គង់ ជួន៖ «បដិវត្តន៍សង្គមនិយមនេះតឹងណាស់»

សេចក្តីរាយការណ៍របស់ គង់ ជួន អនុក្រុមនៃវរសេនាតូច៤២២ ដែលបានចូលជាភ្នាក់ងារ សេ.អ៊ី.អា (CIA) ចំនួនពីរលើក៖ លើកទី១ នៅខែកញ្ញា ឆ្នាំ១៩៧៦ និងលើកទី២ នៅខែកុម្ភៈ ឆ្នាំ១៩៧៧។[1]

នៅក្នុងសេចក្តីរាយការណ៍របស់ គង់ ជួន ដែលមានចំនួន ៩ទំព័រ បានរៀបរាប់ពីការចូលជាភ្នាក់ងារ សេ.អ៊ី.អា និងសកម្មភាពក្បត់របស់ខ្លួន។ គង់ ជួន មានអាយុ ១៩ឆ្នាំ (គិតត្រឹមខែឧសភា ឆ្នាំ១៩៧៧) នៅលីវ ជាជនជាតិខ្មែរ មានទីលំនៅនៅភូមិសេករួច ឃុំសាលាវិស័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ គង់ ជួន បានចូលរួមបដិវត្តន៍នៅថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៧៣ នៅភូមិសេករួច តាមរយៈឈ្មោះ កាន់ ដែលមាននាទីជាប្រធានឈ្លប (បាត់ដំណឹង)។ បន្ទាប់ពីចូលបដិវត្តន៍មក គង់ ជួន ត្រូវបានចាត់តាំងជាយុទ្ធជនក្នុងវរសេនាតូច៤០២ បន្ទាប់មកជាអនុក្រុមវរសេនាតូច៤២២ រហូតដល់ថ្ងៃចាប់ខ្លួន។ មុនចូលបដិវត្តន៍ គង់ ជួន មានអត្តចរិតជាមនុស្សចិត្តស្រាល ឆាប់ខឹង និងឆាប់បាត់ខឹងទៅវិញ។ គង់ ជួន មានឪពុកឈ្មោះ គង់ ដួង និងម្តាយឈ្មោះ ស៊ឹម ម៉ុច។ អ្នកទាំងពីរប្រកបរបរធ្វើស្រែ និងគ្មាននិន្នាការនយោបាយឡើយ។ គង់ ជួន មានបងប្អូនចំនួន ៦នាក់ ក្នុងនោះស្រី ៣នាក់ ហើយមានអ្នកបានចូលរួមបដិវត្តន៍ចំនួន ៣នាក់។

ប្រវត្តិសកម្មភាពចូលបដិវត្តន៍៖ គង់ ជួន ចូលបដិវត្តន៍ដំបូងនៅវរសេនាតូច៤០៥ ក្នុងនាទីជាយុទ្ធជន ដោយមានអ្នកដឹកនាំចូលបដិវត្តន៍ឈ្មោះ ថោង ដែលមាននាទីជានយោបាយវរសេនាតូច (បាត់ដំណឹង)។ បន្ទាប់មក នៅក្នុងអង្គភាពវរសេនាតូច៤៨០ មានឈ្មោះ ថៃ ជាអនុប្រធានក្រុមវរសេនាតូច ជាអ្នកដឹកនាំគាត់ក្នុងការបំពេញការងារ។ ក្រោយមក អង្គភាពនេះបានផ្លាស់ប្តូរឈ្មោះមកជាវរសេនាតូច៤២២ ស្ថិតក្នុងកងពល៤៥០ ហើយ គង់ ជួន ត្រូវបានចាត់តាំងជាអនុក្រុមដដែល ដោយមានឈ្មោះ ថៃ ជាអ្នកទទួលខុសត្រូវ។ បន្ទាប់មក ការងាររបស់ គង់ ជួន គឺត្រូវទៅរាយខ្សែទូរសព្ទនៅមន្ទីរវរសេនាតូច៦៦ ក្នុងនាទីជាអនុក្រុមដដែល ដោយមាន បូ ជាអ្នកទទួលខុសត្រូវរួមខាងផ្នែករាយខ្សែនៅមន្ទីរវរសេនាតូច៦៦ នោះ។ សកម្មភាពជាខ្សែសង្វាក់ចាត់តាំង៖ គង់ ជួន កន្លងមកធ្លាប់បានទទួលការអប់រំចិត្តសាស្ត្រពី ថៃ ដែលមាននាទីជានយោបាយវរសេនាតូច, ឃាង ដែលមាននាទីជាយោធាវរសេនាតូច ព្រមទាំង ប៉ាន់ និង ហៀង ដែលមាននាទីជានយោបាយកងធំ។ បុគ្គលទាំងនេះបានអប់រំ គង់ ជួន អំពីបញ្ហាថា «ធ្វើបដិវត្តន៍សង្គមនិយមនេះតឹងតែងណាស់ ហូបចុកមិនគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព ចង់ទៅណាមកណាក៏មិនបាន គ្មានបុណ្យសក្តិ ប្រាក់ខែ គ្មានស្រីស្រា និងល្បែងស៊ីសង ព្រមទាំងត្រូវធ្វើការទាំងយប់ទាំងថ្ងៃ គ្មានពេលសម្រាកឡើយ ។ ទោះបីជាចប់សង្គ្រាមហើយ ក៏នៅតែបង្ខំឱ្យកងទ័ពធ្វើស្រែទៀត និងមិនអនុញ្ញាតឱ្យទៅសួរសុខទុក្ខគ្រួសារ ឪពុកម្តាយ ឬបងប្អូនឡើយ។ ដូចនេះ របបបដិវត្តន៍សង្គមនិយមនេះតឹងរ៉ឹងណាស់។ មិត្តឯងចាំមើលទៅ ថ្ងៃមុខទៀត រឹតតែលំបាកលើសនេះទៅទៀត។ បើយើងយកទៅប្រៀបធៀបនឹងបដិវត្តន៍របស់ប្រទេសវៀតណាម គឺគេសំបូរហូបចុកណាស់ បុណ្យសក្តិក៏មាន ប្រាក់ខែក៏មាន ស្រីស្រាក៏សំបូរ ចង់ទៅណាមកណាបានតាមចិត្ត ហើយពេលចប់សង្គ្រាម កងទ័ពរបស់គេអាចសម្រាកទៅលេងផ្ទះសម្បែងបានតាមចិត្តថែមទៀតផង។ ដូច្នេះ រាល់បញ្ហាទាំងប៉ុន្មានដែលពួកយើងបាននិយាយនេះ សូមប្អូនយកទៅពិនិត្យមើលចុះ ថាតើវាពិតដូចការលើកឡើងដែរឬទេ?»។ គង់ ជួន បានឆ្លើយតបទៅអ្នកទាំង៤ ថា «ការធ្វើបដិវត្តន៍សង្គមនិយមនេះពិតជាតឹងតែងប្រាកដមែន»។

ក្រោយពី គង់ ជួន ទទួលបានការអប់រំបំផុសគំនិតពីបុគ្គលទាំង ៤នាក់ខាងលើមក គង់ ជួន ក៏កើតចិត្តខឹងសម្បារនឹងបក្សជាបន្តបន្ទាប់។ ក្រោយមកទៀ ត ទើបបុគ្គលទាំង ៤នាក់នោះបានហៅ គង់ ជួន មកបញ្ចូលជាភ្នាក់ងារ សេ.អ៊ី.អា ដោយមានអ្នកទាំង ៤នាក់ ជាអ្នកឧទ្ទេសនាមឱ្យចូលរួម នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ១៩៧៦។ អ្នកឧទ្ទេសនាមទាំង ៤នាក់នោះជាយោធានៅវរសេនាតូច៤២២ វរសេនាធំ៤២ រួមមាន៖ ថៃ មាននាទីជានយោបាយ, ឈាង មាននាទីជាយោធា, ប៉ាន់ ជាសមាជិក និង ហំ ជាសមាជិក (អ្នកទាំង ៤ ត្រូវបានអង្គការចាប់ខ្លួន)។ ក្រៅពីនេះ ក៏មានយោធាចំនួន ១៤នាក់ផ្សេងទៀតបានចូលជាភ្នាក់ងារ សេ.អ៊ី.អា រួមមាន៖ យឿន (ចាប់ខ្លួន), បឿន, ព្រឿន, ឆុន, ឃិន, ធិន, សឺ, ធា, រីម (ចាប់ខ្លួន), យ៉ន, ណាង (ចាប់ខ្លួន), គឿន (ចាប់ខ្លួន), សៀន (ចាប់ខ្លួន) និង ខឿន (ចាប់ខ្លួន)។

ក្រោយពីបានចូលជាភ្នាក់ងារ សេ.អ៊ី.អា គង់ ជួន បានចូលរួមប្រជុំធ្វើផែនការប្រឆាំងបក្សចំនួន ២ដង ដែលមានខ្លឹមសារ៖ ត្រូវបំផុសចលនាមហាជនឱ្យបានខ្លាំងក្លាដើម្បីប្រឆាំងបក្ស, ត្រូវបំផ្លិចបំផ្លាញសម្ភាររបស់អង្គការតាំងពីតូចរហូតដល់ធំ និងត្រូវត្រៀមខ្លួនប្រយុទ្ធនៅទីក្រុងភ្នំពេញ។ សមាជិកទាំង ១៤នាក់ ដែលបានចូលជាភ្នាក់ងារ សេ.អ៊ី.អា សុទ្ធតែបានចូលរួមប្រជុំដើម្បីទទួលផែនការ។ បន្ទាប់មក សមាជិកភ្នាក់ងារ សេ.អ៊ី. អា បានធ្វើសកម្មភាពបំផ្លិចបំផ្លាញជីកសិកម្ម ធ្វើឱ្យបាក់ផ្លែស្វាន និងប៉ែល។ ក្រោយមក អង្គការបានដឹង និងបានចាប់ខ្លួនសមាជិកភ្នាក់ងារ សេ.អ៊ី.អា មួយចំនួន រួមមាន៖ ណាង (ប្រធានក្រុម), គ្រឿន (ប្រធានក្រុម), សៀង (ប្រធានក្រុម), ទឿង (នគរបាលកងតូច) និងរូប គង់ ជួន ផ្ទាល់។ កន្លងមក សមាជិកភ្នាក់ងារ សេ.អ៊ី.អា ធ្លាប់បានលួចប្រជុំសម្ងាត់ចំនួន ២លើក នៅម្តុំបឹងបាយ៉ាប គឺនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ១៩៧៦ និងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ១៩៧៦។

អំពីខ្សែសង្វាក់ចាត់តាំងនៅមន្ទីរវរសេនាតូច៦៦៖ នៅខែកញ្ញា ឆ្នាំ១៩៧៧ គង់ ជួន បានចាកចេញពីអង្គភាព៤៥០ មកនៅផ្នែករាយខ្សែទូរសព្ទប្រចាំនៅមន្ទីរវរសេនាតូចលេខ៦៦ រហូតដល់ខែកុម្ភៈ ឆ្នាំ១៩៧៧ ទើបមានបុគ្គលឈ្មោះ ហៀង បានបញ្ចូលគាត់ឱ្យធ្វើជាភ្នាក់ងារ សេ.អ៊ី.អា ម្តងទៀត។ ពេលចូលជាសមាជិកភ្នាក់ងារ សេ.អ៊ី.អា លើកទី២ នេះ គឺមានគ្នា ៨នាក់ រួមមាន៖ ហៀង, ផេង, ឡាត, លាង, នឹម, យៀត, រឿន, ឡុច និង គង់ ជួន។ ក្រោយពីបានចូលជាសមាជិកភ្នាក់ងារ សេ.អ៊ី.អា សារជាថ្មីហើយ គង់ ជួន បានចូលរួមប្រជុំធ្វើផែនការក្បត់នឹងបក្សចំនួន ១ដង ក្នុងគោលបំណងបំផុសចលនាគៀងគរមហាជន ដើម្បីកសាងកម្លាំង និងឱ្យបំផ្លិចបំផ្លាញសម្ភារតូចធំរបស់បក្ស ទៅតាមលទ្ធភាពដែលម្នាក់ៗអាចធ្វើទៅបាន ព្រមទាំងត្រៀមស្មារតីប្រយុទ្ធដើម្បីវាយបក្សវិញ។ សមាសភាពចូលរួមប្រជុំ គឺជាយោធាដែលបានចូលជាភ្នាក់ងារ សេ.អ៊ី.អា ទាំងអស់នោះឯង។ ក្រោយពីទទួលបានផែនការ និងការអប់រំចិត្តសាស្ត្រពី ថៃ និង ហៀង ជាបន្តបន្ទាប់មក គង់ ជួន ក៏បានអនុវត្តសកម្មភាពបំផ្លិចបំផ្លាញប្រឆាំងនឹងបក្សជាហូរហែ រួមមាន៖ បំផ្លាញនង្គ័លអស់ ៥, ផាលនង្គ័លអស់ ៣, កង់ ១គ្រឿង, បំផ្លាញស្រូវសន្ទូងអស់ទំហំ ១០ ម៉ែត្របួនជ្រុង និងបររទេះកិនបំផ្លាញស្រូវអស់ចំនួន ១ហិកតា ព្រមទាំងបានប្រើអាជ្ញាដាក់យុទ្ធជន៕

[1] ឯកសារ J00276 ឯកសារសេចក្តីរាយការណ៍ស្តីពីសកម្មភាពក្បត់របស់ គង់ ជួន។ ឯកសារ ៩ទំព័រ នេះធ្វើឡើងនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ១៩៧៧ ដោយបានកត់ត្រាសេចក្តីរាយការណ៍របស់ គង់ ជួន ដែលបានរៀបរាប់ និងលាតត្រដាងពីឈ្មោះកងយោធា ព្រមទាំងអ្នកទទួលខុសត្រូវជាច្រើននាក់ នៅក្នុងអង្គភាពវរសេនាតូច៤២២ ដែលមានការពាក់ព័ន្ធនឹងការចូលជាភ្នាក់ងារ សេ.អ៊ី.អា (CIA)។ ក្រៅពីនេះ ឯកសារក៏បានបញ្ជាក់អំពីកិច្ចប្រជុំសម្ងាត់ និងសកម្មភាពក្បត់អង្គការនានា តាមរយៈការបំផ្លិចបំផ្លាញសម្ភាររដ្ឋ ការបំផុសគំនិតឱ្យមានការស្អប់ខ្ពើមបដិវត្តន៍ ព្រមទាំងការរៀបចំផែនការសម្ងាត់ក្នុងគោលបំណងផ្តួលរំលំរបបបដិវត្តន៍ផងដែរ។

កំណត់ចំណាំ៖ ចម្លើយសារភាពរបស់អ្នកទោសសុទ្ធសឹងតែឆ្លងកាត់ការបង្ខិតបង្ខំ និងធ្វើទារុណកម្មធ្ងន់​ធ្ងរពីកងសួរចម្លើយរបស់ខ្មែរក្រហម ដូច្នេះចម្លើយសារភាពនេះមិនអាចសន្និដ្ឋានថាពិត ឬយ៉ាងណានោះទេ។


អត្ថបទដោយ៖ អេង សុខម៉េង

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin