ខ្មែរក្រហមសម្លាប់ប្ដីខ្ញុំ

(ព្រៃវែង)៖ ស៊ុត ផេត មានអាយុ៧៥ឆ្នាំ រស់នៅភូមិពោធិ៍ម្រិញ ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ហើយបច្ចុប្បន្នប្រកបរបរជាកសិករ។
នៅមុនឆ្នាំ១៩៧០ ផេត មានអាយុជាង២០ឆ្នាំ។ គ្រានោះមានការទម្លាក់គ្រាប់បែកនៅភូមិជិតៗនោះ ដែលធ្វើឱ្យ ផេត និងសាច់ញាតិត្រូវរត់ចូលព្រៃ តែមិនមានអ្នកណារបួសឬស្លាប់ឡើយ។ ផេត ជាក្មេងកំព្រាឪពុកម្តាយតាំងពីតូច ហើយបងស្រីជាអ្នកចិញ្ចឹមបីបាច់។ ផេត បានរៀបការជាមួយប្តីរបស់គាត់តាមរយៈការរៀបចំពីបងស្រី នៅមុនពេលរបបខ្មែរក្រហមកាន់អំណាច។ បន្ទាប់ពីរៀបការរួច ប្តីរបស់ ផេត បានទៅរកស៊ីនៅទីក្រុងភ្នំពេញ ដោយធ្វើជាទាហាន និងរត់ម៉ូតូឌុប។ ប្តីបានបបួល ផេត ទៅរស់នៅភ្នំពេញជាមួយគ្នា តែ ផេត បដិសេធមិនទៅ ព្រោះមានកូនស្រីនៅតូចមិនចង់ទៅឆ្ងាយ។
នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានវាយបែកទីក្រុងភ្នំពេញ ហើយជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ។ ពេលនោះ ប្តីរបស់ ផេត បានត្រឡប់មកស្រុកកំណើតវិញ។ មិនទាន់បានកន្លះខែស្រួលបួលផង ខ្មែរក្រហមបានចាប់ប្តីរបស់ ផេត យកទៅសម្លាប់ចោល ដោយចោទប្រកាន់ថាធ្លាប់ធ្វើជាទាហាននៅភ្នំពេញ។ ពេលនោះកូនស្រីរបស់ ផេត ទើបតែមានអាយុ១ខួបប៉ុណ្ណោះ។ អ្នកដែលត្រូវឈ្លបយកទៅសម្លាប់ជាមួយប្តីរបស់ ផេត មានចំនួនជាង៣០នាក់ សុទ្ធសឹងតែជាបុរសដែលទើបត្រឡប់មកពីភ្នំពេញ។ ខ្មែរក្រហមបានប្រាប់អ្នកទាំងនោះឱ្យរៀបចំខោអាវដើម្បីទៅរៀនសូត្រ រួចយកទៅសម្លាប់នៅវាលខាងក្រោយស្ទឹងត្បូង។ ចំណែកឪពុកក្មេករបស់ ផេត ត្រូវបានអង្គការយកឡានមកដឹកយកទៅបាត់តែម្តង។ ផេត បាននិយាយថា៖ «ទោះបីជាដឹងថាអង្គការយកប្តីទៅសម្លាប់ ខ្ញុំមិនហ៊ាននិយាយតវ៉ាឬហាមឃាត់ឡើយ ព្រោះខ្លាចឈ្លបសម្លាប់ខ្ញុំមួយទៀត ហើយសុខចិត្តទ្រាំឈឺចាប់ដើម្បីរក្សាជីវិតនៅមើលថែកូន»។
បន្ទាប់ពីក្លាយជាស្រ្តីមេម៉ាយ ខ្មែរក្រហមបានរើសអើងនិងមិនអនុញ្ញាតឱ្យ ផេត ចូលក្នុងសហករណ៍ឡើយ។ ផេត ព្រមទាំងស្រ្តីមេម៉ាយប្រហែល៥នាក់ផ្សេងទៀត ត្រូវបានចាត់តាំងឱ្យទៅជីកព្រែកយ៉ាងឆ្ងាយពីផ្ទះ ដោយត្រូវដើរថ្មើរជើងពេញមួយយប់ទើបដល់កន្លែងធ្វើការ។ ផេត ត្រូវទុកកូនស្រីឱ្យបងស្រីជាអ្នកមើលថែជំនួស។ ការងារជីកព្រែកនេះមានភាពលំបាកខ្លាំង ហើយរយៈពេល១ទៅ២ខែទើបអង្គការអនុញ្ញាតឱ្យត្រឡប់មកជួបកូនម្តង។ ចំពោះការហូបចុកមានការខ្វះខាតខ្លាំង ដោយផ្តល់ឱ្យត្រឹមតែបបររាវ និងសម្លត្រកួន គ្មានសាច់ គ្មានបង់ប្រហុក និងប៊ីចេង។ ទោះបីជាធ្វើការលើសកម្លាំងយ៉ាងណាក្តី ផេត មិនហ៊ានសម្រាកឡើយ ព្រោះខ្លាចអង្គការវាយដំ។ បន្ថែមពីលើនេះ ស្ថានភាពសុខាភិបាលក្នុងរបបនោះគ្មានភាពត្រឹមត្រូវឡើយ។ ពេលមានជំងឺ គ្មានថ្នាំពេទ្យសម្រាប់ព្យាបាលទេ ប្រើត្រឹមតែសំបកឈើឬឫសឈើមកធ្វើជាថ្នាំបុរាណ។ ខ្មែរក្រហមបានបំផ្លាញវត្តអារាម ចាប់ផ្សឹកព្រះសង្ឃឱ្យមកធ្វើស្រែចំការ ហើយយកទីអារាមធ្វើជា មន្ទីរពេទ្យ ឬកន្លែងផ្សំថ្នាំ។
រហូតដល់ចុងឆ្នាំ១៩៧៨ ខ្មែរក្រហមបានជម្លៀស ផេត និងអ្នកភូមិដទៃទៀត ឱ្យទៅនៅដីថ្មីដែលងាយស្រួលក្នុងការរកស៊ីនិងរស់នៅ។ អង្គការបានជម្លៀសអ្នកទាំងអស់គ្នាទៅទន្លេបិទ ស្ពានមាត់ខ្នង ក្នុងគោលបំណងយកទៅសម្លាប់។ សំណាងល្អ ក្រុមរណសិរ្សសង្គ្រោះជាតិកម្ពុជាបានជួយសង្គ្រោះទាន់ពេលវេលា ហើយអនុញ្ញាតឱ្យអ្នកភូមិត្រឡប់មកផ្ទះវិញ។ ផេត មានជំងឺប្រចាំកាយគឺឈឺឆ្អឹង ឈឺសន្លាក់ដៃជើង ដែលបន្សល់ទុកតាំងពីសម័យខ្មែរក្រហមមកម៉្លេះ៕
សម្ភាសន៍ដោយ៖ ឆៃ កន្និកា ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤
អត្ថបទដោយ៖ នេន ស្រីមុំ

