បង្អែមអង្ករបបរលាយជាមួយនឹងស្ករ

(តាកែវ)៖ សុន សេង មានអាយុ៥៩ឆ្នាំ រស់នៅភូមិតាំងញាតិ ឃុំពារាម ស្រុកបាទី ខេត្តតាកែវ។ បច្ចុប្បន្ន សេង មានជំងឺគ្រុនពោះវៀន ព្រមទាំងឈឺចង្កេះ។
នៅក្នុងរបបខ្មែរក្រហម សេង មានអាយុប្រហែល១០ឆ្នាំ អង្គការបានចាត់ទុក សេង ជាប្រជាជនមូលដ្ឋាន។ អង្គការចាត់តាំងឱ្យ សេង ធ្វើការងារនៅក្នុងកងកុមារភូមិ បន្ទាប់មកបានបញ្ជូនបន្តឱ្យទៅរស់នៅក្នុងកងកុមារឃុំ។ ការងារដែលគាត់ត្រូវធ្វើនៅទីនោះគឺលើកភ្លឺស្រែ ជីកប្រឡាយ ព្រមទាំងរែកដី។ ការងារទាំងនេះត្រូវចាប់ផ្តើមតាំងពីម៉ោង៤ទៀបភ្លឺជារៀងរាល់ថ្ងៃ។ បន្ទាប់ពីធ្វើការងារនោះបានរយៈពេល២ឆ្នាំ អង្គការបានបញ្ជូន សេង ឱ្យទៅធ្វើឈ្លបវិញម្តង។
សេង បាននិយាយបន្ថែមថា នៅក្នុងរបបខ្មែរក្រហម អាហារមួយឆ្នាំងត្រូវហូបគ្នាចំនួន៨នាក់ នរណាហូបអស់បបរមុន អាចដួសមួយចានទៀតបាន។ នៅក្នុងតំបន់ដែលគាត់រស់នៅ ជាទូទៅ១០ថ្ងៃម្ដង អង្គការតែងតែធ្វើបង្អែម ដើម្បីលើកទឹកចិត្តឱ្យប្រជាជនខឹតខំធ្វើការងារ ហើយបង្អែមនោះធ្វើពីអង្ករបបរលាយជាមួយនឹងស្ករ។ បង្អែមនោះស្ដាប់ទៅធម្មតាសម្រាប់មនុស្សក្នុងពេលបច្ចុប្បន្ន ប៉ុន្តែវាពិសេសខ្លាំងសម្រាប់អ្នកដែលរស់នៅក្នុងរបបខ្មែរក្រហម ព្រោះកម្រនឹងទទួលបានបង្អែមហូបណាស់។
សេង បានបញ្ជាក់ទៀតថា នៅក្នុងរបបខ្មែរក្រហម មានការខ្វះខាតថ្នាំពេទ្យខ្លាំង ភាគច្រើនមានតែថ្នាំដែលផ្សំពីឫសឈើ ហើយមានថ្នាំចាក់បន្តិចបន្តួច ជួនកាលយកទឹកដូងធ្វើជំនួសសេរ៉ូម។ ពេលមានជំងឺគ្រុនចាញ់ គ្រូពេទ្យមានថ្នាំគីនីនសម្រាប់ឱ្យលេប។ នៅពេលនោះមិនមែនត្រឹមតែខ្វះខាតថ្នាំពេទ្យប៉ុណ្ណោះទេ សូម្បីតែគ្រូពេទ្យក៏មិនសូវសម្បូរដែរ ហើយភាគច្រើនជាគ្រូពេទ្យដែលមិនសូវមានជំនាញព្យាបាលច្បាស់លាស់ ព្រោះខ្មែរក្រហម បញ្ជូនតែប្រជាជនដែលមិនសូវមានចំណេះដឹងទៅរៀនជំនាញព្យាបាល។
ចំពោះការរៀបការគឺអង្គការជាអ្នករៀបចំឱ្យរៀបការ ទោះបីភាគីទាំងសងខាងមិនដែលស្គាល់គ្នាសោះក្តី។ ការរៀបការនេះអង្គការរៀបចំម្តង១០គូឡើងទៅ ស្របតាមការចាត់ចែងរបស់ថ្នាក់លើ។ មូលហេតុដែល សេង អាចដឹងពីការរៀបការក្នុងរបបខ្មែរក្រហមបានយ៉ាងច្បាស់ ព្រោះ សេង ជាឈ្លបយាមនៅទីតាំងដែលរៀបចំកម្មវិធីនោះ។ ក្នុងពិធីរៀបការនីមួយៗ មានប្រធានក្រុមជាអ្នកមើលខុសត្រូវ។ ក្រោយពេលប្រធានក្រុមនិយាយពន្យល់រួចមួយសន្ទុះ ដៃគូនីមួយៗត្រូវកាន់ដៃគ្នាឡើងប្តេជ្ញាចិត្តរួចទើបបញ្ចប់កម្មវិធី។ ក្នុងអំឡុងពេលនោះ ពេលវេលានៃការរៀបការ ច្រើនរៀបចំឡើងនៅពេលយប់ ពេលសម្រាកពីការងារស្នូល។
ការធ្វើទារុណកម្ម ព្រមទាំង ការសម្លាប់រង្គាលនៅក្នុងរបបខ្មែរក្រហម គឺមានពិតប្រាកដមែន ប៉ុន្តែ សេង មិនដឹងច្បាស់ថាគេយកជនរងគ្រោះទៅសម្លាប់នៅទីណាឱ្យប្រាកដទេ។ សេង គ្រាន់តែបញ្ជាក់ថានៅក្នុងកងរបស់ខ្លួន ពេលព្រឹកឡើងអង្គការបានស្នើយកទៅ ភាគច្រើនបាត់ខ្លួនមិនឃើញត្រឡប់មកវិញឡើយ។ សេង រៀបរាប់បន្តថា មានអ្នកនៅកងជាមួយម្នាក់ ពេលកំពុងរែកដី ឈ្លបមកស្នើតាមការចាត់តាំងរបស់សហករណ៍ រួចប្រាប់ឈ្មោះអ្នកដែលត្រូវស្នើដល់មេកង។ មេកងបានចង្អុលប្រាប់ ហើយឈ្លបនោះមកប្រាប់អ្នកដែលត្រូវបានស្នើថា «គេមកយកសមមិត្តទៅឱ្យធ្វើការកន្លែងផ្សេង»។ បន្ទាប់ពីទម្លាក់អម្រែកចុះ ឈ្លបបាននាំយកបុគ្គលនោះទៅបាត់ស្រមោល។ នៅក្នុងរបបខ្មែរក្រហម បងប្អូនរបស់សេង ចំនួន៤នាក់ ត្រូវបានឈ្លបយកទៅសម្លាប់នៅព្រៃកប្បាស។
ចំពោះការបំផ្លាញសាសនា សេង ធ្លាប់ឃើញផ្ទាល់ភ្នែកអង្គការបានវាយបំផ្លាញព្រះវិហារ និងព្រះពុទ្ធរូបនៅក្នុងភូមិដែលគាត់ស្នាក់នៅ។ ក្រៅពីនោះ អង្គការបានយកទីធ្លារវត្តអារាមធ្វើជាកន្លែងស្នាក់នៅសម្រាប់ក្រុមសិល្បៈ។ នៅជំនាន់នោះ សេង មានសាច់ញាតិម្នាក់ជាមិត្តភក្តិរបស់អ្នកសិល្បៈ ដែលអាចជួយឱ្យ សេង ចេញចូលក្នុងវត្តបាន ទើប សេង អាចឃើញការវាយបំបែកព្រះពុទ្ធរូបនៅក្នុងព្រះវិហារ។ ព្រះសង្ឃទាំងអស់ត្រូវបានបង្ខំឱ្យលាចាកសិក្ខាបទ រួចបញ្ជូនឱ្យទៅនៅកងតាមវ័យនីមួយៗ។ បើមើលឃើញក្មេង អង្គការនឹងដាក់ក្នុងកងកុមារ, បើវ័យជំទង់ នឹងដាក់ក្នុងកងយុវជន, បើវ័យចំណាស់ឱ្យថែទាំដំណាំផ្សេងៗ។
សម្ភាសន៍ដោយ៖ ម៉ា សារពេជ្ញ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤
អត្ថបទដោយ៖ នេន ស្រីមុំ







