សៀង ឈួន៖ ប្រធានក្រុមស្ដ្រីមេម៉ាយ

សៀង ឈួន រស់នៅភូមិត្រាច ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប (២០២១)

(សៀមរាប)៖ សៀង ឈួន ភេទស្រី មានអាយុ៧២ឆ្នាំ។ ឈួន រស់នៅភូមិត្រាច ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ឈួន មានឪពុកឈ្មោះ សៀង និងម្ដាយឈ្មោះ ទូច។ ជាអកុសល ឈួន កំព្រាឪពុកម្ដាយតាំងពីកុមារភាព។

នៅរបបសង្គមរាស្ត្រនិយម ឈួន បានចូលរៀននៅសាលាត្រពាំងពោធិ៍ ហើយគាត់ឈប់រៀនត្រឹមថ្នាក់ទី១។ បន្ទាប់ពីឈប់រៀន ឈួន ធ្វើស្រែចម្ការ។ ឈួន បានរៀបការជាមួយប្តីទី១ឈ្មោះ សន លុន និងមានកូនប្រុស៣នាក់ ក្នុងនោះមានឈ្មោះ ជេស្ឋ, ធឿង និងថន។ ក្រោយមកគាត់ដើរលក់ទឹកក្រូច, នំអន្សម, បារី, ស្រា និងកង្កែបបោក។

នៅរបប លន់ នល់ គ្រួសាររបស់ឈួន ត្រូវលាក់ខ្លួននៅក្នុងលេណដ្ឋានដើម្បីគេចពីការទម្លាក់គ្រាប់បែក។ ក្រោយមក កងទ័ពខ្មែរក្រហមចូលគ្រប់គ្រងភូមិរបស់គាត់។ មិនយូរប៉ុន្មាន ឪពុកក្មេកឈ្មោះ តាសន ដែលជាអ្នកភ្លេងនៅវត្ត, ម្ដាយក្មេកឈ្មោះ ជា និងប្តីទី១របស់ឈួនបានធ្លាក់ខ្លួនឈឺរហូតដល់ស្លាប់។ ឈួន និយាយថាមានអារក្ខជាន់សមាជិកគ្រួសាររបស់គាត់។ ឈួន ដែលជាស្ត្រីមេម៉ាយ ត្រូវទៅដកស្ទូង ដើម្បីចិញ្ចឹមកូនៗ។

នៅខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានចាត់តាំងឲ្យ ឈួន ធ្វើជាប្រធានក្រុមស្ត្រីមេម៉ាយ ដែលមានសមាជិក១៥នាក់។ ក្នុងមួយថ្ងៃ ក្រុមរបស់ឈួន ត្រូវដកស្ទូងឲ្យបាន១ហិចតា។ ឈួន ត្រូវចេញទៅធ្វើការតាំងពីម៉ោង៥ព្រឹករហូតដល់ម៉ោង១០យប់ ទើបគាត់ត្រលប់មកផ្ទះមើលថែកូនៗ។

ឈួន ត្រូវទៅដកស្ទូង និងលើកទំនប់នៅភូមិពពេល និងភូមិក្រពើ។ បន្ទាប់ពីហូបអាហារពេលល្ងាចរួច ឈួន ប្រាប់សមាជិកក្រុមរបស់គាត់នៅពេលប្រជុំថា ប្រសិនបើមិត្តចង់ហូបអីក៏ហូបទៅ ប៉ុន្តែកុំរាយការណ៍ឬឲ្យប្រធានឃុំ តាចេង និងតាគ្រួញ ឃើញ។ ដូច្នេះនៅម៉ោងសម្រាក សមាជិកក្រុមរបស់ឈួន ដើរបេះដំណាំដែលខ្លួនដាំបាននៅជុំវិញផ្ទះ។ ប្រជុំរួច ក្រុមរបស់ឈួន ត្រូវដកសំណាប, បោកស្រូវ, កិនស្រូវ និងបុកអង្ករ។

នៅការដ្ឋាន ក្រុមរបស់ឈួន មានការហូបចុកគ្រប់គ្រាន់។ ក្រុមរបស់គាត់ទទួលបានបាយ និងដំឡូង ហើយសមាជិកទទួលបានថ្នាំរាងដូចអាចម៍ទន្សាយសម្រាប់ព្យាបាលជំងឺ។ ជួនកាលកងសេដ្ឋកិច្ចចែកសាច់ត្រី, ជ្រូក, គោ និងក្របីឲ្យក្រុមរបស់គាត់។ ប៉ុន្តែកូនរបស់ឈួន ដែលធ្វើការនៅក្នុងកងកុមារ មានការហូបចុកមិនគ្រប់គ្រាន់ទេ។ កូនរបស់ឈួន ទទួលបានតែបបរមួយវែកប៉ុណ្ណោះសម្រាប់ហូបក្នុងមួយពេល។ ដូច្នេះ ឈួន តែងតែចាប់ក្ដាម, កង្កែប, ត្រី, ឬយកដំឡូងឲ្យកូនរបស់គាត់ហូប។

នៅចុងឆ្នាំ១៩៧៨ ខ្មែរក្រហមបានរៀបចំឲ្យ ឈួន រៀបការជាមួយប្តីទី២របស់គាត់ឈ្មោះ ភេម នៅភូមិត្រពាំងស្វាយ។ នៅទីនោះ ឈួន ឃើញមានមន្ទីរឃុំឃាំងមួយកន្លែងដែលឃុំអ្នកដែលធ្វើខុសសីលធម៌។ កន្លះខែក្រោយមក របបខ្មែរក្រហមបានដួលរលំនៅដើមឆ្នាំ១៩៧៩។ ឈួន បានត្រលប់មករស់នៅភូមិត្រាច និងក្រោយមកគាត់មានកូន២នាក់ទៀត ក្នុងនោះស្រីម្នាក់ ដូច្នេះគាត់មានកូនសរុបទាំងអស់ចំនួន៥នាក់។ ឈួន រំឭកថា ដោយសារអំពើបុណ្យ សមាជិកក្រុមរបស់គាត់ រស់រានមានជីវិតទាំងអស់៕

សម្ភាសដោយ​ ដន ហុគី ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin