ស្លាប់បងប្អូនអស់១១នាក់ក្នុងរបបខ្មែរក្រហម

(ស្វាយរៀង)៖ ពោន សាម៉ន មានអាយុ៧៧ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមរស់នៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ឪពុកម្តាយរបស់គាត់​ស្លាប់នៅក្នុងរបប លន់ នល់។​ សាម៉ន និងបងប្អូនត្រូវរស់នៅជាមួយសាច់ញាតិ​តាំងពីក្មេង។ គាត់មានបងប្អូនចំនួន១២នាក់ និងបានស្លាប់ទាំងអស់ក្នុង​របបខ្មែរក្រហម ដោយសារគ្មានឪពុក ម្តាយ មើលថែ។ ខ្មែរក្រហមបងំ្ខឲ្យធ្វើការឆ្ងាយៗក្នុងកងចល័ត គ្មាន​អាហារហូប និងត្រូវធ្វើការនៅខ្សែត្រៀមជួរមុខក៏បាត់ដំណឹង​រហូតដល់សព្វថ្ងៃ។

ក្នុងរបប លន់ នល់ សាម៉ន ជាសាក្សីដែលបានឃើញការទម្រាក់គ្រាប់បែកក្នុងភូមិស្រុក ដែល​បានសម្លាប់អាយុជីវិតមនុស្ស សត្វពាហនៈ និងបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិឯកជន និងសាធារណៈយ៉ាងច្រើន។ ពេលនោះគាត់រស់នៅជាមួយប្តីនិងកូនតូចៗពីរនាក់​ នៅភូមិព្រៃធំ ឃុំព្រៃធំ ស្រុកកំពង់រោទិ៍ ខេត្ត​ស្វាយរៀង ​។

នៅក្នុង​របបខ្មែរក្រហម សាម៉ន និងគ្រួសារត្រូវបានជម្លៀសពីស្រុកកំណើតឲ្យទៅរស់នៅស្រុកកណ្តាល​ស្ទឹង ខេត្តកណ្តាល​​។ ពេលជម្លៀសគាត់ត្រូវធ្វើដំណើរដោយថ្មើរជើង និងឆ្លងទឹក ក្រោមកំដៅថ្ងៃក្តៅខ្លំាង ដោយត្រូវរែកកូនតូចៗ និងរែកសម្ភារៈប្រើប្រាស់ចំាបាច់មួយចំនួន។ ពេល​ទៅដល់ទីនោះគេបានបំបែកកូន បងប្អូនទៅតាមកងចល័ត និងកងកុមារ។ បងៗរបស់គាត់ត្រូវ​បានគេ​ចាត់ឲ្យទៅធ្វើការក្នុងខែ្សត្រៀមជួរមុខបានបាត់ដំណឹងរហូតដល់សព្វថ្ងៃ។ ចំណែកប្អូនៗបានស្លាប់ដោយសារជំងឺ និងអត់អាហារ ។ កូនពីរនាក់គាត់នៅតូចត្រូវបានមើលថែនៅក្នុង​កងកុមារ ដោយប្រជាជន​មានវ័យ​ចាស់។ កូនៗទាំងពីរនាក់មិនបានរៀនសូត្រទេក្នុងរបបខ្មែរក្រហម។ ចំណែកប្តីត្រូវ​ទៅធ្វើស្រែ និងទៅផ្តួលដើមតោ្នតយកមកធ្វើអុសនិងទុកធ្វើជញ្ជាំងផ្ទះ។ សាម៉ន បន្តថា ពេលគាត់​យក​បាយឲ្យប្តីគាត់បានឃើញអ្នកធ្វើការជាមួយប្តី​ខ្លះបាន​ស្លាប់ និងរងរបួសដោយសារដើមត្នោតរលំត្រូវ។

ឆ្នាំ១៩៧៨ គាត់មានទម្ងន់កូនទីបី ទើបអង្គការប្រើឲ្យគាត់នៅធ្វើការក្នុងសហករណ៍រោងបាយ។ គាត់បន្តថាពេលធ្វើការនៅទីនេះគ្រាន់បានសម្រាកខ្លះ រីឯការហូបចុកវិញក៏បានគ្រប់គ្រាន់ជាងពេលធ្វើការនៅកងចល័តដែរ។ ខណៈពេលកំពុងធ្វើការ សាម៉ន មិនដឹងខ្លួន​មានកំហុសអ្វីត្រូវបានអង្គការប្រាប់ថា ឲ្យខ្លួនទៅរៀនសូត្រនៅចំបក់ គ្រាន់តែលឺគាត់ភិតភ័យជាខ្លាំង និងបានផ្តាំកូន និងប្តីថាប្រហែលជាទៅមិនអាចត្រឡប់មកវិញនោះទេ។ នៅតាមផ្លូវ សាម៉ន បានឃើញយុវជន យុវនារី ជីក និងរែកដី ឡើងកាំជណ្តើរខ្ពស់ៗធ្វើទំនប់មានអ្នកខ្លះរងរបួសដោយសារមានគ្រោះថ្នាក់ធ្លាក់ពេលធ្វើការ។ គាត់ឃើញទិដ្ឋភាពនេះគួរឲ្យអាណិតអាសូរជាខ្លាំង ព្រោះគាត់​បាននឹកឃើញដល់បងប្អូន​ ដែលបានទៅធ្វើការឆ្ងាយៗដូចយុវជនយុវនារីនោះដែរ ប៉ុន្តែគាត់មិនហ៊ានស្រក់ទឹកភ្នែកឲ្យគេឃើញ។ ជាសំណាងល្អនៅពេលល្ងាចប្រធានកងនារីបានឲ្យគាត់ត្រឡប់មកសហករណ៍រោងបាយវិញ គាត់បានសំពះនិងអរគុណទាហាន​ ដែលគាត់អាចមកជួបប្តី និងកូនវិញបាន។

ពេលខ្មែរក្រហមដួលរលំ សាម៉ន បានវិញត្រឡប់​មករស់នៅស្រុកកំណើតវិញប្រកបរបបធ្វើស្រែរហូតដល់សព្វថ្ងៃ។ ប្តីរបស់គាត់​បានស្លាប់ ចំណែកគាត់ត្រូវ​រស់នៅជាមួយកូន និងមើលថែទាំចៅៗនៅផ្ទះ។

បច្ចុប្បន្ន គាត់មានជំងឺប្រចាំកាយដូចជាជំងឺក្រពះ ជំងឺពោះវៀន និងជំងឺលើសឈាម។

អត្ថបទដោយៈ អេង សុខម៉េង នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤

សម្ភាសន៍ដោយៈ សុខ ចន្ទ្រា នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin