នៅតែស្រក់ទឹកភ្នែកពេលនឹកឃើញដល់របបខ្មែរក្រហម

យឹម គឹមអ៊ី អាយុ៦០ឆ្នាំ រស់នៅភូមិស្វាយខាងត្បូង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ។ គឹមអ៊ី មានបងប្អូនចំនួន៧នាក់ ក្នុងនោះគាត់គឺជាកូនទី៤។ នៅក្នុងសម័យខ្មែរក្រហម បងរបស់គឹមអ៊ី ៣នាក់ត្រូវចូលទៅធ្វើការក្នុងកងចល័ត និងបានបាត់ដំណឹង២នាក់។ ចំពោះគឹមអ៊ី និងប្អូនៗត្រូវចូលទៅក្នុងកងកុមារ ដើម្បីធ្វើការកើបអាចម៍គោ និងលើកទំនប់។ ចំណែកម្ដាយរបស់គឹមអ៊ី ត្រូវចូលក្នុងកងចល័តមនុស្សចាស់ ដើម្បីចេញទៅធ្វើការងារស្ទូងដក និងរែកដីក្បែរសហករណ៍ ហើយឪពុកគាត់ដែលមានជំងឺត្រូវធ្វើការងារក្នុងសហករណ៍។
បន្ទាប់មកនៅពេល គឹមអ៊ី អាយុប្រមាណជិត១៨ឆ្នាំ អង្គការបានចាត់តាំងឲ្យគាត់ចូលទៅក្នុងកងចល័តស្រុក ដើម្បីធ្វើស្រែ ស្ទូងដក ច្រូត រែកដី លើកទំនប់ ជីកប្រឡាយឆ្ងាយៗពីសហករណ៍។ នៅការដ្ឋានការងារ មុនដំបូង គឹមអ៊ី រែកដីត្រឹមតែមួយប៉ែលប៉ុណ្ណោះនៅក្នុងបង្គីម្ខាងៗ ដើម្បីឲ្យគាត់បន្សាំខ្លួនជាមុនសិន។ ប៉ុន្តែនៅពេល គឹមអ៊ី រែកដីបានបីជើង អង្គការបានបន្ថែមដីចំនួន២ទៅ៣ប៉ែលក្នុងបង្គីម្ខាងៗរហូតដល់ដាក់ដីពេញៗបង្គីតែម្ដង។ នៅកន្លែងធ្វើការ គឹមអ៊ី មានមាឌតូចជាងគេ ប៉ុន្តែការងារដែលគាត់ធ្វើគឺរែកដីឡើងលើទំនប់កម្ពស់ខ្ពស់ចុងត្នោត ដូចកងនារីផ្សេងទៀត។ នៅពេលបញ្ចប់ការងារ គឹមអ៊ី និងនារីនៅក្នុងកងទាំងអស់ត្រូវកាន់ ឬស្ពាយប៉ែលមួយ ចបមួយ និងបង្ខី២ដែលអង្កការចែកឲ្យដើរ ឬហែលទឹកទៅធ្វើការកន្លែងផ្សេងទៀត ហើយប្រសិនបើបាត់បង់ ឬខូចខាតគឺត្រូវមានទោស។
នៅក្នុងកងចល័ត គឹមអ៊ី និងនារីផ្សេងទៀត មិនអាចនិយាយត្អូញត្អែរដាក់គ្នា ឬនិយាយតវ៉ាប្រឆាំងចំពោះមុខអង្គការបានទេ ហើយប្រសិនបើកងឈ្លបស៊ើបដឹងនឹងត្រូវចាប់យកទៅកសាងក្នុងអង្គប្រជុំ។ ការកសាងនេះ គឺធ្វើឡើងមិនដូចគ្នាទេ សម្រាប់ប្រជាជនផ្ញើ ឬអ្នកមានសាច់ញាតិជាមួយប្រជាជនថ្មីត្រូវបានអង្គការចាប់យកទៅសម្លាប់បន្ទាប់ពីកសាងពីរដង ប៉ុន្តែប្រជាជនមូលដ្ឋាន ដែលអង្គការទុកចិត្តគឺអាចកសាងដោយស្ដីបន្ទោស ឬយោគយល់ជាងនេះ។
ចំពោះ គឹមអ៊ី ទទួលបានការទុកចិត្តពីអង្គការ ព្រោះគាត់បានលាក់បាំងប្រវត្តិរូបដែលខ្លួនមានឪពុកមាធ្វើការនៅក្នុងសម័យ លន់ នល់ និងធ្លាប់រស់នៅទីក្រុងភ្នំពេញ។ នៅក្នុងកង គឹមអ៊ី មិនហ៊ានឈប់ទាល់តែសោះ បើទោះបីជាជំងឺ ព្រោះគាត់ខ្លាចអង្គការចោទប្រកាន់ថាធ្វើពុតជាឈឺ ឬហៅថាគ្រុនទន្សាយ។ គឹមអ៊ី ទ្រាំទៅធ្វើការងារ រហូតដល់ឈឺធ្ងន់ក្រោកទៅធ្វើការមិនកើត ទើបអង្គការបញ្ជូនគាត់ឲ្យទៅព្យាបាលនៅពេទ្យកោះធំ។ នៅក្នុងមន្ទីរពេទ្យ គឹមអ៊ី ទទួលបានត្រឹមថ្នាំខ្មែរគ្រាប់មូលៗដែលធ្វើឡើងដោយពេទ្យអង្គការក្បែរនោះប៉ុណ្ណោះ។
ជារៀងរាល់ថ្ងៃ គឹមអ៊ី ត្រូវក្រោកពីម៉ោង៣យប់ដើម្បីធ្វើការងារហូតដល់ពេលល្ងាច ឬបន្តធ្វើដល់ពេលយប់ ប៉ុន្តែរបបអាហារដែលគាត់ទទួលបានមិនគ្រប់គ្រាន់នោះទេ។ នៅពេលប្រមូលផល អង្គការបានដាំបាយចែកឲ្យ គឹមអ៊ី និងយុវជនកងចល័តកម្លាំងទីមួយទាំងអស់ហូបម្នាក់មួយវែកជាមួយដំឡូងមី ប៉ុន្តែបាយនេះគាត់អាចហូបបានត្រឹមមួយរយៈពេលខ្លីប៉ុណ្ណោះ ហើយចាប់ពីពេលនោះគឺបានត្រឹមហូបបបរប៉ុណ្ណោះ។ មួយវិញទៀត ការហូបអាហារនេះគឺមានភាពខុសគ្នាពីមួយកន្លែងទៅមួយកន្លែងដែលក្រុមកងចល័តទៅធ្វើការ។ ជាក់ស្ដែង នៅពេលធ្វើការរែកដីនៅបឹងធំ អង្គការបានផ្ដល់បាយមួយវែកម្នាក់ដល់យុវជន ព្រោះការងារនៅទីនោះត្រូវសម្រុកធ្វើខ្លាំងរហូតដល់ពេលយប់។ ផ្ទុយទៅវិញនៅពេល គឹមអ៊ី ធ្វើការនៅលើកដែក ឬភូមិចុងសាច់ ឃុំឈើខ្មៅ អង្គការបានផ្ដល់ត្រឹមម្សៅជ្រែកូរឲ្យគាត់ និងប្រជាជនទាំងអស់នៅទីនោះហូប ជាមួយទឹកប្រហុក ឬបបរលាយគ្រាប់ពោតប៉ុណ្ណោះ។
ក្រៅពីការលំបាកខាងលើ សម្លៀកបំពាក់ក៏ជាបញ្ហាមួយទៀតសម្រាប់ គឹមអ៊ី ព្រោះគាត់មានខោអាវតែមួយសម្រាប់ប៉ុណ្ណោះ។ ជារៀងរាល់ថ្ងៃ នៅពេលគឹមអ៊ី ធ្វើការទប់ទឹកទន្លេក្នុងព្រែក ច្រូតស្រូវក្នុងទឹកពេញមួយថ្ងៃ ឬធ្វើការហាលភ្លៀងគាត់ត្រូវស្លៀកសម្លៀកបំពាក់សើមពេញមួយថ្ងៃ និងបន្តដល់ពេលយប់សម្រាកទៀត។
នៅចុងឆ្នាំ១៩៧៧ អំឡុងពេលមានការប្រយុទ្ធគ្នាជាមួយទាហានវៀតណាមកើតឡើង នៅព្រំប្រទល់ព្រែកជ្រៃ និងឡុងប៊ិន អង្គការបានចាត់តាំងក្រុមរបស់គឹមអ៊ី ឲ្យទៅធ្វើការដាំសណ្ដែក និងដកសំណាបក្បែរខ្សែត្រៀមទី១។ នៅត្រង់ខ្សែត្រៀម គឹមអ៊ី និងនារីកងចល័តទាំងអស់ត្រូវលួចលូនចូលទៅធ្វើការងារ ហើយនៅពេលឮសំឡេងប្រយុទ្ធគ្នា និងទម្លាក់គ្រាប់បែកគឺត្រូវប្រញាប់រត់គេចខ្លួន។
បន្ទាប់មក នៅពេលបេះសណ្ដែកកួរ និងដកប៉ិកួរួច អង្គការបានរំសាយក្រុមកងចល័តយុវជនទាំងអស់ចេញ ហើយប្រកាសជ្រើសរើសក្រុមវរថ្មី ដោយឲ្យយុវនារី និងយុវជនស្ម័គ្រចិត្តទៅចុះឈ្មោះ។ នៅពេលឮដូច្នេះ គឹមអ៊ី មិនបានចូលរួមក្រុមថ្មីនោះទេ គឺគាត់សម្រេចចិត្តរត់ត្រលប់មកសហករណ៍វិញដើម្បីបានជួបឪពុកម្ដាយ។ នៅក្នុងសហករណ៍ គឹមអ៊ី បានទៅសុំអង្គការចូលរួមជាមួយក្រុមកងនារីផ្សេងទៀត ដើម្បីប្ដូរយកបាយហូប។ គឹមអ៊ី ធ្វើការក្បែរសហករណ៍បានរយៈពេល២សប្ដាហ៍ ស្រាប់តែមានសង្គ្រាមធំកើតឡើង ហើយប្រទេសជាតិត្រូវបានរំដោះ។
ក្រោយរបបខ្មែរក្រហម គឹមអ៊ី បានរស់នៅ និងធ្វើស្រែក្នុងភូមិ ប៉ុន្តែគាត់នៅតែមានអារម្មណ៍ឈឺចាប់ចំពោះរបបខ្មែរក្រហម។ នៅពេលដែលនឹកឃើញ គឹមអ៊ី បានស្រក់ទឹកភ្នែកអាណិតខ្លួនឯង និងអាណិតគ្រួសារទាំងមូលជាពិសេសឪពុករបស់គាត់ដែលឈឺជាញឹកញាប់ហើយមិនមានកូននៅមើលថែ ឬបានមកជួបមុខ។ នៅពេលផ្ដល់បទសម្ភាសន៍ គឹមអ៊ី បានរៀបរាប់រឿងរ៉ាវរបស់ខ្លួននៅក្នុងសម័យខ្មែរក្រហមទាំងស្រក់ទឹកភ្នែក។
សម្ភាសន៍ដោយ៖ ថៃ ស៊ីណា នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១
អត្ថបទដោយ៖ ភា រស្មី







