូលក្នុងស្រែឲ្យពេញបន្តបន្ទាប់ ហើយ២សប្ដាហ៍ក្រោយមក ទើបក្រុមរបស់គាត់ចាប់ផ្ដើមកៀរប្រមូលផលអំបិលជាច្រើនយកទៅដាក់ក្នុងរោង។ ហ៊ួយ ធ្វើអំបិលបានរយៈពេលប្រមាណ៣ខែ ទើបរបបខ្មែរក្រហមដួលរលំ។[2] បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ ហ៊ួយ បានត្រលប់ទៅជួបជុំបងប្អូន និងឪពុកម្ដាយនៅផ្ទះវិញ។
ក្រោយមក ហ៊ួយ បានទទួលដំណឹងថាមានតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម ហើយគាត់ពេញចិត្តចំពោះការកាត់ទោសនេះណាស់ ព្រោះខ្មែរក្រហម បានវាយធ្វើបាប និងសម្លាប់ប្រជាជនអស់ជាច្រើននាក់។ មួយវិញទៀត ហ៊ួយ មិនចង់ឲ្យក្មេងៗជំនាន់ក្រោយបានឆ្លងកាត់ការលំបាក និងមានការចង់ចាំដូចខ្លួននោះទេ។ នៅពេលផ្ដល់បទសម្ភាសន៍ ហ៊ួយ មានជំងឺ រលាក់ពោះវៀនធំ ក្រពះ, លើសឈាម និងឈឺក្បាលយូរៗម្ដង។ ដើម្បីព្យាបាលជំងឺ ហ៊ួយ បានទៅទិញថ្នាំពីពេទ្យឯកជនយកមកលេបជាប្រចាំ ដើម្បីកាត់បន្ថយការឈឺចាប់។
[1] ជួបជាមួយឈ្មោះ ហ៊ុយ ហ៊ួយ នៅថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០២១ ដោយ គ្រី ភាព នៅក្នុងគម្រោងការលើកកម្ពស់សិទ្ធិ និងធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម, បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា។
[2] បណ្ឌិត ឃួន វិច្ឆិកា និងអ្នកដទៃទៀត, ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាពៈ ប្រវត្តិវិទ្យាថ្នាក់ទី៦(ភ្នំពេញ៖ អនុគណៈកម្មការមុខវិជ្ជាឯកទេសប្រវត្តិវិទ្យា ក្រសួងអប់រំ យុវជន និងកីឡា, ២០២៥) ទំព័រទី៤១។ នៅក្នុងសៀវភៅបានសរសេរថា៖ កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា សហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាមបានវាយរំដោះប្រទេសកម្ពុជាពីទិសខាងកើត និងសង្រោះប្រជាជនបានជាបន្តបន្ទាប់។ ចំពោះខេត្តតាកែវ កងទ័ពរណសិរ្ស បានចូលសង្គ្រោះបាននៅថ្ងៃទី៨ ខែមករា ឆ្នាំ១៩៧៩ ហើយខេត្តកំពត សង្គ្រោះប្រជាជនបាននៅថ្ងៃបន្ទាប់។
អត្ថបទដោយ៖ ភា រស្មី

