អ្នកយាមនៅមន្ទីរទីក្រុងភ្នំពេញនាសម័យខ្មែរក្រហម
(រតនគិរី)៖ ឈាម ដូយ មានអាយុ ៧២ឆ្នាំ សព្វថ្ងៃជាប្រជាកសិករ រស់នៅភូមិឡាម៉ឺយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ គាត់មានដើមកំណើតជាជនជាតិដើមភាគតិចកាវែត។
កាលពីសម័យខ្មែរក្រហម ឈាម ដូយ ត្រូវបានជម្លៀសឲ្យទៅរស់នៅមន្ទីរភូមិភាគខេត្តស្ទឹងត្រែងអស់រយៈពេលមួយឆ្នាំ មុនពេលកងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ។
នៅពេលខ្មែរក្រហមគ្រប់គ្រងបានទីក្រុងភ្នំពេញ ប្រជាជនទាំងអស់ត្រូវបានជម្លៀសឲ្យទៅរស់នៅតាមទីជនបទ ពេលនោះ ដូយ ក៏ត្រូវបានបញ្ជូនឲ្យទៅប្រចាំការនៅមន្ទីរមួយកន្លែងនៅក្នុងទីក្រុងភ្នំពេញ។ គាត់មានតួនាទីជាអ្នកមើលថែរក្សាផ្ទះ ជូតផ្ទះ បោសសម្អាតទីធ្លា និងធ្វើម្ហូបឲ្យមេបញ្ជាការខ្មែរក្រហម។
ក្រៅពីការងារទាំងនោះគាត់ត្រូវដងទឹក និងរៀបចំសំបុត្រឯកសារផ្សេងៗសម្រាប់មេបញ្ជាការជាដើម។ នៅទីនោះ គាត់ទទួលបាននំបុ័ងសម្រាប់បរិភោគជំនួសបាយ។
មួយឆ្នាំក្រោយមក គាត់ត្រូវបានបញ្ជូនត្រឡប់មកមន្ទីរភូមិភាគនៅស្រុកវើនសៃ ដោយគាត់ត្រូវរៀបចំកន្លែង ដោយសម្អាតបរិវេណជុំវិញមន្ទីរ និងរៀបចំម្ហូបអាហារ សម្រាប់ទទួលភ្ញៀវ ឬថ្នាក់ដឹកនាំខ្មែរក្រហមបានពីតំបន់ផ្សេងៗ។
ក្រោយមកខ្មែរក្រហមបានសម្រេចបញ្ជូនគាត់ឲ្យត្រឡប់ទៅធ្វើការនៅទីក្រុងភ្នំពេញម្តងទៀត ក៏ប៉ុន្តែគាត់បានបដិសេធ ខ្មែរក្រហមបានបញ្ជូនគាត់ឲ្យទៅធ្វើការដោយលីសែង និងលើកដុំថ្ម នៅតាមសហករណ៍។
មិនយូរប៉ុន្មាន កងទ័ពខ្មែរក្រហមត្រូវប្រយុទ្ធជាមួយកងទ័ពវៀតណាម និងកងទ័ពរំដោះដែលសម្រុកចូលមកភូមិភាគដែលគាត់រស់នៅ។ ឈាម ដូយ ត្រូវបានខ្មែរក្រហមចាប់បង្ខំឲ្យចូលរួមប្រយុទ្ធ តែគាត់មិនបានប្រយុទ្ធអ្វីនោះទេ អ្វីដែលគាត់បានធ្វើ គឺបានត្រឹមតែនៅពីក្រោយប៉ុណ្ណោះ។ កងទ័ពខ្មែរក្រហមក៏បានចាញ់ និងរត់ភៀសខ្លួនទៅក្នុងព្រៃ៕
នៅសម័យខ្មែរក្រហម ដូយ ចងចាំថា មានមិត្តរបស់គាត់ម្នាក់ត្រូវបានខ្មែរក្រហមចាប់ខ្លួនយកទៅរៀនសូត្រនៅក្នុងព្រៃ ដោយសារមិត្តរបស់គាត់បានលួចទៅជួបមនុស្សស្រីម្នាក់នៅក្នុងសហករណ៍ ដែលល្មើសច្បាប់របស់អង្គការ លុះព្រឹកឡើងមិត្តរបស់គាត់ត្រូវបានខ្មែរក្រហមសម្លាប់៕
សម្ភាសន៍ដោយ បេង ហង្ស ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤