ចងចាំការអត់ឃ្លាន និងឈឺគ្មានថ្នាំព្យាបាល

រឿងរ៉ាវដែលខ្ញុំមិនអាចបំភ្លេចបានគឺ អង្គការបានដាំបបរមួយខ្ទះធំដោយដាក់អង្ករចំនួន៧កំប៉ុងប៉ុណ្ណោះសម្រាប់ចែកឲ្យប្រជាជនហូបរួមគ្នាក្នុងសហករណ៍។ ដោយសារតែការអត់ឃ្លាន ប្រជាជនជាច្រើននាក់រួមទាំងគ្រួសារខ្ញុំបានកើតជំងឺក្ដៅខ្លួនខ្លាំង និងហើម ហើយប្រធានសហករណ៍បានរកថ្មាំខ្មែរមកដាំឲ្យផឹក។ ជាអកុសល ប្រជាជនជាច្រើននាក់ រួមទាំងប្ដីរបស់ខ្ញុំ និងកូនបានស្លាប់ដោយសារជំងឺនោះ។

អ៊ួង ស៊ីម អាយុ៧០ឆ្នាំ រស់នៅភូមិសឹង្ហ ឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ។ ស៊ីម បានរៀបការនៅក្នុងសម័យ លន់ នល់ ប៉ុន្តែនៅក្នុងភូមិដែលគាត់រស់នៅគឺគ្រប់គ្រងដោយក្រុមរំដោះ ស្រោចស្រង់ជាតិ។ អំឡុងពេល ស៊ីម រៀបការមានការទម្លាក់គ្រាប់បែកយ៉ាងខ្លាំង ដូច្នេះកម្មវិធីមង្គលការរបស់គាត់ត្រូវធ្វើឡើងយ៉ាងស្ងៀមស្ងាត់លើផ្ទះ។ ចូលដល់សម័យខ្មែរក្រហម ស៊ីម បានដឹងមកថា ការរៀបការគឺខុសគ្នាខ្លាំងពីពេលគាត់រៀបការ និងពីរបបមុនៗ ដោយអង្គការជាអ្នករៀបចំឲ្យយុវជនជាច្រើនគូប្ដេជ្ញាជុំគ្នាក្នុងពេលតែមួយ។

នៅក្នុងសហករណ៍ ស៊ីម ធ្វើការក្នុងក្រុមបុកស្រូវ យកអង្ករដាក់ក្នុងរោងបាយ, រែកអាចម៍ និងធ្វើស្រែ តាមការចាត់តាំងរបស់អង្គការ។ ចូលដល់រដូវវស្សា ស៊ីម ត្រូវក្រោកតាំងពីម៉ោង៣យប់ ដើម្បីធ្វើការស្ទូង និងដកសំណាបក្នុងវាលស្រែ រហូតដល់ពេលថ្ងៃត្រង់ទើបអាចឈប់សម្រាកហូបអាហារមួយភ្លែត ទើបបន្តធ្វើការងារដល់ពេលល្ងាច។ ចំពោះរបបអាហារ ស៊ីម និងប្រជាជនភាគច្រើនទទួលបានតិចតួចណាស់ ព្រោះអង្គការបានយកអង្ករប្រមាណ៧កំប៉ុង ទៅដាំបបរក្នុងខ្ទះធំដើម្បីចែកឲ្យប្រជាជនហូប។ ការអត់ឃ្លាននេះ បានធ្វើឲ្យ ស៊ីម និងប្រជាជនភាគច្រើន មានអាការក្ដៅខ្លួន និងកើតជំងឺហើមធ្ងន់ធ្ងរ ហើយអង្គការមិនមានថ្នាំពេទ្យល្អៗព្យាបាលនោះទេ គឺមានតែប្រធានសហករណ៍ចាត់ចែងឲ្យរកថ្នាំខ្មែរយកមកដាំហូប។

ថ្ងៃមួយ ស៊ីម បានឮសំឡេងស្រែកយំនៅទួលអង្គ ដែលមានចម្ងាយប្រមាណកន្លះគីឡូម៉ែត្រ ពីកន្លែងដែលគាត់មើលគោនៅក្រាំស្ដៅ។ នៅពេលឮដូច្នេះ ស៊ីម មិនហ៊ានរត់ទៅមើលនោះទេ រហូតដល់គោរបស់គាត់រត់ចូលទៅក្នុងកន្លែងនោះនៅពេលបន្ទាប់​ ទើបគាត់ត្រូវជាន់លើរណ្ដៅទន់ៗដែលអង្គការទើបតែសម្លាប់មនុស្សរួច និងកប់ដីពីលើបន្តិចបន្តួច។ នៅពេលឃើញដូច្នេះ ស៊ីម មានការភ័យខ្លាច និងលែងហ៊ានទៅក្បែរទួលអង្គម្ដងទៀត។

ស៊ីម បានបន្តថា អ្នកដែលបាត់បង់ជីវិតនៅទីនោះមានសាច់ញាតិរបស់គាត់ឈ្មោះ យាយគិត, ចែថោ ចែហៀក, អ្នករស់នៅក្នុងភូមិជាមួយគ្នា និងបងប្អូនមួយចំនួនទៀតដែលរស់នៅថ្នល់លិច។ អ្នកដែលអង្គការសម្លាប់ ភាគច្រើនត្រូវបានចោទប្រកាន់ថាជាជនជាតិចិន ប៉ុន្តែការពិតគឺមានកូន ឬសាច់ញាតិធ្វើជាគ្រូបង្រៀន ឬអ្នកធ្វើការក្នុងសម័យរដ្ឋការ។

បន្ទាប់មក ស៊ីម និងក្រុមរបស់គាត់ ត្រូវបានអង្គការបញ្ជូនឲ្យទៅធ្វើស្រែប្រាំងនៅកោះទ្រា។ នៅទីនោះ ស៊ីម បានជួបការលំបាកខ្លាំង ព្រោះអង្គការបានគំរាមបញ្ជូនក្រុមរបស់គាត់ទៅកោះអញ្ចាញ ដែលជាកន្លែងគាត់មិនធ្លាប់ស្គាល់ពីមុនមក ដោយសារតែក្រុមរបស់គាត់បណ្ដុះស្រូវមិនដុះ ព្រោះស្ថិនក្នុងពេលអាកាសធាតុត្រជាក់។ ក្រុមរបស់ស៊ីម បានយកស្រូវទៅកប់ក្នុងដីឲ្យមានកម្ដៅហើយដុះឡើង ទើបនាំយកទៅព្រោះក្នុងស្រែ រួចបន្តធ្វើការធាក់រហាត់ទឹកបញ្ជូលក្នុងស្រែ។ នៅកន្លែងធ្វើការ ស៊ីម ទទួលបានអាហារល្អប្រសើរជាងនៅក្នុងសហករណ៍បន្តិច។

ក្រោយរបបខ្មែរក្រហម ស៊ីម ស្ទើរតែមិនជឿថាខ្លួនអាចរស់រានមានជីវិត ព្រោះជារៀងរាល់ថ្ងៃគាត់ខិតខំធ្វើការប្ដូរយកបាយហូបមួយពេលៗប៉ុណ្ណោះ។ លើសពីនេះទៅទៀត ស៊ីម បាននឹកឃើញដល់ប្ដី និងកូនរបស់គាត់ទាំងអស់ដែលឈឺស្លាប់ដោយសារតែគ្មានថ្នាំព្យាបាលនៅក្នុងសម័យខ្មែរក្រហម និងក្រោយរបបខ្មែរក្រហមដួលរលំភ្លាមៗ។ នៅពេលផ្ដល់បទសម្ភាសន៍ ស៊ីម មានជំងឺសន្លាក់ និងក្រពះពោះវៀន ដែលជំងឺរបស់គាត់កើតមកពីអាយុកាន់តែច្រើន និងការហូបអាហារគីមីច្រើនពេក។ ដើម្បីព្យាបាលជំងឺ ស៊ីម បានឲ្យក្មួយដែលរស់នៅជាមួយជូនគាត់ទៅពិនិត្យសុខភាព និងទិញថ្នាំពីពេទ្យនៅថ្នល់ទទឹង និងទីរួមខេត្តតាកែវ។

សម្ភាសន៍ដោយ៖ ស្រឿន ធារ៉ា នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១

អត្ថបទដោយ៖ ភា រស្មី

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin