ខ្មែរក្រហមបានយកឈ្លើយសឹកមកទឹមរទេះជំនួសសត្វគោ

(ស្វាយរៀង)៖  យោធាខ្មែរក្រហមបានធ្វើទារុណកម្មលើអតីត​ទាហាន លន់ នល់ ដោយឲ្យទឹមរទេះ​ដឹកស្បៀងអាហារ។ ក្រោយមកអតីតទាហាន លន់ នល់ ទាំងនោះបានត្រូវនាំយកទៅសម្លាប់ចោលទាំងអស់។

ណុក តូណាត ភេទប្រុស ជាកសិករ អាយុ៦៤ឆ្នាំ។ គាត់មានស្រុកកំណើត និងសព្វថ្ងៃរស់នៅភូមិធ្លក ឃុំធ្លក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ តូណាត ជាកូនទី២ ក្នុងគ្រួសារដែលមានបងប្អូនចំនួន៣នាក់ ប្រុសទាំងអស់​។

តូណាត ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមគាត់បានផ្តល់បទសំភាសន៍ដល់អ្នកស្ម័គ្រចិត្តកម្ពុជាថា តាំងពីកុមារភាពមកគាត់បានឆ្លងកាត់របបជាច្រើនដូចជារបបសង្គមរាស្រ្តនិយម របបសាធារណរដ្ឋខ្មែរ និងរបបខ្មែរក្រហមជាដើម។ ក្នុងរបបសា​ធារណរដ្ឋខ្មែរ ដឹកនាំដោយ លន់ នល់ ប្រជាជនរស់នៅមានការលំបាកដោយ​សារ​តែ​សង្គ្រាម និងការទម្លាក់គ្រាប់បែក ប៉ុន្តែអាចរស់នៅជួបជុំសមាជិកគ្រួសារបាន​។ ក្នុងរបបនោះ តូណាត ឃើញ “យួនយៀក កុង” និង “យួនធីវគី” បានប្រយុទ្ធគ្នានៅលើទឹកដីខ្មែរជាពិសេសនៅតំបន់ព្រំដែនប្រទេសវៀតណាម និងប្រទេសកម្ពុជា។ សង្គ្រាម និងការទម្លាក់គ្រាប់បែកបានបណ្តាលឲ្យប្រជាជនមួយចំនួនស្លាប់ និងរងរបួស ព្រមទាំងបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ផ្ទះសម្បែងរបស់ប្រជាជនអស់យ៉ាងច្រើន។

ពេលខ្មែរក្រហមឡើងកាន់អំណាចយោធាខ្មែរក្រហមបានសម្លាប់អតីតទាហាន លន់ នល់ និងបានចាប់រំលោភប្រពន្ធ និងកូនៗរបស់អតីតទាហានទាំងនោះថែមទៀត។ នៅក្នុងភូមិគាត់ឃើញយោធាខ្មែរក្រហមធ្វើទារុណកម្មលើអតីតទាហាន លន់ នល់ ដោយឲ្យទាំងទាហានទំាងនេះទឹមរទេះជំនួសគោ ដើម្បីដឹកស្រូវ​​​អង្ករ ទាហានដែលមិនអាចស៊ូទ្រំាត្រូវបានសម្លាប់ចោលភ្លាមៗ។ ទោះបីជាយ៉ាងណានៅពេលបន្ទាប់អតីតទាហានទាំងនោះត្រូវបានសម្លាប់ចោលទាំងអស់។

នៅខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានចាប់ផ្តើម​​បំបែកសមាជិកគ្រួសារឲ្យទៅរស់នៅផ្សេងៗពីគ្នានៅតាមសហករណ៍។ ជាងនេះទៅទៀតប្រជាជនត្រូវធ្វើការក្នុងការដ្ឋានរួមគ្នា និងហូបអាហារជាក្រុមតាមរោងបាយ។ នៅពេលនោះ តូណាត មានអាយុប្រហែល១៥ឆ្នាំ គាត់ត្រូវបានអង្គការ​ឲ្យរស់នៅក្នុងភូមិធ្លក ឲ្យធ្វើការក្នុងកងចល័តជីកព្រែក និងរដូវវស្សាគាត់ត្រូវភ្ជួរស្រែ។ ការហូបចុកគឺអង្គការកំណត់មនុស្សធំម្នាក់បបរមួយចាន ចំណែកក្មេងទទួលបានបបរកន្លះចានក្នុងមួយពេល។

នៅឆ្នាំ១៩៧៧ ដោយសារតែហូបអាហារមិនគ្រប់គ្រាន់គួបផ្សំនឹងការងារគ្មានពេលសម្រាក តូណាត បានធ្លាក់ខ្លួនឈឺ អង្គការ​ក៏បញ្ជូនគាត់ទៅព្យាបាលនៅពេទ្យ។ គាត់រៀប​រាប់ថាគាត់មានជំងឺក្តៅខ្លួនខ្លាំងគ្រូពេទ្យបានព្យាបាលតែថ្នាំផ្សំពីសម្បកប្រទាល និងឫសឈើ ដែលលុញរាងមូលៗដូចអាចម៍ទន្សាយប៉ុណ្ណោះ។

ក្នុងរបបខ្មែរក្រហម តូណាត បានបាត់បង់បងប្រុសម្នាក់ដោយសារជំងឺ និងគ្មានការព្យាបាលត្រឹមត្រូវ​។ នៅពេលនោះដែរគាត់ក៏ឃើញឈ្មោះ អោ ជាអ្នកធ្វើការនៅឃុំបានចាប់​រំលោភស្រីៗដែលជាអ្នកទោសមុននឹងសម្លាប់។

នៅមន្ទីរសន្តិសុខវត្តធ្លក តូណាត ធ្លាប់ដឹងថានៅទីនោះមានការសម្លាប់មនុស្សច្រើនដែលអង្គការបាននាំមកពីគ្រប់ទិសទីដោយចោទប្រកាន់ថាជាខ្មាំង។ តូណាត ក៏បានឃើញរបបនោះបានលុបបំបាត់ប្រពៃ​ណី វប្បធម៌ និងកម្ទេចវត្តអារាម។ កងឈ្លបខ្មែរក្រហមបានយករូបព្រះពុទ្ធបដិមាករយកទៅទម្លាក់ចូលទឹក ចាប់ផ្សឹកព្រះសង្ឃ និងឲ្យទៅ​ធ្វើស្រែចម្ការដូចប្រជាជនទូទៅ។ ចំណែកបរិវេណវត្តត្រូវបានប្រើប្រាស់ជាឃ្លាំងស្តុកស្រូវ អង្ករ ធ្វើជាសហករណ៍ និងធ្វើជាកន្លែងចិញ្ចឹមសត្វពាហនៈ។

ក្រោយរបបខ្មែរក្រហមដួលរលំ តូណាត  បានត្រល​ប់ពីសហករណ៍មករស់នៅស្រុកកំណើតវិញ។ នៅឆ្នាំ១៩៨១ គាត់បានរៀបការមានគ្រួសារ។

តូណាត មានជំងឺលើសសម្ពាធឈាម ជំងឺក្រពះ ជំងឺឈឺក្បាល និងជំងឺគ្រោះក្នុងតម្រង់នោម។

សម្ភាសន៍ដោយ ម៉ុន សុធារ៉ា ថ្ងៃទី៥ ខែ វិច្ឆិកា ឆ្នាំ២០២៤

អត្ថបទដោយ អេង សុខម៉េង ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin