ថុង ធូ អ្នកស្ម័គ្រចិត្តកម្ពុជាមកពីខេត្តតាកែវ

ថុង ធូ

សូមគោរពជម្រាបសួរលោកគ្រូ អ្នកគ្រូ បងប្រុស បងស្រី ដែលបានជួយសម្របសម្រួលការងារ និងអ្នកស្ម័គ្រចិត្តគ្រប់ជំនាន់។

ខ្ញុំបាទពិតជាមានសេចក្ដីសោមនស្សរីករាយពន់ពេកដែលបានចូលរួមនៅក្នុងពិធីបើក និងបិទសន្និសិទ «អនាគតកម្ពុជា ដោយគ្មានអំពើប្រល័យពូជសាសន៍» ដែលបានប្រព្រឹត្តទៅរយៈពេលចំនួនបីថ្ងៃ។ ចំពោះចំណាប់អារម្មណ៍របស់ខ្ញុំ គឺទទួលបាននូវការយល់ដឹងបន្ថែមទៀតពីសន្និសីទមួយនេះ នៅលើពាក្យថាប្រល័យពូជសាសន៍ និងវិធីសាស្រ្តមួយចំនួនដែលបានឆ្លងកាត់ជាច្រើនដំណាក់ ច្រើនឆ្នាំមុនហ្នឹងឈានទៅដល់ការកាត់ទោសមេដឹកនាំខ្មែរក្រហម យកយុត្តិធម៌មកជូនប្រជាពលរដ្ឋខ្មែរដែលបានរស់រានមានជីវិត និងដួងវិញ្ញាណក្ខន្ធដូនតាខ្មែរដែលបានបាត់បង់អាយុជីវិតក្នុងរបបដ៏ខ្មៅងងឹតមួយនេះ។ មួយវិញទៀតបានយល់ឃើញថាការដាក់បញ្ចូលប្រធានបទនិយាយអំពីប្រល័យពូជសាសន៍នៅក្នុងប្រព័ន្ធអប់រំ និងផ្សព្វផ្សាយដល់ក្មេងជំនាន់ក្រោយពិតជាមានសារសំខាន់ខ្លាំងណាស់ ពីព្រោះកម្ពុជាបានឆ្លងកាត់ប្រវត្តិរឿងរ៉ាវពិតកន្លងមកហើយ។ ដូច្នេះហើយទើបមានការពន្យល់ទៅដល់យុវជនជំនាន់ក្រោយត្រូវតែមានការចូលរួមអភិវឌ្ឍន៍ កសាងជាតិបង្រួបបង្រួមជាតិ និងរក្សាសន្តិភាពទាំងអស់គ្នាកុំឲ្យមានរបបមួយនេះកើតមកលើប្រទេសរបស់យើងម្ដងទៀត។

ជាចុងក្រោយសូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅដល់អ្នករៀបចំកម្មវិធីមួយនេះឡើង ថ្នាក់ដឹកនាំដែលបានចំណាយពេលវេលាដ៏មានតម្លៃមកចូលរួម ភ្ញៀវអន្តរជាតិដែលបានធ្វើដំណើរមកចូលរួម បងប្រុស បងស្រី ដែលជាក្រុមការងារជួយដល់ការសម្របសម្រួលក្នុងកម្មវិធិ និងពូមីងយាយតា អ្នកស្ម័គ្រចិត្តគ្រប់ជំនាន់ដែលបានចំណាយពេលវេលាមកចូលរួមកម្មវិធីមួយនេះ។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin