បងប្រុសបីនាក់ស្លាប់ដោយសារខ្មែរក្រហមចាប់បង្ខំធ្វើជាទាហាន
(ព្រៃវែង)៖ រស់ អៀង មានអាយុ៦២ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម បច្ចុប្បន្នគាត់រស់នៅភូមិត្នោត ឃុំកំពង់ឫស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។
ក្នុងរបបខ្មែរក្រហម អៀង មិនបានរស់នៅជួបជុំបងប្អូន និងឪពុកម្តាយទេ។ គាត់ស្ថិតនៅក្នុងវ័យពេញកម្លាំងត្រូវរស់នៅក្នុងកងចល័តនារីឃុំ ដោយត្រូវទៅធ្វើការឆ្ងាយៗនៅតាមភូមិផ្សេងៗក្នុងឃុំកំពង់ឫស្សី។ គាត់ត្រូវជីក និងរែកដីដើម្បីសាងសង់ទំនប់ឆ្នុកទ្រូ និងទំនប់សំឡូតសម្រាប់ស្តុកទឹកទុកធ្វើស្រែចម្ការ។
នៅក្នុងរបបខ្មែរក្រហម អៀង បានរងរបួសជើងនៅអំឡុងពេលធ្វើការជីកទំនប់ ប៉ុន្តែគាត់មិនត្រូវបានអង្គការឲ្យសម្រាក រហូតទាល់តែជើងរបស់គាត់ដើរលែងរួចទើបបានសម្រាកពេទ្យពីរសប្តាហ៍។
នៅកន្លែងធ្វើការរបស់ អៀង មានការខ្វះខាតទឹកយ៉ាងខ្លាំង។ គាត់ត្រូវប្រើប្រាស់ និងបរិភោគទឹកព្រែកដែលគ្មានអនាម័យធ្វើឲ្យគាត់ និងយុវនារីក្នុងកងចល័តតែងតែមានជំងឺរាគរុសជាញឹកញាប់។ ប្រជាជនធ្វើការនៅក្នុងកងចល័តមិនបានហូបអាហារគ្រប់គ្រាន់ និងអាហារគ្មានអនាម័យ។ អៀង រៀបរាប់ថា គាត់ត្រូវបង្ខំចិត្តហូបបាយជាមួយសម្ល ដែលមានដង្កូវដើម្បីចម្អែតក្រពះ។ ក្រុមការងារត្រូវ ត្រូវស្នាក់នៅក្នុងព្រៃគ្មានទីជម្រកច្បាស់លាស់ យប់ទីណាសម្រាកនៅទីនោះ ជួនកាលសម្រាន្តនៅតាមខ្នងទំនប់ និងគ្មានអាហារហូបក៏មានដែរ ។
ក្នុងរបបខ្មែរក្រហមបងប្រុសរបស់ អៀង បីនាក់ត្រូវបានស្លាប់ដោយសារតែបងប្រុសត្រូវបង្ខំឲ្យធ្វើជាទាហានខ្មែរក្រហម។ បងប្រុសទីមួយស្លាប់នៅឆ្នុកទ្រូ និងពីរនាក់ទៀតស្លាប់នៅអ្នកលឿង ព្រមទាំងបានបន្សល់ទុកក្មួយកំព្រាតូចៗចំនួនបីនាក់ជាបន្ទុកមកលើរូបគាត់និងម្តាយ។
នៅក្នុងរបបនោះដែរជីវិតរបស់ អៀង ផ្ទាល់ក៏ស្ទើរតែបាត់បង់ផងដែរ ប៉ុន្តែសំណាងល្អដែលមានលោកតាម្នាក់ឈ្មោះតាស៊ុម បានសុខចិត្តពលីជីវិតរបស់ខ្លួនឯងដោយស្រែកប្រកាសឲ្យប្រជាជនប្រមាណជាង៣០០នាក់ ក្នុងសហករណ៍ឲ្យធ្វើការបះបោរប្រឆាំង និងគម្រោងការសម្លាប់របស់ខ្មែរក្រហម ទើបអង្គការបានរំសាយគម្រោងសម្លាប់គាត់និងប្រជាជនផ្សេងទៀត។ ក្រោយមកលោកតាស៊ុម ត្រូវបានខ្មែរក្រហមធ្វើទារុណកម្ម និងសម្លាប់យ៉ាងព្រៃផ្សៃបំផុតនៅចំពោះមុខប្រជាជន។
បន្ទាប់មករបបខ្មែរក្រហមក៏បានដួលរលំដោយមានកងទ័ពរណសិរ្សសង្គ្រោះជាតិកម្ពុជាចូលមកបណ្តេញទាហានខ្មែរក្រហមអស់ពីសហករណ៍។ អៀង ប្អូនៗ និងឪពុកម្តាយ បានត្រឡប់មករស់នៅស្រុកកំណើតវិញរហូតដល់សព្វថ្ងៃ។
បច្ចុប្បន្ន អៀង មានជំងឺលើសសម្ពាធឈាម ជំងឺលើសជាតិអាស៊ីត និងជំងឺសន្លាក់ដៃ សន្លាក់ជើង។
សម្ភាសន៍ដោយ រុន សុជាតិ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤
អត្ថបទដោយ អេង សុខម៉េង ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤