អ្នកស្ម័គ្រចិត្តកម្ពុជាខេត្តក្រចេះ

វឺង ណាំរ៉ុង

ខ្ញុំបានចូលកម្មវិធីសន្និសីទមួយក្រោមចំណងជើងថា «អនាគតកម្ពុជា ដោយគ្មានអំពើប្រល័យពូជសាសន៍» ក្រោយការរៀបចំដោយអង្គការមជ្ឈមណ្ឌលឯកសារកម្ពុជា។ កម្មវិធីនេះប្រព្រឹត្តទៅរយៈពេលបីថ្ងៃ នៅថ្ងៃទី ២០ ២១ និង២២។ ជាលើកទីមួយរបស់ខ្ញុំ ដែលបានចូលរួមកម្មវិធីដ៏ធំមួយនេះ ខ្ញុំបានជួប និងស្គាល់សម្តេច ឯកឧត្តម លោកជំទាវ គណៈអធិបតីធំៗជាច្រើន បើទោះបីជាខ្ញុំមិនសូវស្គាល់គោត្តនាមរបស់ពួកគាត់ក៏ដោយ។ លោកយាយ លោកតា និងពូមីងជាដែលមកសឹងតែគ្រប់ខេត្តក្រុងក៏បានចូលរួមផងដែរ។

ក្នុងរយៈពេលបីថ្ងៃនេះ ខ្ញុំទទួលបានចំណេះដឹងជាច្រើនដែលសុទ្ធជាចំណេះដឹងថ្មីៗដោយបានឮចេញពីសំណាក់សម្តេច ទ្រង់ឯកឧត្តម លោកជំទាវ និងគណៈអធិបតីធំៗ។ ចំណុចខ្លះៗពីអ្វីដែលខ្ញុំបានយល់ដឹង គឺវិធានការសំខាន់ៗដែលធ្វើយ៉ាងណាដើម្បីការពារ និងលុបបំបាត់របបប្រល័យពូជសាសន៍ កុំឲ្យកើតឡើងម្តងទៀត។

ម៉្យាងទៀតខ្ញុំក៏បានទទួលដឹងផងដែរ ពីបញ្ហាសុខភាពទាំង១០ ដែលតែងតែកើតឡើងចំពោះលោកតា លោកយាយ ដែលបានរស់រានពីសម័យខ្មែរក្រហម មូលហេតុដែលនាំឲ្យកើតជំងឺទាំងនោះឡើងមក ដែលវាទាក់ទងនៅពេលដែលគាត់រស់នៅក្នុងរបបប្រល័យពូជសាសន៍។ ខ្ញុំក៏មានឱកាសបានទស្សនាខ្សែភាពយន្តពិតមួយផងដែរ ដែលខ្សែភាពយន្តមួយនោះត្រូវបានដឹកនាំ និងចងក្រងឡើងដោយលោកពូ ឆាំង យុ រយៈពេលជាង១០ ឆ្នាំទើប បញ្ចប់រឿងទាំងមូលនោះ។

ខ្ញុំពិតជាស្ងើចសរសើរពីទឹកចិត្តរបស់គាត់ និងក្រុមការងាររបស់អង្គការមជ្ឈមណ្ឌលឯកសារកម្ពុជា ទាំងអស់ដែលខិតខំស្វះស្វែងបង្កើត និងរៀបចំវាឡើងមក។ ទោះបីជារឿងមួយនោះគ្រាន់តែជាមួយផ្នែកតូចនៃប្រវត្តិសាស្ត្រកម្ពុជាក៏ពិតមែន តែវាបានឆ្លុះបញ្ចាំង និងបានឲ្យខ្ញុំ និងអ្នកទាំងអស់គ្នានៅក្នុងសាលបានស្វែងយល់ពីព្រឹត្តិការណ៍ដែលបានកើតឡើងនៅសម័យទាំងបី (សម័យសង្គមរាស្ត្រនិយម សម័យល់ន នល់ និងសម័យខ្មែរក្រហម)។

អ្វីដែលពិសេសជាងនេះទៅទៀតនោះគឺ បទចម្រៀង ឱ!ភ្នំពេញអើយ។ ខ្ញុំបានស្តាប់ដំបូងមានអារម្មណ៍អូលដើមកនិយាយ ពិរោះអ្វីម្ល៉េះទេរហូតមកដល់ឥឡូវ ខ្ញុំស្តាប់បទនេះរាល់ថ្ងៃ ។ នេះគ្រាន់តែជាចំណុចតូចមួយប៉ុណ្ណោះនៃអ្វីដែលខ្ញុំទទួលបានពីសន្និសីទរយៈពេលបីថ្ងៃនេះ។

ជាចុងក្រោយខ្ញុំបាទសូមជូនពរ និងប្រសិទ្ធិពរជ័យដល់លោកពូ ឆាំង យុ និងក្រុមការងារទាំងអស់ឲ្យបានសេចក្តីសុខ និងជោគជ័យគ្រប់ភារកិច្ច ។
សូមអរគុណ
ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin