យុវជនជំនាន់ក្រោយកុំបំភ្លេចរបបខ្មែរក្រហម

(តាកែវ)៖ ផាត់ ចេវ អាយុ៧០ឆ្នាំ មានទីលំនៅ នៅភូមិតាំងញាតិ ឃុំពារាម ស្រុកបាទី ខេត្តតាកែវ។ ចេវ ឈឺសន្លាក់ដៃ-ជើង ធ្វើឱ្យមានអាការឈឺចាប់ជារៀងរាល់ថ្ងៃ។
នៅក្នុងឆ្នាំ១៩៧០ ចេវ បានទៅរស់នៅទីក្រុងភ្នំពេញ ប្រកបរបរធាក់ស៊ីក្លូដើម្បីចិញ្ចឹមជីវិត។ លុះដល់ឆ្នាំ១៩៧២ ចេវ សម្រេចចិត្តត្រឡប់មកស្រុកកំណើតវិញ ពេលនោះស្រុកកំណើតរបស់គាត់ គឺជាតំបន់រំដោះដែលគ្រប់គ្រងដោយខ្មែរក្រហម។ ក្នុងអំឡុងពេលរស់នៅភូមិកំណើត មានការទម្លាក់គ្រាប់បែកយ៉ាងខ្លាំង បណ្តាលឱ្យមានការខូចខាតទ្រព្យសម្បត្តិ និងបង្កឱ្យប្រជាជនភាពភ័យខ្លាចជាពន់ពេក។
នៅក្នុងឆ្នាំ១៩៧៥ ខ្មែរក្រហមបានគ្រប់គ្រងអំណាច ពេលនោះ ចេវ មានអាយុ២0ឆ្នាំ។ ចេវ ត្រូវបានចាត់ទុកជាប្រជាជនមូលដ្ឋាន។ ការងារដែលខ្មែរក្រហមចាត់តាំងឱ្យធ្វើរួមមាន លើកទំនប់, ជីកប្រឡាយ និងសែងអ្នករបួសតាមសមរភូមិប្រយុទ្ធ។ ចេវ បាននិយាយថា ទំនប់ប្រឡាយដែលមាននៅក្នុងពេលបច្ចុប្បន្ននេះ គឺជាការបន្សល់ទុកពីការបង្ខំឱ្យជីករបស់ប្រជាជនខ្មែរនៅក្នុងរបបខ្មែរក្រហម។
នៅអំឡុងរបបខ្មែរក្រហម ប្រសិនបើប្រជាជនមិនធ្វើតាមបញ្ជា អង្គការនឹងវាយសម្លាប់ចោលភ្លាមៗ ហើយការរស់នៅក្នុងរបបនោះមានការបែងចែកវណ្ណៈយ៉ាងច្បាស់លាស់។ ចេវ ស្ថិតក្នុងចំណោមប្រជាជនមូលដ្ឋាន ចំណែកឪពុកម្តាយរបស់គាត់ ស្ថិតនៅក្នុងក្រុមប្រជាជនថ្មីឬប្រជាជន១៧មេសា។ ខ្មែរក្រហមបានបែងចែកប្រជាជនមូលដ្ឋាន និងប្រជាជន១៧មេសា មិនអនុញ្ញាតឱ្យរស់នៅជុំគ្នាឡើយ ហើយប្រជាជន១៧មេសា តែងទទួលរងការធ្វើបាបពីប្រជាជនមូលដ្ឋាន ឬអង្គការ។ ចំណែកឯការហូបចុកវិញមានការខ្វះខាតខ្លាំង មួយពេលចែកបបរឱ្យតែម្នាក់មួយវែក។ នៅក្នុងរបបនោះក្នុងរយៈពេលមួយឆ្នាំមានតែ៣ខែដែលទទួលបានបាយហូបគ្រប់គ្រាន់ គឺក្រោយពេលប្រមូលផលស្រូវរួចរាល់ បន្ទាប់ពីនោះមានតែបបររាវប៉ុណ្ណោះ។
ការព្យាបាលជំងឺ មានការផលិតថ្នាំពេទ្យនិងប្រើថ្នាំសល់ពីមុនខ្លះ តែថ្នាំទាំងនោះមិនផ្តល់ឱ្យអ្នកជំងឺគ្រប់គ្នាឡើយ។ ប្រជាជន១៧មេសាមិនទទួលបានថ្នាំពេទ្យល្អទេ គឺបានតែថ្នាំខ្មែរសម្រាប់លេប។ នៅពេលនោះមន្ទីរពេទ្យគឺមាននៅតាមឃុំ ស្រុក និងតំបន់ខេត្ត ហើយបែងចែកតាមប្រភេទនៃជំងឺ។
ចេវ បាននិយាយថា៖ «ខ្ញុំបានរៀបការជាមួយប្រពន្ធរបស់ខ្ញុំនៅក្នុងឆ្នាំ១៩៧៩។ ការរៀបការនោះ ខ្មែរក្រហមរៀបចំម្តងៗមានចំនួនច្រើនគូ ជួនកាលធ្វើនៅពេលយប់ ជួនកាលធ្វើនៅពេលថ្ងៃ គឺគ្រាន់តែឱ្យចាប់ដៃគ្នា រួចប្តេជ្ញាចិត្តទទួលយក រួចរស់នៅជាមួយគ្នាជាប្តីប្រពន្ធ»។
ការធ្វើទារុណកម្ម និងការសម្លាប់មនុស្ស ចេវ មិនដែលឃើញផ្ទាល់ភ្នែកឡើយ គ្រាន់តែឮការនិយាយបន្តៗគ្នាថា ខ្មែរក្រហមនាំមនុស្សយកទៅសម្លាប់នៅវត្តកោះនិងវត្តក្រគរ។ ការសម្លាប់ និងការធ្វើទារុណកម្ម មិនមែនមានតែលើប្រជាជន១៧មេសាទេ ប្រជាជនទាំងអស់ត្រូវរងគ្រោះដូចគ្នាប្រសិនជាអង្គការដាក់ការសង្ស័យ។ ការបំផ្លិចបំផ្លាញវត្តអារាម ព្រះវិហារសាសនា មានសភាពធ្ងន់ធ្ងរ។ ខ្មែរក្រហមបានវាយដងទង់វត្ត វាយកម្ទេចព្រះវិហារ ព្រមទាំងធ្វើបាបព្រះសង្ឃ ព្រោះចង់លុបបំបាត់សាសនាឱ្យរលាយសាបសូន្យ។ ក្រោយពេលវាយកម្ទេចវត្ត ព្រះវិហាររួច ខ្មែរក្រហមប្រមូលដែកយកទៅសាងសង់ស្ពាន ធ្វើរហាត់ទឹក និងសន្ទះបិទបើកទឹកការពារទឹកជំនន់។
ចេវ មានមតិផ្តាំផ្ញើដល់យុវជនជំនាន់ក្រោយ ឱ្យក្រឡេកមើលរបបខ្មែរក្រហម កុំបីភ្លេចពីរបបនោះ ព្រោះជាពេលដ៏លំបាកវេទនាបំផុត។ ទោះបីជាយុវជនជំនាន់ក្រោយមិនបានឆ្លងកាត់ផ្ទាល់ តែឪពុកម្តាយនិងសាច់ញាតិ ធ្លាប់ឆ្លងកាត់ការឈឺចាប់ទាំងនេះ។ ហេតុនេះ គ្រប់គ្នាត្រូវតែចងចាំជានិច្ច មិនត្រូវបំភ្លេចចោលឡើយ៕
សម្ភាសន៍ដោយ៖ ម៉ា សារពេជ្ញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤
អត្ថបទដោយ៖ នេន ស្រីមុំ







