សុខ ធា៖ ធ្វើការក្នុងកងកុមារឃុំបាស្រែ

សុខ ធា អាយុ៥៥ឆ្នាំ រស់នៅភូមិស្វាយខាងត្បូង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម ធា មានបងប្អូន២នាក់។ គ្រួសាររបស់ធា មិនរស់នៅ និងជួបមុខគ្នាទាល់តែសោះ ព្រោះអង្គការបានបញ្ជូនឪពុករបស់គាត់ឲ្យទៅមើលការខុសត្រូវកងម៉ែ ដែលធ្វើការអូសត្រកៀត និងត្រឹប ចេញពីក្នុងទឹក នៅខាងក្របីកូន និងភ្នំបូរី ហើយម្ដាយរបស់គាត់ត្រូវបានអង្គការបញ្ជូនឲ្យទៅក្នុងកងចល័តដើម្បីធ្វើស្រែ ដក ស្ទូង និងរែកដីក្បែរសហករណ៍ ហើយនៅពេលមានជំងឺធ្ងន់ ទើបត្រូវអង្គការបញ្ជូនគាត់ទៅព្យាបាលតែម្នាក់ឯងនៅពេទ្យព្រៃល្វា និងពេទ្យនៅព្រៃពព្នៅ។ ចំណែកប្អូនរបស់ធា ត្រូវចូលទៅរស់នៅក្នុងមណ្ឌលកុមារ ដែលនៅទីនោះរបបអាហារដែលគាត់ទទួលបានគឺខ្វះខាតខ្លាំង ហើយត្រូវទទួលរងនូវការវាយធ្វើបាប និងចាប់ឃុំឃាំងឲ្យថប់ដង្ហើមស្ទើរស្លាប់នៅក្នុងទូឈើ នៅពេលដែលរត់ត្រលប់ទៅផ្ទះ។
ចំពោះ ធា ដែលមានអាយុប្រមាណ១២ឆ្នាំ ត្រូវបានអង្គការបង្ខំចូលទៅក្នុងកងកុមារភូមិ។ នៅក្នុងកងកុមារ ការងារមុនដំបូងរបស់គាត់គឺកើបអាចម៍គោតាមក្រោលគោ វាយដី និងមើលគោ។ ក្រៅពីនេះ ប្រធានកងដែលមើលការខុសត្រូវកុមារ បានបង្រៀនអក្សររយៈពេល១ម៉ោងដល់ក្មេងៗទាំងអស់នៅក្រោមផ្ទះ ហើយធា បានចេះ ស្រៈ និងព្យញ្ជៈ ក្នុងពេលនោះ។ នៅក្នុងសហករណ៍ មុនដំបូងអង្គការរៀបចំរោងសហករណ៍ហូបអាហាររួមគ្នានៅត្រង់ផ្ទះរបស់យាយរឿន បន្ទាប់មកបានផ្លាស់ទៅផ្ទះរបស់តាថាំ។
បន្ទាប់មក ក្រុមរបស់ធាបានផ្លាស់ទៅរស់នៅភូមិប្រស្រែ និងភូមិព្រៃបាសឹង ដើម្បីធ្វើការសែងដីដំបូកយកទៅលាយជាមួយលាមកមនុស្សដែលដួសចេញពីបង្គន់។ មិនយូរប៉ុន្មានក្រុមរបស់ធា ត្រូវបានបញ្ជូនឲ្យទៅធ្វើការរែកដីពីប៉មក្នុងវត្តកោះ ទៅលុបស្រះជាច្រើននៅម្ខាងទៀតនៃថ្នល់ខាងកើតវត្ត។ ការងារនេះ ធា ត្រូវធ្វើការពេញមួយថ្ងៃចាប់ពីម៉ោង៥ រហូតដល់ម៉ោង៨យប់ ទើបបានសម្រាក។
នៅរដូវប្រមូលផល អង្គការបានដាំបាយស្រួយឲ្យប្រជាជនរយៈពេលប្រមាណបីថ្ងៃហូបជាមួយសម្លម្ជូរបន្លែព្រលឹត ឬត្រកួន និងបង់ត្រី ឬសាច់បន្តិចបន្តួច។ បន្ទាប់មក អង្គការបានដាំបបរខាប់ រហូតដល់បបររាវៗខ្លាំង ដោយក្នុងខ្វះដាក់អង្ករប្រមាណ៥កំប៉ុង ហើយបបរមួយចានដែល ធា ទទួលបានមានកាកបបរត្រឹមមួយស្លាបព្រាបាយ។ នៅពេលហូបអាហារ អង្គការបានរៀបចំឲ្យក្រុមរបស់ធា ហូបអាហារពីរដង ដោយលើកទី១នៅម៉ោងប្រមាណ១១ថ្ងៃត្រង់ និងលើកទី២នៅម៉ោង៥ ទៅ៦ល្ងាច។
នៅក្នុងរបបខ្មែរក្រហម គ្រួសាររបស់ធា មិនបានជួបគ្នាទាល់តែសោះ រហូតដល់របបខ្មែរក្រហមដួលរលំនៅដើមខែមករា ឆ្នាំ១៩៧៩ ទើបម្ដាយរបស់គាត់ត្រលប់មកផ្ទះវិញ និងបានរស់នៅជួបជុំបងប្អូន។ ក្រោយមក ធា បានដឹងថាមានតុលាការកាត់ទោសមេដឹកនាំរបបខ្មែរក្រហម និងពេញចិត្តចំពោះការកាត់ទោសនេះណាស់។ ធា យល់ថាការកាត់ទោសមេដឹកនាំខ្មែរក្រហម គឺអាចការពារកុំឲ្យរបបប្រល័យពូជសាសន៍ត្រលប់មកវិញម្ដងទៀត។ មួយវិញទៀត ធា គាំទ្រឲ្យមានការប្រមែប្រមូល និងចងក្រងឯកសារប្រវត្តិសាស្រ្ដខ្មែរក្រហមឲ្យកូនចៅជំនាន់ក្រោយបានសិក្សារៀនសូត្រ។
សម្ភាសន៍ដោយ៖ ថៃ ស៊ីណា នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១
អត្ថបទដោយ៖ ភា រស្មី







