ឌូ ប៉ិន៖ បងប្អូនរបស់ខ្ញុំចូលបដិវត្តន៍ច្រើននាក់

ឌូ ប៉ិន[1] អាយុ៤៥ឆ្នាំ(២០០៣) រស់នៅភូមិព្រៃតាដុក ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ។ ប៉ិន មានឪពុកឈ្មោះ ចាន់ ហើយម្ដាយឈ្មោះ ជិត និងមានបងប្អូនចំនួន១២នាក់ ក្នុងនោះមានមួយចំនួនឈ្មោះ បឿន, ប៊ិន, ចួច, ប៉ិន, ម៉ុចបិន, បាន, ចូន, ប៊ុត, ទូច ហៅសំបាត់ និងសំបូរ ស្លាប់តាំងពីតូច។ បងប្អូនរបស់ប៉ិន រស់រានមានជីវិតចំនួន៥នាក់ ហើយគាត់គឺជាកូនទី៤ នៅក្នុងគ្រួសារ។ នៅក្នុងសម័យ លន់ នល់ ប៉ិច បាត់បង់ប្អូនម្នាក់ឈ្មោះ ចូន ដែលជាយោធាប្រចាំការនៅម្ដុំ​អង្គតាសោម និងភ្នំស្រម៉ោច ដោយសារការទម្លាក់គ្រាប់បែក។

នៅក្នុងសម័យខ្មែរក្រហម គ្រួសាររបស់ប៉ិន មិនបានរស់នៅជួបជុំគ្នានោះទេ ដោយបងៗរបស់គាត់ត្រូវបានអង្គការចាត់តាំងឲ្យចូលក្នុងកងចល័ត ហើយប្អូនដែលអាចធ្វើការបានត្រូវរស់នៅនិងធ្វើការក្នុងកងកុមារ និងប្អូនដែលនៅតូចត្រូវស្នាក់នៅក្នុងមណ្ឌលកុមារ។ មិនយូរប៉ុន្មាន ប៉ិច ទទួលដំណឹងថាបងឈ្មោះចួច ត្រូវបានអង្គការជ្រើសរើសឲ្យចេញពីកងចល័តទៅធ្វើការងារឆ្ងាយ ហើយប្អូនស្រីឈ្មោះ សំបាត់ ដែលមានអាយុប្រមាណ១២ ទៅ១៣ឆ្នាំ ត្រូវបានប្រធានកងកុមារបញ្ជូនឲ្យទៅធ្វើពេទ្យនៅទីក្រុងភ្នំពេញ។[2]

ប៉ិន បានឲ្យដឹងថា មុនដំបូង សំបាត់ បានចូលទៅរស់នៅក្នុងកងកុមារភូមិអណ្ដូងថ្ម ឃុំគុស ដើម្បីធ្វើការ ស្ទូង ច្រូត ផ្សំជី រែកអាចម៍គោ និងរែកដី តាមការចាត់តាំងរបស់ប្រធានកង។ នៅទីនោះ សំបាត់ អាចសុំប្រធានកងមកសម្រាកនៅផ្ទះមួយយប់ ក្នុងរយៈពេលមួយសប្ដាហ៍ម្ដង ឬយូរជាងនេះ។ ក្រៅពីនេះ ប៉ិន ធ្លាប់បាននាំប្អូនមកមើលថែ និងសម្រាកនៅផ្ទះបានមួយសប្ដាហ៍ នៅពេលសំបាត់ឈឺ និងមុនពេលចេញទៅទីក្រុងភ្នំពេញ។

ចំពោះ គ្រួសារប៉ិន មិនបានរស់នៅជួបជុំគ្នានោះទេ ព្រោះអង្គការបានបញ្ជូនកូនៗរបស់គាត់ដែលនៅតូចឲ្យទៅរស់នៅក្នុងកងកុមារ ហើយប្ដីឈ្មោះ ឆន ត្រូវចេញទៅធ្វើការរកអុសដាក់ក្នុងកាស៊ីនបាយ(រោងបាយ)។ ចំណែក ប៉ិន ត្រូវបានអង្គការចាត់តាំងឲ្យចូលក្នុងកងចល័តភូមិអណ្ដូងថ្ម និងត្រូវសម្រាកនៅក្នុងវត្តមីគ្រត ជាមួយកងនារី ប៉ុន្តែគាត់បានជួបជាមួយប្ដីយូរៗម្ដង។ នៅក្នុងកងចល័ត ប៉ិន និងកងនារីទាំងអស់ត្រូវធ្វើការរែកសំណាប ស្ទូងដក កាប់ដើមទន្ទ្រានខែត្រ ផ្សំជី រែកដីដំបូក ក្រោមការគ្រប់គ្រងរបស់ប្រធានកងនារីឈ្មោះ អ៊ី ហន និងដន។ ជារៀងរាល់ថ្ងៃ ក្រុមរបស់ប៉ិន ត្រូវធ្វើការយ៉ាងនឿយហត់​ ប៉ុន្តែរបបអាហារដែលទទួលបានមិនគ្រប់គ្រាន់នោះទេ ប៉ុន្តែគាត់មិនហ៊ាននិយាយថាមិនឆ្អែតឡើយ។ បន្ទាប់មក នៅពេលមានគភ៌ ប៉ិន ត្រូវបានអង្គការបញ្ជូនឲ្យទៅរស់នៅភូមិប៉ែនមាស ឃុំសំរោង ដើម្បីធ្វើការដេរស្លឹក។ នៅទីនោះ ប៉ិច បានរស់នៅជួបជុំប្ដី និងកូនម្នាក់ ហើយកូនរបស់គាត់ពីរនាក់ទៀតបានស្លាប់នៅក្នុងកងកុមារ។

គ្រួសាររបស់ប៉ិន រស់នៅភូមិប៉ែនមាស បានមួយរយៈពេលខ្លីប៉ុណ្ណោះ ព្រោះអង្គការបានផ្លាស់គ្រួសារគាត់ និងពីរទៅបីគ្រួសារផ្សេងទៀតឲ្យទៅធ្វើការក្នុងវត្តច្បារអំពៅ ទីក្រុងភ្នំពេញ នៅឆ្នាំ១៩៧៨។ នៅទីនោះ អង្គការបានបញ្ជូនប្រជាជនមកពីកន្លែងផ្សេងៗគ្នាជាច្រើនគ្រួសារ ដែលសរុបទាំងអស់មានចំនួនប្រហែលប្រជាជនមួយភូមិព្រៃដុះ។ នៅច្បារអំពៅ ប៉ិន មានតួនាទីជាអ្នកធ្វើប្រហុក ត្រីងៀត និងដាំដំណាំ សម្រាប់អង្គការដឹកឡានចេញទៅ ហើយប្ដីរបស់គាត់ធ្វើការចែវទូករកម្ហូប។ នៅកន្លែងថ្មី គ្រួសាររបស់ប៉ិន ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រធានកងរបស់ឈ្មោះ នឿន និងប្រពន្ធរបស់គាត់មកពីខេត្តកំពត ហើយឈ្មោះអុល និងប្រពន្ធរបស់គាត់។

ប៉ិន ធ្វើការនៅទីក្រុងភ្នំពេញរហូតដល់ដល់កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា សហការណ៍ជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាមវាយចូលមក[3] ទើបគ្រួសាររបស់គាត់ បានរត់ភៀសខ្លួនចេញពីភ្នំពេញ ទៅខេត្តបាត់ដំបង និងបានឡើងលើភ្នំលះបង់។ នៅពេលរត់ភៀសខ្លួន ប៉ិន មិនបានជួបបងប្អូននោះទេ ហើយការរស់នៅរបស់គាត់គឺលំបាកខ្លាំងណាស់ ព្រោះគ្មានអាហារហូបចុក ធ្វើដំណើរឡើងចុះភ្នំ តោងវល្លិ៍ និងត្រូវមើលថែកូនតូចពីរនាក់។ នៅតាមផ្លូវធ្វើដំណើរ ប៉ិន បានជួបឈ្មោះស៊ា គឺជាប្រធានកង និងឈ្មោះ ជឹង ដែលជាគណៈឃុំ។ ប៉ិន បាននាំគ្រួសារដើរតាមគណៈឃុំ មកស្រុកកំណើតវិញ ព្រោះគាត់ជាអ្នកស្គាល់ផ្លូវ។ ប៉ុន្តែនៅពេលមកដល់ខេត្តកំពង់ស្ពឺ គ្រួសាររបស់ជឹង បានស្នាក់នៅទីនោះ ហើយប៉ិន ត្រូវនាំកូនត្រលប់មកតាកែវដោយខ្លួនឯង។

មុនពេលចេញដំណើរបន្ត ប៉ិន បានសុំខ្ចីអង្ករប្រពន្ធរបស់ជឹង ចំនួន៥កំប៉ុងដើម្បីទុកចម្អិនហូបតាមផ្លូវ ដោយសន្យាថាគាត់នឹងសងត្រលប់ទៅវិញពេលមកដល់ផ្ទះ។ ប៉ុន្តែប្រធានរបស់ជឹង បានធ្វើការបដិសេធ ហើយពោលពាក្យថា “អញមិនឲ្យង៉ែងទេ ម៉ែឪង៉ែងស្លាប់អស់ហើយ យួនប្រលះដៃប្រលះជើង វះពោះវះអី ងាប់អស់នៅលិច”។ នៅពេលឮដូច្នេះ ប៉ិន ស្ទើរតែទប់ទឹកភ្នែកមិនជាប់ និងអន់ចិត្តជាមួយអតីតគណៈឃុំយ៉ាងខ្លាំង ព្រោះគាត់ធ្លាប់បានជួយលាក់បាំងប្រវត្តិរូបគ្រួសាររបស់ជឹង នៅពេលដែលកងទ័ពស្ម័គ្រចិត្តវៀតណាមសួរនាំ។

មិនយូរប៉ុន្មាន គ្រួសាររបស់ប៉ិន បានធ្វើដំណើរទៅដល់ស្រុកកំណើត និងចាប់ផ្ដើមប្រកបរបបធ្វើស្រែ។ ក្រោយមក បងរបស់ប៉ិចឈ្មោះ ចួច និងប្អូនសំបាត់ បានធ្វើដំណើរត្រលប់មកផ្ទះបន្តបន្ទាប់ទៀត។ នៅពេលមកដល់ផ្ទះ សំបាត់ បានរៀបរាប់ពីការលំបាករបស់ខ្លួនពេលធ្វើដំណើរនៅលើភ្នំ ហើយគាត់អាចរស់រានមានជីវិតបាន និងអាចមកដល់ផ្ទះដោយសារតែមានការជួយយកអាសាររបស់ឈ្មោះ ហុង និងឈ្មោះ ម៉ន ដែលបានជួយឲ្យជិះក ពរ អោប និងជូនមកដល់ផ្ទះតែម្ដង។

[1] ឯកសារលេខ TKI0087, កិច្ចសម្ភាសន៍ជាមួយឈ្មោះ ឌូ ប៉ិន នៅថ្ងៃទី១០ ខែមិនា ឆ្នាំ២០០៣ ដោយ មាស ប៊ុនថាន នៅក្នុងគម្រោងការលើកកម្ពស់ និងជម្រុញឲ្យមានការទទួលខុសត្រូវ(PA), តម្កល់នៅមជ្ឈមណ្ឌលឯកសារកម្ពុជា។

[2] ឯកសារលេខ I00269 ពិនិត្យប្រវត្តិរូបរបស់ទូច ហៅសំបាត់ នៅមន្ទីរពេទ្យ ៦មករា ក្រសួង សង្គមកិច្ចសុខាភិបាល។ សំបាត់បានចូលបដិវត្តន៍នៅឆ្នាំ១៩៧៥ ធ្វើការនៅអង្គភាពភូមិ-ឃុំរយៈពេល២ឆ្នាំ ហើយស្ថិតនៅក្រោមការគ្រប់គ្រងរបស់ឈ្មោះ រ៉ន់។ សំបាត់ បានបន្ថែមថា គាត់មានបងប្អូនចំនួន៧នាក់ ក្នុងនោះមានឈ្មោះ ជួក, ធូន, បាន, ប៉ិន ប៉ុត ទូច និងបូ។ បងប្អូនរបស់សំបាត បានចូលបដិវត្តន៍ចំនួន៤នាក់ ក្នុងនោះមានបងពីរនាក់ ធ្វើជាកងទ័ព ក្នុងវរសេនាតូច ភូមិភាគនិរតី ហើយបងស្រីនៅស្រែអំបិល និងខ្លួននៅមន្ទីរពេទ្យបដិវត្តន៍៦មករា ភ្នំពេញ។

[3] បណ្ឌិត ឃួន វិច្ឆិកា និងអ្នកដទៃទៀត, ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព “ប្រវត្តិវិទ្យាថ្នាក់ទី៦”, រក្សាសិទ្ធិគ្រប់យ៉ាងដោយ អនុគណៈកម្មាការមុខវិជ្ជាឯកទេសប្រវត្តិវិទ្យា ក្រសួងអប់រំ យុវជន និងកីឡា ឆ្នាំ២០២៥, ទំព័រទី៤១ ។ នៅក្នុងសៀវភៅបានសរសេរថា កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះ… បានវាយរំដោះប្រទេសកម្ពុជាពីទិសខាងកើត និងសង្គ្រោះប្រជាជនបានជាបន្តបន្ទាប់។ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ កងទ័ពបានវាយរំដោះទីក្រុងភ្នំពេញ ហើយថ្ងៃនេះបានក្លាយជាថ្ងៃប្រវត្តិសាស្រ្ដនៃការរំដោះជាតិ។

អត្ថបទដោយ៖ ភា រស្មី

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin