មិនចេះអក្សរ ដោយសារតែអង្គការមិនឲ្យរៀនសូត្រ

កាលពីក្មេង ខ្ញុំមិនបានចូលរៀននោះទេ ព្រោះអង្គការបានចាត់តាំងឲ្យខ្ញុំធ្វើការកើបអាចម៍គោ និងបោសសំរាមក្នុងភូមិ។ បន្ទាប់មក ខ្ញុំត្រូវចូលទៅឃ្វាលគោជាច្រើនក្បាល រហូតដល់ធំបន្តិច ទើបអង្គការបញ្ជូនឲ្យទៅធ្វើជាយោធា។ ក្រោយរបបខ្មែរក្រហម ខ្ញុំបានរៀនអក្ខរកម្មបន្តិចបន្តួច ប៉ុន្តែមិនអាចអានអក្សរបានជ្រៅជ្រះនោះទេ។

អ៊ុង តុន អាយុ៦០ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ កាលពីក្មេង នៅក្នុងភូមិបានយ មានសាលារៀននៅក្នុងវត្ត ប៉ុន្តែ តុន មិនទាន់បានចូលសិក្សារៀនសូតនោះទេ ព្រោះគាត់នៅក្មេងពេក។ បន្ទាប់មក នៅពេលដែល តុន គ្រប់អាយុចូលរៀន អង្គការបានចូលមកគ្រប់គ្រងក្នុងភូមិ និងចាប់ផ្ដើមប្រមូលក្មេងៗទាំងអស់ចូលក្នុងកងកុមារ ដើម្បីធ្វើការកើបអាចម៍គោដាក់ស្រែ និងបោសសំរាម។

បន្ទាប់មកនៅពេល តុន ធំបន្តិច អង្គការបានចាត់ឲ្យតាំងគាត់ចូលទៅធ្វើការឃ្វាលគោជាច្រើនក្បាល ជាមួយក្រុមតាហី។ មិនយូរប៉ុន្មាន អង្គការបានបញ្ជូន តុន ឲ្យទៅធ្វើជាយោធាបន្តទៀត ប៉ុន្តែត្រូវចូលរួមហ្វឹកហាត់មួយរយៈពេលខ្លី។ នៅពេលបញ្ចប់វគ្គ តុន  បានចូលទៅធ្វើការក្នុងរោងចម្អិនអាហារឲ្យក្រុមយុវជននៅសមរភូមិមុខ ដែលកំពុងវាយប្រយុទ្ធជាមួយទាហានវៀតណាម។

អំឡុងពេលធ្វើការ តុន បានហូបបាយគ្រប់គ្រាន់ ខុសពីនៅក្នុងសហករណ៍ដែលគាត់បានត្រឹមហូបបបរ។ ទោះបីជាយ៉ាងណា នៅក្នុងសហករណ៍ប្រជាជនធ្វើស្រែបានទិន្នផលច្រើន ហើយត្រី បង្កង និងសត្វផ្សេងៗទៀត សម្បូរណាស់ ប៉ុន្តែអង្គការមិនឲ្យប្រជាជនហូប ហើយប្រសិនបើហ៊ានលួចគឺត្រូវមានទោស។ លើសពីនេះទៅទៀត ការព្យាបាលជំងឺនៅក្នុងសហករណ៍ គឺមានតែថ្នាំរាងដូចអាចម៍ទន្សាយសម្រាប់លេបព្យាបាលជំងឺប៉ុណ្ណោះ ប៉ុន្តែនៅកន្លែងយោធា តុន ឃើញមានថ្នាំលេប និងថ្នាំចាក់ល្អៗសម្រាប់ព្យាបាលអ្នករបួស។ ចំពោះសម្លៀកបំពាក់ តុន ទទួលបានមួយឆ្នាំពីរសម្រាប់ពណ៌ក្រម៉ៅ និងស្បែកជើងកវែងៗសម្រាប់ទាហានប្ដូរផ្លាស់នៅពេលដែលរហែក ដែលត្រង់ចំណុចនេះខុសគ្នាទាំងស្រុងពីនៅមូលដ្ឋានដែរ។

ក្រោយរបបខ្មែរក្រហម តុន បានត្រលប់មកជួបជុំគ្រួសារនៅភូមិបានយវិញ។ នៅពេលមកដល់ភូមិ ប្រជាជនចាប់ផ្ដើមធ្វើស្រែ និងរកអាហារហូបដោយខ្លួនឯងតាមផ្ទះ រហូតដល់ជីវភាពល្អប្រសើរជាងមុន។ បន្ទាប់មក តុន បានចូលរៀនអក្ខរកម្មបន្តិចបន្តួច ប៉ុន្តែគាត់មិនសូវចេះអក្សរនោះទេ។ តុន មានការព្រួយបារម្ភ និងខ្លាចចៅៗមិនចេះអក្សរដូចជាគាត់ ព្រោះពេលនេះក្មេងៗដល់អាយុចូលរៀនហើយ ប៉ុន្តែជំងឺកូវីដ-១៩ នៅតែបន្តរីករាលដាលខ្លាំង និងធ្វើឲ្យសាលារៀនបិទទ្វា។ នៅពេលដែលអ្នកស្ម័គ្រចិត្តសម្ភាសន៍ តុន មានជំងឺលើសឈាម ឡើងជាតិស្ករ និងទឹកនោមផ្អែម។ ដើម្បីព្យាបាលជំងឺ តុន បានទិញថ្នាំពីពេទ្យឯកជនលេបជាប្រចាំ។

សម្ភាសន៍ដោយ៖ គ្រី ភាព នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១

អត្ថបទដោយ៖ ភា រស្មី

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin