អនុប្រធានកងអនុសេនាធំទី៥ វរសេនាតូច៧០៤ កងពល១៧៤

ឌី ឡេង ហៅ ភាព មានអាយុ ២០ ឆ្នាំ នៅលីវ និងមានតួនាទីជាអនុប្រធានកងអនុសេនាធំទី៥ នៃវរសេនាតូចលេខ៧០៤ វរសេនាធំលេខ៦០១ កងពលលេខ១៧៤។ ភាព ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ថាក្បត់បដិវត្តន៍ដោយសារបានបោកគ្រាប់បែកដៃ ចូលទៅក្នុងទីស្នាក់ការបក្ស។ គាត់មានស្រុកកំណើតនៅភូមិអូរថ្ម ឃុំអូរនាងនុង ស្រុកចំការលើ ខេត្តកំពង់ចាម។ ឯកសារនេះមិនបានបញ្ជាក់ឈ្មោះឪពុក និងម្តាយរបស់គាត់ទេ។[1]
នៅអាយុ ៧ ឆ្នាំ ភាព បានចូលរៀនជាមួយបងប្អូនជីដូនមួយឈ្មោះ ហាន។ ក្រោយមក គាត់បានបួសជាព្រះសង្ឃ និងបន្តការសិក្សានៅវត្តពង្រ រហូតដល់ពេលមានរដ្ឋប្រហារ។ នៅខែកញ្ញា ឆ្នាំ១៩៧២ គាត់បានចូលរួមជាមួយចលនាបដិវត្តន៍ ដោយបម្រើការនៅអង្គភាពឈ្លបឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម។ នៅខែកុម្ភៈ ឆ្នាំ១៩៧៣ អង្គការបានផ្លាស់ប្តូរ ភាព ឱ្យទៅបំពេញការងារនៅអង្គភាព៤២ និងត្រៀមចូលសមរភូមិលេខ២៩០ ភាគខាងជើងក្រុងកំពង់ចាម។ បន្ទាប់មក នៅខែមិថុនា ឆ្នាំ១៩៧៣ គាត់ត្រូវបានបញ្ជូនទៅសមរភូមិតាមបណ្តោយផ្លូវជាតិលេខ៦។ ក្នុងពេលប្រយុទ្ធ គាត់បានរងរបួស និងត្រូវបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
នៅខែកក្កដា ឆ្នាំ១៩៧៣ ក្រោយចេញពីមន្ទីរពេទ្យ គាត់បានត្រឡប់ទៅអង្គភាពវិញ ហើយបានជួបជាមួយ ថោង។ ដោយសារអ្នកទាំង២មានស្រុកកំណើតនៅជិតគ្នា បាននាំគ្នាត្រឡប់ទៅលេងផ្ទះ។ នៅទីនោះ អ្នកទាំង២ បានជួបជាមួយឈ្មោះ លីន, ប៉ាន់, ពិន និង ថោង។ តាមការរៀបរាប់ នៅពេលនោះ ទាំងអស់គ្នាបានចាប់នារីមូលដ្ឋានម្នាក់យកមកធ្វើបាប។ ក្នុងអំឡុងពេលកើតហេតុ ឈ្មោះ លីន ត្រូវបានអង្គការចាប់ខ្លួន ខណៈអ្នកដែលនៅសេសសល់បានរត់គេចខ្លួនទៅភូមិហាន់ជ័យ និងស្នាក់នៅផ្ទះម្តាយធម៌របស់ថោង។ នៅទីនោះ ថោង បានប្រាប់ ភាព ថា ប្រសិនបើត្រឡប់ទៅអង្គភាពវិញ ហើយអង្គការដឹងអំពីទង្វើដែលបានប្រព្រឹត្តលើនារីមូលដ្ឋាននោះគេអាចត្រូវបានចាប់ខ្លួន។ ថោង ក៏បានអះអាងថា ខ្លួនមានទំនាក់ទំនងជាមួយបណ្តាញគិញមួយចំនួននៅអង្គភាពទ័ពដែលបានសហការជាមួយយូរមកហើយ។
ក្រោយមក ថោង និង ភាព បានទាក់ទងជាមួយថៅកែដឹកជ័រកៅស៊ូម្នាក់ ដែលធ្វើការឱ្យចៅហ្វាយខេត្តកំពង់ចាម។ អ្នកទាំង២មានបំណងចូលធ្វើការជាមួយបុគ្គលរូបនោះ ព្រោះគិតថាអាចនឹងទទួលបានការងារមានស្ថិរភាព និងមានប្រាក់ចំណូលល្អជាងមុន។ នៅចុងខែកក្កដា ឆ្នាំ១៩៧៣ ថោង បាននាំ ភាព ទៅជួបឈ្មោះ ឈុនលី នៅផ្សារស្ទឹងត្រង់។ ក្នុងជំនួបនោះ ថោង បានណែនាំអ្នកទាំង៣ឱ្យចូលរួមធ្វើការជាមួយបណ្តាញរបស់ ឈុនលី។ ឈុនលី បានអនុញ្ញាត និងផ្តល់ប្រាក់លើកទឹកចិត្តដល់ម្នាក់ៗចំនួន ៣,០០០ រៀល។ នៅខែកញ្ញា ឆ្នាំ១៩៧៣ ភាព និងអ្នករួមក្រុម បានធ្វើសកម្មភាពបោកគ្រាប់បែកនៅមន្ទីរពេទ្យតំបន់៤២ ស្ថិតនៅឃុំជ័យយោ ស្រុកចំការលើ។ តាមការរៀបរាប់ សកម្មភាពនេះបណ្តាលឱ្យបុគ្គលិកពេទ្យ ២ នាក់ស្លាប់ និងធ្វើឱ្យខូចខាតឃ្លាំងថ្នាំពេទ្យមួយចំនួន។ ក្រុមក៏បានផ្តល់ព័ត៌មានអំពីការដឹកជញ្ជូនអាវុធ និងស្បៀង ដល់ភាគីប្រឆាំង ដែលនាំឱ្យមានការវាយប្រហារតាមអាកាសលើរថយន្តដឹកសម្ភារតាមផ្លូវស្ទឹងត្រង់ ចំនួន ២ លើកផងដែរ។ ពេលនោះ ថោង បានប្រាប់ ភាព ថា អាចត្រឡប់ទៅអង្គភាពវិញបាន ព្រោះរូបគេបានរៀបចំទំនាក់ទំនងជាមួយអង្គការរួចរាល់ហើយ ហើយគ្មានការចាប់កំហុសទៀតឡើយ។ បណ្តាញដែល ភាព និង ថោង បានទាក់ទង និងសហការជាមួយ រួមមាន ឈ្មោះ ណាង ដែលមានតួនាទីជាអនុប្រធានកងធំទី១ នៃតំបន់៤២ និងឈ្មោះ ឈាន ដែលជាសមាជិកកងធំទី១ នៃតំបន់៤២។
នៅខែតុលា ឆ្នាំ១៩៧៣ ភាព បានត្រឡប់ទៅរស់នៅអង្គភាពវិញ ដោយមានឈ្មោះ ឈាង ជាអ្នកគ្រប់ គ្រងអង្គភាព។ នៅចុងខែតុលា ឆ្នាំដដែល ឈ្មោះ ណាង បានហៅ ថោង, ពិន, ប៉ាន់ និង ភាព មកប្រជុំ។ ក្នុងកិច្ចប្រជុំនោះ ណាង បានលើកឡើងថា មានផែនការវាយប្រហារនៅវាលវង់ ហើយដើម្បីឱ្យផែនការនោះអាចអនុវត្តបានដោយជោគជ័យ ត្រូវធ្វើសកម្មភាពកម្ទេចបញ្ជាការដ្ឋាន និងទីតាំងវរសេនាធំជាមុនសិន។ នៅពេលនោះ ថោង បានអះអាងថា ខ្លួនបានទាក់ទងជាមួយប៉ូលិសស័ក្តិ៥ ម្នាក់ឈ្មោះ សំអាត ហើយថា នឹងមានយន្តហោះមកទម្លាក់គ្រាប់បែកគាំទ្រផែនការនេះ។ បន្ទាប់ពីកិច្ចប្រជុំ ថោង បានទាក់ទងទៅ សំអាត ហើយក្រោយមកមានការទម្លាក់គ្រាប់បែកមួយ ដែលតាមការរៀបរាប់បានបណ្តាលឱ្យយុទ្ធជនម្នាក់ស្លាប់ និងអាវុធចំនួន ៣ ដើមរងការខូចខាត។ ក្នុងខែតុលា ឆ្នាំ១៩៧៣ ដដែល ណាង បានណែនាំឱ្យ ភាព ស្គាល់បណ្តាញទំនាក់ទំនងនៅក្នុងអង្គភាព រួមមាន ឈ្មោះ ឆែម ជាប្រធានវរសេនាតូចលេខ៩០២, ឈ្មោះ នី ជាប្រធានកងធំទី១ នៃវរសេនាតូចលេខ៧០៤, ឈ្មោះ វុធ ជាប្រធានកងស៊ើបការណ៍ និងឈ្មោះ អ៊ាន, សី និង ណៃ ដែលជាយុទ្ធជនស៊ើបការណ៍។
នៅខែកុម្ភៈ ឆ្នាំ១៩៧៤ ណាង បានហៅ ណាន, នី, ឆែម និង ភាព មកប្រជុំ ដោយប្រាប់ឱ្យត្រៀមផែនការកម្ទេចឃ្លាំងមួយ។ ក្រោយពីការណែនាំរួច ភាព បានទទួលការចាត់តាំងពី ឆែម ឱ្យរៀបចំខ្សែត្រៀមជាមួយ វុធ និង អ៊ាន។ តាមការរៀបរាប់ បន្ទាប់ពីអនុវត្តផែនការនោះរួច បានបណ្តាលឱ្យយុទ្ធជនប្រមាណ ២០ នាក់ស្លាប់ និងជាង ៣០ នាក់ទៀតរងរបួស។ នៅខែមិថុនា ឆ្នាំ១៩៧៤ ក្នុងផែនការវាយប្រហារនៅសមរភូមិកោះព្រលូង ភាព បានទទួលការណែនាំពី ឆែម ឱ្យចូលរួមការងារស៊ើបការណ៍។ ឆែម បានប្រាប់ឱ្យគាត់ធ្វើសកម្មភាពបង្កឱ្យផែនការយោធាបែកការណ៍ ដើម្បីរារាំងការរៀបចំកម្លាំង។ ក្នុងអំឡុងពេលប្រតិបត្តិការនោះ ឆែម បានចាត់តាំង ភាព និង ពិន ឱ្យធ្វើសកម្មភាពបាញ់សម្លាប់ប្រធានក្រុមម្នាក់។ នៅដើមឆ្នាំ១៩៧៥ ឈ្មោះ នី បានភ្ជាប់ទំនាក់ទំនងរវាង ភាព និងឈ្មោះ សាន ដែលជាសមាជិកវរសេនាតូចលេខ៧០៤។ ក្រោយមក សាន និង ភាព បានធ្វើសកម្មភាពរួមគ្នាជាបន្តបន្ទាប់។ នៅខែមិថុនា ឆ្នាំ១៩៧៥ សាន បានហៅ ជាវ, ហឿន, លឿន, ស្រ៊ាង, រុន, សែ និង ភាព មកប្រជុំ។ ក្នុងកិច្ចប្រជុំនោះ សាន បានណែនាំឱ្យសមាជិកទាំងអស់ស្គាល់គ្នាទៅវិញទៅមក ដើម្បីងាយស្រួលក្នុងការអនុវត្តផែនការសម្ងាត់ និងជំរុញឱ្យបន្តសកម្មភាពឱ្យកាន់តែខ្លាំងក្លា។
នៅខែកក្កដា ឆ្នាំ១៩៧៥ សាន បានចាត់តាំង ភាព, សែន និង ពិន ឱ្យធ្វើសកម្មភាពចងខ្សែលួសស្ទាក់ផ្លូវកម្មាភិបាលដែលធ្វើដំណើរទៅប្រជុំ។ ទោះជាយ៉ាងណា ខណៈកំពុងអនុវត្តសកម្មភាពនោះ ខ្មែរក្រហមបានប្រទះឃើញ ហើយកម្លាំងទ័ពបានមកឡោមព័ទ្ធ។ ក្នុងពេលនោះ ឈ្មោះ ពិន និង សែ ត្រូវបានចាប់ខ្លួន។ នៅខែសីហា ឆ្នាំ១៩៧៥ សាន បានចាត់តាំង សី, ណៃ, ពិន និង ភាព ឱ្យធ្វើសកម្មភាពបោកគ្រាប់បែកដាក់ឃ្លាំងអាវុធ នៅជំរំនារីក្នុងបន្ទាយស៊ប់ ភាគខាងជើងក្រុងកំពង់ចាម។ តាមការរៀបរាប់ សកម្មភាពនេះបានបំផ្លាញអាវុធជាច្រើន និងធ្វើឱ្យជញ្ជាំងឃ្លាំងអាវុធមួយផ្នែករងការខូចខាត។ នៅខែកញ្ញា ឆ្នាំ១៩៧៥ អង្គការបានចាប់ខ្លួន សាន ដោយចោទប្រកាន់ថាបានប្រព្រឹត្តខុសសីលធម៌។ បន្ទាប់មក នៅខែតុលា ឆ្នាំ១៩៧៥ ឈ្មោះ នី បានភ្ជាប់ទំនាក់ទំនងជាមួយឈ្មោះ ស៊ីម ដែលមានតួនាទីជាប្រធានវរសេនាធំលេខ៦០១ (ក្រោយមកត្រូវអង្គការចាប់ខ្លួន)។ នៅខែកុម្ភៈ ឆ្នាំ១៩៧៦ អង្គការបានដកកម្លាំងទាំងអស់ចេញពីសមរភូមិ និងបញ្ជូនឱ្យត្រឡប់មកអង្គភាពវិញ។
លុះដល់ខែមិថុនា ឆ្នាំ១៩៧៦ ឈ្មោះ សី ដែលមានតួនាទីជាប្រធានកងពលលេខ១៧៤ បានរៀបចំកិច្ចប្រជុំមួយ ដើម្បីជ្រើសរើស និងចាត់តាំងកម្លាំងពិសេសចំនួន ២ ក្រុម សម្រាប់ធ្វើសកម្មភាពបង្កប់នៅក្នុងព្រៃ។ អ្នកចូលរួមប្រជុំរួមមាន រាប, ហេង, ផា, ធឿន និង ឆុន ព្រមទាំងសមាជិកដទៃទៀត។ ក្នុងកិច្ចប្រជុំនោះ សី បានបញ្ជាក់ថា កម្លាំងពិសេសទាំង២ក្រុម នឹងត្រូវបែងចែកតំបន់ទទួលខុសត្រូវដូចខាងក្រោម៖
- ក្រុមទី១ ស្ថិតក្រោមការទទួលខុសត្រូវរបស់ ហេង ដើម្បីធ្វើសកម្មភាពនៅស្រុកព្រៃឈរ។
- ក្រុមទី២ ស្ថិតក្រោមការទទួលខុសត្រូវរបស់ រាប ដើម្បីធ្វើសកម្មភាពនៅស្រុកចំការលើ ក្នុងតំបន់៤២។
នៅខែកក្កដា ឆ្នាំ១៩៧៦ ឈ្មោះ ហេង បានចាត់តាំង ភាព, សំ, រ៉ាត់ និង ផេង ឱ្យធ្វើសកម្មភាពស្ទាក់បាញ់រថយន្តពាណិជ្ជកម្មដែលដឹកជញ្ជូនសម្ភារ។ ក្នុងសកម្មភាពនោះ រថយន្តត្រូវគ្រាប់កាំភ្លើងបណ្តាលឱ្យក្រឡាប់ ប៉ុន្តែមិនបណ្តាលឱ្យមានអ្នកស្លាប់ ឬរបួសឡើយ។ ក្រោយមក ភាព និងកម្លាំងទាំងអស់បានដកថយទៅស្នាក់នៅព្រៃក្រឡែងធំ ស្ថិតក្នុងឃុំអង្គ ស្រុកព្រៃឈរ តំបន់៤១។ បន្ទាប់ពីនោះ ហេង បានចាត់តាំង ភាព ឱ្យធ្វើសកម្មភាពមួយទៀត ដោយស្ទាក់បាញ់រថយន្តភ្ញៀវរបស់អង្គការចំនួន ៥ គ្រឿង ដែលធ្វើដំណើរពីខេត្តកំពង់ធំ ឆ្ពោះមកភាគខាងជើងភូមិត្រើង។ ក្នុងពេលនោះ ភាព បានបាញ់អាវុធ AK ចំនួន ១០ គ្រាប់ ប៉ុន្តែមិនត្រូវគោលដៅឡើយ។
នៅចុងខែសីហា ឆ្នាំ១៩៧៦ ហេង បាននិយាយជាមួយ ភាព, សំ និងសៃ ថាការស្នាក់នៅទីតាំងនោះអាចបង្កឱ្យបែកការណ៍ ដូច្នេះត្រូវផ្លាស់ប្តូរទីតាំងជាបន្ទាន់។ បន្ទាប់មក ក្រុមនេះបានផ្លាស់ទៅស្នាក់នៅវត្តគុក ក្នុងស្រុកព្រៃឈរ តំបន់៤១។ ក្នុងខែកញ្ញា ឆ្នាំ១៩៧៦ ហេង បានចាត់តាំង ភាព, សំ, ថេង, ម៉ុក និង វ៉ាត់ ឱ្យធ្វើសកម្មភាពនៅរោងយាមមុខវត្តព្រះធម្ម ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៦។ លុះដល់ពាក់កណ្តាលអធ្រាត្រ គេបានលួចយកអាវុធបានចំនួន ១ ដើម។ នៅខែតុលា ឆ្នាំ១៩៧៦ ឈ្មោះ ស៊ី បានដក ភាព ចេញពីព្រៃ និងបញ្ជូនឱ្យមកបំពេញភារកិច្ចយាមឃ្លាំងនៅក្នុងជំរំ។ ចាប់ពីខែតុលា រហូតដល់ខែវិច្ឆិកា ឆ្នាំ១៩៧៦ គាត់បានបន្តការងារយាមឃ្លាំង និងបានបំផុសយុទ្ធជន ២ នាក់ ឈ្មោះ ហេន និង ថា ដែលយាមឃ្លាំងជាមួយគ្នា ឱ្យចូលរួមជាមួយកងពិសេស។
នៅចុងខែតុលា ឆ្នាំ១៩៧៦ ឈ្មោះ ស៊ីម បានចាត់តាំង ភាព និងយុទ្ធជន ១០ នាក់ទៀត ដែលជាកម្លាំងសន្តិសុខភូមិភាគ ឱ្យទៅបំពេញភារកិច្ចជាមួយខ្លួន។ លុះដល់ខែធ្នូ ឆ្នាំ១៩៧៦ ស៊ីម បានបញ្ជូន ភាព ឱ្យទៅកាប់ឆ្ការព្រៃនៅស្រុកបាធាយ តំបន់៤១។ ទោះជាយ៉ាងណា ដោយសារអង្គការបានចាប់ខ្លួន ស៊ីម ក្នុងខែដដែល ភាព ក៏ត្រូវបានដកចេញពីភារកិច្ចនោះវិញ។ ចាប់តាំងពីខែមករា ឆ្នាំ១៩៧៧ ភាព ត្រូវបានតែងតាំងជាអនុប្រធានកងពិសេស ដោយមាន ឯក ជាប្រធាន និង ហេង ជាសមាជិក។ នៅខែកុម្ភៈ ឆ្នាំ១៩៧៧ ឈ្មោះ ពិន ដែលធ្លាប់មានទំនាក់ទំនងជាមួយ ភាព ជាយូរមកហើយ ត្រូវបានអង្គការចាប់ខ្លួន ហើយបញ្ជូនមកអង្គភាពដែល ភាព មានភារកិច្ចយាមការពារ។ មុនពេលត្រូវបានចាប់ខ្លួន ពិន បានរត់ទៅផ្ទះ ហើយអង្គការបានចោទប្រកាន់ថាគាត់មានពាក់ព័ន្ធជាមួយ អឿន។ ដោយខ្លាចថាទំនាក់ទំនងរវាងខ្លួន និង ពិន អាចត្រូវលាតត្រដាង ភាព បានរាយការណ៍ទៅឈ្មោះ រាប ដើម្បីសុំការអនុញ្ញាតដោះលែង ពិន។ ពេលនោះ រាប បានយល់ព្រម ប៉ុន្តែបានណែនាំឱ្យប្រុងប្រយ័ត្នកុំឱ្យបែកការណ៍។ មុនដោះលែង ភាព បានប្រាប់ ពិន ឱ្យទៅរស់នៅក្នុងព្រៃ និងបន្តអនុវត្តផែនការប្រឆាំងអង្គការបន្តទៀត។
ក្រោយមក អង្គការបានចាប់ខ្លួនបុគ្គលមួយចំនួន រួមមាន ឯក ប្រធានកងពិសេស, ខា ប្រធានវរសេនាតូច៧០៤, នីន អនុប្រធានវរសេនាតូច និង អ៊ាន អនុប្រធានកងធំទី១ នៃវរសេនាតូច៧០៤។ យោងតាមការរៀបរាប់ បុគ្គលទាំងនេះត្រូវបានចាត់ទុកថាមានទំនាក់ទំនងជាមួយបណ្តាញដូចគ្នានឹង ភាព។ នៅខែមិថុនា ឆ្នាំ១៩៧៧ ឈ្មោះ ខា បានហៅ ភាព និងបុគ្គលដែលមានទំនាក់ទំនងជាមួយបណ្តាញនេះ មកប្រជុំនៅជំរំទួលអំពិល ដែលជាកន្លែងស្នាក់នៅរបស់ ខា។ អ្នកចូលរួមប្រជុំមាន ខា នីន អ៊ាន ហេង ពេញ រ៉ុម លេខ ម៉ុង ហេន និង ភាព។ នៅក្នុងកិច្ចប្រជុំនោះ ខា បានលើកឡើងពីផែនការរបស់ រាប ដែលមានគោលបំណងផ្តួលរំលំអង្គការ កម្ទេចឃ្លាំងអាវុធ និងឃ្លាំងគ្រាប់ ព្រមទាំងពង្រីកកម្លាំងស្នូលសម្រាប់ត្រៀមធ្វើសកម្មភាពប្រដាប់អាវុធ។ កិច្ចប្រជុំបានបែងចែកការងារជា២ក្រុម៖
- ក្រុមទី១ ត្រូវបញ្ចូលចូលក្នុងក្រុង ដើម្បីធ្វើសកម្មភាពសម្ងាត់ និងបង្កភាពច្របូកច្របល់។
- ក្រុមទី២ មានភារកិច្ចកសាង និងបំផុសកម្លាំងបន្ថែម ដើម្បីត្រៀមទទួលផែនការសម្រាប់វាយប្រហារថ្នាក់ដឹកនាំបដិវត្តន៍នៅក្នុងទីក្រុង។
នៅចុងខែមិថុនា ឆ្នាំ១៩៧៧ ក្រោយចេញពីកិច្ចប្រជុំ ភាព បានជួបឈ្មោះ សំ ខណៈកំពុងនាំអ្នកទោសទៅលើករងដំឡូងនៅភាគខាងកើតក្រុងកំពង់ចាម។ នៅពេលនោះ សំ បានប្រាប់ថា ស៊ីម បានសារភាព និងទម្លាក់កំហុសមកលើកងពិសេសទាំងមូលថាជាអ្នកធ្វើសកម្មភាពក្នុងព្រៃ។ ក្រោយមក អង្គការបានហៅ ភាព ទៅសួរចម្លើយ ហើយតាមការរៀបរាប់ គាត់បានបដិសេធពីការពាក់ព័ន្ធរបស់ខ្លួន។ នៅខែកក្កដា ឆ្នាំ១៩៧៧ ដដែល ខា បានចាត់តាំង ភាព ឱ្យទៅជួយដកស្ទូងប្រជាជននៅស្រុកបាធាយ ដោយស្នាក់នៅភូមិផ្អាវ។ ក្នុងពេលចាត់តាំងនោះ ខា បានណែនាំឱ្យគាត់បន្តបំផុសកម្លាំងថ្មីៗ ឱ្យចូលរួមជាមួយបណ្តាញនេះឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ ចាប់ពីខែកក្កដា រហូតដល់ខែកញ្ញា ឆ្នាំ១៩៧៧ ភាព បានបំផុសមនុស្សបានចំនួន ៥ នាក់ ហើយបញ្ជូនបន្តទៅឱ្យ ខា នៅក្រុងកំពង់ចាម។ ទោះជាយ៉ាងណា បុគ្គលទាំង ៥ នាក់នោះ មិនទាន់ទទួលបានការចាត់តាំងឱ្យអនុវត្តសកម្មភាពណាមួយនៅឡើយទេ។ ក្នុងខែកញ្ញា ឆ្នាំ១៩៧៧ អង្គការបានចាប់ខ្លួន ភាព នៅស្រុកបាធាយ និងចោទប្រកាន់ថាក្បត់បដិវត្តន៍ដោយសារបានបោកគ្រាប់បែកដៃចូលទៅក្នុងទីស្នាក់ការបក្ស។
***
ចម្លើយសារភាពរបស់អ្នកទោសនៅក្នុងរបបខ្មែរក្រហម ភាគច្រើនទទួលបានក្រោមការបង្ខិតបង្ខំ និងការធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរពីសំណាក់កងសួរចម្លើយ។ ដូច្នេះ ចម្លើយសារភាពរបស់ ឌី ឡេង ហៅ ភាព ដែលមានតួនាទីជាអនុប្រធានកងអនុសេនាធំទី៥ វរសេនាតូចលេខ៧០៤ វរសេនាធំលេខ៦០១ កងពលលេខ១៧៤ មិនអាចយកទៅសន្និដ្ឋានថាជាការពិតទាំងស្រុងបានឡើយ។ ចម្លើយសារភាពនេះមានស្នាមមេដៃរបស់ ឌី ឡេង ហៅ ភាព ចុះកាលបរិច្ឆេទថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៧៧ ខណៈអ្នកសួរចម្លើយឈ្មោះ អឿន បានចុះហត្ថលេខានៅថ្ងៃទី២៥ ខែតុលា ឆ្នាំ១៩៧៧។ យោងតាមខ្លឹមសារនៃចម្លើយសារភាព បានរៀបរាប់ពីបុគ្គលដែលត្រូវបានអះអាងថាមានការជាប់ពាក់ព័ន្ធជាមួយបណ្តាញផ្សេងៗ ប្រមាណ ៤៤ នាក់។
***
[1] ឯកសារចម្លើយសារភាពលេខ D00051 របស់ ឌី ឡេង ហៅ ភាព ដែលមានតួនាទីជាអនុប្រធានកងអនុសេនាធំទី៥ វរសេនាតូចលេខ៧០៤ វរសេនាធំលេខ៦០១។ ចម្លើយសារភាពនេះសសេរដោយដៃ មានចំនួន២១ទំព័រ និងមានស្នាមមេដៃរបស់ ឌី ឡេង ហៅ ភាព ចុះកាលបរិច្ឆេទថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៧៧ ខណៈអ្នកសួរចម្លើយឈ្មោះ អឿន បានចុះហត្ថលេខានៅថ្ងៃទី២៥ ខែតុលា ឆ្នាំ១៩៧៧។ នៅក្នុងខ្លឹមសារនៃចម្លើយសារភាព ក៏មានការរៀបរាប់អំពីបុគ្គល និងកម្មាភិបាលខ្មែរក្រហមដែលត្រូវបានចោទទម្លាក់កំហុសថាជាប់ពាក់ព័ន្ធប្រមាណ ៤៤ នាក់ ហើយភាគច្រើននៃបុគ្គលទាំងនោះ ត្រូវបានអង្គការចាប់ខ្លួននៅពេលក្រោយ។

