កុមារសម័យខ្មែរក្រហម
(ស្វាយរៀង) ៖ ប្រាក់ ស៊ាន អាយុ ៥៣ឆ្នាំ ជាកសិករ មានស្រុកកំណើត និងរស់នៅ ភូមិទួលជ័រ ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង។ នៅរបប លន់ នល់ គាត់ រៀននៅសាលាបឋមសិក្សាក្នុងភូមិ ប៉ុន្តែរៀនមិនបានដិតដល់ទេដោយសារតែមានយន្តហោះទម្លាក់គ្រាប់បែក សាលារៀនបានបិទទ្វារជាញឹកញាប់ ចំណែកផ្ទះសំបែង មន្ទីរពេទ្យ និងវត្តអារាម ត្រូវបានបំផ្លាញ។
ក្នុងរបបខ្មែរក្រហម ស៊ាន មានអាយុប្រមាណប្រាំបួនឆ្នាំ ស្ថិតនៅវ័យកុមារ គាត់ត្រូវបានអង្គការបង្ខំឲ្យឈប់រៀន និងជួយធ្វើការងារដូចជាដើររើសអាចម៍គោ រើសគួរស្រូវ និងរែកដីដំបូកទុកធ្វើជីជាដើម។ គាត់ត្រូវធ្វើការងារជាមួយក្មេង១០នាក់ ផ្សេងទៀត តាំងពីម៉ោងប្រាំមួយព្រឹក រហូតដល់ប្រាំល្ងាចទើបអាចសម្រាកហូបបបរ។ មានថ្ងៃខ្លះគាត់ត្រូវធ្វើការថែមម៉ោងជាមួយក្មេងដទៃទៀតដើម្បីចិញ្ច្រំាដើមទន្ទ្រានខេត្ត ទុកធ្វើជីសម្រាប់ដាក់ស្រែ។
ស៊ាន មិនអាចរស់នៅជួបជុំឪពុកម្តាយ បងប្អូន ដូចរបបមុនបានទៀតទេ។ ឪពុកម្តាយ និងបងៗត្រូវរស់នៅនិងធ្វើការនៅកងចល័តត្រូវទៅធ្វើការជីក និងរែកដី។
ក្រៅពីការងារដែលគាត់ត្រូវបំពេញប្រចាំថ្ងៃ នៅរដូវវស្សា គាត់ត្រូវទៅជួយការងារស្ទូងស្រូវបន្ថែមដោយសារតែគាត់មានវ័យធំជាងក្មេងៗដទៃទៀត។ លើសពីនេះក្នុងកងកុមារគាត់ក៏ត្រូវជួយការងារចាស់ៗមើលការខុសត្រូវក្មេងតូចៗជាងគាត់។ ស៊ាន បន្តថា ក្នុងរបបខ្មែរក្រហមគ្មានអ្នកណាទំនេរទេសូម្បីតែអ្នកជំងឺក៏ត្រូវធ្វើការដែរដើម្បី ទទួលបានរបបអាហារ។ អ្នកជំងឺធ្ងន់ៗមិនបានទៅធ្វើការអង្គការមិនផ្តល់របបអាហារឲ្យទេ និងប្រឈមមុខសម្លាប់ចោលទៀតផង។ នៅសហករណ៍គាត់រស់នៅ អ្នកជំងឺមិនទទួលបានការព្យាបាលត្រឹមត្រូវទេ មានតែថ្នាំផ្សំពីឫសឈើ និងថ្នាំគ្រាប់រាងដូចអាចម៍ទន្សាយប៉ុណ្ណោះសម្រាប់ព្យាបាលជំងឺគ្រប់មុខ។
ស៊ាន និយាយថានៅសម័យខ្មែរក្រហមដោយសារភាពស្រេកឃ្លានគាត់បានទៅលួចអាហារអង្គការជាញឹកញាប់។ ពេលដែលអង្គការចាប់បាន គាត់ត្រូវបានដាក់ទណ្ឌកម្ម និងបានបង្អត់អាហារជារឿយៗ។
ស៊ាន បន្តថា នៅពេញមួយរបបខ្មែរក្រហមគាត់មិនបានទទួលភាពសប្បាយរីករាយនោះទេ រហូតទាល់តែរបបនោះបានដួលរលំក្នុងឆ្នាំ១៩៧៩។ មកដល់ពេលបច្ចុប្បន្នទោះបីជីវភាពគាត់ខ្វះខាត ក៏គាត់អាចមានអាហារហូបគ្រប់គ្រាន់។ ផ្ទុយពីរបបខ្មែរក្រហមសូម្បីតែដំណាំដែលឪពុកម្តាយគាត់ធ្លាប់ដំាកាលពីរបប លន់ នល់ ក៏មិនអាចបេះហូបបានដែរ។
ចុងឆ្នាំ១៩៧៨ ស៊ាន និងគ្រួសារត្រូវបានខ្មែរក្រហមជម្លៀសទៅតំបន់អ្នកលឿង។ គាត់នៅចាំបានថា នៅពេល នោះអាកាសធាតុក្តៅខ្លាំង ឪពុករបស់គាត់ត្រូវរែកសម្ភារៈប្រើប្រាស់ និងអង្ករ ចំណែកម្តាយ និងបងប្អូន ត្រូវធ្វើដំណើរដោយថ្មើរជើងទំាងយប់ទំាងថ្ងៃ។
បងប្រុស ស៊ាន ម្នាក់ត្រូវបានអង្គការយកទៅសម្លាប់ដោយបាញ់នឹងកាំភ្លើងភ្លាមៗបន្ទាប់ពីខ្មែរក្រហមឡើងកាន់អំណាច ដោយសារបងប្រុសគាត់ជាអតីតទាហាន លន់ នល់។
បច្ចុប្បន្ន ស៊ាន មានជំងឺក្រពះ ពោះវៀន និងជំងឺខ្សោយបេះដូង។ គាត់សម្រាន្តមិនសូវលក់ដោយសារតែគាត់គិតច្រើនពីជីវភាពប្រចាំថ្ងៃដែលខ្វះខាត។
សម្ភាសន៍ដោយ សេន វាសនា ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ អេង សុខម៉េង នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤