អៀង ទៀង៖ ហូបមិនឆ្អែត ហើយធ្វើការគ្មានពេលសម្រាក

អៀង ទៀង អាយុ៦១ឆ្នាំ រស់នៅភូមិស្វាយខាងត្បូង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ។ កាលពីក្មេង ទៀង បានចូលរៀននៅក្នុងសាលាបន្តិចបន្តួច រហូតដល់ខ្មែរគ្រប់គ្រងក្នុងភូមិគាត់បានរៀនសូត្របន្ថែមទៀត រហូតដល់ក្រុមខ្មែរក្រហមទទួលបានជ័យជម្នះទាំងស្រុងនៅឆ្នាំ១៩៧៥។

នៅក្នុងសម័យខ្មែរក្រហម ទៀង មានបងប្អូនចំនួន៦នាក់។ គ្រួសាររបស់ទៀង មិនបានរស់នៅជួបជុំនោះទេ ព្រោះបងៗដែលរៀបការរួចត្រូវបានអង្គការចាត់តាំងឲ្យធ្វើការក្នុងកង ហើយប្អូនៗធ្វើការនៅក្នុងកងកុមារ។ ចំពោះឪពុករបស់ទៀង ត្រូវបានអង្គកាបចាត់តាំងឲ្យមើលគោ ហើយម្ដាយបានស្លាប់តាំងពីខ្មែរក្រហមគ្រប់គ្រងក្នុងភូមិដំបូង។ ចំណែក ទៀង ដែលមានអាយុ១៧ឆ្នាំ ត្រូវបានអង្គការចាត់តាំងឲ្យចូលក្នុងកងចល័តនារី និងចេញទៅធ្វើការនៅម្ដុំឡាំងកាក។ នៅការដ្ឋានការងារ ទៀង ធ្វើការរែកដី លាយជី ឬដួសលាមកចេញពីបង្គន់យកទៅលាយជាមួយដីដំបូក ឬដើមទន្ទ្រានខែត្រ ឲ្យមានសភាពខាប់ៗរួចយកទៅជ្រលក់សំណាបស្ទូង។

នៅកន្លែងធ្វើការ ទៀង បានហូបអាហារ២ដងក្នុងមួយថ្ងៃ នៅម៉ោងប្រមាណជាង១១ឬ១២ថ្ងៃត្រង់ និងម៉ោងប្រមាណ៥ល្ងាច។ នៅរដូវប្រមូលផល ទៀង និងប្រជាជនទាំងអស់ បានហូបបាយរយៈពេល១ ទៅ២ខែ ជាមួយសម្លបន្លែផ្ទី ត្រតួន ឬព្រលឹត និងមានត្រី ឬសាច់បន្តិចបន្តួច។ ប៉ុន្តែនៅពេលច្រូតស្រូវរួច ទៀង និងប្រជាជនទាំងអស់ បានហូបត្រឹមបបរជាមួយសម្ល ឬភ្លាដើមចេក នៅពេលខ្វះស្បៀងខ្លាំង។

ទោះបីជាយ៉ាងណា ទៀង ហូបអាហារមិនបានគ្រប់គ្រាន់នោះទេ ហេតុនេះហើយបានជាគាត់លួចរត់ត្រលប់ទៅក្នុងសហករណ៍វិញជាញឹកញាប់ ព្រោះបងរបស់គាត់បានលាក់អាហារឲ្យហូបបន្ថែម។ មួយវិញទៀត ឪពុករបស់ទៀង បានលួចរកម្ហូបបន្ថែមទៀត និងយកទៅឲ្យ ទៀង នៅកន្លែងការងារ។ ទៀង បានបន្ថែមថា គាត់ស្ទើរតែស្លាប់ដោយសារជំងឺរាគ និងក្ដៅខ្លួន ព្រោះបបររាវៗដែលអង្គការផ្ដល់ឲ្យតិចតួចខ្លាំង ហើយការងារដែលគាត់ធ្វើគឺធ្ងន់ៗខ្លាំងហួសពីកម្លាំង។ នៅពេលដែលមានជំងឺធ្ងន់ ទៀង ត្រូវបានអង្គការបញ្ជូនទៅកាន់មន្ទីរពេទ្យ ប៉ុន្តែមានត្រឹមថ្នាំសូន្យដោយខ្លួនឯងលេបប៉ុណ្ណោះ។ មួយវិញទៀត ទៀង ត្រូវបានអង្គការទិតៀនជាច្រើនដង និងចោទប្រកាន់គាត់ថាធ្វើពុតជាឈឺ។

ក្រោយមក ប្រធានកងបានហៅ ទៀង និងមិត្តនៅក្នុងក្រុមជាមួយគ្នាឲ្យត្រលប់មកសហករណ៍វិញ។ នៅតាមផ្លូវធ្វើដំណើរ ក្រុមរបស់ទៀង មានការភ័យខ្លាចអង្គការហៅយកទៅសម្លាប់យ៉ាងខ្លាំងរហូតដល់លួចយំ។ ប៉ុន្តែនៅពេល ទៀង ធ្វើដំណើរទៅដល់វត្តស្វាយពារ ក្រុមរបស់គាត់បានសប្បាយចិត្តឡើងវិញ ព្រោះគាត់បានដឹងថាអង្គការជ្រើសរើសយកអ្នកចេះអក្សរមកបង្រៀនក្មេងតូចៗនៅទីនោះ។

ទៀង បានបង្រៀនក្មេងនៅវត្តស្វាយពារបានមួយរយៈ ទើបអង្គការផ្លាស់គាត់ឲ្យទៅបង្រៀនក្មេងនៅក្រោមផ្ទះប្រជាជនក្នុងភូមិព្រីងវិញ។ នៅក្នុងសហករណ៍ ទៀង ទទួលបានអាហារហូបល្អប្រសើរ ហើយការធ្វើការងារគឺធូរស្រាលជាងមុន។ មួយវិញទៀត ទៀង បានឃើញអង្គការរៀបចំឲ្យយុវជនប្ដេជ្ញាចំនួន៣ ទៅ៥គូក្នុងពេលតែមួយ។ ការរៀបការនេះ គឺធ្វើឡើងដោយស្ម័គ្រចិត្ត ដោយយុវជនបានស្នើសុំទៅអង្គការជាមុន និងមួយចំនួនទៀតត្រូវបានអង្គការបង្ខំឲ្យទទួលយកបើមិនដូច្នេះទេគឺត្រូវចាប់បញ្ជូនចេញពីសហករណ៍។

នៅខែមករា ឆ្នាំ១៩៧៩ ទៀង​ បានរត់ភៀសខ្លួនទៅតំបន់ភ្នំ ព្រោះមានការប្រយុទ្ធគ្នារវៀងកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា សហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម ជាមួយក្រុមខ្មែរក្រហម។ នៅលើភ្នំ ទៀង បានឃើញអង្គការចោទប្រកាន់បុរសម្នាក់ថាជាជនជាតិយួន និងចាប់គាត់ទៅវាយ និងវះពោះទាំងរស់នៅមុខប្រជាជន ដើម្បីយកប្រមាត់ ដោយគ្រាន់តែគាត់មានស្បែកស។ នៅពេលឃើញហេតុការណ៍នេះ ទៀង មានការភ័យខ្លាចយ៉ាងខ្លាំង និងចងចាំរូបភាពជាប់ជានិច្ច។

បន្ទាប់មក ទៀង បានត្រលប់ទៅរស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ ដែលជាស្រុកកំណើត។ ប៉ុន្តែនៅពេលរៀបការរួច ទៀង បានប្ដូរទៅរស់នៅភូមិស្វាយខាងត្បូង ដែលជាស្រុកកំណើតរបស់ប្ដី។ នៅពេលផ្ដល់បទសម្ភាសន៍ ទៀង មានជំងឺទឹកនោមផ្អែម ចុកជើង ឈឺចង្កេះឬសន្លាក់ និងក្រពះពោះវៀន។ ទៀង គិតថាជំងឺរបស់គាត់មួយចំនួនកើតឡើងដោយសារការធ្វើការងារធ្ងន់ក្នុនក្នុងរបបខ្មែរក្រហម។ ដើម្បីព្យាបាលជំងឺ ទៀង បានទៅពិគ្រោះនៅមន្ទីរពេទ្យ ឬទិញថ្នាំពីពេទ្យឯកជនយកមកលេប និងប្រើប្រាស់ថ្នាំខ្មែររួមផ្សំ។

សម្ភាសន៍ដោយ៖ ថៃ ស៊ីណា នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១

អត្ថបទដោយ៖ ភា រស្មី

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin