តំបន់៥០៥ នៅក្នុងរបបខ្មែរក្រហម

ខេត្ដក្រចេះតាំងពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៨ ស្ថិតនៅក្នុងភូមិភាគឦសាន។ តំបន់៥០៥ ជាតំបន់មួយស្ថិតនៅភូមិភាគឦសាន (ភូមិភាគ១០៨) ដឹកនាំដោយ ណៃ សារ៉ាន់ ហៅ យ៉ា (សម្លាប់នៅឆ្នាំ១៩៧៦)។ ភូមិភាគនេះរួមមានខេត្តរតនគិរីនិងខេត្តមណ្ឌលគិរីទាំងមូល, ផ្នែកខ្លះនៃខេត្តក្រចេះ និងផ្នែកខ្លះនៃខេត្តស្ទឹងត្រែងដែលស្ថិតនៅត្រើយខាងលិចនៃទន្លេមេគង្គ។ ភូមិភាគនេះចែកចេញជាប្រាំមួយតំបន់គឺ តំបន់១០១ តំបន់១០២ តំបន់១០៤ តំបន់១០៥ តំបន់១០៧ និង តំបន់៥០៥[1] ។ ក្រោយពីចាប់ប្រធានភូមិភាគ និងគណៈតំបន់ឈ្មោះ យី, គួន, យ៉ែម និងកម្មាភិបាលមួយចំនួនទៀតបាត់អស់ទៅ ក៏មានកម្មាភិបាលខែ្មរក្រហមមកពីភូមិភាគនិរតី[2] ចូលមកគ្រប់គ្រងវិញ ពេលនោះខេត្ដក្រចេះទាំងមូលក្លាយជាតំបន់ស្វយ័ត[3]។ ភូមិភាគថ្មីមួយទៀត គឺភូមិភាគកណ្ដាលត្រូវបានបង្កើតឡើង។ ភូមិភាគនេះមានទីតាំងស្ថិតនៅត្រង់អតីតភូមិភាគឧត្ដរ។ ចំណែកភូមិភាគឧត្ដរថ្មី ត្រូវបានប្ដូរទីតាំងទៅតំបន់សៀមរាប-ឧត្ដរមានជ័យ និងតំបន់ព្រះវិហារ។ តំបន់ក្រចេះ (ឬតំបន់៥០៥) និងតំបន់មណ្ឌលគិរី (ឬតំបន់១០៥) ត្រូវបានបំបែកចេញពីភូមិភាគឦសាន និងចាត់តាំងជាតំបន់ស្វយ័ត[4] ។
នៅឆ្នាំ១៩៧០ ពេលដែលខ្មែរក្រហមចូលកាន់កាប់ ខេត្តក្រចេះដំបូងឡើយ គឺមិនទាន់បានផ្លាស់ប្ដូរឈ្មោះនៅឡើយទេ នៅតែបន្តប្រើឈ្មោះ រណសិរ្សរួបរួមជាតិ[5]។ ធាវ ដាន ភេទប្រុស អាយុ៦៧ឆ្នាំ(២០០៦) មានទីកន្លែងកំណើត និងបច្ចុប្បន្នរស់នៅភូមិបន្ទាយ ឃុំគោលាប់ ស្រុកក្រចេះ ខេត្តក្រចេះ គាត់មានតួនាទីជាក្រុមប្រឹក្សាឃុំ ជំទប់ទីមួយនៃឃុំគោលាប់[6] ។ ដាន បានរៀបរាប់ថានៅអំឡុងឆ្នាំ១៩៧០ តំបន់៥០៥ ជាតំបន់មួយស្ថិតនៅភូមិភាគឦសាន ដឹកនាំដោយ ណៃ សារ៉ាន់ ឈ្មោះបដិវត្តិន៍ហៅ យ៉ា (សម្លាប់នៅឆ្នាំ១៩៧៦)។ ខ្មែរក្រហមបានយកឈ្មោះ រណសិរ្សរួបរួមជាតិ ជាខែល ហើយបានឃោសនាអូសទាញឲ្យយុវជន យុវនារីចូលធ្វើជាទាហាន ដោយយកព្រះនាមរបស់សម្ដេចព្រះ នរោត្ដម សីហនុ បាំងមុខក្នុងការអំពាវនាវឲ្យប្រជាជនចូលព្រៃម៉ាគី ដើម្បីបង្កើតចលនារណសិរ្សរួបរួមជាតិ ព្រោះប្រជាជនប្រកាន់ខ្ជាប់ និងមានជំនឿលើព្រះមហាក្សត្រ ដោយសារតែធ្លាប់រស់នៅមានភាពសុខដុមរម្យនា ប៉ុន្តែធាតុពិតគឺចូលរួមធ្វើជាយោធារបស់ខ្មែរក្រហម។ ប្រជាជនបានស្ម័គ្រចិត្តចូលរួមជាមួយនឹងចលនាខ្មែរក្រហមទាំងងងឹតងងុល ដោយសារតែអំឡុងពេលនោះ ប្រជាជនទទួលបានព័ត៌មានតាមរយៈវិទ្យុពីទីក្រុងប៉េកាំងថា «កូនខ្មែរទាំងឡាយរត់ចូលព្រៃម៉ាគី ដើម្បីតស៊ូរំដោះប្រទេសជាតិយើងវិញ»។ ទោះបីជាខ្មែរក្រហមបានធ្វើសង្រ្គាមប្រឆាំងនឹងរបបសាធារណរដ្ឋខ្មែររបស់ឧត្តមសេនីយ៍ លន់ នល់ អស់រយៈពេលប្រាំឆ្នាំក៏ដោយក៏ចលនា និងមេដឹកនាំសំខាន់ៗរបស់ខ្មែរក្រហមមិនត្រូវបានផ្សព្វផ្សាយជាសាធារណៈទេ។ បក្សកុម្មុយនីស្តកម្ពុជាបានរក្សាការសម្ងាត់នេះស្ទើរតែពេញរយៈពេលដែលខ្លួនគ្រប់គ្រងប្រទេសកម្ពុជា[7] ។ ជាក់ស្ដែងគឺ សាឡុត ស ដែលក្រោយមកត្រូវបានគេស្គាល់ថាជា ប៉ុល ពត គឺជាអគ្គលេខាធិការគណបក្សកុម្មុយនីស្តកម្ពុជា។ តាមរយៈដំណើររបស់សម្ដេចព្រះ នរោត្ដម សីហនុ និងសម្ដេចម៉ែ បានបង្ហាញឲ្យដឹងថា សាឡុត ស មិនបង្ហាញពីសមាសភាពពិតរបស់ខ្លួនក្នុងនាមជាមេដឹកនាំកម្មាភិបាលខ្មែរក្រហមជាន់ខ្ពស់នោះទេ[8] ។ ដាន បានបន្តថា នៅពេលដែលកើតមានរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្ដម សីហនុ ពីព្រះប្រមុខរដ្ឋ យោធាខ្មែរក្រហមចាប់ផ្ដើមលេចមុខមក ហើយអំឡុងពេលនោះដែរក៏មានការប្រឈមមុខដាក់គ្នារវាងយោធាខ្មែរក្រហម និងទាហាន លន់ នល់ បញ្ហាទាំងអស់នោះបាននាំទុក្ខដល់ប្រជាពលរដ្ឋនៅក្នុងតំបន់។ នយោបាយរបស់ខ្មែរក្រហមគឺបោសសម្អាតមន្រ្តីរបបចាស់ លុបបំបាត់វណ្ណៈសង្គម និងអ្នកមានអ្នកក្រ។ ខ្មែរក្រហមបានឆ្លៀតឱកាសនោះញុះញង់ឲ្យប្រជាជនក្រីក្រស្អប់ខ្ពើមរបបសក្ដិភូមិ ដែលមានការជិះជាន់កេងប្រវ័ញ្ចប្រជាជនក្រីក្រ ការបែងចែកវណ្ណៈ។ ប្រជាជនដែលមានតួនាទីជាមន្រ្តីរាជការដែលធ្លាប់គាបសង្កត់ប្រជាជនកន្លងមក ជាបញ្ញវន្ត នៅក្នុងរបប លន់ នល់ នឹងត្រូវចាប់យកទៅសម្លាប់ចោល[9]។
ខ្មែរក្រហមចាប់ផ្ដើមឃោសនាធ្វើការបង្រួបបង្រួមជាតិ ហើយបានទម្លាក់កំហុសទៅលើរបប លន់ នល់ ធ្វើរដ្ឋប្រហារផ្ដួលរំលំប្រទេសកម្ពុជា ដែលប្រកាន់យក នយោបាយអព្យាក្រឹត។ ធម្មតាប្រជាជនធ្លាប់មានជំនឿ ទៅលើសមេ្ដចព្រះ នរោត្ដម សីហនុ យាងចូលគ្រប់គ្រងប្រទេសជាតិវិញ។ ដាន បានចូលក្នុងជួរបដិវត្ដន៍ និងបានដើរឃោសនាឲ្យប្រជាជននៅក្នុងតំបន់ចូលពៃ្រម៉ាគី។ ពេលនោះមានក្រុមសាស្រ្ដាចារ្យ យី, គួន, ទេព សៀន, និង យ៉ែម ព្រមទាំងក្រុមចលនានិស្សិតមួយចំនួនទៀតបានស្ម័គ្រចិត្ដចូលបម្រើចលនារណសិរ្សរួបរួមជាតិដែរ។ ពេលនោះ យ៉ែម, គួន, និង សៀន បានឡើងធ្វើជាគណៈតំបន់ គណៈស្រុកនៅក្នុងសកម្មភាពសម្ងាត់នៅឡើយទេ។ ខណៈនោះមានកម្លាំងយៀកកុងចូលមកសហការណ៍ជាមួយក្រុមរណសិរ្សរំដោះជាតិដែរ។ សភាពការណ៍វិវដ្ដទាំងនេះ បានផ្ដល់ឱកាសយ៉ាងច្រើនដល់ខ្មែរក្រហម។ សម្ដេចព្រះ នរោត្ដម សីហនុ បានអំពាវនាវឲ្យប្រជាជនចូលព្រៃម៉ាគី (ព្រៃដែលអ្នកតស៊ូធ្វើបដិវត្តន៍លាក់ខ្លួន) ជួយផ្ដួលរំលំរដ្ឋាភិបាលរបស់សេនាប្រមុខ លន់ នល់។ ជាងនេះទៅទៀត ការទម្លាក់គ្រាប់បែកដ៏ច្រើនសន្ធឹកសន្ធាប់ទៅលើផ្លូវផ្គត់ផ្គង់សម្ភារ និងមូលដ្ឋាននានារបស់ក្រុមកុម្មុយនីស្ត ប្រព្រឹត្តឡើងដោយរបបសាធារណរដ្ឋខ្មែរ ក្រោមការជួយជ្រោមជ្រែងរបស់សហរដ្ឋអាមេរិក បានធ្វើឲ្យការគាំទ្រខ្មែរក្រហមពីសំណាក់ប្រជាជន មានសន្ទុះកាន់តែច្រើនឡើងៗ ហើយកម្លាំងទ័ពរបស់ខ្មែរក្រហមមានចំនួនកាន់តែច្រើនឡើងជាលំដាប់[10] ។
ដាន បានបន្ថែមថា នៅឆ្នាំ១៩៧១ មានយន្ដហោះបានមកទម្លាក់គ្រាប់បែក តាមពៃ្រ និងតាមដងទនេ្ល បណ្ដាលឲ្យហេដ្ឋារចនាសម្ព័ន្ធជាច្រើនត្រូវបានខូចខាត មិនថាជាសាលារៀន មន្ទីរពេទ្យ ផ្ទះសម្បែង ផ្លូវថ្នល់ រួមទាំងស្ពានមួយចំនួនត្រូវបែកបាក់ខ្ទេចខ្ទី[11] ។ បើយោងតាមសៀវភៅកំណត់ហេតុសាក្សីប្រវត្តិសាស្រ្ត របស់ព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានបង្ហាញអំពីការយាងអមដំណើរជាមួយនឹងសម្ដេចព្រះ នរោត្ដម សីហនុ ដែលទ្រង់ត្រឡប់មកប្រទេសកម្ពុជាវិញថា នៅឆ្នាំ១៩៧៣ យន្តហោះរបស់សត្រូវ(សំដៅទៅលើយន្តហោះរបស់សហរដ្ឋអាមេរិកដែលគាំទ្រលោកសេនាប្រមុខ លន់ នល់) គឺមានការទម្លាក់គ្រាប់បែកជាច្រើនតាមបណ្ដោយដងផ្លូវនៅខេត្តស្ទឹងត្រែង។ នៅក្នុងឃ្លាមួយទ្រង់បានលើកឡើងថា «សត្រូវច្បាស់ជាមានការសង្ស័យអំពីការវិលត្រឡប់របស់យើង មកកាន់ប្រទេសកម្ពុជាវិញជាក់ជាមិនខាន។ ហេតុនេះហើយ ទើបពួកសត្រូវកំពុងតាមស្វែងរកយើង! នៅពេលរសៀល គេទម្លាក់គ្រាប់បែកនៅចម្ងាយតែប៉ុន្មានគីឡូម៉ែត្រពីកន្លែងរបស់យើងប៉ុណ្ណោះ។» [12] ។
នៅពាក់កណ្ដាលឆ្នាំ១៩៧៤ ភូមិភាគបូព៌ា[13] មានការប្រកាសអាសន្នមួយ ហៅថាសភាវអាសន្ន ខាងគោលជំហរវណ្ណសក្ដិភូមិក្រោកឡើងប្រឆាំងនឹងគោលនយោបាយរបស់ខ្មែរក្រហម។ បន្ទាប់ពីកើតមានការប្រឆាំងជាមួយនឹងគោលនយោបាយរបស់ខ្លួន ខ្មែរក្រហមបានបង្កើតឲ្យមានចលនាបង្រ្កាបប្រជាជនដែលប្រឆាំងទាំងអស់នោះ ហើយចាប់ផ្ដើមពង្រឹងវិស័យកសិកម្ម និងពង្រឹងកសិករក្រីក្រឲ្យរឹងមាំ ជាសហករណ៍ដែលត្រូវធ្វើការរួម ហូបរួម និងស្នាក់នៅរួម។ អង្គការចាប់ផ្ដើមបង្កើតឲ្យមានសហករណ៍ កម្មសិទ្ធិដែលប្រជាជនមានទាំងប៉ុន្មានត្រូវដាក់បញ្ចូលជារបស់អង្គការ មិនថាជាផ្ទះសម្បែង សត្វពាហនៈ មាសប្រាក់ របស់របរប្រើប្រាស់ប្រចាំថ្ងៃ សូម្បីតែបន្លែបង្ការដាំជុំវិញផ្ទះក៏ត្រូវបានបញ្ចូលទៅក្នុងសមូហភាពដែរ។ ពាក់ព័ន្ធនឹងរបបអាហារ ដាន បាននិយាយថា នៅតំបន់ក្រចេះមិនមានការខ្វះខាតដូចជាតំបន់ផ្សេងទេ។ ប្រជាជនភាគច្រើនតែងតែហូបបាយ ករណីដែលមានបបរក៏បបរនោះជាបបរខាប់ដែរ។ ដូច្នេះយើងអាចនិយាយបានថាប្រជាជននៅតំបន់នោះគឺបរិភោគបានគ្រប់គ្រាន់[14]។
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ជាថ្ងៃដែលយោធាខ្មែរក្រហមកាន់កាប់បានទីក្រុងភ្នំពេញ។ ចាប់តាំងពីរំដោះបានទីក្រុងភ្នំពេញ កងទ័ពខ្មែរក្រហមបានបំពេញតួនាទីជម្លៀសប្រជាជនដោយបង្ខំចេញពីទីក្រុងឲ្យអស់ក្នុងរយៈពេលបីថ្ងៃ។ បក្សកុម្មុយនីស្តកម្ពុជាបានកំណត់យកផ្សារថ្មីធ្វើជាគោលក្នុងការជម្លៀសប្រជាជនចេញទៅកាន់ខេត្តផ្សេងៗ។ ប្រជាជនតាមទីក្រុង និងទីប្រជុំជនភាគច្រើនជឿជាក់ថា ខ្លួននឹងរស់នៅប្រកបដោយសុខសន្តិភាព ក្រោយការគ្រប់គ្រងរបស់មេដឹកនាំថ្មីរបស់ខ្លួន ហើយថាប្រជាជនគ្រប់រូបនឹងពួតដៃគ្នាធ្វើការដើម្បីបង្រួបបង្រួមជាតិ។ ផ្ទុយទៅវិញពីរ ឬបីម៉ោងបន្ទាប់ពីកាន់កាប់បានទីក្រុងភ្នំពេញ កងទ័ពខ្មែរក្រហមបានចាប់ផ្ដើមបាញ់រះទៅលើអាកាសជាសញ្ញាបង្ខំប្រជាជនឲ្យចាកចេញពីទីក្រុង។ ប្រជាជនត្រូវបានជូនដំណឹង ជាទូទៅតាមរយៈស្នូរកាំភ្លើង ថាខ្លួនត្រូវតែចាកចេញពីផ្ទះសម្បែងរបស់ខ្លួនភ្លាមៗ។ ចលនាផ្លាស់ទីចេញពីទីក្រុងភ្នំពេញ នាថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ប្រព្រឹត្តទៅក្នុងស្ថានភាពចលាចល គួរឲ្យភ័យខ្លាច និងដោយបង្ខំ[15] ។ ខ្មែរក្រហមបានបែងចែកប្រជាជននៅទីក្រុងភ្នំពេញជាប្រាំផ្នែក និងចាត់ទុកជាជ័យភ័ណ្ឌរបស់កងទ័ពភូមិភាគនីមួយៗ។ ប្រជាជនរាប់លាននាក់ត្រូវបង្ខំចិត្តចាក់ចេញពីទីក្រុងភ្នំពេញទៅកាន់ទីជនបទ តាមបញ្ជារបស់មេបញ្ជាការកងទ័ពខ្មែរក្រហមនិងគណៈភូមិភាគនីមួយៗ[16] ។ យុវជន និងយុវនារី ត្រូវបានអង្គការបែងចែកឲ្យទៅធ្វើការនៅកងចល័ត រស់នៅប្រមូលផ្ដុំគ្នាតាមសហករណ៍នីមួយៗ។ កងទ័ពបដិវត្តន៍ ដែលកើតចេញពីប្រជាជននៅតាមមូលដ្ឋានចុងកាត់មាត់ញកបានរីកចម្រើនជាលំដាប់។ មនោគមវិជ្ជារបស់ខ្មែរក្រហមបានជ្រួតជ្រាប និង មានប្រសិទ្ធភាពចំពោះយុវជន និង យុវនារីភាគច្រើននៅតាមស្រុកស្រែចម្ការ[17] ។ យើងអាចមើលឃើញថានៅតំបន់មួយចំនួនក្នុងប្រទេសកម្ពុជា ចាប់ផ្ដើមមានសហករណ៍នៅឆ្នាំ១៩៧៥ ដោយឡែកនៅតំបន់ក្រចេះ គឺមានសហករណ៍ចាប់ពីឆ្នាំ១៩៧៤ មកម្ល៉េះ[18]។
ឆ្នាំ១៩៧៦-១៩៧៧ កងពលខ្មែរក្រហមចាប់ផ្ដើមធ្វើសកម្មភាពបោសសម្អាតគណៈតំបន់ ដោយចោទប្រកាន់ថា «គណៈតំបន់នឹងត្រូវដៃដើមជាមួយវៀតណាម បណ្ដោយឲ្យវៀតណាមនាំទ័ពចូលមកវាយនៅលើទឹកដីកម្ពុជា»។ ខ្មែរក្រហមនៅតែបន្តបោសសម្អាតគណៈតំបន់ជាបន្តបន្ទាប់ ហើយបានចាប់ខ្លួនគណៈតំបន់ប៉ុន្មាននាក់ដែលគ្រប់គ្រងនៅតំបន់ក្រចេះ មានឈ្មោះ យី, គួន, និងយ៉ែម។ បន្ទាប់ពីចាប់ខ្លួនគណៈតំបន់ចាស់អស់ហើយ ឆ្នាំ១៩៧៨ ក៏មានគណៈតំបន់ថ្មីចូលទៅកាន់តំណែងបន្តឈ្មោះ មឿន ជាលេខាតំបន់៥០៥ ប៉ុន្តែគ្រប់គ្រងមិនបានប៉ុន្មានក៏ត្រូវខ្មែរក្រហមចាប់ខ្លួន។ រហូតដល់ឆ្នាំ១៩៧៩ កងទ័ពវៀតណាមបានចូលមកកាន់ទឹកដីកម្ពុជាសារជាថ្មីម្ដងទៀត។ បន្ទាប់ពីកងទ័ពវៀតណាមចូលមកទឹកដីកម្ពុជាម្ដងទៀត ក៏ចាប់ផ្ដើមបើឆាកប្រយុទ្ធជាថ្មីម្ដងទៀតរវាងយោធាខ្មែរក្រហម និងកងទ័ពវៀតណាម។ ប្រទេសកម្ពុជាចាប់ផ្ដើមមានភាពចលាចល ប្រជាជន និងទាហានជាច្រើននាក់ត្រូវរងរបួស និងបាត់បង់ជីវិតដោយសារតែគ្រាប់កាំភ្លើង និងគ្រាប់បែក។
យើងអាចមើលឃើញថា សង្រ្គាមគឺមានផលប៉ះពាល់ជាច្រើនដល់ប្រទេសជាតិ និងប្រជាជន។ របបខ្មែរក្រហម បានធ្វើឲ្យប្រជាជនជាច្រើនគ្រួសារបាត់បង់សាច់ញាតិ បងប្អូន ប្រពន្ធ និងកូន។ ប្រជាជនជាច្រើនបានយកជីវិតទៅបោះបង់ចោលនៅសមរភូមិ ភាគច្រើនគឺជាបុរស។ បន្ទាប់ពីរបបខ្មែរក្រហមបញ្ចប់ គឺបានបន្សល់ទុកនូវស្រ្តីមេម៉ាយ និងកូនក្មេងយ៉ាងសន្ធឹកសន្ធាប់កំព្រាឪពុក ដែលឪពុករបស់គាត់បានស្លាប់នៅក្នុងសមរភូមិ។ មិនត្រឹមតែប៉ុណ្ណោះ របបនោះក៏បានបន្សល់ជំងឺជាច្រើនមុខដល់អ្នករស់រានមានជីវិតពីរបបដ៏ខ្មៅងងឹត រហូតដល់សព្វថ្ងៃ៕
អត្ថបទដោយ៖ នេន ស្រីមុំ
ឯកសារយោង៖
[1] ផេង ពង្សរ៉ាស៊ី et al. ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩). ២០២០. ភ្នំពេញ. មជ្ឈមណ្ឌលឯកសារកម្ពុជា. ទំព័រ៣៥
[2] ស្ទួន, ទំព័រ៣៤ «ភូមិភាគនិរតី(ភូមិភាគ៤០៥) ដឹកនាំដោយ ឈិត ជឿន ហៅ តាម៉ុក។ ភូមិភាគនេះរួមមានខេត្តកំពត និងតាកែវទាំងមូល, ស្រុក២ក្នុងខេត្តកំពង់ស្ពឺ គឺស្រុកសំរោងទង និងស្រុកគង់ពិសី, និងស្រុក៥ក្នុងខេត្តកណ្ដាល គឺស្រុកកណ្ដាលស្ទឹង ស្រុកស្អាង ស្រុកកោះធំ ស្រុកកៀនស្វាយ និងស្រុកលើកដែក។ ភូមិភាគនេះ ចែកចេញជា៤តំបន់គឺ៖ តំបន់១៣ តំបន់៣៣ តំបន់៣៥ និង តំបន់២៥។»
[3] ធាវ ដាន. បទសម្ភាសន៍ដោយ ឌី ខាំបូលី. គម្រោងការជំរុញឲ្យមានការទទួលខុសត្រូវ(Promoting Accountability). (ថ្ងៃទី៥ ខែមីនា ឆ្នាំ២០០៦). មជ្ឈមណ្ឌលឯកសារកម្ពុជា. ក្រចេះ លេខ KRI0013
[4] ផេង ពង្សរ៉ាស៊ី et al. ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩). ២០២០. ភ្នំពេញ. មជ្ឈមណ្ឌលឯកសារកម្ពុជា. ទំព័រ៣៥
[5] ស្ទួន, ទំព័រ៧. «កងកម្លាំងរណសិរ្សរួបរួមជាតិកម្ពុជា គឺជាក្រុមដែលចម្រុះដែលមានទាំងសម្ដេចព្រះ នរោត្តម សីហនុ និងខ្មែរក្រហម។ ក្រុមនេះ រួបរួមគ្នាតស៊ូប្រឆាំងនឹងកងកម្លាំង លន់ នល់។»
[6] ធាវ ដាន. បទសម្ភាសន៍ដោយ ឌី ខាំបូលី. គម្រោងការជំរុញឲ្យមានការទទួលខុសត្រូវ(Promoting Accountability). (ថ្ងៃទី៥ ខែមីនា ឆ្នាំ២០០៦). មជ្ឈមណ្ឌលឯកសារកម្ពុជា. ក្រចេះ លេខ KRI0013
[7] ផេង ពង្សរ៉ាស៊ី et al. ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩). ២០២០. ភ្នំពេញ. មជ្ឈមណ្ឌលឯកសារកម្ពុជា. ទំព័រ២៧
[8] ព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ. សាក្សីប្រវត្តិសាស្រ្ត. ២០២៣. ភ្នំពេញ. មជ្ឈមណ្ឌលឯកសារកម្ពុជា. ទំព័រ៤៣.
[9] ធាវ ដាន. បទសម្ភាសន៍ដោយ ឌី ខាំបូលី. គម្រោងការជំរុញឲ្យមានការទទួលខុសត្រូវ(Promoting Accountability). (ថ្ងៃទី៥ ខែមីនា ឆ្នាំ២០០៦). មជ្ឈមណ្ឌលឯកសារកម្ពុជា. ក្រចេះ លេខ KRI0013
[10] ព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ. សាក្សីប្រវត្តិសាស្រ្ត. ២០២៣. ភ្នំពេញ. មជ្ឈមណ្ឌលឯកសារកម្ពុជា. ទំព័រ១១
[11] ធាវ ដាន. បទសម្ភាសន៍ដោយ ឌី ខាំបូលី. គម្រោងការជំរុញឲ្យមានការទទួលខុសត្រូវ(Promoting Accountability). (ថ្ងៃទី៥ ខែមីនា ឆ្នាំ២០០៦). មជ្ឈមណ្ឌលឯកសារកម្ពុជា. ក្រចេះ លេខ KRI0013
[12] ព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ. សាក្សីប្រវត្តិសាស្រ្ត. ២០២៣. ភ្នំពេញ. មជ្ឈមណ្ឌលឯកសារកម្ពុជា. ទំព័រ៥០
[13] ផេង ពង្សរ៉ាស៊ី et al. ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩). ២០២០. ភ្នំពេញ. មជ្ឈមណ្ឌលឯកសារកម្ពុជា. ទំព័រ៣៣ «ភូមិភាគបូព៌ា (ភូមិភាគ២០៣) ដឹកនាំដោយសោ ភឹម ដែលបានធ្វើអត្តឃាត នៅខែឧសភា ឆ្នាំ១៩៧៨។ ភូមិភាគនេះរួមមានខេត្តព្រៃវែងនិងខេត្តស្វាយរៀងទាំងមូល, ផ្នែកខ្លះនៃខេត្តកំពង់ចាមដែលស្ថិតនៅត្រើយខាងឆ្វេងទន្លេមេគង្គទាំងអស់, ស្រុកឆ្លូងក្នុងខេត្តក្រចេះ និងស្រុកចំនួន៣ក្នុងខេត្តកណ្ដាល រួមមានស្រុកខ្សាច់កណ្ដាល ស្រុកល្វាឯម និងស្រុកមុខកំពូល។ ភូមិភាគនេះចែកចេញជា៥តំបន់រួមមាន៖ តំបន់២០ តំបន់២១ តំបន់២២ តំបន់២៣ និង តំបន់២៤។»
[14] ធាវ ដាន. បទសម្ភាសន៍ដោយ ឌី ខាំបូលី. គម្រោងការជំរុញឲ្យមានការទទួលខុសត្រូវ(Promoting Accountability). (ថ្ងៃទី៥ ខែមីនា ឆ្នាំ២០០៦). មជ្ឈមណ្ឌលឯកសារកម្ពុជា. ក្រចេះ លេខ KRI0013
[15] ផេង ពង្សរ៉ាស៊ី et al. ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩). ២០២០. ភ្នំពេញ. មជ្ឈមណ្ឌលឯកសារកម្ពុជា. ទំព័រ១៤-១៥
[16] ហ៊ុយ វណ្ណៈ. កងពលខ្មែរក្រហមលេខ ៧០៣ ពីជ័យជម្នះឆ្ពោះទៅការបំផ្លាញខ្លួនឯង. ២០០៣. ភ្នំពេញ. មជ្ឈមណ្ឌលឯកសារកម្ពុជា. ទំព័រ៣៤
[17] ស្ទួន, ទំព័រ៤៨
[18] ធាវ ដាន. បទសម្ភាសន៍ដោយ ឌី ខាំបូលី. គម្រោងការជំរុញឲ្យមានការទទួលខុសត្រូវ(Promoting Accountability). (ថ្ងៃទី៥ ខែមីនា ឆ្នាំ២០០៦). មជ្ឈមណ្ឌលឯកសារកម្ពុជា. ក្រចេះ លេខ KRI0013
អត្ថបទទាក់ទង

ជួន ចាន់ថន៖ សាច់រឿងសង្ខេបអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងសុខភាពនៅ...

អែ រ៉ូន៖ អនុប្រធានសហករណ៍រាមសេនា

ជីវិតកុមារភាព និងការសិក្សាក្នុងសម័យសង្រ្គាម

ប៉ុក ពិន៖ លេខាឃុំចំរេះ ស្រុកកោះជ័យ តំបន់២៤

ព្រឹន្ទបាលទោ ស៊ន ប៊ន ហ៊ឹងត្រចៀកកន្លះខែ ដោយសារថៃផ្លោងគ្រាប់ធ្លាក់ក្បែរល...


