របបខ្មែរក្រហមឲ្យធ្វើការងារច្រើនប៉ុន្តែមិនឲ្យហូបឆ្អែត
(ព្រៃវែង)៖ ឡាយ វៃ ចាប់កំណើតក្នុងរបបសង្គមរាស្រ្តនិយមក្នុងគ្រួសារកសិករដែលមានជីវភាពខ្វះខាត។ ក្នុងវ័យកុមារគាត់ត្រូវជួយឪពុកម្តាយធ្វើស្រែ និងជួយមើលប្អូនៗដូច្នោះគាត់មិនមានឱកាសរៀនសូត្របានជ្រៅជ្រះទេ។ បច្ចុប្បន្ន វៃ មានអាយុ ៥៧ឆ្នាំ រស់នៅភូមិព្រៃកណ្តៀង ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង។ គាត់មានបងប្អូន៦នាក់។ គាត់ជាកូនទី១។
ក្នុងរបបលន់ នល់ ឆ្នំា១៩៧០ វៃ បានឃើញនៅស្រុកកំណើតភូមិព្រៃកណ្តៀង មានសង្គ្រាម និងការទម្លាក់គ្រាប់បែកពីសំណាក់យន្តហោះសហរដ្ឋអាមេរិក។ គ្រួសារគាត់ និងប្រជាជនបានផ្លាស់ប្តូរទីលំនៅទៅក្នុងព្រៃ និងតាមវាលស្រែគេចចេញពីសង្រ្គាម។ ការរស់នៅមានភាពលំបាកព្រោះគ្មានសំភារប្រើប្រាស់ និងស្បៀងអាហារគ្រប់គ្រាន់។ គាត់ និងប្អូនៗមិនបានចូលរៀនទេដោយសារកន្លែងថ្មីគ្មានគ្រូ និងគ្មានសាលារៀន។ គ្រួសារគាត់បានជួលដីស្រែគេដើម្បីបង្កបង្កើនផលស្រូវ និងឪពុកគាត់ត្រូវទៅនេសាទត្រីបន្ថែមដើម្បីផ្គត់ផ្គង់ការហូបចុកក្នុងគ្រួសារ។
ឆ្នាំ១៩៧៤ នៅកន្លែងគាត់រស់នៅត្រូវខ្មែរក្រហមចូលគ្រប់គ្រង។ គ្រួសារគាត់បន្តផ្លាស់ប្តូរទីលំនៅទៅភូមិបារាណ៍ ដោយសុំដីបងប្អូនធ្វើផ្ទះស្នាក់នៅបណ្តុះអាសន្ន។ នៅទីនោះមានសាលារៀនគាត់បានចូលរៀន។ រៀនបានប្រហែលប្រាំខែខ្មែរក្រហមបន្តជម្លៀសគ្រួសារគាត់ពីមួយកន្លែងទៅមួយកន្លែងរហូតដល់ភូមិត្របែក អង្គការក៏បំបែក ឪពុកម្តាយឲ្យទៅរស់នៅក្នុងកងចល័ត។ ចំណែកគាត់ និងប្អូនពីរនាក់រស់នៅក្នុងកងកុមារ។ គាត់ និងប្អូនត្រូវមើលគោក្របី ច្រូតស្មៅ និងប្រមូលអាចម៍គោក្របីទុកធ្វើជី។ អង្គការមិនឲ្យគាត់ និងប្អូនៗទៅសាលារៀនទេ។ ឪពុកត្រូវភ្ជួររាស់ដីទុកឲ្យកងចល័តនារីស្ទូង និងម្តាយត្រូវដកស្ទូង និងកាប់ដី។ ពេញមួយរបបខ្មែរក្រហមគាត់មិនដែលទទួលបានរបបអាហារគ្រប់គ្រាន់ទេគឺហូបតែបបរ និងសម្លដែលគ្មានរសជាតិស្ទើរតែគ្មានអំបិល។
ក្នុងរបបនោះនៅពេលយប់គាត់ឃើញឈ្លបខ្មែរក្រហមលបស្តាប់តាមកន្លែងស្នាក់នៅប្រជាជន។ បើមានប្រជាជនណានិយាយមិនល្អពីអង្គការដឹងថាបាត់ខ្លួននៅព្រឹកថ្ងៃបន្ទាប់។ គាត់ក៏ធ្លាប់ឃើញខ្មែរក្រហមប្រជុំធ្វើស្វ័យទិតៀនពីគ្នាទៅវិញទៅមកក្នុងចំណោមយុវជនយុវនារី និងក្នុងក្រុមកុមារៗជាដើម។ អ្នកដែលត្រូវគេទិតៀនច្រើនប្រឈមនឹងការយកទៅអប់រំឬសម្លាប់ចោល។ ប្រជាជនដែលធ្វើខុសត្រូវទាហានខ្មែរក្រហមបញ្ជូនទៅឃុំខ្លួន និងសម្លាប់នៅទួលជ្រៃ។ ឈ្លបខ្មែរក្រហមបានហាមឃាត់មិនឲ្យប្រជាជនទៅជិតទួលនោះទេខ្លាចឃើញការធ្វើទារុណកម្ម និងការសម្លាប់មនុស្ស។
វៃ ក៏ធ្លាប់ឃើញប្រជាជនថ្មីដែលជម្លៀសពីភ្នំពេញមករស់នៅកន្លែងគាត់។ ប្រជាជន១៧មេសាទាំងនោះត្រូវបានអង្គការរើសអើង និងធ្វើបាប ដោយបង្ខំឲ្យធ្វើការងារច្រើន រស់នៅផ្សេងពីប្រជាជនចាស់ និងមួយចំនួនត្រូវបានអង្គការនាំយកទៅសម្លាប់ដោយចោទប្រកាន់ថាជាប់ពាក់ព័ន្ធនឹងរបបចាស់។
រឿងរ៉ាវដែលគាត់ចងចាំមិនអាចបំភ្លេចបានក្នុងរបបខ្មែរក្រហមគឺការដែលអង្គការប្រើគាត់ឲ្យធ្វើការងារគ្មានពេលសម្រាកទាំងនៅវ័យក្មេង មិនបានទៅសាលារៀន និងគ្មានអាហារហូបគ្រប់គ្រាន់។
បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ វៃ បានចូលធ្វើជាទាហាន។ ធ្វើទាហានបានមួយរយៈគាត់ក៏ឈប់មកជួយធ្វើស្រែឪពុកម្តាយរហូតដល់សព្វថ្ងៃ។
សម្ភាសន៍ដោយ ភា បូរី ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ អេង សុខម៉េង ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤