អ៊ួង សៀក៖ នៅរស់ទាំងវេទនា

រឿងរ៉ាវដែលខ្ញុំចង់ចាំមិនភ្លេចនៅក្នុងសម័យខ្មែរក្រហមគឺការខ្វះខាតអាហារហូបចុក។ នៅក្នុងសហករណ៍ អង្គការបានយកអង្ករចំនួន៤កំប៉ុងទៅបបររាវៗលាយជាមួយព្រលឹត ត្រាវ និងបន្លែផ្សេងៗទៀត។ ការហូបអាហារបែបនេះ បានធ្វើឲ្យខ្ញុំនិងប្រជាជននៅក្នុងភូមិ មានជំងឺហើម ហើយស្លាប់ជាច្រើននាក់ព្រោះគ្មានថ្នាំព្យាបាល។
អ៊ួង សៀក អាយុ៧៤ឆ្នាំ រស់នៅភូមិសឹង្ហ ឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម សៀក មានអាយុប្រមាន៣០ឆ្នាំ និងមានកូន៣នាក់។ នៅក្នុងសហករណ៍ សៀក បានចូលក្នុងកងចល័តភូមិដែលមានសមាជិកប្រមាណ១២នាក់ ដើម្បីធ្វើការងារ រែកលាមកគោដាក់ស្រែ រែកទឹកស្រោចដំណាំ រែកដីលើកទំនប់ ជីកព្រែក លើកអាង ជីកប្រឡាយ រវៃអំបោះ បេះកប្បាស និងលីនង្គ័លយកទៅភ្ជួរស្រែ តាមការចាត់តាំងរបស់អង្គការ។ នៅពេលធ្វើការ សៀក ត្រូវក្រោកតាំងពីយប់មាន់រងាវលើកទីមួយ ដើម្បីចេញទៅធ្វើការរហូតដល់ពេលល្ងាច ប៉ុន្តែនៅពេលដែលមានការងារច្រើនអង្គការបានចាត់តាំងឲ្យក្រុមរបស់គាត់ធ្វើការដល់ពេលយប់។
ជារៀងរាល់ថ្ងៃ សៀក ត្រូវធ្វើការងារធ្ងន់ៗ ប៉ុន្តែការហូបអាហាររបស់គាត់មិនបានគ្រប់គ្រាន់នោះទេ។ នៅពេលប្រមូលផល អង្គការបានដាំបាយចែកប្រជាជនហូបបន្តិចបន្តួចមួយរយៈពេលខ្លី ហើយក្រៅពីនោះគឺបបររាវៗ ឬបបរលាយជាមួយបន្លែ។ សៀក បានឲ្យដឹងថា ប្រជាជនធ្វើស្រែបានទិន្នផលច្រើនណាស់ ប៉ុន្តែស្រូវដែលប្រមូលបានត្រូវលើកដាក់ឡានដឹកចេញទៅអស់។ នៅពេលដែលដាច់ស្បៀងខ្លាំង អង្គការបានយកអង្ករចំនួន៤កំប៉ុងប៉ុណ្ណោះ សម្រាប់ដាំបបររាវៗលាយជាមួយព្រលឹត ត្រាវ និងបន្លែផ្សេងៗទៀត។ ការហូបអាហារបែបនេះបានធ្វើឲ្យ សៀក និងប្រជាជននៅក្នុងភូមិមានជំងឺហើម ហើយស្លាប់ជាច្រើននាក់ព្រោះគ្មានថ្នាំព្យាបាន។ សៀក បានបន្តថា អង្គការមានគ្រូពេទ្យ និងមានថ្នាំចាក់ ប៉ុន្តែប្រជាជនភាគច្រើនបានត្រឹមតែលេបថ្នាំខ្មៅៗដែលធ្វើដោយខ្លួនឯង និងមិនសូវមានប្រសិទ្ធភាព។
នៅក្នុងសម័យខ្មែរក្រហម សៀក បាត់បង់បងប្អូនជីដូនមួយជាច្រើននាក់ ហើយបងប្អូនបង្កើតរបស់គាត់ដែលនៅមានជីវិត គឺត្រូវរស់នៅទាំងវេទនា។ សៀក បន្ថែមថា គាត់ធ្លាប់បានមើលតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម និងពេញចិត្តជាមួយការកាត់ទោសនេះណាស់ ដែលបានផ្ដល់យុត្តិធម៌ដល់ប្រជាជន និងការពារកុំឲ្យរបបខ្មែរក្រហមត្រលប់មកវិញ។ មួយវិញទៀត នៅពេលដែលតុលាការបញ្ចប់ទៅ សៀក ចង់ឲ្យក្មេងៗជំនាន់ក្រោយបានចង់ចាំ និងដឹងពីការលំបាករបស់ប្រជាជន ដូច្នេះគាត់គាំទ្រឲ្យមានការចងក្រងឯកសារប្រវត្តិសាស្រ្ដខ្មែរក្រហម បង្កើតកន្លែងតម្កល់ទុកឯកសារ និងការអប់រំក្មេងៗជំនាន់ក្រោយនៅតាមសាលារៀន។
នៅពេលផ្ដល់បទសម្ភាសន៍ សៀក មានជំងឺបេះដូង ទឹកនោមផ្អែម លើសឈាម ក្រពះពោះវៀន និងឈឺក្បាលជង្គង់។ សៀក គិតថាការឈឺក្បាលជង្គង់របស់គាត់កើតឡើងមកពីការធ្វើការងារធ្ងន់ៗក្នុងរបបខ្មែរក្រហម ហើយជំងឺផ្សេងទៀតដោយសារគាត់ចាស់ជរា និងការហូបអាហារគីមីច្រើន។ ដើម្បីព្យាបាលជំងឺ សៀក បានទៅពិនិត្យសុខភាពជាញឹកញាប់ក្នុងមន្ទីរពេទ្យឯកជននៅថ្នល់ជាតិលេខ៣ និងទិញថ្នាំពេទ្យយកមកលេប។
សម្ភាសន៍ដោយ៖ ស្រឿន ធារ៉ា នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១
អត្ថបទដោយ៖ ភា រស្មី







