អង្ករមួយកំប៉ុងបបរហូបគ្នាប្រាំនាក់

(កំពង់ធំ) ប៉ែន ចាន់ អាយុ៦១ឆ្នាំ មានអាស័យដ្ឋានបច្ចុប្បន្ននៅភូមិចុងដា ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ។ សព្វថ្ងៃ ចាន់ មានជំងឺសន្លាក់ដៃជើងដែលកើតឡើយដោយសារតែការធ្វើការងារហួសកម្លាំងតាំងរបបខ្មែរក្រហម។ កន្លងមក ចាន់ ធ្លាប់បានទៅពិនិត្យនៅមន្ទីរពេទ្យខេត្តម្តង ពេលនោះពេទ្យប្រាប់ថាមានជំងឺពុកឆ្អឹង។

ចាន់ បាននិយាយប្រាប់អ្នកស្ម័គ្រចិត្តកម្ពុជា នៃអង្គការមជ្ឈមណ្ឌលឯកសារកម្ពុជាថា ការរស់នៅក្នុងរបបខ្មែរក្រហម មានការពិបាកនិងគ្មានសេរីភាពអ្វីទាំងអស់។ ចាន់ បានបញ្ជាក់ថា នៅឆ្នាំ១៩៧៥ ក្នុងតំបន់របស់គាត់មិនទាន់មានការពិបាកខ្លាំងទេ គឺនៅក្រុមប្រវាសដៃ និងហូបចុករៀងខ្លួន។ រហូតមកដល់ឆ្នាំ១៩៧៦ ទើបអង្គការប្រមូលសម្ភារប្រើប្រាស់ ឬទ្រព្យសម្បត្តិទាំងអស់ដាក់ក្នុងសមូហភាព ហើយតម្រូវឱ្យហូបបាយរួមគ្នា ស្នាក់នៅរួម និងធ្វើការងាររួមគ្នា។ ក្នុងឆ្នាំដដែលនោះ ចាន់ ចូលធ្វើការនៅស្រុកកំពង់ស្វាយ មានតួនាទីជាកងចល័តតំបន់។ កងចល័តតំបន់ ត្រូវបានចល័តជាច្រើនកន្លែងតាមការចាត់តាំងរបស់អង្គការ។ របបអាហារពេលនោះមានតែបបរលាយជាមួយត្រកួន ហើយបបរមួយកំប៉ុងហូបគ្នាប្រាំនាក់។ ការស្លៀកពាក់មានតែមួយឈុតគត់គឺស្លៀកខោអាវពណ៌ខ្មៅទាំងអស់គ្នា។

នៅឆ្នាំ១៩៧៧ អង្គការបានចាត់តាំងឱ្យធ្វើការងារស្ទើរតែគ្មានពេលសម្រាក។ នៅពេលឈឺល្មមៗគឺត្រូវតែទៅធ្វើការ ប្រសិនបើមិនទៅធ្វើការទេ អង្គការនឹងបង្អត់អាហារ ហើយនៅពេលឈឺញឹកញាប់ពេកអង្គការហៅប្រជុំជីវភាព និងកសាងថាជាមនុស្សខ្ជិល។ ពាក់ព័ន្ធនឹងការព្យាបាលជំងឺគឺធ្វើតាមបែបបុរាណ ឬថ្នាំដែលមានរាងមូលៗដូចអាចម៍ទន្សាយ។ នៅក្នុងរបបខ្មែរក្រហម អង្គការបានដាក់កម្រិតការងារត្រូវធ្វើចាប់ពីម៉ោង៧ព្រឹក រហូតដល់ម៉ោង១១ថ្ងៃត្រង់។ នៅពេលនោះឈប់សម្រាក អាចឈប់បានត្រឹមតែ១៥នាទីប៉ុណ្ណោះ មិនថានៅការដ្ឋានឬការងារលើកដី ស្ទូងស្រូវ អង្គការតម្រូវឱ្យធ្វើការងារឱ្យច្បាស់លាស់។ នៅក្នុងរបបនោះ ការងារទាំងអស់ប៉ុន្មានដែលអង្គការចាត់តាំងឱ្យគឺត្រូវតែធ្វើ ប្រសិនជាប្រកែកមិនធ្វើឬធ្វើមិនគ្រប់ផែនការ នឹងត្រូវដាក់ទារុណកម្មបង្អត់អាហារ ចាប់វាយ ចាប់ចង ឬដាក់ខ្នោះ។

ចំណែកការរៀបអាពាហ៍ពិពាហ៍គឺរៀបការជាក្រុម រៀបចំកម្មវិធីម្តងៗគឺចាប់ពី១០គូឡើងទៅ ហើយគ្មានសិទ្ធិតវ៉ាឬប្រកែកថាមិនយកបានឡើយ។ នៅក្នុងរបបខ្មែរក្រហម អង្គការបែងចែកប្រជាជនជាពីរក្រុម គឺប្រជាជនមូលដ្ឋានឬចាស់ដែលរស់នៅតាមបណ្ដាជនបទ, ប្រជាជនថ្មីឬប្រជាជន១៧មេសា ដែលនៅតាមទីក្រុងឬទីប្រជុំជន។ ចំពោះប្រជាជនថ្មី ប្រសិនអង្គការស៊ើបដឹងថាធ្លាប់ធ្វើទាហានឬធ្វើការងាររាជការ អង្គការនឹងយកទៅសម្លាប់ចោល ពីព្រោះខ្មែរក្រហមគិតថាប្រជាជនទាំងអស់នោះគឺជាប្រជាជនវណ្ណៈមូលធននិយមដែលបានធ្វើបាបកេងប្រវ័ញ្ចប្រជាជនក្រីក្រ។

សម្ភាសន៍ដោយ៖ អ៊ឹម តាំងស្រៀង ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤

អត្ថបទដោយ៖ នេន ស្រីមុំ

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin