សំពះព្រះប៉ះស៊ីម៉ងត៍ សំពះលោកសង្ឃប៉ះកូនអ្នកស្រុក

(ព្រះវិហារ) ប្រាក់ ភួង មានអាយុ៦៨ឆ្នាំ និងមានអាសយដ្ឋានបច្ចុប្បន្ននៅភូមិបុះ ឃុំម្លូព្រៃពីរ ស្រុកឆែប ខេត្តព្រះវិហារ។ ភួង បានចែករំលែកអំពីសាច់រឿងដែលគាត់ធ្លាប់បានឆ្លងកាត់របបខ្មែរក្រហម ប្រាប់មកកាន់អ្នកស្ម័គ្រចិត្តកម្ពុជានៃអង្គការមជ្ឈមណ្ឌលឯកសារកម្ពុជា ដូចខាងក្រោម៖
នៅក្នុងឆ្នាំ១៩៧០ ភួង បានទៅបួសធ្វើជាព្រះសង្ឃបាត់អស់រយៈពេល៤ឆ្នាំរហូតដល់ឆ្នាំ១៩៧៤។ ការលាចាកសិក្ខាបទរបស់ ភួង មិនមែនស្ម័គ្រចិត្តនោះទេ ព្រោះអង្គការបានចាប់ផ្សឹក។ អង្គការបានគិតថាសំពះព្រះប៉ះស៊ីម៉ងត៍ សំពះលោកសង្ឃប៉ះកូនអ្នកស្រុក។ កាលនៅជាព្រះសង្ឃ ភួង មិនបានសុខសាន្តទេ ព្រោះត្រូវធ្វើស្រែ ភ្ជួរ រាស់ ស្ទូង និងប្រមូលផលដូចតែអ្នកស្រុកទូទៅ។ ប៉ុន្តែការធ្វើស្រែនេះ ភួង មិនបាននៅប្រមូលផលទេ ព្រោះតែអង្គការផ្សឹកមុនបាត់ទៅហើយ។
ក្រោយពេលផ្សឹកបានរយៈពេល២ខែ អង្គការបានបញ្ជូន ភួង ឱ្យទៅធ្វើជាកងចល័តសម្រាប់ដើរច្រូតកាត់នៅតាមឃុំ។ ធ្វើការងារនេះបាន២ខែ ភួង បានវិលត្រឡប់ទៅតាមស្រុកវិញដើម្បីទៅស្លប្រេង។ ការស្លប្រេងនោះគឺអង្គការយកជ័រទឹកឈើទាល។ ធ្វើការងារនេះបានតែ៣ខែ ភួង បានផ្លាស់ប្តូរទៅជាកងផលិតវិញប្រចាំនៅស្រុកឆែប។ ធ្វើការនៅទីនោះមិនបានយូរប៉ុន្មាន ភួង ត្រូវប្តូរទៅជាទាហានកងពលប្រចាំនៅស្រុកជាំក្សាន្ត។
នៅស្រុកជាំក្សាន្ត ភួង បានឃើញអង្គការយកទីធ្លាវត្តអារាមទៅធ្វើផ្ទះបាយ ឬកន្លែងផ្សេងៗទៀត។ ពេលនោះមានការដើររហូត ហើយពេលដឹងថាមានទ័ពវៀតណាមនៅទីណា យោធាខ្មែរក្រហមតែងតែបាញ់រំខានមិនឱ្យនៅសុខ។ នៅពេល ភួង ធ្វើជាយោធាខ្មែរក្រហមនោះ អង្គភាពមានឈ្មោះថាកង៧៧ មានមេក្រុមឈ្មោះ សេង និងមានសមាជិកនៅក្នុងក្រុមចំនួន១០០នាក់។ ការហូបចុករបស់យោធាគឺហូបបាយធម្មតា ប៉ុន្តែស្រូវអង្ករនិងស្បៀងផ្សេងៗនោះគឺសុទ្ធតែជាការដាំដុះខ្លួនឯងមិនមានយកពីអ្នកភូមិឡើយ។ ចំពោះការព្យាបាលវិញ អ្នកជំងឺត្រូវទៅរកពេទ្យព្រោះគ្មានពេទ្យប្រចាំនៅក្នុងក្រុមយោធានោះទេ។
ភួង រស់នៅស្រុកជាំក្សាន្តមិនបានយូរប៉ុន្មាននោះទេ ព្រោះមានកងទ័ពវៀតណាមចូលមកដល់។ រហូតដល់ឆ្នាំ១៩៧៨ ជាឆ្នាំដែលកងទ័ពវៀតណាមចូលមក ហើយជាពេលដែលយោធាខ្មែរក្រហមចាប់ផ្តើមលំបាកខ្លាំង។ ពេលនោះមានការបាញ់តទល់គ្នា។ ការប្រយុទ្ធគ្នាចេះតែរំកិលទៅពីមួយថ្ងៃទៅមួយថ្ងៃ ហើយក្រុមយោធាចាប់ផ្តើមអស់ស្បៀងអាហារ ធ្វើឱ្យស្ថានភាពរឹតតែយ៉ាប់យឺនបន្ថែម។ ការប្រយុទ្ធគ្នារវាងកងទ័ពវៀតណាម ជាមួយយោធាខ្មែរក្រហមបានបន្តរហូតដល់ ក្រុមរបស់ ភួង បានបាក់កម្លាំងទ័ពអ្នកនៅសល់មួយក្រុមតូច។
សម្ភាសន៍ដោយ៖ រី ប៊ុន្នាត ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤
អត្ថបទដោយ៖ នេន ស្រីមុំ







