នៅក្នុងរបបខ្មែរក្រហមគ្មានអាហារហូបគ្រប់គ្រាន់

(សៀមរាប)៖ ជាប សោម មានអាយុ៦៥ឆ្នាំ រស់នៅភូមិត្រៀក សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។

នៅអំឡុងឆ្នាំ១៩៧០ មានការទម្លាក់គ្រាប់បែកនៅក្នុងភូមិរបស់គាត់។ គ្រានោះមានគ្រាប់បែកជាច្រើនទម្លាក់ស្រោចពាសពេញព្រៃ ដែលបណ្ដាលឱ្យមានការរងខូចខាតផ្ទះសំបែង និងទ្រព្យសម្បត្តិជាច្រើន។ សោម បាននិយាយថា នៅពេលនោះដីដែលអាចដាំដំណាំនិងធ្វើស្រែចម្ការ បានប្រែក្លាយទៅជាដីចម្ការមីន។ ស្របពេលជាមួយគ្នានេះ មានប្រជាជនជាច្រើននាក់បានបាត់បង់ជីវិត បែកបាក់គ្រួសារ និងមានពិការភាពដាច់ដៃដាច់ជើងដោយសារការទម្លាក់គ្រាប់បែកនិងគ្រាប់ប្លោង។ បន្ទាប់ពីរបប លន់ នល់ ដួលរលំ សោម មិនបានចាកចេញពីខេត្តសៀមរាបទេ ប៉ុន្ដែគាត់ត្រូវបានអង្គការជម្លៀសទៅភូមិផ្សេងទៀត។

នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានកាន់កាប់អំណាចទាំងស្រុង ហើយពេលនោះ សោម មានអាយុ១៥ឆ្នាំ។ ក្រោយមកនៅឆ្នាំ១៩៧៦ សោម ត្រូវបានអង្គការបញ្ជូនទៅភូមិដូរ្យដន្រ្តី ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ក្នុងខេត្តសៀមរាប។ គាត់គឺជាប្រជាជនមូលដ្ឋានដែលរស់នៅក្នុងខេត្តសៀមរាបផ្ទាល់ ហើយភូមិដែលគាត់បានរស់នៅនោះគឺជាកន្លែងដែលអង្គការយកមនុស្សក្មេងចាស់ប្រុសស្រីទៅរស់នៅទីនោះ ស្ថិតនៅក្បែរជើងភ្នំវត្តទ្រង់បាទ។ នៅក្នុងស្រុកក្រឡាញ់ សោម និងគ្រួសារត្រូវបានខ្មែរក្រហមចាត់តាំងឱ្យរស់នៅជាក្រុមៗ។ សម្រាប់ការបរិភោគចំណីអាហារប្រចាំថ្ងៃ ខ្មែរក្រហមបានផ្តល់ត្រឹមតែបបររាវៗដែលមិនសូវមានគ្រាប់អង្ករឡើយ។

សោម បានប្រាប់ថា នៅក្នុងសម័យនោះសម្បូរត្រីសាច់ណាស់ ប៉ុន្តែខ្មែរក្រហមមិនឱ្យមនុស្សបរិភោគបានគ្រប់គ្រាន់ទេ ដែលធ្វើឱ្យគាត់អស់កម្លាំងយ៉ាងខ្លាំង ដោយសារមិនមានចំណីអាហារបរិភោគគ្រាប់គ្រាន់។ ក្នុងរបបនោះ មានការបង្ខំឱ្យធ្វើការហួសកម្លាំង។ សោម និងអ្នកដទៃទៀតត្រូវរែកដីធ្វើទំនប់២ទៅ៣គូប និងស្ដាប្រព័ន្ធភ្លឺស្រែចាប់ពី១៥ទៅ២០ម៉ែត្រក្នុងមនុសម្នាក់។ ក្រៅពីការងារធ្ងន់ធ្ងរ របបខ្មែរក្រហមមានការយកមនុស្សទៅសម្លាប់ដោយគ្មានមូលហេតុ ហើយក្រៅពីនោះទៀត មានប្រជាជនជាច្រើនដែលបានស្លាប់ដោយសារជំងឺ កង្វះអាហារ។ លើសពីនេះ យុវជន-យុវនារី នៅក្នុងរបបខ្មែរក្រហមមានការបង្ខិតបង្ខំឱ្យរៀបការ ដោយក្នុងមួយព្រឹកមាន៥០ទៅ១០០គូ ហើយប្រសិនបើមានអ្នកប្រកែក អង្គការនឹងយកទៅសម្លាប់ចោលភ្លាម។ បន្ទាប់ពីរៀបការរួច អង្គការបានចាត់តាំងឱ្យទៅធ្វើការងាររៀងៗខ្លួន។

សោម បាននិយាយថា ចាប់ពីឆ្នាំ១៩៧៦មក គ្មានព្រះសង្ឃគង់ក្នុងវត្តទេ ព្រោះអង្គការចាប់ផ្សឹកនិងបញ្ជូនឱ្យទៅធ្វើស្រែដូចប្រជាជនសាមញ្ញ។ បច្ចុប្បន្ន សោម កំពុងរស់នៅភូមិទ្រាក ឃុំសៀមរាប ខេត្តសៀមរាប។ គិតចាប់តាំងពីសម័យខ្មែរក្រហមរហូតមកដល់សព្វថ្ងៃនេះ សោម មានសុខភាពល្អ និងមិនមានជំងឺឈឺថ្កាត់អ្វីឡើយ។

សម្ភាសន៍ដោយ៖ ធី ចាន់ថា ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤

អត្ថបទដោយ៖ នេន ស្រីមុំ

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin