សាន្ត គឹមស៊ីន អ្នកស្ម័គ្រចិត្តកម្ពុជាមកពីខេត្តក្រចេះ
2 ខែ មុន
សាន្ត គឹមស៊ីន
សម្រាប់ខ្ញុំដែលបានចូលរួមកម្មវិធីរយ:ពេលបីថ្ងៃនេះ នាងខ្ញុំសូមអរគុណដល់មជ្ឈមណ្ឌលឯកសារកម្ពុជាដែលបានរៀបចំកម្មវិធី សន្និសីទ «អនាគតកម្ពុជា ដោយគ្មានអំពើប្រល័យពូជសាសន៍» ដែលបានប្រារព្ធឡើងកាលពីថ្ងៃទី ២០-២២ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅនេះ។
នាងខ្ញុំក៏សូមបញ្ចេញនូវចំណាប់អារម្មណ៍ខ្លះៗ លើប្រធានបទអំពើប្រល័យពូជសាសន៍៖ ក្រោយពីការចូលរួមក្នុងកម្មវិធីបានបង្ហាញឲ្យឃើញថាក្នុងសម័យកាលឆ្នាំ១៩៧៥-១៩៧៩ បានបង្ករភាពសោកសៅ ដោយសារតែការកើតមានសង្រ្គាម ធ្វើឲ្យមនុស្សជួបនូវទុក្ខលំបាក ពីព្រោះសង្រ្គាមតែងតែធ្វើឲ្យប្រជាជនភិតភ័យបាក់ស្បាត តក់ស្លុត បាត់បង់បញ្ញាស្មារតី សតិអារម្មណ៍ និងជាពិសេសសង្គ្រាមបានធ្វើឲ្យមនុស្សត្រូវបាត់បង់ជិវិត បាត់បង់សមាជិកគ្រួសារ បងប្អូន ឪពុកម្តាយ ឬកូនជាទីស្រលាញ់របស់ខ្លួន ខ្លះស្លាប់ ខ្លះក៏ត្រូវពិការទាំងកាយអវ:យវ: និងខ្លះទៀតក៏ត្រូវពិការទាំងផ្លូវចិត្តជាច្រើនតាមរយៈការនឹកឃើញនូវអតីតកាលរបស់ខ្លួន ទាំងអស់នេះក៏ដោយសារតែមនុស្សក្នុងសង្គមមួយ ឬប្រទេសមួយ បែកបាក់សាមគ្គីគ្នា ការប្រកាន់បក្សពួកជ្រុលនិយម ដែលជាហេតុបណ្តាលឲ្យកើតមានសង្គ្រាម ហើយអ្នកដែលទទួលរងគ្រោះថ្នាក់ គឺមានតែប្រជាជនជាតិសាសន៍ខ្លួនឯង។ ការអប់រំប្រវត្តិសាស្ត្រ៖ គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់យុវជនកម្ពុជា ព្រោះយុវជន គឺជាស្នូលសំខាន់មួយក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសឲ្យមានការរីកចម្រើន ជៀសផុតពីអំពើហិង្សាកើតមាននៅក្នុងសង្គម មានន័យថាកាលណាយុវជនគ្រប់រូបធ្វើការសិក្សាស្វែងយល់ និងមានការយល់ដឹងច្រើនទាក់ទងនឹងប្រវត្តិសាស្ត្រ ជាពិសេសប្រវត្តិសាស្ត្រដែលធ្វើឲ្យកើតមានសង្គ្រាម ដូចជាអំពើប្រល័យពូជសាសន៍ជាដើម រឿងរ៉ាវទាំងនេះ នឹងធ្វើឲ្យពួកគេបានត្រិះរិះពិចារណា និងរួមគ្នាក្នុងការទប់ស្កាត់នូវបញ្ហាសង្គ្រាមកុំឲ្យកើតមានម្តងទៀតតាមរយៈ ការសិក្សាពីមេរៀនដែលបណ្តាលឲ្យប្រជាជនមានទុក្ខលំបាក ចេះឆ្លុះបញ្ចាំងពីបញ្ហាផ្សេងៗ ដែលនាំកើតមាននូវអំពើប្រល័យពូជសាសន៍។
ក្នុងនាមខ្ញុំជាយុវជនម្នាក់ ខ្ញុំនឹងចូលរួមថែរក្សាវប្បធម៌ប្រពៃណីរបស់ខ្លួនចូលរួមការងារសង្គមឲ្យបានច្រើន ធ្វើខ្លួនជាមនុស្សល្អ ចេះដឹងទុក្ខធុរៈមនុស្សជុំវិញខ្លួន ព្រមទាំងចូលរួមលុបបំបាត់នូវអំពើហិង្សានានា ដែលជាហេតុធ្វើឲ្យកើតមានអំពើអសន្តិសុខក្នុងសង្គម។
បញ្ហាសុខភាព៖ ក្រោយពីការចូលរួមក្រុមជាមួយនឹងលោកគ្រូពេទ្យ និងអ្នកគ្រូដែលជាអ្នកពិភាក្សាលើបញ្ហាសុខភាព មានជំងឺសម្ពាធសរសៃឈាម និងជំងឺទឹកនោមផ្អែមឃើញថាសុខភាព គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់មនុស្សម្នាក់ៗ មិនថាចាស់ ឬក្មេងឡើយ ដូចនេះដើម្បីឲ្យសុខភាពរបស់យើងល្អ ជាពិសេសកុំឲ្យកើតមាននូវបញ្ហាសម្ពាធសរសៃឈាម និងទឹកនោមផ្អែម យើងម្នាក់ៗត្រូវតែកាត់បន្ថយការបរិភោគអំបិល និងជាតិស្ករ ឬមានន័យថាអាហារណាដែលមានជាតិប្រៃ និងជាតិផ្អែមជ្រុលដែលជំនួសមកវិញដោយការបរិភោគអាហារណាដែលមានរសជាតិល្មម ហូបបន្លែផ្លែឈើឲ្យបានច្រើន កាត់បន្ថយការផឹកគ្រឿងស្រវឹង ភេសជ្ជៈ គ្រឿងកំប៉ុង និងការជក់បារីជាដើម។
ក្រោយពីការពិភាក្សាចប់ក្នុងនាមខ្ញុំជាយុវជនម្នាក់ ខ្ញុំនឹងយកចំណេះដឹងដែលទទួលបាននេះទៅផ្សព្វផ្សាយបន្តដល់ក្រុមគ្រួសារ មិត្តភក្តិ បងប្អូនទាំងអស់ឲ្យគាត់យល់ដឹងទាក់ទងនឹងការថែទាំសុខភាពរបស់ខ្លួន ដើម្បីចូលរួមកាត់បន្ថយការចំណាយថវិកា ក្នុងគ្រួសារលើការព្យាបាលជំងឺរបស់ខ្លួន។
ចុងបញ្ចប់នាងខ្ញុំសូមគោរពជូនពរ លោកគ្រូនាយក លោកគ្រូ អ្នកគ្រូ ដែលជាបុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជាទាំងអស់ ឲ្យជួបតែសេចក្តីសុខ និងទទួលបានពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីអាក់ខានឡើយ។