ញ៉ាវ ព្រួន៖ ចាប់ដៃគ្នា

ញ៉ាវ ព្រួន រស់នៅភូមិត្រាច ឃុំបល្ល័ង្ក ស្រុកបា្រសាទបាគង ខេត្តសៀមរាប​ (២០២១)

(សៀមរាប)៖ ញ៉ាវ ព្រួន ភេទប្រុស មានអាយុ៧៤ឆ្នាំ។ ព្រួន រស់នៅភូមិត្រាច ឃុំបល្ល័ង្ក ស្រុកបា្រសាទបាគង ខេត្តសៀមរាប។ ព្រួន មានភូមិកំណើតនៅភូមិស្នារ ឃុំបល្ល័ង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ព្រួន មានឪពុកឈ្មោះ ថោង ញ៉ាវ និងម្ដាយឈ្មោះ ថាប ភាច។ ព្រួន មានប្រពន្ធឈ្មោះ ហឿង រឿង និងមានកូនទាំងអស់ចំនួន៦នាក់ ក្នុងនោះមានស្រី២នាក់។ កូនរបស់ព្រួនមានឈ្មោះ ព្រួន រឿម, ព្រួន រ៉ែម, ព្រួន រ៉ម, ព្រួន សុខលី, ព្រួន នាង និងព្រួន ប្រុស។

នៅរបបសង្គមរាស្ត្រនិយម ព្រួន បានឈប់រៀនត្រឹមថ្នាក់ទី៤ ហើយគាត់ជួយឪពុកម្ដាយធ្វើស្រែចម្ការ និងឃ្វាលក្របី។ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ បន្ទាប់ពីមានរដ្ឋប្រហារនៅទីក្រុងភ្នំពេញ ភូមិរបស់ព្រួនកើតមានភាពវឹកវរ និងចលាចល។ ទាហាន លន់ នល់ បានចាប់បង្ខំយុវជននៅក្នុងភូមិឲ្យចូលធ្វើជាទាហាន។ បងប្អូនប្រុសរបស់ព្រួនបានរត់គេចខ្លួនចេញពីភូមិ។ ចំណែក ពួ្រន បានបួស។ នៅខែមេសា ឆ្នាំដដែល ព្រួន ឃើញវត្តមានកងទ័ពវៀតណាម និងកងទ័ពខ្មែរក្រហមនៅក្នុងភូមិរបស់គាត់។

នៅឆ្នាំ១៩៧១ កងទ័ពខ្មែរក្រហមបានអូសទាញប្រជាជនឲ្យចូលរួមជាមួយចលនារបស់ខ្លួន។ នៅឆ្នាំ១៩៧២ ព្រួន បានសឹក ហើយគាត់ត្រលប់មកធ្វើស្រែចម្ការ។ ប្រជាជនរស់នៅតំបន់រំដោះត្រូវធ្វើស្រែចម្ការ, លើកទំនប់ និងជីកប្រឡាយ។ ខ្មែរក្រហមបានណែនាំឲ្យប្រជាជនឈប់គោរពព្រះពុទ្ធសាសនា។ សហករណ៍ដែលព្រួនរស់នៅ មានចារបុរសរបស់ទាហាន លន់ នល់ ឈ្មោះ ធឿង ដែលចូលមកតាមដានប្រជាជន។

ក្រោយមកមានការទម្លាក់គ្រាប់បែកនៅក្នុងភូមិដែលព្រួនរស់នៅ គាត់បានលាក់ពួនក្នុងលេណដ្ឋាន។ ប្អូនថ្លៃរបស់ព្រួនម្នាក់ឈ្មោះ ឈីវ និងប្អូនជីដូនមួយម្នាក់ទៀតស្លាប់ដោយសារគ្រាប់បែកធ្លាក់ចំ។ នៅឆ្នាំ១៩៧៣ ខ្មែរក្រហមសម្លាប់ ធឿង បន្ទាប់ពីរកឃើញថាគាត់ជាចារបុរស។ ព្រួន រៀបរាប់ថា នៅចុងឆ្នាំ១៩៧៣ កងទ័ពវៀតណាមបានបង្កើតចលនាខ្មែរស ដែលមកបញ្ចុះបញ្ចូលប្រជាជនឲ្យប្រឆាំងនឹងចលនាខ្មែរក្រហម។ អស់រយៈពេលមួយខែកន្លះក្រោយមក កងទ័ពវៀតណាមបានចាប់ខ្លួនសមាជិកចលនាខ្មែរស រួមមានឈ្មោះ ស៊ត, សេក, ប៉ុន, ឈឹង និងសមាជិកដទៃប្រគល់ឲ្យខ្មែរក្រហម។ ព្រួន និយាយថា អ្នកទាំងនោះត្រូវបានខ្មែរក្រហមសម្លាប់នៅមន្ទីរសន្តិសុខមួយកន្លែងនៅភូមិពង្រ។

នៅឆ្នាំ១៩៧៤ ខ្មែរក្រហមបង្ខំឲ្យព្រះសង្ឃគង់នៅក្នុងភូមិទាំងអស់សឹក។ គណៈស្រុក មានឈ្មោះ ចេង និងគ្រួញ ដែលជាឪពុកមារបស់ព្រួន បានបញ្ជាឲ្យឈ្មោះ រ៉ និងរ៉ាន យកដំរីទៅរំលំវិហារ។ ព្រះពុទ្ធបដិមាត្រូវខ្មែរក្រហមទម្លាក់ចូលស្រះ, សាលាបុណ្យក្លាយជារោងសិប្បកម្ម និងជាកន្លែងស្នាក់នៅរបស់ខ្មែរក្រហម។

នៅខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមចាត់ទុក ព្រួន ជាប្រជាជនចាស់។ ព្រួន ដែលកាលនោះមានអាយុ២៨ឆ្នាំ បានដឹកនាំកងកុមារដែលមានអាយុជាង១០ឆ្នាំ ចំនួន១០នាក់ទៅដកស្ទូង។ ក្រោយមក ព្រួន មានតួនាទីជាអ្នកបររទេះគោ និងដឹកឫស្សី។ មិនយូរប៉ុន្មាន ព្រួន ធ្វើការក្នុងកងចល័តឃុំ។ នៅពេលទៅដាំដំឡូង ព្រួន ឃើញប្រជាជន១៧មេសាលួចដកដំឡូង តែគាត់មិនរាយការណ៍នោះទេ។ ព្រួន និយាយថា ដកបាន តែកុំប្រាប់ថាគាត់ជាអ្នកឲ្យដក មិននោះទេខ្មែរក្រហមនឹងសម្លាប់គាត់ដែរ។

នៅឆ្នាំ១៩៧៦ ព្រួន ធ្វើការនៅក្នុងកងចល័តស្រុក ដែលមានសមាជិក១៩នាក់។ ព្រួន ត្រូវទៅបោកស្រូវនៅពេលថ្ងៃ និងលើកទំនប់នៅពេលយប់នៅភូមិត្រពាំងស្វាយ។ នៅថ្ងៃ១រោច ខែមាឃ ឆ្នាំរោង(ឆ្នាំ១៩៧៦) ខ្មែរក្រហមបានរៀបចំឲ្យ ព្រួន រៀបការក្នុងពេលតែមួយជាមួយសមាជិកដទៃទៀតទាំងអស់ចំនួន១០គូ។ នៅពេលរៀបការ ប្តីប្រពន្ធត្រូវបញ្ចុកបាយគ្នាចំនួន១ស្លាបព្រាទៅវិញទៅមក និងចាប់ដៃគ្នាប្តេជ្ញាចិត្តនៅចំពោះមុខអង្គការ។ បន្ទាប់មក អ្នកចូលរួមទាំងអស់ត្រូវទះដៃអបអរសាទរដល់ប្តីប្រពន្ធថ្មី។

មួយសប្តាហ៍ក្រោយមក ខ្មែរក្រហមបញ្ជូន ព្រួន ទៅអាឈើ។ នៅពេលទៅអាឈើ ព្រួន ទទួលបានតែបបរលាយជាមួយស្លឹកដំឡូង ឬក្តួចប៉ុណ្ណោះ។ មួយសប្ដាហ៍ម្តង ទើប ព្រួន បានត្រលប់ទៅផ្ទះជួបប្រពន្ធរបស់គាត់។ ព្រួន ត្រូវធ្វើការហួសកម្លាំង និងហូបចុកមិនគ្រប់គ្រាន់។ នៅពេលធ្លាក់ខ្លួនឈឺ ខ្មែរក្រហមមិនអនុញ្ញាតឲ្យ ព្រួន សម្រាកទេ ហើយគាត់ទទួលបានតែថ្នាំរាងដូចអាចម៍ទន្សាយសម្រាប់ព្យាបាលប៉ុណ្ណោះ។

នៅពាក់កណ្ដាលឆ្នាំ១៩៧៦ កម្មាភិបាលភូមិភាគនិរតីចូលមកគ្រប់គ្រងភូមិភាគពាយ័ព្យ។ នៅចុងឆ្នាំ១៩៧៦ កម្មាភិបាលភូមិភាគនិរតីបានចោទប្រកាន់គណៈតំបន់ឈ្មោះ តាសុត និងតាសៀន និងគណៈស្រុកនៅតំបន់ដែលព្រួនរស់នៅថាក្បត់​នឹងអង្គការ។ ព្រួន ឃើញខ្មែរក្រហមដឹកកម្មាភិបាលភូមិភាគពាយ័ព្យទៅសម្លាប់នៅភូមិត្មាតពង។ ក្រៅពីនេះ ប្រជាជនដែលព្រួនស្គាល់ជាច្រើននាក់ ត្រូវបានខ្មែរក្រហមសម្លាប់ដោយសារលួចហូប ឬខុសសីលធម៌។

នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ ព្រួន បានត្រលប់មករស់នៅភូមិកំណើត។ ក្រោយមកគាត់ផ្លាស់មករស់នៅភូមិត្រាច និងប្រកបរបរធ្វើស្រែចម្ការ៕

សម្ភាសដោយ​ ដន ហុគី ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin